អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

របាយការណ៍ Giec អំពាវនាវ​ឱ្យ​មនុស្សជាតិ​ប្តូរ​ទម្លាប់​ធ្វើ​កសិកម្ម​និង​ទម្លាប់​អាហារ ដើម្បី​អាកាសធាតុ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុមអ្នក​​ជំនាញ​អន្តររដ្ឋាភិបាល​ស្តី​អំពីការ​ប្រែប្រួល​អាកាសធាតុ​ GIEC ​បាន​ចេញ​របាយការណ៍ ជា​សាធារណៈ ​កម្រាស់​ប្រមាណ ១២០០ទំព័រ ដែល​​ផ្តោត​សំខាន់​លើ​ ការ​ប្រើប្រាស់​ដី និង​ការ​ឡើង​កម្តៅ​អាកាសធាតុ​។ ការ​ប្រើប្រាស់​ដី​ ទាញ​ផល​ពី​ធនធាន​ដី​ហួសហេតុ កំពុង​តែ​គំរាម​កំហែង​សន្តិសុខ​ស្បៀង​អាហារ​ ធ្វើ​ឱ្យ​បាត់បង់​ជីវៈ​ចម្រុះ និង​បង្កើន​ការ​បញ្ចេញ​​ឧស្ម័នផ្ទះកញ្ចក់​ទៅ​ក្នុង​ប្រព័ន្ធ​អេកូសាស្ត្រ។ ​ក្រុម​អ្នក​ជំនាញ បាន​អំពាវនាវ​ មនុស្សជាតិ​ជ្រើសរើស​រវាង​ ស្បៀងអាហារ​និ​ងអាកាសធាតុ ដោយ​ត្រូវ​តែប្តូរ​ផ្លាស់​​ទម្លាប់ ក្នុង​ការ​ធ្វើ​កសិកម្ម និង​ ក្នុង​ការ​​ហូបចុក ឱ្យ​បាន​ស៊ី​ជម្រៅ​ទើប​អាច​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ។

ដីស្ថួត​ហួត​ហែង នៅ​ប្រទេស​ឥណ្ឌា
ដីស្ថួត​ហួត​ហែង នៅ​ប្រទេស​ឥណ្ឌា NOAH SEELAM / AFP
ផ្សាយពាណិជ្ជកម្ម

​បើ​តាម​​របាយការណ៍​​ សិក្សា​ដោយ​អ្នក​ស្រាវជ្រាវ​មក​ពី ៥២​ប្រទេស មនុស្ស​លោក​បាន​ប្រើ​ប្រាស់​ដី​ ដោយ​ផ្ទាល់ អស់​ក្នុង​ទំហំ​ប្រមាណ​ជា​៧០%​នៃ​ផ្ទៃ​​​ដីគោក និង​ដី​ដែល​គ្មាន​គ្រប​ដណ្តប់​ទៅ​ដោយ​ទឹកកក របស់​ផែនដី សម្រាប់​រស់​នៅ ​ធ្វើ​កសិកម្ម ចិញ្ចឹម​សត្វ ឬ​ការ​កាប់​ព្រៃ​ឈើ។ ហើយ​មួយ​ភាគ​បួន​នៃ​ផ្ទៃដី​ប្រើប្រាស់​នេះ​ ត្រូវ​ខូច​សឹករិចរិល​ដោយ​សកម្មភាព​មនុស្ស និង​ខ្សោះ​ទឹកទៅ ៧០%​​ ដោយ​ហេតុ​តែ​សកម្មភាព​កសិកម្ម​តែ​មួយ។

មនុស្ស​ជាតិ​បាន​វាត​ទីយក​ដី​​ធ្វើ​កសិកម្ម ​កាប់​ព្រៃ​ឈើ ​បង្កើន​ទិន្នផលកសិកម្ម​ ដើម្បី​អាច​ចិញ្ចឹម​ប្រជាពលរដ្ឋ​ដែល​កំពុង​កើន​ឡើង​​ជាលំដាប់​ ប៉ុន្តែ​សកម្មភាព​បែប​នេះ ជំរុញ​ឱ្យ​មាន​ការ​បញ្ចេញ​​ឧស្ម័ន​ផ្ទះ​កញ្ចក់កើនឡើង​​​ និង​ការ​បាត់​បង់លំនឹង​​ប្រព័ន្ធ​អេកូសាស្ត្រ ព្រមទាំងការ​បាត់​បង់​ជីវិត​​ជីវៈ​ចម្រុះ។ ជា​លទ្ធផល​ មាន​​មនុស្ស​ប្រមាណ​៥០០​លាន​នាក់ រស់​នៅ​ក្នុង​តំបន់​ដែល​កំពុង​ក្លាយ​ជា​វាលស្ងួត​ហួត​ហែង​ ដែល​ចាំបាច់​ត្រូវ​តែ​ទប់​ស្កាត់​ឱ្យ​បាន​។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់របាយការណ៍ ដោយ​បន្ថែម​ទៀត​ថា ក្រៅ​អំពី​សម្ពាធ​មនុស្ស​​ ដី​ត្រូវ​រង​ផលប៉ះពាល់​ពី​ការ​ឡើង​កម្តៅ​​អាកាសធាតុទៀត។ សីតុណ្ហភាព​មធ្យម​នៃ​ផ្ទៃ​ដី​គោក កើន​​ឡើង​លឿន​ជាង​សីតុណ្ហភាព​ទូទៅ​ណាស់។ សីតុណ្ហភាព​ដី កើន​ដល់​ទៅ +១,៥៣​អង្សា បើ​ប្រៀប​ទៅនឹង​សីតុណ្ហភាព​កាលពី​ពាក់កណ្តាល​សតវត្សរ៍​ទី ១៩ ទល់​នឹង​សីតុណ្ហភាព​ជា​មធ្យម​របស់​ភព​ផែនដី​និង​សមុទ្ធ ដែល​កើនត្រឹម​ +០,៨៧​អង្សា​ប៉ុណ្ណោះ។

ការ​ឡើង​កម្តៅ​អាកាសធាតុ​នេះ នឹង​ធ្វើ​ឱ្យ​កើត​មាន​កាន់​ញាប់​ និង​កាន់​តែខ្លាំង គ្រោះ​ឡើង​​ក្តៅ​ហួត​ហែង​ខ្លាំង​ និងភាព​​រាំងស្ងួត​។ ការប្រែប្រួលអាកាសធាតុ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​សន្តិសុខ​ចំណី​អាហារ​រួច​ទៅ​ហើយ នៅ​ពេល​មាន​គ្រោះ​ធម្មជាតិ​កំណាចកន្លង​មក។ បើ​សីតុណ្ហភាព​នឹង​កើន​ឡើង​១,៥អង្សា​លើ​សម័យ​មុន​ឧស្សាហកម្ម​ នោះ​គ្រោះ​ហានិភ័យ​ខ្វះ​ទឹក ភ្លើង​ឆេះ​ព្រៃ និង​អស្ថិរភាព​ស្បៀងអាហារខ្លាំង។ បើ​ឡើង​២​អង្សា​នោះ​អសន្តិសុខ​ស្បៀងអាហារ​នឹង​ឡើង​ខ្ពស់​ខ្លាំងមែនទែន។

ប្រព័ន្ធ​ចំណីអាហារ​នេះ​និង​​អាកាសធាតុ​

គំរូ​ប្រព័ន្ធ​ចំណីអាហារ​​បច្ចុប្បន្ន​មាន​ចំណែក​ធំ ក្នុង​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ខ្លាំង​ណាស់។ កសិកម្ម កាប់ព្រៃ​ឈើ និង​ការ​ប្រើប្រាស់​ដី​​សម្រាប់​សកម្មភាព​ផ្សេង​ទៀត​ដូច​ជា​ការ​ចិញ្ចឹម​សត្វ បញ្ចេញ​ឧស្ម័ន​ពុល​ដល់​ទៅ​២៣%​ឯណោះ។ និង​អាច​បញ្ចេញ​កាន់​តែ​ច្រើនទៀត នៅ​ពេល​អនាគត​ ព្រោះ​មនុស្ស​កាន់​តែ​ច្រើន ចំណូល​ក៏កើន របប​អាហារ​ក៏​ប្តូរ​ផ្លាស់។ បើ​តាម​របាយការណ៍​ តម្រូវការ​សាច់​ជា​អាហារ​បាន​កើន​ឡើង​ជា​មធ្យម​ ទ្វេ​មួយ​ពីរ​ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៦១មក ទន្ទឹម​ជាមួយ​គ្នា​នោះ​ មាន​មនុស្ស​ប្រមាណ​ជា ៨២០លាននាក់​កំពុង​ជួប​គ្រោះអត់ឃ្លាន មាន​មនុស្សធំ​ចំនួន ២០០០លាននាក់​កំពុង​ធាត់​ចុកខ្លាញ់ ឬ​លើសទម្ងន់ និង​មាន​ការខ្ជះខ្ជាយ​​ចំណីអាហារ​ចំនួនអស់ ៣០%។

ប្តូរ​ទម្លាប់​ធ្វើ​កសិកម្ម​និង​ចំណីអាហារ

ក្រុម​អ្នក​ជំនាញ​បានស្នើ​​គំរូ​ដំណោះស្រាយ​ផ្សេង​គ្នា​ មួយ​ដោយ​ឧបមា​​ថា​សីតុណ្ហភាព​ផែន​ដី​ឡើង ១,៥​អង្សា និង​មួយ​ទៀត​ក្នុង​ករណី​សីតុណ្ហភាព​ ឡើង​ដល់ ២អង្សា បើ​ប្រៀប​ទៅ នឹង​សម័យ​មុន​ឧស្សាហកម្ម។ ​គំរូដំណោះស្រាយ​ ជា​វិធានការកាត់​បន្ថយ​ការ​ប្រើប្រាស់​ដី ​ដោយ​ត្រូវ​ប្តូរ​ផ្លាស់​ទម្លាប់​ប្រើប្រាស់​ដី បូក​បញ្ចូល​ជាមួយ​នឹង​ការ​ខិត​ខំ​ដាំ​ដុះ​ព្រៃបន្ថែម ដាំដុះ​ព្រៃ​ដែល​កាប់​ហើយ​ កាត់​បន្ថយ​ការ​កាប់​ព្រៃ និង​ប្រើ​ជីវថាមពល។ ​

ក្នុង​គំរូ​ដំណោះស្រាយ​ ទប់​កំរិត​សីតុណ្ហភាព​ឱ្យ​ឡើង​ត្រឹម​១,៥​អង្សា របាយការណ៍​មិន​បាន​កំណត់​​អំពី​ភាព​ចាំ​បាច់​នៃ​ការ​ប្តូរផ្លាស់​ទម្លាប់​នៃ​ការ​ប្រើប្រាស់​ដី​ទេ តែ​ក្រុម​អ្នក​ជំនាញ​បាន​ផ្តល់​ដំណោះស្រាយ​ដោយ​ផ្តោត​ជា​សំខាន់និង​ជា​អាទិភាព ​ទៅលើ​​ការ​កាត់​បន្ថយ​ការ​ខ្ជះខ្ជាយ​ស្បៀង​អាហារ​ និង​​ការ​ប្តូរ​ផ្លាស់​ទម្លាប់​ហូបចុក ដែល​អាច​នឹង​ធ្វើ​ឱ្យ​ដី​រាប់​សិប​លានគីឡូ​ម៉ែត្រ​ការ៉េ បាន​ទំនេរ ពី​ពេល​នេះ​ដល់​ឆ្នាំ​២០៥០។

ប្តូរ​ទម្លាប់​ហូបចុក ដោយ​ត្រូវ​កាត់​បន្ថយ​ការហូប​សាច់​សត្វ និង​ជំនួស​មក​វិញ​​ជា​ការ​ហូប​គ្រាប់​ធញ្ញជាតិ គ្រាប់​សណ្តែក បន្លែ​និង​ផ្លែឈើ។ បើ​ជា​អាហារ​សាច់ ត្រូវ​ជា​សត្វ​ដែល​ផលិត​ឬ​ចិញ្ចឹម​តាម​ប្រព័ន្ធ​ដែល​បញ្ចេញ​ឧស្ម័នកាបូនិក​ទាប និងគោរព​បរិស្ថាន ឬ​តាម​បែប​ធម្មជាតិ។ នេះ​បើ​តាម​របាយការណ៍ដដែល​ដែល​លើក​ទឹក​ចិត្ត​ឱ្យ​ពិភពលោក​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ការ​ខ្ជះខ្ជាយ​អាហារ។

អនុសាសន៍​របស់​អ្នក​ជំនាញ​អាកាសធាតុ មាន​ន័យ​ស្រប​ទៅ​នឹង​សេចក្តីណែនាំ​របស់​អ្នក​ជំនាញ​សុខភាព​មុនៗ ដែល​ជំរុញ​ឱ្យ​មនុស្ស​លោក​កាត់​បន្ថយ​ការ​ទទួល​ទាន​សាច់​ មួយ​ជា​ពីរ តែ​ត្រូវ​បង្កើនមួយ​ជា​ពីរ​​ការ​បរិភោគ​បន្លែនិង​ផ្លែឈើ។ បើ​តាម​អ្នក​ជំនាញ​សុខភាព​ របប​អាហារដ៏​ត្រឹម​ត្រូវ ប្រចាំ​ថ្ងៃ គឺ​ បន្លែ​បី​ខាំ ផ្លែឈើ ពីរ​ខាំ គ្រាប់​ធញ្ញជាតិ​សម្រូប ២ខាំ ទឹកដោះគោ២៥០​ក្រាម​ និង​តែ​សាច់​១៤​ក្រាម​ប៉ុណ្ណោះ។

​សង្គ្រោះ​ដី ដោយ​ត្រូវ​ប្តូរ​ផ្លាស់​ទម្លាប់​នៃ​ការ​រស់​នៅ​ ទម្លាប់​ហូបចុក​ និងការ​ធ្វើ​កសិកម្ម​ដី ចាប់​ពី​នេះ​ភ្លាម​តែ​ម្តង គឺ​មិន​អាច​បង្អង់​បាន​ទេ។ ប្រើប្រាស់ដី​ប្រកប​ដោយ​និរន្តរភាព​ហើយ ពិភពលោក​​ចាំ​បាច់​ត្រូវ​ ​អនុវត្តកិច្ចព្រមព្រៀង​ក្រុង​ប៉ារីស កាត់​បន្ថយការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដើម្បី​ទប់​សីតុណ្ហភាព​នៃ​ផែន​ដី​ឱ្យ​ឡើង​ត្រឹម​១,៥អង្សា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ