អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ុយក្រែន​នឹង​មាន​សភាថ្មី ក្មេងខ្ចី ដូច​ប្រធានាធិបតី ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បីខែ​ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី នៅ​ថ្ងៃ​អាទិត្យទី ២១​កក្កដា​នេះ អ៊ុយក្រែន​រៀប​ចំ​បោះឆ្នោត​សភាទៀត។ គណបក្ស​របស់​លោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី Volodymyr Zelensky ដែល​ជា​បក្ស​ថ្មីថ្មោង ​ក្មេង​ខ្ចីផ្នែក​នយោបាយ​ មាន​ប្រជាប្រិយភាព​នាំ​មុខ​គេ។ គណបក្ស​នេះ​សង្ឃឹម​ថា​នឹង​អាច​ទទួល​អាសនៈ​​ភាគ​ច្រើន​ដាច់​ខាត នៅ​ក្នុង​សភា ដើម្បី​អាច​ប្រែក្លាយ​ពាក្យ​សន្យា​របស់​ប្រធានាធិបតី ឱ្យ​ក្លាយ​ជា​ការ​ពិត​បាន។

លោក Volodymyr Zelenskiy ប្រធានាធិបតី​អ៊ុយក្រែន ចូល​បោះឆ្នោត​សភា ថ្ងៃទី ២១ កក្កដា ២០១៩
លោក Volodymyr Zelenskiy ប្រធានាធិបតី​អ៊ុយក្រែន ចូល​បោះឆ្នោត​សភា ថ្ងៃទី ២១ កក្កដា ២០១៩ © Reuters
ផ្សាយពាណិជ្ជកម្ម

ការិយាល័យ​បោះឆ្នោត​បាន​ចាប់​បើក ពី​ម៉ោង ៧ ដល់​ម៉ោង ១៧ ម៉ោង​សកល។ ប្រជាពលរដ្ឋ​អ៊ុយក្រែន​ត្រូវ​​ ជ្រើសរើស​តំណាង​ចំនួន​ ៤២៤​រូប ដោយ​ប្រើប្រព័ន្ធ​ពីរ​ ៖ ប្រព័ន្ធ​សមមាត្រជាតិ សម្រាប់​អាសនៈ​​២២៥​ និង​១៩៩​រូប តាម​រយៈ​ប្រព័ន្ធ​ឯកត្តនាម​ ឈរ​ឈ្មោះ​តាម​តំបន់។ ​មាន​គណបក្ស​ ចំនួន​២២ ចូល​រួមប្រកួត​ប្រជែង​ក្នុងការ​​បោះឆ្នោតនេះ ប៉ុន្តែមាន​តែ​៥​បក្ស​ប៉ុណ្ណោះ​ដែល​មាន​សំណាង​ច្រើន​អាច​មាន​តំណាង​របស់​ខ្លួន​នៅ​ក្នុង​សភា ក្នុង​នោះ​មាន​បក្ស​ពីរ​ជា​បក្ស​ថ្មី​ស្រឡាង​ទើប​បង្កើត​ឡើង មាន​អាទិ៍​បក្ស​ “អ្នក​បំរើ​ពលរដ្ឋ”​ របស់​លោក​ប្រធានាធិបតី​ហ្សេឡេស្គី។​​

បោះឆ្នោត​មុន​អាណត្តិ

ការ​​​រៀប​ចំ​​ថ្ងៃ​នេះ ជា​ការ​បោះឆ្នោត​មុន​អាណត្តិទេ។ លោកប្រធានាធិបតី​ វ៉ូឡូឌីមៀរ ហ្សេឡេនស្គី អាយុ​៤១​ឆ្នាំ ដែល​ទើប​ជាប់​ឆ្នោត​ ក្លាយ​ជា​ប្រធានាធិបតី កាលពី​ខែ​មេសា គ្រាន់​តែបាន​ចូល​ស្បថ​ឡើង​កាន់​តំណែង​ជា​ផ្លូវការ​ នៅ​ថ្ងៃទី ២០​ឧសភា ២០១៩ ភ្លាម បានប្រកាស​​រំលាយ​សភា​ចាស់​ សភា​បច្ចុប្បន្ន​ចោល​តែ​ម្តង។ ​សភា​ចាស់​នេះ​មិន​ពេញ​ចិត្ត​លោក​ ហ្សេឡេនស្គីទេ។ ក្នុងរយៈ​ពេល​ពីរ​ខែ​នៃ​ការ​កាន់​អំណាច​មក​នេះ លោក ហ្សេឡេស្គី មិន​អាច​បង្កើត​រដ្ឋាភិបាល​ថ្មី ដែល ​ស្ថិត​ក្រោម​បង្គាប់គោរព ​និងស្មោះស្ម័គ្រ​នឹ​​លោកឡើយ។ ​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក​ត្រូវ​​តែ​សម្រេច​​រំលាយសភានេះ​​ ​ចោល ហើយ​​រៀប​ចំ​បោះឆ្នោត​សភា​ ជា​ថ្មី មុន​អាណត្តិ​ នៅ​ថ្ងៃ​នេះ។

ការ​​រៀប​ចំ​បោះឆ្នោត​សភា​មុន​អាណត្តិ​ ក៏​ជា​ឱកាស​ល្អ​សម្រាប់​​​លោក​ហ្សេឡេនស្គី ដែល​ចង់​ទាញ​ចំណេញ​ពីព្រឹត្តការណ៍​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី យ៉ាង​ត្រចះ​ត្រចង់ ដើម្បី​ប្តូរ​ផ្លាស់​សភា​ឱ្យ​ថ្មី​ស្រឡាង​ដែរ។ បី​ខែ​មុន​ អ៊ុយក្រែន បាន​ជ្រើសរើស​ប្រធានាធិបតី​ដែល​គ្មាន​បទ​ពិសោធន៍​នយោបាយ បី​ខែ​ក្រោយ​ពលរដ្ឋ​អ៊ុយក្រែន​ ពិត​ជា​មិន​ខ្លាច​នឹង​មានសភា​ថ្មី​ទេ បើ​ចង់​ឃើញ​ប្រព័ន្ធ​ដែល​ពួក​គេ​ស្អប់​ខ្ពើម​ដួល​រលំ​នោះ។

​អ៊ុយក្រែន ថ្មី​​ទាំងប្រធានាធិបតី​ ទាំង​សភា

ការបោះឆ្នោត​សភា​នេះ ជា​ការ​​បើក​សករាជ​ថ្មី​ឱ្យ​អ៊ុយក្រែន ដែល​ធ្លាប់​តែ​មាន​ស្ត្រី​បុរស​អ្នក​ជានយោបាយ​ធំធាត់​ក្នុង​របប​ជា​អតីត​សហភាព​សូវៀត។ តាមរយៈ​ការ​បោះឆ្នោត​នេះ សភា​អ៊ុយក្រែន​នឹង​មាន​សមាជិក​ថ្មី ភាគច្រើន​ជា​ក្មេង គ្មាន​បទ​ពិសោធន៍​នយោបាយ​ ប្រមាណ​៥០ទៅ​៧០%...

ថ្វីបើ​អ្នក​ជំនាញ​អបអរ​ចំពោះ​ការ​សើរើ​ផ្លាស់​សមាជិក​សភា​ថ្មី​ ​មែន តែ​អ្នក​ជំនាញ​ក៏​គិត​ដែរ​ថា​ពិត​ជា​អាច​មាន​ភាព​រញ៉េរញ៉ៃ គ្មាន​សណ្តាប់​ធ្នាប់​ខ្លះ នៅ​ពេលដំបូង ដោយ​សារ​តែ​សភា​ខ្វះ​សមត្ថភាព និង​បទ​ពិសោធន៍​ការងារ ប៉ុន្តែ​ពេល​វេលា​នឹង​បង្រៀន​ពួក​គាត់​។ ផ្តល់​អាទិភាព​​រើស​យក​ឥស្សរជន​វ័យ​ក្មេង ចេញ​ពី​សង្គម​ស៊ីវិល ពី​ក្រុមហ៊ុន​សហគ្រាស ឬជា​សកម្មជន​​ ជា​អ្នកមាន​ឈ្មោះ​ល្បី គ្មាន​បទ​ពិសោធន៍ ​​គណបក្ស​“អ្នក​បំរើ​ពលរដ្ឋ” មិន​ទទួល​យក​អតីត​តំណាងរាស្ត្រ ដាក់​ក្នុង​បញ្ជី​​បោះឆ្នោត​​របស់ខ្លួនទេ។ គណបក្ស​សុខ​ចិត្តរៀប​ចំ​កម្មវិធី​អប់​រំ​បំពាក់បំប៉ន​តំណាង​រាស្ត្រ​ថ្មី ដោយ​មាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​ភ្នាក់ងារ​USAID របស់​អាមេរិក។

រដ្ឋាភិបាល​ចម្រុះ

ម្យ៉ាង​វិញ​ទៀត ថ្វី​បើ​ការ​ស្ទង់​មតិ បង្ហាញ​គណបក្ស​លោក​ ហ្សេឡេនស្គី នាំ​មុខ​មែន ប៉ុន្តែ​ទំនង​ជា​មិន​អាច​ឈ្នះ​រហូត​ដល់​មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត ​អាច​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​ឡើយ។ គណបក្ស​ អ្នក​បំរើ​ពលរដ្ឋ​ ទំនង​ជា​ត្រូវ​ស្វែង​រក​ការ​ចង​សម្ព័ន្ធភាព​ជាមួយ​ គណបក្ស​ផ្សេងៗ​ ដើម្បី​​​​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ហើយ។ គ្រាន់​តែ​ថា គណបក្ស​លោក ហ្សេឡេនស្គី ទំនង​ជា​គ្មាន​ការ​លំបាកក្នុងការ​ចង​សម្ព័ន្ធ​មេត្រី​ភាព​ទេ។ គណបក្ស​ “Golos” ទើប​បង្កើត​ថ្មី ដោយ​ក្រុម​តារាចម្រៀង​Rock​ដ៏​ល្បី​ល្បាញ ជា​ដៃគូ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍។ បើ​តាម​ការ​ស្ទង់​មតិ គណបក្ស​នេះ អាច​បោះ​ជំហាន​ចូល​សភា​ និង​មានការ​គាំទ្រ​ប្រមាណ​ពី​៤ទៅ ៧%។ គណបក្ស​របស់​លោកស្រីអតីត​នាយក​រដ្ឋមន្ត្រី​ ទីមូឆេនកូ ក៏​អាច​សហការ​ជាមួយគ្នា​បាន។ ឯ​គណបក្ស​របស់​លោកប្រធានាធិបតី​ ប៉ូរ៉ូឆេនកូ នឹងក្លាយ​ជា​បក្ស​ប្រឆាំង​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ