អានតួអត្ថបទ

បារាំង ៖ រកឃើញខ្មោចនាវាមុជទឹក បាត់ខ្លួនកាលពីជាង​កន្លះសតវត្សរ៍មុន

ជា​ដំណឹង​ដ៏​រំជើប​រំជួល ! ជា​ដំណឹង​ដែល​នាំ​មក​នូវ​ភាព​ធូរស្បើយ ! នាវា​មុជ​ទឹក​នៃ​កង​ទ័ព​ជើង​ទឹក​បារាំង « La Minerve » ដែល​បាន​លិច​បាត់ នៅ​ថ្ងៃ​ទី ២៧ មករា ឆ្នាំ​១៩៦៨ ទើប​ត្រូវ​បាន​រក​ឃើញកាលពី​ថ្ងៃ​អាទិត្យ​ នៅ​បាតសមុទ្ទមេឌីទែរ៉ាណេ ក្នុង​ជម្រៅ​ជាង ២៣៧០​ម៉ែត្រ និង​ក្នុង​ចម្ងាយ៣៥​គីឡូម៉ែត្រ​​ពី​ឆ្នេរ​បារាំង។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​ការពារ​បារាំង នៅថ្ងៃ​​ចន្ទ ទី ២២​ កក្កដា​ ២០១៩​។

នាវា​មុជទឹក​ La Minerve លិច​បាត់​នៅ​ថ្ងៃទី ២៧ មករា ១៩៦៨ ទើប​រក​ឃើញ​ខ្មោច​នៅ​បាត​សមុទ្ទ​មេឌីទែរ៉ាណេនៅ​ថ្ងៃ២១​កក្កដា​២០១៩
នាវា​មុជទឹក​ La Minerve លិច​បាត់​នៅ​ថ្ងៃទី ២៧ មករា ១៩៦៨ ទើប​រក​ឃើញ​ខ្មោច​នៅ​បាត​សមុទ្ទ​មេឌីទែរ៉ាណេនៅ​ថ្ងៃ២១​កក្កដា​២០១៩ (Photo by Keystone-France/Gamma-Rapho via Getty Images)
ផ្សាយពាណិជ្ជកម្ម

ដូច​ដក​បន្លា​ពី​ទ្រូង ! បន្ទាប់​ពី​បាត់​​ដំណឹង​អស់​រយៈ​ពេល​៥១​ឆ្នាំ ​នៅ​ថ្ងៃ​នេះ​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បារាំង បាន​ប្រកាស​ព័ត៌មាន​ស្តី​ពី​រក​ឃើញ​ខ្មោច​នាវា​មុជ​ទឹក La Minerve នៅ ក្នុង​បាត​សមុទ្ទ​មេឌីទែរ៉ាណេ។ លោកស្រី​រដ្ឋមន្ត្រី​​​បាន​អបអរ​ជោគជ័យ​នៃ​បច្ចេកវិទ្យា និង​បាន​ចូល​រួម​សម្រាល​ទុក្ខ​គ្រួសារ​នាវិក​ទាំង​៥២​នាក់​ ដែលអ្នក​ជា​ម្តាយ​ឪពុក​​ខ្លះ​ទន្ទឹង​រង់ចាំ​ដំណឹង​យូរពេក​ រហូត​បាត់​បង់​ជីវិត​ខ្លួន​ទៅ​ហើយ។

នៅ​ថ្ងៃ​ទី ២៧ មករា ឆ្នាំ ១៩៦៨ នាវា​មុជទឹក La Minerve ដែល​មាន​នាវិក​៥២​នាក់ បាន​ចេញ​ធ្វើ​លំហាត់​សម នៅ​ក្នុង​មហាសាគរ​មេឌីទែរ៉ាណេ និង​បាន​លិច​បាត់​ក្នុង​រយៈ​ពេល​តែ​បួន​នាទី​គត់ ក្រោយ​មាន​ស្នូរ​ផ្ទុះ។ មាន​សេចក្តី​សន្និដ្ឋាន​ច្រើន​ថា បណ្តាល​មក​ផ្នែក​ខាងក្រោយ​នៃ​នាវា​មាន​បញ្ហា មានការ​បុក​ទង្គិច​ជាមួយ​ទូក​ផ្សេង មានការ​ផ្ទុះ​មីស៊ីល មក​ពី​នាវា​មិន​អាច​ធុននឹង​សម្ពាធ​ទើប​ផ្ទុះ​បែក ... ប៉ុន្តែ​គ្មាន​សេចក្តី​បំភ្លឺ និង​ការ​ពន្យល់​អំពីគ្រោះ​ថ្នាក់​នេះ​ប្រាប់​ក្រុមគ្រួសារ​ឡើយ។

ទោះ​បី​ជា​ប្រតិបត្តិការ​សង្គ្រោះ​បាន​ចាប់​ផ្តើម​ភ្លាមក៏​ដោយ ក៏គេ​ពុំ​អាច​កំណត់រក​​ទីតាំងខ្មោច​នាវាបាន​ដែរ។ ក្រោយ​ហេតុការណ៍ផ្ទុះ​លិច​នាវានោះ​​ ​យោធា​ជើង​ទឹក​បារាំង​បា​ន​បើក​ប្រតិបត្តិការរុក​រក​ La Minerve រយៈ​ពេល​​៥​ថ្ងៃ។ នៅ​ឆ្នាំ​១៩៦៩ បារាំង​បាន​បើក​យុទ្ធនាការ​ស្វែង​រកម្តង​​ទៀត រយៈ​ពេល​១៣​ថ្ងៃ បន្ត​ដោយ​ការ​ស្ទង់​មតិផង មុន​សម្រេច​បិទ​សំណុំ​រឿង។

ប៉ុន្តែ​ក្រោយការ​រក​ឃើញ​​នាវា​មុជ​ទឹក​របស់​អាហ្សង់ទីន កាលពីខែ​វិច្ឆិកា​ឆ្នាំ​២០១៨ ដោយ​នាវារុក​រក​បំពាក់​ដ្រូន​​របស់​អាមេរិកនិងតាម​​សំណើ​​ក្រុមគ្រួសារ​នាវិកដែល​រួបរួម​គ្នា​បង្កើត​ជា​សហព័ន្ធ​តែមួយ ​រដ្ឋាភិបាលបារាំង​ក៏​ព្រម​​បើក​ការ​ស្រាវជ្រាវ​រុក​រក​ជា​ថ្មី។ ប្រតិបត្តិការ​រុក​រក​ខ្មោច​នាវា La Minerve បាន​ចាប់​ផ្តើម​នៅ​ដើម​ខែ​កក្កដា។ តាម​រយៈ​ការ​គណនារបស់​ក្រុម​អ្នក​ជំនាញ​ថាមពល​អាតូមិក បូកផ្សំ​នឹង​ទិន្នន័យ​របស់​ទាហាន​ជើង​ទឹក​ ពី​ឆ្នាំ​១៩៦៨-១៩៧០ រូបថត​ពី​លើ​អាកាស ស្នាម​ហូរប្រេង ស្នាម​រញ្ជួយ​ដី ក្នុង​ពេល​នោះ​ ទើប​គេអាច​​បានកំណត់​តំបន់​រុករក​ថ្មី បាន​យ៉ាង​ជាក់លាក់ និង​ដែល​​ស្ថិត​នៅ​ភាគ​លិច​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​​តំបន់​រុក​រក​កាលពី​៥០​មុន​។

ការ​ចូល​រួម​រុក​រក​​របស់​នាវា​ Seabed Constructor នៃ​​ក្រុមហ៊ុនឯកជន​​​អាមេរិក Ocean Infinity ដែល​​មាន​បំពាក់​កាមេរ៉ាអាច​ថត​ក្រោម​សមុទ្ទ​ក្នុង​ជម្រៅ​ដល់​៦ពាន់​ម៉ែត្រ​ និង​ដ្រូន​ បាន​ផ្តល់​ព័ត៌មាន​កាន់​តែ​ច្បាស់ជា​រូបភាព​​បញ្ជាក់​អំពី​ទីតាំង​នៃ​ខ្មោច​នាវា​ La Minerve ​ជា​បី​បំណែក​ កប់​នៅ​បាត​សមុទ្ទ ជម្រៅ​២៣៧០​ម៉ែត្រ ចម្ងាយ​ពី​ឆ្នេរ​៣៥​គីឡូម៉ែត្រ ត្រង់​តំបន់​ដែលគ្មានល្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ