ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 09/12 12h00 GMT

ទីក្រុងល្អបំផុតសម្រាប់តុល្យភាពការងារនិងជីវិត

ទីក្រុងល្អបំផុតសម្រាប់តុល្យភាពការងារនិងជីវិត
 
សាធារណៈជន​នៅ​ទីក្រុង​ Helsinki ប្រទេស​ហ្វាំងឡង់​ សប្បាយ​រីករាយក្នុងការ​​​ហែលទឹកថ្ងៃទី​២៧ កក្កដា​ REUTERS

ទីក្រុងហែលស៊ិនគី របស់ប្រទេសហ្វាំងឡង់ និងទីក្រុងសិង្ហបុរី សុទ្ធតែ​ជាទីក្រុងដែល​ប្រជាជន​ទទួល​បាន​ប្រាក់​ឈ្នួល​ច្រើនបំផុត។ ក៏ប៉ុន្តែ សម្រាប់កម្រិត​តុល្យភាពរវាង​ការងារ​ និង​ជីវិតឯកជន គេអង្កេតឃើញថា ទីក្រុងហែលស៊ិន ស្ថិតនៅ​ចំណាត់​ថ្នាក់​ខ្ពស់​បំផុត​​ទីមួយ ខណៈ​ទីក្រុងសិង្ហបុរី​ស្ថិត​នៅចំណាត់ថ្នាក់ទាបបំផុតទីពីរ។ នេះ​បើយោង​តាម​ការ​សិក្សាថ្មីមួយលើ​ទីក្រុងទាំង​៤០ ក្នុងបណ្តាប្រទេសផ្សេងៗលើ​ពិភពលោក។

“តុល្យភាពការងារ និងជីវិត” ឬជាភាសាបរទេស “Work-Life Balance” គឺជាការថ្លឹងរវាង​ពេល​វេលា និងកម្លាំង ​ដែល​មនុស្ស​ម្នាក់​បាន​ចំណាយ​លើការងារ ​ជីវិត​ឯកជន​ ​គ្រួសារ និងសង្គម។ វាក្យសព្ទនេះទើបតែ​មានដើមកំណើត កំលុង​ពេល​ថ្មីៗនេះ​ ព្រោះថា វា​ត្រូវគេលើក​យក​មកប្រើប្រាស់ដំបូង នៅចក្រភពអង់គ្លេស កំលុងចុងទសវត្សរ៍ឆ្នាំ​១៩៧០ ហើយ​ នៅសហរដ្ឋអាមេរិក កំលុងទសវត្សរ៍ឆ្នាំ១៩៨០។

មាន​ការងារធ្វើ មិន​ប្រាកដថាអាច​អនុញ្ញាតឱ្យ​មនុស្សម្នាក់ទទួលបាន​ភាពរីករាយ និង​ភាពពេញចិត្ត ក្នុង​ជីវិតនោះទេ។ ផ្អែកតាម​របាយការណ៍របស់អង្គការILO ស្ដីពី ទស្សនវិស័យការងារ និងសង្គមក្នុងពិភពលោកឆ្នាំ​២០១៩ នៅក្នុងប្រទេសក្រីក្រ ឬ​ប្រទេស​កំពុងអភិវឌ្ឍ ការងារភាគច្រើនទទួលប្រាក់ឈ្នួលទាប ជួនកាលមានជួនកាលអត់​ និងមាន​ភាព​ផុយ​ស្រួយ​ខ្លាំង។ អាជីពការងារខ្លះ អនុញ្ញាតឱ្យបុគ្គលិក​មានពេល​វេលា​គ្រប់គ្រាន់ ​សម្រាប់​ទាំងជីវិតការងារ និងជីវិតឯកជន។ ក៏មាន​ការងារ​ខ្លះផ្សេង​​ទៀតផងដែរ ដែល​ទាមទារ​ឱ្យ​បុគ្គលិក​របស់​ខ្លួន ​ត្រូវ​ចំណាយពេល​ស្ទើរតែទាំងស្រុងក្នុងមួយថ្ងៃៗ សម្រាប់ការងារ ប៉ុន្តែ​គ្មានពេល​សម្រាប់ការកំសាន្ត និងសម្រាប់​គ្រួសារ។

​យោងតាមការសិក្សាថ្មីមួយ​ ចេញផ្សាយ​ក្នុងឆ្នាំ​២០១៩នេះ ដោយ​ស្ថាប័ន Tech Company Kisi បង្ហាញឱ្យ​ឃើញថា ទីក្រុងហែល​ស៊ិនគី របស់​ប្រទេស​ហ្វាំងឡង់​ ទីក្រុងMunich របស់ប្រទេស​អាល្លឺម៉ង់ និង​ ទីក្រុង​អូស្លូ របស់​ប្រទេស​ន័រវែស ជា​ទីក្រុង​ដ៏ល្អបំផុត​ នៅក្នុង​ពិភពលោក​ សម្រាប់​ តុល្យភាព​ការងារ​ និង​ជីវិត។ ផ្ទុយទៅវិញ ទីក្រុងតូក្យូ របស់​ប្រទេស​ជប៉ុន ទីក្រុង​សិង្ហបុរី ទីក្រុងវ៉ាស៊ីនតោន របស់​សហរដ្ឋអាមេរិក និង ​ទីក្រុង​គូឡាឡាំងពួ របស់ប្រទេស​ម៉ាឡេស៊ី​ ស្ថិត​ក្នុង​ចំណោម​ទីក្រុង​ដែល​បុគ្គលិក​ត្រូវធ្វើការ​ងារច្រើនបំផុត។

ការ​សិក្សា​ប្រៀបធៀប តួលេខពាក់ព័ន្ធនឹងកត្តាផ្សេងៗដែលរួមចំណែក​ធ្វើឱ្យមានតុល្យភាពការងារ និងជីវិត។ ទីមួយ កត្តាផ្សេងៗដែលត្រូវរាប់បញ្ចូលក្នុងការវិភាគ មានដូចជា ចំនួនម៉ោងធ្វើការជាមធ្យមក្នុងមួយសប្តាហ៍ ចំនួនអប្បរមានៃថ្ងៃឈប់សម្រាក ចំនួនពេលវេលាជាមធ្យមដើម្បីធ្វើដំណើរទៅធ្វើការ សមភាពយេនឌ័រ និង កម្រិតសុភមង្គល។ ទីពីរ កត្តាផ្សេងៗ រួមបញ្ចូល អាំងតង់ស៊ីតេការងារ ការគាំពារ​ពីស្ថាប័ន ច្បាប់ និង​ភាពរស់រវើក​នៅក្នុង​ទីក្រុង​នីមួយៗ។ ការសិក្សា​ផ្តោត​តែលើ​ទីក្រុងចំនួន​៤០ប៉ុណ្ណោះជុំវិញពិភពលោក ដើម្បី​ស្វែងយល់​អំពី ​ភាពជោគជ័យ​នៃ​ទីក្រុង​ទាំងនោះ ក្នុងការលើក​កម្ពស់​តុល្យភាពការងារ និងជីវិត ចំពោះ​ប្រជាពលរដ្ឋ​របស់​ពួកគេ។

ជាក់ស្ដែង វា​មិន​មែន​ជារឿង​ចៃដន្យនោះទេ​ សម្រាប់​ប្រទេសហ្វាំងឡង់ និងប្រទេសន័រវែស ព្រោះថា​ ប្រទេស​ទាំងពីរនេះ ក៏ស្ថិត​ក្នុង​ចំណាត់ថ្នាក់​កំពូលផងដែរ ក្នុងភាពជាប្រទេស​ដែល​មាន​សុភមង្គលបំផុតលើ​ពិភពលោក យោង​តាមរបាយការណ៍សុភមង្គល​ពិភពលោក

នៅទីក្រុងហែល​ស៊ិនគី ដែល​ជារដ្ឋធានីប៉ែកខាងត្បូងនៃប្រទេសហ្វាំងឡង់ បុគ្គលិក​ធ្វើការងារ​តែប្រហែល៤០ម៉ោងប៉ុណ្ណោះ ក្នុង​មួយ​សប្តាហ៍។ មនុស្ស​ម្នាក់​អាច​មាន​ពេល​វេលាគ្រប់គ្រាន់  សម្រាប់វិស្សមកាល​របស់​ខ្លួន រហូតដល់​៣០ថ្ងៃ ប៉ុន្តែនៅតែទទួល​បាន​ប្រាក់​ឈ្នួល។ សម្រាប់ មាតាមានទារក គេអនុញ្ញាត​ឱ្យ​ឈប់​សម្រាករហូតដល់ ១១២៧ថ្ងៃ ឬ​ស្មើនឹង​ជាងបីឆ្នាំ។ ​ទីក្រុងហែល​ស៊ិនគី ក៏ស្ថិត​នៅ​ចំណាត់ថ្នាក់​ខ្ពស់​ផងដែរ នៅពេលដែល​​គេនិយាយ​ដល់​ ការចំណាយ​សាធារណៈសម្រាប់ការគាំពារ​សង្គម និងសមភាពយេនឌ័រ។

ងាកមក​មើល​ប្រទេស​នៅ​តំបន់​អាស៊ីវិញ បច្ចុប្បន្ន​ សិង្ហបុរីជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​អ្ន​កមាន​បំផុត​លើ​ពិភពលោក វាស់វែង​ដោយចំណូល​ជាតិ​សម្រាប់​មនុស្ស​ម្នាក់ៗ។ ក៏ប៉ុន្តែ បុរីរដ្ឋ​មួយ​នេះ ស្ថិត​ក្នុងចំណោម​ប្រទេស​​ទាំងដប់ ដែល​មាន​កម្រិតតុល្យភាពការងារ និងជីវិតទាបបំផុត។ ​ទីក្រុងសិង្ហបុរី​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទាបបំផុតទីពីរ ក្នុង​ចំណោម​ទីក្រុង​ទាំង​៤០នៃការសិក្សា។

នៅ​សិង្ហបុរី ក្នុង​ចំណោម​ប្រជាជន​សរុប មានយ៉ាងហោចណាស់២៣ភាគរយ ធ្វើការ​ច្រើន​ជាង ៤៨ម៉ោងក្នុង​មួយសប្តាហ៍ ហើយបុគ្គលិក​ចាប់​ផ្តើម​ចូលបម្រើការងារប្រចាំថ្ងៃរបស់​ពួកគេ ​ជាមធ្យម នៅម៉ោង៩.៣៤នាទីព្រឹក។ បុគ្គលិក​បម្រើការងារ​ជាមធ្យម ចំនួន៤៤,៦ម៉ោង ក្នុង​មួយ​សប្តាហ៍ តាម​ពីក្រោយ​ទីក្រុងតែមួយ​គត់ គឺ​ទីក្រុងគូឡាឡាំងពួ របស់ប្រទេសម៉ាឡេស៊ីដែល​បុគ្គលិកធ្វើការ​រហូតដល់៤៦ម៉ោងក្នុង​មួយ​សប្តាហ៍។ សម្រាប់​ថ្ងៃឈប់សម្រាកវិញ បុគ្គលិកសិង្ហបុរីម្នាក់​ៗ ត្រូវអនុញ្ញាត​ឱ្យ​មាន​សិទ្ធិ​ឈប់​សម្រាក យ៉ាង​ហោចណាស់៧ថ្ងៃ ហើយ​ ជាមធ្យម ពួកគេ​ចំណាយ​ពេល ប្រមាណ១៤ថ្ងៃ សម្រាប់ពេលវេលាវិស្សមកាល។

សរុបជារួម បើបី​ទោះជាប្រជាពលរដ្ឋ​សិង្ហបុរី​រក​ចំណូល​បាន​ច្រើន ក៏ពួកគេ​ត្រូវ​ចំណាយពេល​វេលា និង​កម្លាំង​ច្រើន​ផងដែរ ដើម្បីធ្វើការ៕

 

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ