ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/10 12h00 GMT

Brexit គ្មានកិច្ចព្រមព្រៀង បង្កើន​ហានិភ័យ​ឱ្យ​អង់គ្លេស​បែក​ខ្ញែក​ជា​ចំរៀកៗ​ឬ ?!

Brexit គ្មានកិច្ចព្រមព្រៀង បង្កើន​ហានិភ័យ​ឱ្យ​អង់គ្លេស​បែក​ខ្ញែក​ជា​ចំរៀកៗ​ឬ ?! Brexit គ្មានកិច្ចព្រមព្រៀង បង្កើន​ហានិភ័យ​ឱ្យ​អង់គ្លេស​បែកខ្ញែក​ជា​ចំរៀកៗឬ © Reurters

    អង់គ្លេស​នឹង​បែក​ចេញ​ពី​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី ៣១​តុលា ខាង​មុខ ដោយ​គ្មាន​កិច្ចព្រមព្រៀង​អ្វី​ទាំង​អស់​នោះ កំពុង​លេច​កាន់​តែ​ច្បាស់ឡើងៗ។ នាយករដ្ឋមន្ត្រី​អង់គ្លេស​ថ្មី ក៏​មិន​ច្រាន​ចោល​ច្រក​ចេញ​មួយ​នេះ​ដែរ។ គ្មាន​កិច្ចព្រមព្រៀង មិនមែន​ត្រឹម​តែ​ជា​ទស្សនៈ​វិស័យ​ដ៏​អាក្រក់​លើ​ផ្នែក​សេដ្ឋកិច្ច​ឡើយ តែ​Brexit​របៀប​នេះ កំពុង​បំផុស​គំនិត​និង​ក្តី​ព្រួយ​បារម្ភ​ខ្លាច​អង់គ្លេស​ប្រេះឆា បែកប្រទេស​ជា​ចំរៀកៗ​តែ​ម្តង​ទៀត​ផង។ តើ​ជា​ហានិភ័យ​យ៉ាង​ណា ?

    ប្រទេស​អង់គ្លេស United Kingdom ជា​បង្គំ​នៃ​រដ្ឋ​បួន ៖ អង់គ្លេស (England) អេកូស (Scotland) ប្រទេសហ្កាល់ (Wales) និង​ អៀរឡង់​ខាង​ជើង (Northern Ireland)។ ជា​អតីត​អភិបាល​ក្រុង​ឡុងដ៍ ជា​អ្នក​នយោបាយ​និយម​​អង់គ្លេសបំផុត គ្រាន់​តែ​បាន​ឡើង​កាន់​តំណែងប្រមុខ​រដ្ឋាភិបាល​​ជា​ផ្លូវការ​ភ្លាម លោក បូរីស ចនស៊ុន Boris Johnson បានចេញ​​ធ្វើ​ទស្សនកិច្ច​​មួយជុំ ក្នុង​​បី​រដ្ឋ​ផ្សេង​ទៀត​របស់​អង់គ្លេស។

    កម្មវត្ថុ​នៃ​ទស្សនកិច្ច គឺ​ ​ស្វែង​ការ​គាំទ្រ​ផែនការ​Brexit និង​ជាពិសេស​ដើម្បី​បិទ​ខ្ទប់​សេចក្តី​ថ្លែងការណ៍​ផ្សេងៗ ទាក់ទង​ហានិភ័យ​នៃ​ការ​បំបែក​រដ្ឋ​ ដែល​កំពុង​រីក​សុះ​សាយ​កាន់​តែ​ខ្លាំង នៅ​ពេល​ឃើញ​សេណារីយោBrexit​អង់គ្លេស​ដើរ​ចេញ​ពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង លេច​កាន់​តែ​ច្បាស់​ឡើង និង​ចេញ​ពី​មាត់​របស់​នាយក​រដ្ឋមន្ត្រី​។

    ប៉ុន្តែមិន​ដូច​បំណង ​​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រីនៅ​​អេកូស ប្រព្រឹត្ត​ទៅ​ដោយ​សោះ​អង្គើយ​ និង​ក្នុង​សម្ពាធ​តាន​តឹង​បំផុត។ ​នៅ​តាម​ដង​ផ្លូវ​ ពលរដ្ឋ​អេកូស បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ដំណើរ​មក​ដល់​របស់​លោក​នាយករដ្ឋមន្ត្រី។ ចំណែកប្រមុខ​​រដ្ឋ​អេកូស ទទួល​ស្វាគមន៍​ប្រមុខ​រដ្ឋាភិបាល គ្មាន​ញញឹម​បន្តិច​ ចាប់​ដៃ​គ្រាន់​តែ​ដើម្បី​បង្គ្រប់​កិច្ច​ ព្រោះ​សម្រាប់​មេ​ដឹកនាំ​អេកូស ​​ការ​នាំ​អង់គ្លេសដើរ​ចេញ​ពី​សហភាព​អឺរ៉ុប ដោយ​គ្មានកិច្ចព្រមព្រៀង​ No Deal ​​របស់​លោក​បូរីស ចនស៊ុន គឺ​ជា​គ្រោះ​ថ្នាក់​សម្រាប់តំបន់​អេកូស និង​អង់គ្លេស​ទាំង​មូល។ តែ​សំណាង​ល្អ ដែល​អេកូស​មាន​មធ្យោបាយ​សង្គ្រោះ អាច​ទាមទារ​ឯករាជ្យ​ឱ្យ​អេកូស ដើម្បី​បាននៅ​ជា​​សហភាព​អឺរ៉ុប។ នេះ​ជា​ការ​អះអាង​របស់​លោកស្រី​ប្រមុខ​ដឹកនាំ​រដ្ឋ​អេកូស ក្រោយ​មាន​ជំនួប​ជាមួយ​នឹង​លោក​នាយករដ្ឋមន្តរី ចនស៊ុន។

    តាម​ការពិត អ្នក​ជាតិ​និយម​កាន់​អំណាច​អេកូស បាន​ទាមទារ​រួច​ទៅ​ហើយ ឱ្យ​មាន​ការ​ពិគ្រោះយោបល់ជា​​ថ្មី​ស្តី​អំពី​ឯករាជ្យ​​ដែន​ដី​នេះ ក្រោយ​លទ្ធផល​ប្រជាមតិ​Brexit កាលពី​ខែ​មិថុនា​ឆ្នាំ​២០១៦​ភ្លាម​ម្ល៉េះ។ កាលណោះ ពលរដ្ឋ​អេកូស​បាន​បោះឆ្នោត​ប្រឆាំង​នឹង​Brexit ក្នុង​សំឡេង​ដល់​ទៅ​៦២%។ ប៉ុន្តែ​លោក​បូរីស ចនស៊ុន​ មិនត្រូវ​ការ​ដឹង​ឮ​ឡើយ លោក​បាន​សម្តែង​ការ​ប្រឆាំង​ដាច់​ខាត​នឹង​ការ​ធ្វើ​ប្រជាមតិ​ស្តី​អំពី​ឯករាជ្យ​តំបន់​អេកូស ដោយ​អះអាង​ថា​ បើ​Brexit​ប្រព្រឹត្ត​ទៅ​បានសម្រេច​នោះ​អង់គ្លេស​នឹង​កាន់​តែ​រឹង​មាំ​ និងរដ្ឋ​ទាំង​បួន​កាន់​តែ​រួបរួម​គ្នា​ស្អិត​ល្មួត​ល្អ។

    ក្រៅ​អំពី​សម្រែក​នៅ​អេកូស ​សុំ​​ធ្វើ​ប្រជាមតិ​ថ្មី​ស្តី​ពី​ការ​ទាមទារឯករាជ្យ​តំបន់ ​នៅ​អៀរឡង់​ខាង​ជើង​ពាក្យ​ ​“បង្រួបបង្រួម​ជា​ប្រទេស​តែ​មួយ​នឹង​អៀរឡង់” ដែល​ពុំ​ធ្លាប់​មាន​នរណា​​​ហ៊ានប្រើ​​សោះ ក៏​បាន​លាន់​ឮ​កាន់​តែ​ច្រើន​ឡើងៗ​ដែរ។

    ក្នុង​ជំនួប​ជាមួយ​មេ​ដឹកនាំ​បក្ស​ធំៗ​នៅ​អៀរឡង់​ខាងជើង និង​ជា​មួយ​អភិបាល​រដ្ឋ​អៀរឡង់​ខាង​ជើង លោក​នាយករដ្ឋមន្ត្រី​បាន​ធានាអះអាង​ថា​នឹង​រក​ដំណោះស្រាយ​ឱ្យ​បាន ដើម្បី​ធ្វើ​យ៉ាងណា​កុំ​ឱ្យ​មាន​ការ​លើក​ព្រំដែន​មក​ខណ្ឌ​ចែក​អៀរឡង់​ខាង​ជើង ពីប្រទេស​អៀរឡង់​ជា​សមាជិក​សហភាព​អឺរ៉ុប ក្រោយ​Brexit។ ព្រំដែន​អៀរឡង់ ព្រំដែន​គោក​តែ​មួយ​គត់​ខ័ណ្ឌ​ចែក​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ គឺ​ជា​ឧសបគ្គ​ដ៏​ចំបងបំផុត​មួយ​​នៃ​កិច្ចចរចា​Brexit និង​ជា​ប្រភព​នៃ​ជម្លោះ​និង​សង្គ្រាម​ស៊ីវិល​ដ៏រ៉ាំរ៉ៃ ទើប​ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ឆ្នាំ​១៩៩៨​ប៉ុណ្ណោះ។

    ដើម្បី​​បញ្ចៀស​ការ​ឃាំង​របង​​ដាក់​ព្រំដែននៅអៀរឡង់​ខាង​ជើង មាន​យន្តការ​តែ​មួយ​គត់​គឺ​ការ​បង្កើត​តំបន់​ដែនដី​ពន្ធគយ​តែ​មួយ សម្រាប់​​ទំនាក់ទំនង​ពាណិជ្ជកម្មអង់គ្លេស​​ជាមួយ​សហភាព​អឺរ៉ុប​ បាន​ន័យ​ថា​អៀរឡង់​ខាង​ជើង​គោរព​តាម​បទដ្ឋាន​សហភាព​អឺរ៉ុប តែ​ខុស​ពី​ផ្នែក​ផ្សេង​នៃ​អង់គ្លេស។ ត្រង់​ចំណុច​នេះ​ សភា​អៀរឡង់​ខាង​ជើង​ប្រឆាំង​ជា​ដាច់​ខាត។ ហើយ​អៀរឡង់​ខាង​ជើង​មាន​លក្ខខណ្ឌ​ខុស​ពីតំបន់​​អង់គ្លេស​ទៅ​ហើយ​ មាន​តែ​ដើរ​ចេញ​ទៅ​បង្រួប​បង្រួម​ជាមួយ​ប្រទេស​អៀរឡង់​តែ​ម្តង​មិន​ស្រួល​ជាង !

    ទំនង​ដោយ​យល់​ឃើញ​​បែប​នេះ ទើប​ប្រមុខ​រដ្ឋាភិបាល​តំបន់​អៀរឡង់​ខាង​ជើង បាន​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​ប្រទេស​អៀរឡង់ នៅ​ថ្ងៃអង្គារ​ម្សិលមិញ ​ឱ្យ​គិត​គូរ​រៀប​ចំ​បង្រួបបង្រួម​កោះ​ ដើម្បី​ប្រឈម​នឹង​ការ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​នៃ​វិបត្តិ​Brexit។ នាយករដ្ឋមន្ត្រីអៀរឡង់​ ដែល​ភ័យ​ខ្លាច​មាន​ផ្ទុះ​អំពើហិង្សា​​បណ្តាល​មក​ពី​ការ​សង់​ព្រំដែន​ ក៏​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា​ប្រសិន​បើ​អង់គ្លេស​ដើរ​ចេញ​ពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ទី​៣១​តុលា​ដោយ​គ្មាន​កិច្ចព្រមព្រៀង នោះ​ត្រូវ​តែ​មានការ​បង្រួបបង្រួម​អៀរឡង់ដោយ​ចៀស​មិនរួច។ អៀរឡង់​ខាង​ជើង​បាន​បោះឆ្នោត​ប្រជាមតិ​ឆ្នាំ​២០១៦​ គាំទ្រ​ឱ្យ​អង់គ្លេស​នៅ​ជា​សហភាព​អឺរ៉ុប ក្នុង​សំឡេង​៥៦%៕​


    ទាក់ទង​នឹង​ប្រធានបទ​នេះ

    • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

      អង់គ្លេស៖ នាយករដ្ឋមន្ត្រីថ្មី ប្រឈម​នឹង​បញ្ហាចាស់​-ថ្មី ពីរ​ធំ​

      ស្វែងយល់បន្ថែម

    • នាយក​រដ្ឋមន្ត្រី​អង់គ្លេស​៖ ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាពអឺរ៉ុប​គឺជា​ឱកាស​សេដ្ឋកិច្ច​ដ៏ធំមួយ​

      ស្វែងយល់បន្ថែម

    • អឺរ៉ុប-អង់គ្លេស

      Brexit៖ អឺរ៉ុប​បដិសេធ​សំណើ​សុំ​ចរចាឡើង​វិញ ពី​សំនាក់នាយករដ្ឋមន្ដ្រី​ថ្មី​អង់គ្លេស

      ស្វែងយល់បន្ថែម

    • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

      អង់គ្លេស ៖ លោកស្រីតេរ៉េហ្សា មេ បញ្ចប់​​តំណែង​​ដោយ​​បន្សល់​​ទុក​នូវ​​ស្នាដៃ​ដ៏​ស្តួចស្តើង

      ស្វែងយល់បន្ថែម

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ