អានតួអត្ថបទ

គ្រោះធម្មជាតិ បំផ្លាញ​ គិតជា​ទឹកប្រាក់​​ អស់​ជាង​បួន​ម៉ឺន​លានដុល្លារ នៅឆមាស​ទីមួយ​ឆ្នាំ​២០១៩

គ្រោះនិង​​មហន្តរាយ​ធម្មជាតិ ដែល​ជា​ស្នាដៃ​របស់​​​មនុស្ស បានបង្ក​ឱ្យ​មាន​ការ​បាត់​បង់​ជីវិត​ និង​បាត់​ខ្លួន​មនុស្ស​​ជាង ៥ពាន់​នាក់ និង​ធ្វើ​ឱ្យ​មាន​​ការ​ខាត​បង់​សេដ្ឋកិច្ច​អស់​ ៤៤០០​០លាន​ដុល្លារ​អាមេរិក ក្នុង​រយៈ​ពេល​តែ​៦​ខែ​ដំបូង នៃ​ឆ្នាំ​២០១៩ គិត​ក្នុង​កំរិត​ពិភពលោក​ទាំង​មូល។ នេះ​បើ​តាម​ការ​សិក្សា​បឋម​របស់​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​ស្វីស Swiss Re។

ទឹក​ជំនន់​នៅ​ ម៉ូសំប៊ិច កាលពី​ខែ​មេសា ឆ្នាំ ២០១៩
ទឹក​ជំនន់​នៅ​ ម៉ូសំប៊ិច កាលពី​ខែ​មេសា ឆ្នាំ ២០១៩ Emidio Josine / AFP
ផ្សាយពាណិជ្ជកម្ម

ការ​ខាត​បង់​ដែល​ធ្ងន់ធ្ងរ​នឹង​សំខាន់​ជាង​គេ គឺ​បណ្តាល​មក​ពី​ខ្យល់​ព្យុះ​សង្ឃរា និង​ទឹក​ជំនន់ ដែល​មាន​កើត​ឡើង​នៅ​គ្រប់​ជ្រុង​នៃ​ភព​ផែនដី។ នេះ​បើ​តាម​សេចក្តី​ពន្យល់​បំភ្លឺ​ក្នុង​របាយការណ៍​របស់ស៊្វីស ដែល​ភ្នាក់ងារ​សារព័ត៌មាន​បារាំង​AFP ទទួល​បាន។ ខ្យល់​ព្យុះ​Idai ដែល​បាន​បោក​បក់​យ៉ាង​កំណាច ពាំនាំ​ទឹក​ភ្លៀង​បង្ក​ជា​ទឹក​ជំនន់​យ៉ាង​ធ្ងន់ធ្ងរ​ នៅ ប្រទេស​ម៉ូសំប៊ិច ម៉ាឡាវី ស៊ីមបាវ៉េ និង​ម៉ាដាហ្កាស្កា ជា​គ្រោះ​ធម្មជាតិ​ដ៏​សាហាវ​ជាង​គេ ដោយ​បាន​សម្លាប់​មនុស្ស​អស់​ជាង​មួយ​ពាន់​នាក់។ នេះ​បើ​តាម​របាយការណ៍​Swiss Re ដដែល។

ជា​សរុប​ ក្នុង​រយៈ​ពេល​៦​ខែដំបូង​នៃ​​ឆ្នាំ​២០១៩ មាន​មនុស្ស​ជាង​៥ពាន់​នាក់ បាន​បង់​ជីវិត​ ឬ​បាត់​ខ្លួន នៅ​ក្នុង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ផ្សេងៗ ទល់​នឹង​៣៩០០​នាក់ ​កាលពី​ឆ្នាំ​២០១៨​គិត​ក្នុង​រយៈ​ពេល​៦​ខែ​ដំបូង​ដូច​គ្នា។ បើតាម​តួលេខ​របស់​ភ្នាក់ងារ​Swiss Re ដែល​កត់​ត្រា​ការ​ខូចខាត​ដោយ​គ្រោះ​មហន្តរាយ​ធម្មជាតិ​តាំង​ពី​៥០​ឆ្នាំ​មក ឆ្នាំ​២០១៨ ជា​ឆ្នាំ​ដែល​មាន​ការ​បាត់បង់​ទាប​ជាង​បំផុត​មួយ។ ​

​និយាយ​អំពី​​ការ​ខាត​បង់​សេដ្ឋកិច្ច​វិញ បើ​តាម​របាយការណ៍​លម្អិត​របស់​Swiss Re ​គ្រោះធម្មជាតិ​នៅ​ដើម​ឆ្នាំ​២០១៩ បាន​ធ្វើ​ឱ្យ​មាន​ការ​ខាត​បង់​ជា​ថវិកា ​កំរិត​៤០ពាន់​លាន​ដុល្លារ និង​៤ពាន់​លាន​ដុល្លារ​ ជា​ការ​ខាត​បង់​បង្ក​ឡើង​ដោយ​មនុស្ស​ ដូច​ជា​ធ្វើ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ឧស្សាហកម្ម​ជា​ដើម​។ល។ ប៉ុន្តែ ការ​ខាត​បង់ជា​សាច់​ប្រាក់​អស់​៤៤០០០​លាន​ដុល្លារសម្រាប់​រយៈ​ពេល​មួយ​ឆមាស​ដំបូង នៅមាន​កំរិត​​​ទាប​ជាងបរិមាណ​នៃ​​ខាត​បង់​ជា​មធ្យម​ក្នុង​រយៈ​ពេល​​១០​ឆ្នាំ​ចុងក្រោយ​នេះ​ទេ។ កាលពី​ឆ្នាំ​២០១៨ ការ​ខាត​បង់​សេដ្ឋកិច្ច​បង្ក​ដោយ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ បាន​ឡើង​ដល់​៥១០០​០លាន។

ហេតុ​អ្វី​បាន​ជា​ដូច្នោះ ? ​បើ​ ​Swiss Re មូលហេតុ​ គឺមក​ពី គ្រោះ​ធម្មជាតិ​ដ៏​កំណាចៗ​នៅ​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០១៩ បាន​កើត​ឡើង​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក និង​ឥណ្ឌា ទី​ដែល​មាន​ប្រព័ន្ធ​ធានារ៉ាប់រង​ទន់​ខ្សោយ​បំផុត ឬ​ក៏​គ្មាន​សោះ​តែ​ម្តង​ផង។ ក្រុមហ៊ុន​ធានារ៉ាប់​រង​ចំណាយ​សង​ត្រឹម​តែ​ប្រមាណ​៤២%​នៃ​ទឹក​ប្រាក់​ខាតបង់​សរុប​ប៉ុណ្ណោះ​។ តួលេខ​នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ជា​ថ្មី អំពី​កង្វះ​ខាត​ផ្នែក​ធានារ៉ាប់​រង​យ៉ាង​ខ្លាំង​នៅតាម​បណ្តា​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ