អានតួអត្ថបទ

វិបត្តិ​អន្តោប្រវេសន៍ ៖ អ៊ីតាលី​ប្រាប់​បារាំង​និង​អាល្លឺម៉ង់​ឱ្យ​ឈប់​សម្រេចចិត្ត​តែ​ម្នាក់​ឯង

អឺរ៉ុប​នៅ​តែ​វិល​វល់​នឹង​បញ្ហា​អន្តោប្រវេសន៍​ដ៏​ធ្ងន់ធ្ងរ រក​ច្រក​ចេញ​មិន​ទាន់​ឃើញ និង​និយាយ​មិន​ត្រូវ​គ្នា​ក្នុង​សំឡេង​តែ​មួយ​​ទេ ! ប្រឈម​នឹង​ស្ថានការណ៍​បែប​នេះ អ៊ីតាលី​ដែល​ជា​ប្រទេស​រងបន្ទុក​ខ្លាំង​ជាងគេ បានបញ្ចេញ​ប្រតិកម្ម​ជា​លាយលក្ខណ៍​អក្សរ។ “បារាំង​និង​អាល្លឺម៉ង់ មិន​អាច​សម្រេច​ចិត្ត​អ្វី​តែ​ម្នាក់​ឯង​ ដោយ​មិន​ខ្វល់​អំពី​សំណើរ​របស់​ប្រទេស​រងគ្រោះ​ជាង​គេ​ ដូច​យ៉ាង​អ៊ីតាលី ឬ​ម៉ាល់ត៍ បាន​ឡើយ” នេះ​ជា​សារ​ ក្នុង​លិខិត​​របស់រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អ៊ីតាលី ផ្ញើ​មក​កាន់​សមភាគី​បារាំង។

ប្រតិបត្តិការ​សង្គ្រោះ​ជន​អន្តោប្រវេសន៍​ក្នុង​សមុទ្ទ​មេឌីទែរ៉ាណេ
ប្រតិបត្តិការ​សង្គ្រោះ​ជន​អន្តោប្រវេសន៍​ក្នុង​សមុទ្ទ​មេឌីទែរ៉ាណេ © Guglielmo Mangiapane/SOS Méditerranée
ផ្សាយពាណិជ្ជកម្ម

“​អ៊ីតាលី​លែង​អាច​ទទួល​ជន​អន្តោប្រវេសន៍​ដែល​ចង់​មក​អឺរ៉ុប​ទៀតហើយ ! ប៉ារីស និងប៊ែរឡាំង​ត្រូវ​ឈប់​សម្រេច​ចិត្ត​អ្វីតែ​ម្នាក់ឯង !” នេះ​ជា​សារ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អ៊ីតាលី លោក ម៉ាតេអូ សាល់វីនី Matteo Salvini បង្ហោះ​ក្នុង​ប្រព័ន្ធ សង្គម​ហ្វេសប៊ុក និង​អម​​ដោយ​លិខិត​មួយ​ផ្ញើ​មក​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បារាំងផង។ ប្រតិកម្ម​របស់លោក​រដ្ឋមន្ត្រី ដែល​ជា​អ្នក​អភិរក្ស​ស្តាំនិយម​ជ្រុល​​អ៊ីតាលី បាន​ធ្លាក់​មក​ជួន​ចំ​ពេល​សហភាព​អឺរ៉ុប បន្ត​ខ្វែង​គំនិត​គ្នា​លើ​នយោបាយ​​ទទួល​ជន​អន្តោប្រវេសន៍។

ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ហែលសិនគី ប្រទេស​ហ្វាំងឡង់ កាលពី​ថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៃ​ក្រុម​ប្រទេស​ជា​សមាជិកសហភាព​អឺរ៉ុប ស្វែង​រក​ពុំ​ឃើញ​ការ​ព្រមព្រៀង​គ្នា​ណា​លើ​យន្តការ​សាមគ្គីភាព សម្រាប់​បិទ​បញ្ចប់លំហូរ​អន្តោប្រវេសន៍​តាម​ទូក​ដែល​គ្មាន​ម្ចាស់ និង​ដែល​ត្រូវ​បាន​សង្គ្រោះ​ក្នុង​​សមុទ្ទ​មេឌីទែរ៉ាណេទេ។

នៅ​ក្នុង​លិខិត លោក​រដ្ឋមន្ត្រី​អ៊ីតាលី បាន​បញ្ជាក់​ប្រាប់សមភាគី​បារាំង លោក Christophe Castaner ថា ជំនួប​ហែលសិនគី​បាន​លើក​សំណើ​​ ស្រដៀង​នឹងជំហរ​ចង់​បាន​របស់​អ៊ីតាលី គឺ​ត្រូវ​មាន​នយោបាយ​អន្តោប្រវេសន៍​ជាក់លាក់ ដើម្បី​ការពារ​ព្រំដែន​ខាង​ក្រៅ​របស់​អឺរ៉ុប និង​របស់​តំបន់​ចរាចរណ៍​សេរី Schengen។ សមភាគីជាច្រើន​ បាន​មើល​ឃើញ​អំពី​ភាព​ចាំ​បាច់​នៃ​ការ​សើរើ​មើល​ច្បាប់​ “Search and rescue” ដើម្បី​ទប់​ស្កាត់​ការ​ល្មើស​ដែល​សម្រួល​ឱ្យ​មានអន្តោប្រវេសន៍​ខុស​ច្បាប់​និង​គ្រប់​គ្រង​លែង​ជាប់ ដូច​សំណើ​ដែល​អ៊ីតាលី​និង​ម៉ាល់ត៍​បាន​រៀប​ចំ​រួម​គ្នា​។ នេះ​បើ​តាម​ខ្លឹម​សារ​លិខិត​ដដែល។

សូម​បញ្ជាក់​ថា​នៅ​ក្នុង​ជំនួប​នោះ អ៊ីតាលី និង​ម៉ាល់ត៍ បាន​បង្ហាញគម្រោងទប់ស្កាត់​អន្តោប្រវេសន៍​មិន​ឱ្យ​ចុះ​ទូក​ឆ្លង​សមុទ្ទ និង​ បង្កើត​មជ្ឈមណ្ឌល​ទទួល​ជនអន្តោប្រវេសន៍​បណ្តោះ​អាសន្ន​ និង​មជ្ឈមណ្ឌល​​កំណត់​អត្តសញ្ញាណ​អន្តោប្រវេសន៍​Hotspot នៅក្នុង​ប្រទេស​មាន​ព្រំដែន​ជាប់​ប្រទេស​ដែល​ជា​ចំណុច​ចេញ​ដំណើរ។ លោកសាល់វីនី ចង់​ឱ្យ​គម្រោង​អត្ថបទ​នេះ ក្លាយ​ជា​មូលដ្ឋាន​​នៃរាប់​គ្រប់​ពិភាក្សា​​គ្នា​​លើកក្រោយៗ ស្តី​អំពី​បញ្ហា​អន្តោប្រវេសន៍​។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃអឺរ៉ុប​ត្រូវ​ជួប​ប្រជុំ​គ្នា​ជា​ថ្មី នៅ​ថ្ងៃ​ចន្ទ​នេះ នៅទីក្រុង​ប៉ារីស។

ក្នុង​ពេល​ដែល​អ្នក​នយោបាយ​កំពុង​ពិភាក្សា​រក​ដំណោះស្រាយ​មិន​ចេញ នាវា​មនុស្ស​ធម៌ របស់​អង្គការ​SOS Méditerranée គ្រូពេទ្យ​គ្មាន​ព្រំដែន MSF បាន​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ នេះផ្តើម​ប្រតិបត្តិការ​សង្គ្រោះ​អន្តោប្រវេសន៍​នៅ​តាម​បណ្តោយ​ឆ្នេរ​លីប៊ី​ឡើង​វិញ បន្ទាប់​ពី​អាក់​ខាន​តាំង​ពី​ចុង​ឆ្នាំ​២០១៨​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ