អ៊ុយក្រែននឹងមានសភាថ្មី ក្មេងខ្ចី ដូចប្រធានាធិបតី ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៣២
បីខែក្រោយការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃអាទិត្យទី ២១កក្កដានេះ អ៊ុយក្រែនរៀបចំបោះឆ្នោតសភាទៀត។ គណបក្សរបស់លោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី Volodymyr Zelensky ដែលជាបក្សថ្មីថ្មោង ក្មេងខ្ចីផ្នែកនយោបាយ មានប្រជាប្រិយភាពនាំមុខគេ។ គណបក្សនេះសង្ឃឹមថានឹងអាចទទួលអាសនៈភាគច្រើនដាច់ខាត នៅក្នុងសភា ដើម្បីអាចប្រែក្លាយពាក្យសន្យារបស់ប្រធានាធិបតី ឱ្យក្លាយជាការពិតបាន។
ការិយាល័យបោះឆ្នោតបានចាប់បើក ពីម៉ោង ៧ ដល់ម៉ោង ១៧ ម៉ោងសកល។ ប្រជាពលរដ្ឋអ៊ុយក្រែនត្រូវ ជ្រើសរើសតំណាងចំនួន ៤២៤រូប ដោយប្រើប្រព័ន្ធពីរ ៖ ប្រព័ន្ធសមមាត្រជាតិ សម្រាប់អាសនៈ២២៥ និង១៩៩រូប តាមរយៈប្រព័ន្ធឯកត្តនាម ឈរឈ្មោះតាមតំបន់។ មានគណបក្ស ចំនួន២២ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ ប៉ុន្តែមានតែ៥បក្សប៉ុណ្ណោះដែលមានសំណាងច្រើនអាចមានតំណាងរបស់ខ្លួននៅក្នុងសភា ក្នុងនោះមានបក្សពីរជាបក្សថ្មីស្រឡាងទើបបង្កើតឡើង មានអាទិ៍បក្ស “អ្នកបំរើពលរដ្ឋ” របស់លោកប្រធានាធិបតីហ្សេឡេស្គី។
បោះឆ្នោតមុនអាណត្តិ
ការរៀបចំថ្ងៃនេះ ជាការបោះឆ្នោតមុនអាណត្តិទេ។ លោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី អាយុ៤១ឆ្នាំ ដែលទើបជាប់ឆ្នោត ក្លាយជាប្រធានាធិបតី កាលពីខែមេសា គ្រាន់តែបានចូលស្បថឡើងកាន់តំណែងជាផ្លូវការ នៅថ្ងៃទី ២០ឧសភា ២០១៩ ភ្លាម បានប្រកាសរំលាយសភាចាស់ សភាបច្ចុប្បន្នចោលតែម្តង។ សភាចាស់នេះមិនពេញចិត្តលោក ហ្សេឡេនស្គីទេ។ ក្នុងរយៈពេលពីរខែនៃការកាន់អំណាចមកនេះ លោក ហ្សេឡេស្គី មិនអាចបង្កើតរដ្ឋាភិបាលថ្មី ដែល ស្ថិតក្រោមបង្គាប់គោរព និងស្មោះស្ម័គ្រនឹលោកឡើយ។ ហេតុដូច្នេះហើយបានជាលោកត្រូវតែសម្រេចរំលាយសភានេះ ចោល ហើយរៀបចំបោះឆ្នោតសភា ជាថ្មី មុនអាណត្តិ នៅថ្ងៃនេះ។
ការរៀបចំបោះឆ្នោតសភាមុនអាណត្តិ ក៏ជាឱកាសល្អសម្រាប់លោកហ្សេឡេនស្គី ដែលចង់ទាញចំណេញពីព្រឹត្តការណ៍ជោគជ័យក្នុងការបោះឆ្នោតប្រធានាធិបតី យ៉ាងត្រចះត្រចង់ ដើម្បីប្តូរផ្លាស់សភាឱ្យថ្មីស្រឡាងដែរ។ បីខែមុន អ៊ុយក្រែន បានជ្រើសរើសប្រធានាធិបតីដែលគ្មានបទពិសោធន៍នយោបាយ បីខែក្រោយពលរដ្ឋអ៊ុយក្រែន ពិតជាមិនខ្លាចនឹងមានសភាថ្មីទេ បើចង់ឃើញប្រព័ន្ធដែលពួកគេស្អប់ខ្ពើមដួលរលំនោះ។
អ៊ុយក្រែន ថ្មីទាំងប្រធានាធិបតី ទាំងសភា
ការបោះឆ្នោតសភានេះ ជាការបើកសករាជថ្មីឱ្យអ៊ុយក្រែន ដែលធ្លាប់តែមានស្ត្រីបុរសអ្នកជានយោបាយធំធាត់ក្នុងរបបជាអតីតសហភាពសូវៀត។ តាមរយៈការបោះឆ្នោតនេះ សភាអ៊ុយក្រែននឹងមានសមាជិកថ្មី ភាគច្រើនជាក្មេង គ្មានបទពិសោធន៍នយោបាយ ប្រមាណ៥០ទៅ៧០%...
ថ្វីបើអ្នកជំនាញអបអរចំពោះការសើរើផ្លាស់សមាជិកសភាថ្មី មែន តែអ្នកជំនាញក៏គិតដែរថាពិតជាអាចមានភាពរញ៉េរញ៉ៃ គ្មានសណ្តាប់ធ្នាប់ខ្លះ នៅពេលដំបូង ដោយសារតែសភាខ្វះសមត្ថភាព និងបទពិសោធន៍ការងារ ប៉ុន្តែពេលវេលានឹងបង្រៀនពួកគាត់។ ផ្តល់អាទិភាពរើសយកឥស្សរជនវ័យក្មេង ចេញពីសង្គមស៊ីវិល ពីក្រុមហ៊ុនសហគ្រាស ឬជាសកម្មជន ជាអ្នកមានឈ្មោះល្បី គ្មានបទពិសោធន៍ គណបក្ស“អ្នកបំរើពលរដ្ឋ” មិនទទួលយកអតីតតំណាងរាស្ត្រ ដាក់ក្នុងបញ្ជីបោះឆ្នោតរបស់ខ្លួនទេ។ គណបក្សសុខចិត្តរៀបចំកម្មវិធីអប់រំបំពាក់បំប៉នតំណាងរាស្ត្រថ្មី ដោយមានជំនួយហិរញ្ញវត្ថុពីភ្នាក់ងារUSAID របស់អាមេរិក។
រដ្ឋាភិបាលចម្រុះ
ម្យ៉ាងវិញទៀត ថ្វីបើការស្ទង់មតិ បង្ហាញគណបក្សលោក ហ្សេឡេនស្គី នាំមុខមែន ប៉ុន្តែទំនងជាមិនអាចឈ្នះរហូតដល់មានសំឡេងភាគច្រើនដាច់ខាត អាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងឡើយ។ គណបក្ស អ្នកបំរើពលរដ្ឋ ទំនងជាត្រូវស្វែងរកការចងសម្ព័ន្ធភាពជាមួយ គណបក្សផ្សេងៗ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះហើយ។ គ្រាន់តែថា គណបក្សលោក ហ្សេឡេនស្គី ទំនងជាគ្មានការលំបាកក្នុងការចងសម្ព័ន្ធមេត្រីភាពទេ។ គណបក្ស “Golos” ទើបបង្កើតថ្មី ដោយក្រុមតារាចម្រៀងRockដ៏ល្បីល្បាញ ជាដៃគូដ៏គួរឱ្យចាប់អារម្មណ៍។ បើតាមការស្ទង់មតិ គណបក្សនេះ អាចបោះជំហានចូលសភា និងមានការគាំទ្រប្រមាណពី៤ទៅ ៧%។ គណបក្សរបស់លោកស្រីអតីតនាយករដ្ឋមន្ត្រី ទីមូឆេនកូ ក៏អាចសហការជាមួយគ្នាបាន។ ឯគណបក្សរបស់លោកប្រធានាធិបតី ប៉ូរ៉ូឆេនកូ នឹងក្លាយជាបក្សប្រឆាំងហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ