ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/10 12h00 GMT

តើ​អ៊ីរ៉ង់​កំពុង​ឈាន​ទៅ​ដោះដៃ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ឆ្នាំ ២០១៥?

តើ​អ៊ីរ៉ង់​កំពុង​ឈាន​ទៅ​ដោះដៃ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ឆ្នាំ ២០១៥?
 
ទង់ជាតិ​អ៊ីរ៉ង់​នៅ​មុខ​ទីស្នាក់ការ​ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិ​នៅទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស ថ្ងៃទី ១០កក្កដា ២០១៩ © REUTERS/Lisi Niesner

ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជួបប្រជុំ​គ្នា នៅប្រទេស​អូទ្រីស នៅថ្ងៃអាទិត្យទី ២៨​កក្កដា នៅក្នុង​គោលដៅ​ស្រោចស្រង់​កិច្ចព្រមព្រៀង ដែល​អាមេរិក​បាន​ដកខ្លួន កាលពី​ពាក់កណ្តាល​ឆ្នាំមុន។ ក្នុង​ពេល​ជាមួយ​គ្នា​ដែល​អ្នកតំណាង​របស់​អ៊ីរ៉ង់ កំពុង​ជួបប្រជុំ​ជាមួយ​ក្រុម​ប្រទេស​មហាអំណាច​ទាំង​៥ លើកលែង​អាមេរិក នៅ​ប្រទេស​អូទ្រីស នៅ​ទីក្រុង​តេហេរ៉ង់​វិញ ប្រធាន​ទីភ្នាក់ងារ​ថាមពល​បរមាណូ អ៊ីរ៉ង់​បាន​អះអាង​ប្រាប់​សភា​អ៊ីរ៉ង់​ថា គេ​នឹង​ចាប់ផ្តើម​ដំណើរការ​ម៉ាស៊ីន​ប្រតិកម្ម​ទឹកធ្ងន់ ដើម្បី អាច​ផលិត​ភ្លុយតូញ៉ូម សម្រាប់​កម្មវិធី​នុយក្លេអ៊ែរ​យោធា។ នេះ​ជា​ករណី​រំលោភ​កិច្ចព្រមព្រៀង​មួយទៀត ពីសំណាក់​ភាគី អ៊ីរ៉ង់ ដែល​កំពុង​ក្រពុលមុខ​ដោយសារ​រងទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក។

 

ក្រុមប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង នុយក្លេអ៊ែរ បាន​ជួបប្រជុំគ្នា នៅថ្ងៃអាទិត្យនេះ ​នៅទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស ក្នុង​គោលដៅ ស្រោចស្រង់ កិច្ចព្រមព្រៀង ដែល​កាន់តែ​ធ្លាក់​ចុះអន់​ខ្សោយ បន្ទាប់ពី អាមេរិក​ដកខ្លួន កាលពី​១​ឆ្នាំមុន និង​ត្រលប់​ទៅ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់។

គេ​មិនអាច​សង្ឃឹម​ថា កិច្ចប្រជុំ​នៅថ្ងៃនេះ នឹង​មិន​ផ្តល់​លទ្ធផល​អ្វី​ជាដុំកំភួន​នោះ ព្រោះ​នៅក្នុង​កិច្ចប្រជុំ នៅ​ទីក្រុង​វីយ៉ែន​លើកនេះ មាន​ចូលរួម​ត្រឹមថ្នាក់ មន្រ្តី​នយោបាយ តែប៉ុណ្ណោះ។ ម្យ៉ាងទៀត វា​ជា​កិច្ចប្រជុំ ដែលធ្វើ​ឡើង​នៅ១ខែ​ក្រោយ ដែល​កិច្ចប្រជុំ​ថ្នាក់​អនុរដ្ឋមន្រ្តី​ការបរទេស គ្មាន​បានផ្តល់​ចេញ​ជា​លទ្ធផល​អ្វីសោះ នៅក្នុង​រឿង​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ អ៊ីរ៉ង់។

សូមបញ្ជាក់ថា តាំងតែ ពី​ខែ​ឧសភា មក នៅពេល​អ៊ីរ៉ង់​ប្រកាស​ឈប់​អនុវត្ត ចំណុច​ខ្លះ​នៃ​កិច្ចព្រមព្រៀង ដោយសារ​ការដាក់ទណ្ឌកម្ម​របស់អាមេរិក ក្រុមប្រទេស​មហាអំណាច​ទាំង ៥ ដូចជា បារាំង អង់គ្លេស អាល្លឺម៉ង់ ចិន និង​រុស្ស៊ី ដែល​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ បាន​ជួបប្រជុំ​ជាបន្តបន្ទាប់​ជាមួយ អ៊ីរ៉ង់ ដើម្បី បញ្ចុះបញ្ចូល​អ៊ីរ៉ង់ ឲ្យ​នៅ​បន្ត​គោរព​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ ដែល​មាន​ទិសដៅ​ហាមឃាត់​អ៊ីរ៉ង់ កុំ​ឲ្យ​ផលិត​អាវុធ​នុយក្លេអ៊ែរ។

ប៉ុន្តែ អ៊ីរ៉ង់​យល់​ឃើញថា នៅ​ចំពោះមុខ​អសមត្ថភាព​របស់​ក្រុមប្រទេស​ហត្ថលេខី ជាពិសេស បណ្តាប្រទេស​អឺរ៉ុប ដែល​មិន​អាច​ជួយ​អ៊ីរ៉ង់​ឲ្យ​រួចផុត​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច​អាមេរិក អ៊ីរ៉ង់ ត្រូវ​តែ​ពឹងលើ​ខ្លួន​ឯង។ ប្រធានាធិបតី​អ៊ីរ៉ង់ បាន​ប្រកាស​បង្កើន​ចំនួន​ស្តុក ធាតុអ៊ុយរ៉ាញ៉ូម ឬ ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម ឲ្យ​លើស​ពី​កម្រិត ដែល​កំណត់ ដោយ​កិច្ចព្រមព្រៀង។

មន្រ្តី​ការទូតអឺរ៉ុបម្នាក់​បាន​ឲ្យ​ដឹងថា បើ ទោះ​ជា​កិច្ចប្រជុំ​នៅថ្ងៃនេះ នឹង​ផ្តល់​លទ្ធផលអ្វី​ធំដុំ ប៉ុន្តែ គេ​នៅ​តែមិនទាន់​អស់សង្ឃឹម​នោះទេ។ កិច្ចប្រជុំ​នៅថ្ងៃនេះ អាច​កិច្ចប្រជុំ ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​របស់​ក្រុមប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង នៅថ្ងៃ​ខាងមុខ។ តាម​អនុរដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី យន្តការ​របស់​អឺរ៉ុប​ដើម្បី ធ្វើជំនួញ​ជាមួយ​អ៊ីរ៉ង់​ដោយ​មិនឲ្យ​ជាប់​ក្នុង​ទណ្ឌកម្ម​អាមេរិក ហើយនិង​ម៉ាស៊ីនប្រតិកម្ម​ទឹកធ្ងន់ នៅទីក្រុង​អារ៉ាក់ នៅអ៊ីរ៉ង់ គឺ​ជា​ប្រធានបទ​សំខាន់ នៅក្នុង​កិច្ចប្រជុំ​នៅថ្ងៃ​អាទិត្យនេះ។

ម៉ាស៊ីន​ប្រតិកម្ម​ទឹកធ្ងន់ នៅ​អារ៉ាក់​ដែល​ចម្រូងចម្រាស​

តាម​ទីភ្នាក់ងារ​ព័ត៌មាន​អ៊ីរ៉ង់ Isna ប្រធាន​ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរ បានប្រកាស​ប្រាប់​សមាជិក​សភា​អ៊ីរ៉ង់ ពី​គម្រោង​ដាក់​ឲ្យ​ដំណើរការ​ម៉ាស៊ីនប្រតិកម្ម​ទឹកធ្ងន់ នៅទីក្រុង​អារ៉ាក់។ នៅក្នុង​របាយការណ៍​របស់ខ្លួន នៅ​ឆ្នាំ ២០១៦ ពោល​គឺ​១ឆ្នាំ​ក្រោយ មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិ AIEA​បាន​សរសេរ​ថា អ៊ីរ៉ង់ បាន​ធ្វើ​តាម​ការសន្យា របស់ខ្លួន ដោយ​បាន​ចាក់បេតុង បិទ​កុំ​ឲ្យ​រោងចក្រ ដែល​មាន​ម៉ាស៊ីន​ប្រតិកម្ម​ទឹកធ្ងន់​នេះ អាច​ដំណើរការ​បាន។

ប៉ុន្តែ ដោយសារ​តែ​អាមេរិក​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង ហើយ​និង​ត្រលប់​មក​ដាក់ទណ្ឌកម្ម ច្របាច់ក វិស័យ​នាំចេញប្រេង​អ៊ីរ៉ង់ អ៊ីរ៉ង់​បាន​គ្រលាស់ខ្លួន បន្តិចម្តងៗ លែង​គោរព​កិច្ចព្រមព្រៀង​ដូចមុន។

ដោយពិតទៅ នៅ​មុន ការបញ្ជាក់របស់​ប្រធាន​ទីភ្នាក់ងារ​ថាមពល​បរិមាណូ អ៊ីរ៉ង់ ទៅទៀត លោកប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន់ រ៉ូហានី បាន​ប្រកាស កាលពីដើម​ខែ​នេះថា អ៊ីរ៉ង់ នឹងឈប់​គោរព​តាម​កិច្ចព្រមព្រៀង បើសិន​ប្រទេស​ហត្ថលេខី មិនអាច​ការពារ​សេដ្ឋកិច្ច​របស់អ៊ីរ៉ង់ ដូចតាមការសន្យា​នៅក្នុង​កិច្ចព្រមព្រៀង។ តាម​ប្រធានាធិបតី​អ៊ីរ៉ង់ ចាប់ពី​ថ្ងៃទី ៧កក្កដា អ៊ីរ៉ង់ ចាប់​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម លើស​ពី​កម្រិត ដែល​មាន​ចែង នៅក្នុង​កិច្ចព្រមព្រៀង ហើយ​និង​ចាប់ដំណើរការ​ឡើងវិញ នៅរោងចក្រ​អារ៉ាក់ ដែល​មាន​ម៉ាស៊ីន​ប្រតិកម្ម​ទឹកធ្ងន់។

កិច្ចព្រមព្រៀង បាន​តម្រូវ​ឲ្យ​អ៊ីរ៉ង់ បញ្ឈប់ សកម្មភាព​នៅ​រោងចក្រ​អារ៉ាក់ ព្រោះគេ​ខ្លាចថា អ៊ីរ៉ង់ អាច​ប្រើ​ម៉ាស៊ីន​ប្រតិកម្ម​ទឹកធ្ងន់ ទៅ​ផលិត​ធាតុ​ភ្លុយតូនីញ៉ូម ក្នុង​គោលដៅ​យោធា ដូចជា ផលិត​ក្បាលគ្រាប់នុយក្លេអ៊ែរ​ជាដើម។

ដោយ​រំលោភ​ជា​បន្តបន្ទាប់ កិច្ចព្រមព្រៀង នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ អ៊ីរ៉ង់​មាន​គោលដៅ​សំខាន់ គឺ​ដាក់សម្ពាធ លើ​ក្រុមប្រទេស​ហត្ថលេខី ផ្សេងទៀត នៃកិច្ចព្រមពៀង ជាពិសេស ប្រទេស​អឺរ៉ុប ដូចជា​បារាំង អាល្លឺម៉ង់ និង​អង់គ្លេស ឲ្យ​គោរព​តាម​កិច្ចព្រមព្រៀង ពោល​គឺ ចាត់វិធានការ ជួយ​ការពារ​ផលប្រយោជន៍ សេដ្ឋកិច្ច អ៊ីរ៉ង់ នៅចំពោះមុខ ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក។

អ៊ីរ៉ង់​រិះគន់ និង​ដាក់សម្ពាធ​កាន់តែលើ​ខ្លាំង​លើ​ភាគីហត្ថលេខី អឺរ៉ុប

នៅថ្ងៃ​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​បរិហារ​រិះគន់​អឺរ៉ុប​ដែល​កំពុង​មាន​គម្រោង​បញ្ជូន​កប៉ាល់​ចម្បាំង​ទៅក្នុងឈូង​សមុទ្រ​ពែរ្ស។

ការបង្កើត​បេសកកម្ម​អឺរ៉ុប​ដើម្បី ការពារ​កប៉ាល់​ប្រេង នៅ​ឈូង​សមុទ្រ ជា​ការទាមទារ​ចង់បាន​របស់​អតីត​រដ្ឋមន្រ្តីការបរទេស​អង់គ្លេស លោក Jeremy Hunt​នៅបន្ទាប់ពី​អ៊ីរ៉ង់​ចាប់កប៉ាល់​ដឹកប្រេង​របស់​អង់គ្លេស នៅ​ច្រកសមុទ្រ Ormuz ជា​ការសងសឹក​នឹង​អង់គ្លេស ដែល​បាន​ចាប់កប៉ាល់​ដឹកប្រេង​របស់អ៊ីរ៉ង់ នៅ​សមុទ្រ​មេឌីទែរ៉ាណេ។

លោកស្រី​រដ្ឋមន្រ្តីការពារ​ជាតិ​បារាំង Florence Parly បានអះអាងថា បារាំង​នឹង​សហការ​ផ្តល់ព័ត៌មានជាមួយ​អង់គ្លេស និង​អាល្លឺម៉ង់ ដើម្បី​ពង្រឹង​សុវត្ថិភាព ចរារចណ៍ នៅ​ឈូងសមុទ្រ ប៉ុន្តែ មិនដល់​ថ្នាក់ បញ្ជូន​កងទ័ព កប៉ាល់ ចម្បាំង បន្ថែម នោះទេ ព្រោះ​បារាំង​មិន​ចង់​ឲ្យ​ភាពតានតឹង​នៅឈូង​សមុទ្រ​កាន់តែ​ធ្លាក់ចុះ​អាក្រក់​ជាងនេះ។

បារាំង ឬ​អាល្លឺម៉ង់​នៅតែ​បង្ហាញជំហរ ចង់​ចរចា សម្របសម្រួល រវាង​អ៊ីរ៉ង់ និង​អាមេរិក។ ទោះជា​អ៊ីរ៉ង់ បាន​ប្រកាស​រំលោភ​កិច្ចព្រមព្រៀង​ជាបន្តបន្ទាប់ ភាគី​អឺរ៉ុប មិន​បាន​ចេញមុខ​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ដូចអាមេរិកនោះទេ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • អ៊ីរ៉ង់ចាប់ទូកអង់គ្លេស ចិន​ចេញ​មុខ​ប្រឆាំង​ទណ្ឌកម្ម​របស់​អាមេរិក​ដាក់​លើ​អ៊ីរ៉ង់

    ស្វែងយល់បន្ថែម

  • ទូតអង់គ្លេស៖ លោកត្រាំដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់​ដើម្បី​បញ្ឈឺ​លោក​អូបាម៉ា

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    អ៊ីរ៉ង់បន្តប្រើអ៊ុយរ៉ាញ៉ូមជាអាវុធដើម្បីសងសឹកនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក

    ស្វែងយល់បន្ថែម

  • អ៊ីរ៉ង់-នុយក្លេអ៊ែរ

    អ៊ីរ៉ង់បង្កើនបរិមាណស្តុកអ៊ុយរ៉ាញ៉ូមលើសពីកម្រិតដែលអនុញ្ញាតដោយកិច្ចព្រមព្រៀងឆ្នាំ ២០១៥

    ស្វែងយល់បន្ថែម

  • រុស្ស៊ី អំពាវនាវ​ទាំង​ព្រួយបារម្ភ ឲ្យ​បន្ត​កិច្ចសន្ទនា ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ