ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/11 12h00 GMT
អឺរ៉ុប

​ម៉ាស៊ីន​បង្ហោះ​មនុស្ស​ Flyboard សមិទ្ធិផលថ្មី​​របស់​បារាំង ហោះ​ឆ្លងសមុទ្ទបានសម្រេច

media លោក Franky Zapata បង្ហោះ​យាន "flyboard" ហោះ​ឆ្លង​សមុទ្ទ​​ទៅ​អង់គ្លេស ថ្ងៃទី ៤ សីហា ២០១៩ DENIS CHARLET / AFP

ជា​សមិទ្ធិផល​ដំបូង​គេ​នៅ​លើ​ពិភពលោក ទើប​បង្ហាញខ្លួន​​ជា​សាធារណៈ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ ១៤ កក្កដា “មនុស្ស​ហោះ"​ Flyboard ដែលជា​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ​បង្អស់​របស់​បារាំង បាន​សម្រេច​កម្មវត្ថុ​ហោះ​ឆ្លង​សមុទ្ទ​​ ពី​បារាំង​ទៅ​អង់គ្លេស បាន​ដោយ​ជោគជ័យ ដោយ​ប្រើ​ថេរវេលា​ប្រមាណ​ជា ២០​នាទី។ តើ​ម៉ាស៊ីន​​ហោះ​ជា​អ្វី ?

ជា​យាន​ដ៏​តូច ផលិត​និងច្នៃ​ប្រឌិត​បង្កើត​ឡើង​ដោយ​ជើង​ឯក​លេង​ស្គី​លើ​ទឹកពិភពលោក លោកហ្វ្រង់គី ហ្សាប៉ាតា (Franky Zapata)។ អ្នក​បើកបរ​ ត្រូវ​ជិះ​​ឈរ​ ហេតុ​​ដូច្នេះ​ហើយ​បាន​ជា​ពេល​ខ្លះ​គេ​លេង​ពាក្យ​ហៅ​យាន​នេះ​ថា​ “មនុស្ស​ហោះ​”។

យាន​ហោះ មាន​បំពាក់​រ៉េអាក់ទ័រ​ដើរ​ដោយ​Turboខ្នាត​តូចៗ​ចំនួន​៥ ដែល​មាន​កម្លាំង​ធាក់​ច្រាន​ឱ្យ​ម៉ាស៊ីន​អាច​ហោះឡើង​ផុត​ពី​ដី ​ក្នុង​ល្បឿន​ដល់​១៩០គីឡូម៉ែត្រ​ក្នុង​មួយម៉ោង និង​អាច​ហោះ​ហើរ​លើ​អាកាស​ ក្នុង​រយៈ​កម្ពស់​ពី​ដី ឬពី​ផ្ទៃ​សមុទ្ទ ប្រមាណ ១៥ទៅ ២០​ម៉ែត្រ។

ជិះ​បញ្ជា​ផ្ទាល់​ដោយ ​លោក Franky Zapata យានយន្ត​​បានហោះចេញ នៅ​ថ្ងៃ​អាទិត្យ​ទី ៤ សីហានេះ ​ពី​ប្រទេស​បារាំង ទៅ​អង់គ្លេស ដោយ​​ឆ្លង​សមុទ្ទ Manche ដែល​មាន​ប្រវែង​៣៥​គីឡូម៉ែត្រ ក្នុង​ល្បឿន១៦០-១៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ដោយ​ហេតុ​យានយន្ត​មាន​សមត្ថភាព​ហោះ​រយៈ​ពេល​តែ​ជាង​១០​នាទី លោក​ ហ្វ្រង់គី ហ្សាប៉ាតា អ្នក​បង្កើត​យាន បាន​ចុះចតចាក់​សាំង​​ម្តងនៅ​កណ្តាល​សមុទ្ទ​លើ​នាវា មុន​នឹង​ហោះ​បន្ត​ទៅ​ចុះ​ត្រើយ​​អង់គ្លេស ជា​ទិសដៅ​ចុងក្រោយ។ សាំង​Kerosèneបំរុង​មាន​ស្តុក​ទុក​នៅ​ក្នុង​កាបូប​ស្ពាយ​នឹង​ខ្នង​របស់​អ្នក​បើកបរ។ ការ​ចុះ​ចាក់សាំង ជា​ចំណុ​ច​គន្លឹះ​ដ៏​ស្មុគស្មាញ​បំផុត​របស់​ម៉ាស៊ីនហោះនេះ។ កាល​ពី​ថ្ងៃទី ២៥ កក្កដា ២០១៩ ការសាកល្បង​ហោះ​ឆ្លង​សមុទ្ទ​លើក​ដំបូង​ត្រូវ​បរាជ័យ​ ដោយ​ហេតុតែស្មាន​ហោះ​ចុះ​មិន​ត្រូវ​នេះឯង។

សូម​បញ្ជាក់​ថា យានហោះ​របស់​លោក ហ្សាប៉ាតា ដែល​ជា​សមទ្ធិផល​របស់​បារាំង​១០០%​ត្រូវ​បាន​​បង្ហាញ​ជា​សាធារណៈ​ នៅ​ថ្ងៃបុណ្យ​ជាតិ​ ១៤​ កក្កដា នៅ​ក្នុង​ក្បួន​ព្យុះហយាត្រា​ ក្នុងទម្រង់​ជា​នាយ​ទាហាន​អនាគត​ដ៏​ទំនើប​របស់​បារាំង។ ថ្វី​បើ​សមទ្ធិផល​ច្នៃប្រឌិត​ប្រសូត​ចេញ​ពី​ក្តីចង់​ហោះ​​របស់​បុគ្គល ហ្វ្រង់គី ហ្សាប៉ាតាមែន តែ​រដ្ឋាភិបាល​បារាំង​បាន​ចូល​រួម​ឧបត្តម្ភ ​អភិវឌ្ឍ​យានហោះ​នេះ​ឱ្យ​កាន់​តែ​ទំនើប​និង​កាន់​តែ​មាន​សុវត្ថិភាព សម្រាប់​ទៅ​បំរើ​ក្នុង​វិស័យ​កងទ័ព​ជើង​ឆើត​ពិសេស​របស់​បារាំង​ផង ឬ​ក្នុង​បេសកកម្ម​ពិសេស​ក្នុងតំបន់​ប្រជុំ​ជន​ផង ដូច​ជា​ទៅ​សង្គ្រោះ​អ្នក​របួស ឬ​ដឹក​គ្រាប់។ល។

យាន​ហោះ​បារាំង​ មិន​ទាន់​ចេញ​ធ្វើ​ប្រតិបត្តិការ​ជា​ផ្លូវការ​ទេ តែ​មានគូ​ប្រជែង​រួច​ស្រេច​ទៅ​ហើយ។ នៅ​អង់គ្លេស​ អតីត​ទាហាន​ម្នាក់​ក៏​បាន​ច្នៃប្រឌិត​បង្កើត​ម៉ាស៊ីន​មនុស្ស​ហោះ​ ដោយ​បំពាក់​រ៉េអាក់ទ័រ​ចំនួន​៥​ដែរ​នៅ​លើ​ផ្នែក​ផ្សេងៗ​របស់​មនុស្ស។ មាន​ន័យ​ថាការ​ប្រកួត​ប្រជែង​ផលិត​ម៉ាស៊ីន​​ឱ្យ​មនុស្ស​ហោះ​លើ​អាកាស ទើប​តែ​ចាប់​ប៉ុណ្ណោះ៕​

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ