បារាំង ៖ រកឃើញខ្មោចនាវាមុជទឹក បាត់ខ្លួនកាលពីជាងកន្លះសតវត្សរ៍មុន
ជាដំណឹងដ៏រំជើបរំជួល ! ជាដំណឹងដែលនាំមកនូវភាពធូរស្បើយ ! នាវាមុជទឹកនៃកងទ័ពជើងទឹកបារាំង « La Minerve » ដែលបានលិចបាត់ នៅថ្ងៃទី ២៧ មករា ឆ្នាំ១៩៦៨ ទើបត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យ នៅបាតសមុទ្ទមេឌីទែរ៉ាណេ ក្នុងជម្រៅជាង ២៣៧០ម៉ែត្រ និងក្នុងចម្ងាយ៣៥គីឡូម៉ែត្រពីឆ្នេរបារាំង។ នេះបើតាមការជូនដំណឹងរបស់ក្រសួងការពារបារាំង នៅថ្ងៃចន្ទ ទី ២២ កក្កដា ២០១៩។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣៤
ដូចដកបន្លាពីទ្រូង ! បន្ទាប់ពីបាត់ដំណឹងអស់រយៈពេល៥១ឆ្នាំ នៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង បានប្រកាសព័ត៌មានស្តីពីរកឃើញខ្មោចនាវាមុជទឹក La Minerve នៅ ក្នុងបាតសមុទ្ទមេឌីទែរ៉ាណេ។ លោកស្រីរដ្ឋមន្ត្រីបានអបអរជោគជ័យនៃបច្ចេកវិទ្យា និងបានចូលរួមសម្រាលទុក្ខគ្រួសារនាវិកទាំង៥២នាក់ ដែលអ្នកជាម្តាយឪពុកខ្លះទន្ទឹងរង់ចាំដំណឹងយូរពេក រហូតបាត់បង់ជីវិតខ្លួនទៅហើយ។
នៅថ្ងៃទី ២៧ មករា ឆ្នាំ ១៩៦៨ នាវាមុជទឹក La Minerve ដែលមាននាវិក៥២នាក់ បានចេញធ្វើលំហាត់សម នៅក្នុងមហាសាគរមេឌីទែរ៉ាណេ និងបានលិចបាត់ក្នុងរយៈពេលតែបួននាទីគត់ ក្រោយមានស្នូរផ្ទុះ។ មានសេចក្តីសន្និដ្ឋានច្រើនថា បណ្តាលមកផ្នែកខាងក្រោយនៃនាវាមានបញ្ហា មានការបុកទង្គិចជាមួយទូកផ្សេង មានការផ្ទុះមីស៊ីល មកពីនាវាមិនអាចធុននឹងសម្ពាធទើបផ្ទុះបែក ... ប៉ុន្តែគ្មានសេចក្តីបំភ្លឺ និងការពន្យល់អំពីគ្រោះថ្នាក់នេះប្រាប់ក្រុមគ្រួសារឡើយ។
ទោះបីជាប្រតិបត្តិការសង្គ្រោះបានចាប់ផ្តើមភ្លាមក៏ដោយ ក៏គេពុំអាចកំណត់រកទីតាំងខ្មោចនាវាបានដែរ។ ក្រោយហេតុការណ៍ផ្ទុះលិចនាវានោះ យោធាជើងទឹកបារាំងបានបើកប្រតិបត្តិការរុករក La Minerve រយៈពេល៥ថ្ងៃ។ នៅឆ្នាំ១៩៦៩ បារាំងបានបើកយុទ្ធនាការស្វែងរកម្តងទៀត រយៈពេល១៣ថ្ងៃ បន្តដោយការស្ទង់មតិផង មុនសម្រេចបិទសំណុំរឿង។
ប៉ុន្តែក្រោយការរកឃើញនាវាមុជទឹករបស់អាហ្សង់ទីន កាលពីខែវិច្ឆិកាឆ្នាំ២០១៨ ដោយនាវារុករកបំពាក់ដ្រូនរបស់អាមេរិកនិងតាមសំណើក្រុមគ្រួសារនាវិកដែលរួបរួមគ្នាបង្កើតជាសហព័ន្ធតែមួយ រដ្ឋាភិបាលបារាំងក៏ព្រមបើកការស្រាវជ្រាវរុករកជាថ្មី។ ប្រតិបត្តិការរុករកខ្មោចនាវា La Minerve បានចាប់ផ្តើមនៅដើមខែកក្កដា។ តាមរយៈការគណនារបស់ក្រុមអ្នកជំនាញថាមពលអាតូមិក បូកផ្សំនឹងទិន្នន័យរបស់ទាហានជើងទឹក ពីឆ្នាំ១៩៦៨-១៩៧០ រូបថតពីលើអាកាស ស្នាមហូរប្រេង ស្នាមរញ្ជួយដី ក្នុងពេលនោះ ទើបគេអាចបានកំណត់តំបន់រុករកថ្មី បានយ៉ាងជាក់លាក់ និងដែលស្ថិតនៅភាគលិចមិនឆ្ងាយប៉ុន្មានពីតំបន់រុករកកាលពី៥០មុន។
ការចូលរួមរុករករបស់នាវា Seabed Constructor នៃក្រុមហ៊ុនឯកជនអាមេរិក Ocean Infinity ដែលមានបំពាក់កាមេរ៉ាអាចថតក្រោមសមុទ្ទក្នុងជម្រៅដល់៦ពាន់ម៉ែត្រ និងដ្រូន បានផ្តល់ព័ត៌មានកាន់តែច្បាស់ជារូបភាពបញ្ជាក់អំពីទីតាំងនៃខ្មោចនាវា La Minerve ជាបីបំណែក កប់នៅបាតសមុទ្ទ ជម្រៅ២៣៧០ម៉ែត្រ ចម្ងាយពីឆ្នេរ៣៥គីឡូម៉ែត្រ ត្រង់តំបន់ដែលគ្មានល្បាប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ