ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
អឺរ៉ុប

អន្តោប្រវេសន៍៖អេស្ប៉ាញស្នើទទួលយកនាវា Open Arms ឲ្យចូលចត និងបានដៀលត្មះអ៊ីតាលី

media  
អេស្ប៉ាញស្នើទទួលយកនាវា Open Arms ឲ្យចូលចត និងបានដៀលត្មះអ៊ីតាលី REUTERS/Guglielmo Mangiapane

នៅ​ថ្ងៃ​អាទិត្យ ទី១៨ សីហា រដ្ឋាភិបាល​អេស្ប៉ាញ​បាន​អនុញ្ញាត​ឲ្យ​នាវា​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល Proactiva Open Arms ដែល​នៅមាន​​សល់​ជនអន្តោប្រវេសន៍​ប្រមាណ ១០០នាក់ឲ្យ​​ចូល​ចត​នៅ​កំពង់ផែ Algesiras របស់​ខ្លួន​នៅ​ប៉ែកខាងត្បូង។ ការ​សម្រេច​របស់​ប្រទេស​អេស្ប៉ាញ​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ប្រទេស​អ៊ីតាលី​បាន​បដិសេធ​យ៉ាងដាច់​អហង្ការ​មិន​អនុញ្ញាត​ឲ្យ​នាវា Open Arms ចូល​ចត​នៅ​កំពង់ផែ Lampedousa របស់​ខ្លួន​ជា​មួយ​នឹង​ជនអន្តោប្រវេសន៍​ដែល​នៅ​សេសសល់​នោះ​ទេ។ ខណៈ​នេះ នាវា Open Arms កំពុង​ស្ថិត​នៅ​ពី​មុខ​កោះ Lampedousa របស់​ប្រទេស​អ៊ីតាលី។

គឺ​ប្រមុខ​រដ្ឋាភិបាល​អេស្ប៉ាញ​លោក Petro Sanchez ផ្ទាល់​ខ្លួន​ដែល​បាន​ចេញ​បញ្ជា​ក្នុង​ថ្ងៃ​អាទិត្យ ទី១៨ សីហា​ឲ្យ​រដ្ឋអំណាច​កំពង់ផែ Algesiras បើក​ទ្វារ​ទទួល​នាវា Open Arms។ នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​មួយ រដ្ឋាភិបាល​ទីក្រុង​ម៉ាឌ្រីដ​បាន​លើក​យក​ហេតុផល​ស្ថានភាព​បន្ទាន់​នៅ​លើ​នាវា​ដែល​មាន​នៅ​សល់​ជនអន្តោប្រវេសន៍​ចំនួន ១០៥នាក់ ក្នុង​នោះ​មាន​ក្មេង ២នាក់ និង​ឥរិយាបទ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​អ៊ីតាលី​ដែល​បដិសេធ​មិន​ព្រម​អនុញ្ញាត​ឲ្យ​នាវា Open Arms ចូល​ចត​នៅ​កោះ Lampedousa របស់​ខ្លួន។ សំណើ​របស់​ប្រទេស​អេស្ប៉ាញ​ពេល​នេះ​នៅ​មិន​ទាន់​មាន​ចម្លើយ​យ៉ាង​ណា​ពី​នាវា Open Arms នៅ​ឡើយ​ទេ។

តែ​រដ្ឋាភិបាល​ទីក្រុង​ម៉ាឌ្រីដ​បាន​ទទួល​ស្គាល់​ថា ការ​ធ្វើ​ដំណើរ​ទៅ​កាន់​កំពង់ផែ Algesiras មិនមែន​ងាយ​ស្រួល​ប៉ុន្មាន​ទេ ព្រោះ​ទី១ កំពង់ផែ​អេស្ប៉ាញ​មួយ​នេះ​នៅ​ឆ្ងាយ​ពី​នាវា Open Arms និង​ទី២ កំពង់ផែ​នេះ​ក៏​មិន​សូវ​មាន​សុវត្ថិភាព​ល្អ​ខ្លាំង​សម្រាប់​នាវា Open Arms ដែរ។ ទន្ទឹម​នឹង​ស្នើ​សុំ​ទទួល​យក​នាវា Open Arms ឲ្យ​ចូល​ចត​នៅ​កំពង់ផែ​របស់​ខ្លួន រដ្ឋាភិបាល​អេស្ប៉ាញ​ក៏​បាន​បន្ត​ធានា​អះអាង​ប្រាប់​រដ្ឋាភិបាល​អ៊ីតាលី​ថា បើ​អ៊ីតាលី​ប្តូរ​ចិត្ត​ព្រម​ទទួល​ឲ្យ​នាវា Open Arms ចូល​ចត​នៅ​កំពង់ផែ​របស់​ខ្លួន​វិញ ជនអន្តោប្រវេសន៍​នៅ​សេសសល់​ទាំង​អស់​លើ​នាវា​នឹង​ត្រូវ​បែងចែក​ភ្លាមៗ​ទៅ​កាន់​ប្រទេស​អឺរ៉ុប​ដែល​បាន​ស្ម័គ​ចិត្ត​ទទួល​យក រួម​មាន​បារាំង អាល្លឺម៉ង់ លុចសំបួរ ព័រទុយហ្កាល់ រូម៉ានី និង​អេស្ប៉ាញ។

គួរ​រម្លឹក​ថា តាំង​ពី​ជាង ១សប្តាហ៍​មក​ហើយ​ដែល​នាវា Open Arms ដឹក​ជនភៀសខ្លួន​ចំនួន ១៥០នាក់​បាន​ព្យាយាម​ស្វែង​រក​កំពង់ផែ​ចូល​ចត​ដើម្បី​ផ្ទេរ​ជនអន្តោប្រវេសន៍​ទៅ​កាន់​ទីគោក​មាន​សុវត្ថិភាព។ ប្រទេស​អ៊ីតាលី​ដែល​នៅ​ជិត​នាវា​ជាង​គេ​បាន​ឆ្លើយ​បដិសេធ។ បន្ទាប់​មក​ក្នុង​ថ្ងៃ​សៅរ៍ ទី១៧ សីហា និង​ដោយ​មាន​ការ​រៀបរាប់​របស់​អ្នក​បើកបរ​នាវា​ពី​ស្ថានភាព​អាក្រក់​ខ្លាំង​នៅ​លើ​នាវា​ដោយ​មាន​ជនអន្តោប្រវេសន៍​ខ្លះ​ចង់​លោតទឹក​សម្លាប់​ខ្លួន​មក រដ្ឋាភិបាល​អ៊ីតាលី​ក៏​សម្រេច​ទទួល​យក​ជនអន្តោប្រវេសន៍​មិន​ទាន់​ពេញវ័យ​ចំនួន ២៧នាក់ និង​បន្ត​បដិសេធ​មិន​ទទួល​យក​អ្នក​នៅ​សេសសល់​មក​ទល់​ពេល​នេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ