អានតួអត្ថបទ
អាកាសធាតុ

អាកាសធាតុ៖របាយការណ៍របស់ Giec បានអនុម័តដោយសមាជិកទាំង ១៩៥ប្រទេស

នៅ​ថ្ងៃ​ពុធ ទី៧ សីហា គណៈប្រតិភូ​មក​ពី ១៩៥ប្រទេស​ដែល​ជា​សមាជិក​នៃ​ក្រុមជំនាញ​អន្តររដ្ឋាភិបាល​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​ហៅកាត់ Giec បាន​អនុម័ត​លើ​របាយការណ៍​មួយ​ស្តីពី​ការ​ប្រើប្រាស់​ដីធ្លី។ នៅ​ក្នុង​របាយការណ៍​កម្រាស់​ប្រមាណ ១ ២០០ទំព័រ Giec បាន​ផ្តោត​សំខាន់​លើ​ការ​ប្រែប្រួល​អាកាសធាតុ វាលរហោឋាន ការ​រិចរិលដីធ្លី ការ​គ្រប់គ្រង​ដីធ្លី​យូរអង្វែង សន្តិសុខស្បៀង និង​លំហូរ​ឧស្ម័នផ្ទះកញ្ចក់​ទៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី។ អង្គការ WWF បាន​សាទរ និង​ចាត់​របាយការណ៍​របស់ Giec ថា​មាន​សារៈសំខាន់។ តាម WWF របាយការណ៍​នេះ​បាន​គូសបញ្ជាក់​ពី​របៀប​ប្រើប្រាស់​ដី​ដែល​មិនត្រឹម​តែ​អាច​ប៉ះពាល់​ដល់​អាកាសធាតុ​ប៉ុណ្ណោះ​ទេ តែ​ដល់​សមត្ថភាព​របស់​ដី​ក្នុង​ការ​ចិញ្ចឹម​ជីវិត​មនុស្សលោក ធម្មជាតិ និង​ជីវៈចម្រុះ។

លោក Hoesung Lee ប្រធាន Giec
លោក Hoesung Lee ប្រធាន Giec FABRICE COFFRINI / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​របាយការណ៍​មាន​កម្រាស់​ប្រមាណ​ជា ១ ២០០ទំព័រ Giec ចង់​កន្រ្ទាក់អារម្មណ៍ និង​ចង់​ពន្យល់​ដល់​ថ្នាក់ដឹកនាំ​ក្នុង​លោក​ថា តើ​ការ​ប្រែប្រួល​អាកាសធាតុ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​កសិកម្ម ដល់​ព្រៃឈើ ឬ​ដល់​ការ​ចិញ្ចឹមសត្វ និង​ដល់​សន្តិសុខស្បៀង​យ៉ាង​ដូចម្តេច​ខ្លះ។ បន្ទាប់​មក តើ​របៀប​ធ្វើ​កសិកម្ម ឬ​ការ​កាប់ព្រៃឈើ​នឹង​ផ្តល់​ផលវិបាក​យ៉ាង​ម៉េច​ខ្លះ​នៅ​ក្នុង​បរិយាកាស​នៃ​ភពផែនដី​របស់​យើង។ ទន្ទឹម​គ្នា​នេះ ក្រុម​អ្នកតាក់តែង​របាយការណ៍​ក៏​បាន​ផ្តោត​លើ​ប្រព័ន្ធ​ស្បៀងពិភពលោក អំពី​កម្រិត​របស់​វា និង​ការ​វិវត្តន៍​នៃ​របបស្បៀង​ជាមួយ​នឹង​កំណើន​នៃ​ការ​ប្រើប្រាស់​សាច់។ តាម​របាយការណ៍ មាន​មនុស្ស​ប្រមាណ​ជា ៨២០លាននាក់​កំពុង​ជួប​គ្រោះអត់ឃ្លាន មាន​មនុស្សធំ​ចំនួន ២ ០០០លាននាក់​កំពុង​ធាត់​ចុកខ្លាញ់ ឬ​លើសទម្ងន់ និង​មាន​ការ​បាត់បង់​ចំណីអាហារ​ចំនួន ៣០%។

ក្រៅ​ពី​នេះ របាយការណ៍​ដដែល​ក៏​បាន​លើក​ឡើង​ពី​តួនាទី​របស់​ស្រ្តី និង​សហគមន៍​ជនជាតិដើម។ តើ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​អាច​ចិញ្ចឹម​មនុស្សលោក​ដែល​នឹង​កើន​ដល់ ១១ ២០០លាននាក់​នៅ​ឆ្នាំ ២១០០ ដោយ​រក្សា​ទប់​មិន​ឲ្យ​សីតុណ្ហភាព​ក្នុង​បរិយាកាស​កើន​លើស​ពី ១,៥អង្សារ​ដែល​ជា​កម្មវត្ថុ​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ ២០១៥ ស្តីពី​អាកាសធាតុ និង​ថា តើ​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​ទប់ស្កាត់​ការ​ប្រជែង​នៃ​ការ​ប្រើប្រាស់ដី និង​ការ​បំផ្លាញ​បន្ថែម​នូវ​ប្រព័ន្ធ​អេកូឡូហ្ស៊ី ទាំង​នេះ​សុទ្ធសឹង​ជា​សំណួរ​ដែល​របាយការណ៍​បាន​ចោទ​សួរ។ គួរ​ជម្រាប​ថា គណៈប្រតិភូ​មក​ពី ១៩៥ប្រទេស​ដែល​ជា​សមាជិក Giec បាន​រួម​ប្រជុំ​បិទទ្វារ​ក្នុង​ប្រទេស​ស្វ៊ីស​តាំង​ពី​ថ្ងៃ​សុក្រ ទី២ សីហា​គ្រោង​អនុម័ត​លើ​របាយការណ៍​នា​រសៀល​ថ្ងៃ​អង្គារ ទី៦ សីហា។ តែ​ការ​សិក្សា និង​ការ​ជជែក​ដេញដោល​គ្នា​បាន​អូស​បន្លាយ​មក​ដល់​ថ្ងៃ​ពុធ ទី៧ សីហា។

យ៉ាង​ណា​ក៏​ដោយ របាយការណ៍​របស់ Giec ពេល​នេះ​ជា​របាយការណ៍​មួយ​ដ៏​ទូលំទូលាយ​មិន​ធ្លាប់​មាន​ស្តីពី​បរិស្ថាន។ នៅ​ដំណាច់​ខែ​កញ្ញា​ខាង​មុខ Giec នឹង​បង្ហាញ​របាយការណ៍​ថ្មី​មួយ​ទៀត​ក្នុង​ប្រទេស​មូណាកូ​​ដែល​ផ្តោត​លើ​ស្ថានភាព​សមុទ្រ និង​ភ្នំទឹកកក។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ អង្គការ​សហប្រជាជាតិ​ក៏​នឹង​រៀបចំ​ជំនួបកំពូល​មួយ​ក្នុង​ទីក្រុង​ញូយ៉ក​ស្តីពី​អាកាសធាតុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ