Brexit គ្មានកិច្ចព្រមព្រៀង បង្កើនហានិភ័យឱ្យអង់គ្លេសបែកខ្ញែកជាចំរៀកៗឬ ?!
ចុះផ្សាយនៅថ្ងៃ៖
អង់គ្លេសនឹងបែកចេញពីសហភាពអឺរ៉ុប នៅថ្ងៃទី ៣១តុលា ខាងមុខ ដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់នោះ កំពុងលេចកាន់តែច្បាស់ឡើងៗ។ នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ក៏មិនច្រានចោលច្រកចេញមួយនេះដែរ។ គ្មានកិច្ចព្រមព្រៀង មិនមែនត្រឹមតែជាទស្សនៈវិស័យដ៏អាក្រក់លើផ្នែកសេដ្ឋកិច្ចឡើយ តែBrexitរបៀបនេះ កំពុងបំផុសគំនិតនិងក្តីព្រួយបារម្ភខ្លាចអង់គ្លេសប្រេះឆា បែកប្រទេសជាចំរៀកៗតែម្តងទៀតផង។ តើជាហានិភ័យយ៉ាងណា ?
ប្រទេសអង់គ្លេស United Kingdom ជាបង្គំនៃរដ្ឋបួន ៖ អង់គ្លេស (England) អេកូស (Scotland) ប្រទេសហ្កាល់ (Wales) និង អៀរឡង់ខាងជើង (Northern Ireland)។ ជាអតីតអភិបាលក្រុងឡុងដ៍ ជាអ្នកនយោបាយនិយមអង់គ្លេសបំផុត គ្រាន់តែបានឡើងកាន់តំណែងប្រមុខរដ្ឋាភិបាលជាផ្លូវការភ្លាម លោក បូរីស ចនស៊ុន Boris Johnson បានចេញធ្វើទស្សនកិច្ចមួយជុំ ក្នុងបីរដ្ឋផ្សេងទៀតរបស់អង់គ្លេស។
កម្មវត្ថុនៃទស្សនកិច្ច គឺ ស្វែងការគាំទ្រផែនការBrexit និងជាពិសេសដើម្បីបិទខ្ទប់សេចក្តីថ្លែងការណ៍ផ្សេងៗ ទាក់ទងហានិភ័យនៃការបំបែករដ្ឋ ដែលកំពុងរីកសុះសាយកាន់តែខ្លាំង នៅពេលឃើញសេណារីយោBrexitអង់គ្លេសដើរចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀង លេចកាន់តែច្បាស់ឡើង និងចេញពីមាត់របស់នាយករដ្ឋមន្ត្រី។
ប៉ុន្តែមិនដូចបំណង ទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីនៅអេកូស ប្រព្រឹត្តទៅដោយសោះអង្គើយ និងក្នុងសម្ពាធតានតឹងបំផុត។ នៅតាមដងផ្លូវ ពលរដ្ឋអេកូស បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងដំណើរមកដល់របស់លោកនាយករដ្ឋមន្ត្រី។ ចំណែកប្រមុខរដ្ឋអេកូស ទទួលស្វាគមន៍ប្រមុខរដ្ឋាភិបាល គ្មានញញឹមបន្តិច ចាប់ដៃគ្រាន់តែដើម្បីបង្គ្រប់កិច្ច ព្រោះសម្រាប់មេដឹកនាំអេកូស ការនាំអង់គ្លេសដើរចេញពីសហភាពអឺរ៉ុប ដោយគ្មានកិច្ចព្រមព្រៀង No Deal របស់លោកបូរីស ចនស៊ុន គឺជាគ្រោះថ្នាក់សម្រាប់តំបន់អេកូស និងអង់គ្លេសទាំងមូល។ តែសំណាងល្អ ដែលអេកូសមានមធ្យោបាយសង្គ្រោះ អាចទាមទារឯករាជ្យឱ្យអេកូស ដើម្បីបាននៅជាសហភាពអឺរ៉ុប។ នេះជាការអះអាងរបស់លោកស្រីប្រមុខដឹកនាំរដ្ឋអេកូស ក្រោយមានជំនួបជាមួយនឹងលោកនាយករដ្ឋមន្តរី ចនស៊ុន។
តាមការពិត អ្នកជាតិនិយមកាន់អំណាចអេកូស បានទាមទាររួចទៅហើយ ឱ្យមានការពិគ្រោះយោបល់ជាថ្មីស្តីអំពីឯករាជ្យដែនដីនេះ ក្រោយលទ្ធផលប្រជាមតិBrexit កាលពីខែមិថុនាឆ្នាំ២០១៦ភ្លាមម្ល៉េះ។ កាលណោះ ពលរដ្ឋអេកូសបានបោះឆ្នោតប្រឆាំងនឹងBrexit ក្នុងសំឡេងដល់ទៅ៦២%។ ប៉ុន្តែលោកបូរីស ចនស៊ុន មិនត្រូវការដឹងឮឡើយ លោកបានសម្តែងការប្រឆាំងដាច់ខាតនឹងការធ្វើប្រជាមតិស្តីអំពីឯករាជ្យតំបន់អេកូស ដោយអះអាងថា បើBrexitប្រព្រឹត្តទៅបានសម្រេចនោះអង់គ្លេសនឹងកាន់តែរឹងមាំ និងរដ្ឋទាំងបួនកាន់តែរួបរួមគ្នាស្អិតល្មួតល្អ។
ក្រៅអំពីសម្រែកនៅអេកូស សុំធ្វើប្រជាមតិថ្មីស្តីពីការទាមទារឯករាជ្យតំបន់ នៅអៀរឡង់ខាងជើងពាក្យ “បង្រួបបង្រួមជាប្រទេសតែមួយនឹងអៀរឡង់” ដែលពុំធ្លាប់មាននរណាហ៊ានប្រើសោះ ក៏បានលាន់ឮកាន់តែច្រើនឡើងៗដែរ។
ក្នុងជំនួបជាមួយមេដឹកនាំបក្សធំៗនៅអៀរឡង់ខាងជើង និងជាមួយអភិបាលរដ្ឋអៀរឡង់ខាងជើង លោកនាយករដ្ឋមន្ត្រីបានធានាអះអាងថានឹងរកដំណោះស្រាយឱ្យបាន ដើម្បីធ្វើយ៉ាងណាកុំឱ្យមានការលើកព្រំដែនមកខណ្ឌចែកអៀរឡង់ខាងជើង ពីប្រទេសអៀរឡង់ជាសមាជិកសហភាពអឺរ៉ុប ក្រោយBrexit។ ព្រំដែនអៀរឡង់ ព្រំដែនគោកតែមួយគត់ខ័ណ្ឌចែកអង់គ្លេសពីសហភាពអឺរ៉ុប គឺជាឧសបគ្គដ៏ចំបងបំផុតមួយនៃកិច្ចចរចាBrexit និងជាប្រភពនៃជម្លោះនិងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ទើបត្រូវបានបិទបញ្ចប់នៅឆ្នាំ១៩៩៨ប៉ុណ្ណោះ។
ដើម្បីបញ្ចៀសការឃាំងរបងដាក់ព្រំដែននៅអៀរឡង់ខាងជើង មានយន្តការតែមួយគត់គឺការបង្កើតតំបន់ដែនដីពន្ធគយតែមួយ សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មអង់គ្លេសជាមួយសហភាពអឺរ៉ុប បានន័យថាអៀរឡង់ខាងជើងគោរពតាមបទដ្ឋានសហភាពអឺរ៉ុប តែខុសពីផ្នែកផ្សេងនៃអង់គ្លេស។ ត្រង់ចំណុចនេះ សភាអៀរឡង់ខាងជើងប្រឆាំងជាដាច់ខាត។ ហើយអៀរឡង់ខាងជើងមានលក្ខខណ្ឌខុសពីតំបន់អង់គ្លេសទៅហើយ មានតែដើរចេញទៅបង្រួបបង្រួមជាមួយប្រទេសអៀរឡង់តែម្តងមិនស្រួលជាង !
ទំនងដោយយល់ឃើញបែបនេះ ទើបប្រមុខរដ្ឋាភិបាលតំបន់អៀរឡង់ខាងជើង បានស្នើទៅកាន់រដ្ឋាភិបាលប្រទេសអៀរឡង់ នៅថ្ងៃអង្គារម្សិលមិញ ឱ្យគិតគូររៀបចំបង្រួបបង្រួមកោះ ដើម្បីប្រឈមនឹងការគំរាមកំហែងដ៏ធ្ងន់ធ្ងរនៃវិបត្តិBrexit។ នាយករដ្ឋមន្ត្រីអៀរឡង់ ដែលភ័យខ្លាចមានផ្ទុះអំពើហិង្សាបណ្តាលមកពីការសង់ព្រំដែន ក៏បានប្រកាសកាលពីថ្ងៃចន្ទថាប្រសិនបើអង់គ្លេសដើរចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី៣១តុលាដោយគ្មានកិច្ចព្រមព្រៀង នោះត្រូវតែមានការបង្រួបបង្រួមអៀរឡង់ដោយចៀសមិនរួច។ អៀរឡង់ខាងជើងបានបោះឆ្នោតប្រជាមតិឆ្នាំ២០១៦ គាំទ្រឱ្យអង់គ្លេសនៅជាសហភាពអឺរ៉ុប ក្នុងសំឡេង៥៦%៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ