អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វីប្រធានាធិបតីបារាំងបើកជំនួបជាមួយប្រធានាធិបតីរុស្ស៊ី មុនជំនួបG៧ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃចន្ទ​ទី ១៩ សីហា ២០១៩​នេះ ប្រធានាធិបតី​បារាំង លោក អេម៉ាណុយអែល ម៉ាក្រុង នឹង​ទទួល​ជួប​លោក វ្លាដេមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី។ ជា​ជំនួប​ដែល​ប្រព្រឹត្ត​ទៅ​៥​ថ្ងៃ​មុន ការ​បើក​ជំនួប​កំពូល​ក្រុម​ប្រទេស​មហាអំណាច​៧​ប្រទេស​ ហៅ​កាត់​ថា​ហ្សេ៧។ រុស្ស៊ី​ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុម​មហា​អំណាច​នេះ​ដែរ ប៉ុន្តែទើប​ត្រូវ​បាន​​គេ​ច្រាន​ចេញ​ពី​ក្រុម​​​កាលពី​ឆ្នាំ​២០១៤ ក្រោយ​ពី​រុស្ស៊ី​បាន​ក្រសោប​យក​ទឹក​ដី​គ្រីមេ របស់​អ៊ុយក្រែន។

លោក​ប្រធានាធិបតី​បារាំង Emmanuel Macron (ឆ្វេង) និងសមភាគី​រុស្ស៊ី​លោក Vladimir Poutine នៅSaint-Pétersbourg ថ្ងៃទី ២៤​ឧសភា ២០១៨​
លោក​ប្រធានាធិបតី​បារាំង Emmanuel Macron (ឆ្វេង) និងសមភាគី​រុស្ស៊ី​លោក Vladimir Poutine នៅSaint-Pétersbourg ថ្ងៃទី ២៤​ឧសភា ២០១៨​ ©REUTERS/Grigory Dukor
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃចន្ទ​ទី ១៩ សីហា ២០១៩​នេះ ប្រធានាធិបតី​បារាំង លោក អេម៉ាណុយអែល ម៉ាក្រុង នឹង​ទទួល​ជួប​លោក វ្លាដេមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី នៅគេហដ្ឋាន​សម្រាក​លំហែ​របស់​ប្រធានាធិបតី នៅភាគ​ខាង​ត្បូង​ប្រទេស។ ជំនួបក្នុង​ពេល​​វិស្សមកាល​បែប​នេះ គឺ​ចង់​បង្ហាញថា​ជំនួប​នេះ​មាន​​លក្ខណៈ​ ​បែប​បុគ្គលខ្លាំង និង​ជា​លើក​ទីបី។ កាលពី​ឆ្នាំ​២០១៧ លោក​ប្រធានាធិបតី​បារាំង បាន​ទទួល​ជួប​លោក​ពូទីន​នៅ​វាំង​វែកសៃត៍ ទីពីរ​នៅ​ក្រុង​សាំងប៉េស្ត្រាស្បួរ​ប្រទេស​រុស្ស៊ី នៅ​ឆ្នាំ​២០១៨។ នេះ​ដោយ​មិន​រាប់​អំពីការ​ជួប​បែប​​ទ្វេភាគី​ នៅ​ពេល​មាន​ជំនួប​ផ្សេង​ៗដូច​ជា ជំនួប​ហ្សេ២០​នៅ​អូសាកា កាលពី​ខែ​មិថុនា ឬ​នៅ​ប្រេស៊ីល​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៨​ផង។

ស្ទង់​ជំហរ​រុស្ស៊ី​

​ប៉ុន្តែ​ជំនួបថ្ងៃ​នេះ មាន​អត្ថន័យ​ខ្លាំង​ ​​ព្រោះ​វា​ប្រព្រឹត្ត​ទៅ​តែ​៥​ថ្ងៃ​ប៉ុណ្ណោះ មុន​ការ​បើក​ជំនួប​កំពូល​ហ្សេ៧ នៅ​ប្រទេស​បារាំង​ និង​ដែល​បារាំង​ជា​ប្រធានផ្លាស់វេន​ទៀត។ ក្រុម​ហ្សេ៧​ដែល​គេ​ស្គាល់​ថា​ប្រទេស​មហាឧស្សាហកម្ម​៧​ដំបូង​គេ​នៅ​លើ​ពិភពលោក រួម​មាន​សហរដ្ឋ​អាមេរិក បារាំង​ អង់គ្លេស អាល្លឺម៉ង់​និង​អ៊ីតាលី។ រុស្ស៊ី​ត្រូវ​បាន​គេ​ដក​ចេញ​ពី​ក្រុម​មហាអំណាច​តាំង​ពី​ឆ្នាំ២០១៤​ និងមិន​អាច​ចូល​រួម​ក្នុង​ជំនួប​​កំពូល​នៅ​ចុង​សប្តាហ៍​នេះ​បាន​ទេ។

កម្មវត្ថុ​នៃ​ជំនួប​ម៉ាក្រុង-ពូទីន​មាន​ច្រើន តែ​​មិន​មែន​ជា​ចង់​គៀងគ នាំ​រុស្ស៊ី​ឱ្យ​មក​ត្រលប់​ចូល​ក្នុង​មហាអំណាច​វិញ​ទេ។ តាម​ការ​ពិត​ ​​លោក​ម៉ាក្រុង​ ​ចង់​បង្ហាញ​ពិភពលោក​ថា​បារាំង​ជា​មេកើយ​ លោក​ចង់​ផ្តល់​តម្លៃ​​និង​ភាព​សំខាន់​ទៅ​លើ​ការ​ពិគ្រោះ​យោបល់​ជាមួយ​រុស្ស៊ី លើ​សំណុំ​រឿង​អន្តរជាតិសំខាន់ៗ និងចង់​ស្ទង់​ជំហរ​រុស្ស៊ី ​មុន​​នឹង​ទៅ​បើក​ជំនួបហ្សេ​៧ ក្នុង​អត្ថន័យ​ការពា​រ​នយោបាយ​ពហុជាតិ​និយម។ បើ​បារាំង​មិន​ធ្វើ​ តើ​នរណា​អាច​ធ្វើ​បាន​នៅ​ពេល​នេះ បើ​អាល្លឺម៉ង់​របស់​លោកស្រី​មែរកិល​កំពុង​ចុះ​ខ្សោយ​នយោបាយ អង់គ្លេស​កំពុង​ខ្វល់​រឿង​Brexit ហើយ​អាមេរិក​របស់​លោក​ត្រាំ​ពិបាក​ស្មាន​នោះ

ហើយ​ម្យ៉ាង​ទៀត​ លោក​ម៉ាក្រុង​ មាន​​យុទ្ធសាស្ត្រ​ចំបង​​មួយ គឺ​​រក្សា​ការ​ចរចា ទំនាក់ទំនង​គ្នា ​ជាមួយ​លោក​ពូទីន។

ថ្វី​បើ​បារាំង​និង​រុស្ស៊ី​មាន​ទស្សនៈ​វិស័យ​ខុស​គ្នា​ស្រលះ រុស្ស៊ី​មាន​ទំនាក់ទំនង​យ៉ាង​ស្មុគស្មាញ​បំផុត​ជាមួយ​អឺរ៉ុប​​ក៏​ដោយ ក៏​បារាំង​នៅ​តែ​ចាត់​ទុក​​ និង​បាន​ចាត់​ទុក​រុស្ស៊ី​ជា​ដៃគូ​មួយ​ដែល​មិន​គួរ​មើល​រំលង​ឡើយ ហេតុ​ដូច្នេះ​បាន​ជា​ប្រមុ​ខដឹកនាំ​បារាំង​ទទួល​ជួប​លោក​ពូទីន​ ដើម្បី​ឱ្យ​រុស្ស៊ី​ក៏​មាន​ឱកាស​បង្ហាញ​​គំនិត​​ បង្ហាញ​ជំហរ​ជុំ​វិញ​បញ្ហា​ទាំង​ឡាយ​ដែល​ហ្សេ៧​នឹង​ពិគ្រោះ​ពិភាក្សា​គ្នា និង​បញ្ជាក់​ថា​ គឺបារាំង (អឺរ៉ុប) ​មិនមែន​ទេ​ចិនទេជា​ដៃគូ​ដ៏​សក្តិសមរបស់​រុស្ស៊ី​ ។

អ៊ុយក្រែន ស៊ីរី អ៊ីរ៉ង់ ...

ក្រៅ​អំពី​ចង់​ស្តារ​ទំនាក់ទំនង​បារាំង-រុស្ស៊ី ឱ្យ​បាន​ល្អ​ប្រសើរ​នឹងគ្នា​ឡើងវិញ ជំនួប​នេះ​ជា​ឱកាស​ដែល​ប្រធានាធិបតី​បារាំង ត្រូវ​លើក​មក​ពិភាក្សា​នូវ​ ​ប្រធានបទ​ដ៏​សំខាន់ និង​គគុក​ជា​ច្រើន ​ជាអាទិ៍ វិបត្តិ លីប៊ី ​អ៊ីរ៉ង់ ស៊ីរី និង​អ៊ុយក្រែន ព្រមទាំង​បញ្ហា​ពិភពលោក​ជា​ច្រើន​ទៀត​ដូច​ជា អាកាសធាតុ សន្តិសុខ ថាមពល ។ល។និង​។ល។​ ដែល​ភាគ​ច្រើន​ជា​ប្រធានបទ​របស់​ហ្សេ៧មែន។

ក្នុង​សំណុំ​រឿង​អ៊ុយក្រែន ដែល​ទើប​មាន​ប្រធានាធិបតី​ លោក​ម៉ាក្រុង ត្រូវ​ការ​ជជែក​ខ្លាំង​ជាមួយ​លោក​ពូទីន ដើម្បីស្វែង​រក​​​សន្តិភាព​ឱ្យ​តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន ហើយ​នឹង​អាល​ជាប់​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​ ថា​ជា​អ្នក​បាន​បិទ​បញ្ចប់​សង្គ្រាម​​អ៊ុយក្រែន។ វិមាន​អេលីហ្សេ​បាន​បង្ហើប​ថា សម្រាប់​លោក​ម៉ាក្រុង​ រុស្ស៊ី​ត្រូវ​​ស្តារ​កិច្ចព្រមព្រៀង​Minsk ស្តារ​បទ​ឈប់​បាញ់រវាង​ក្រុង​គៀវ​និង​ពួក​ឧទ្ទាម ទើប​អាច​លើក​និយាយ​អំពី​ការ​វិល​ត្រលប់​របស់​រុស្ស៊ី​ចូល​ក្នុង​ក្រុម​ហ្សេ៧​វិញ។ ឮ​ថា​រុស្ស៊ី​ ត្រៀមសហការ​នាំ​សន្តិភាព​ឱ្យ​អ៊ុយក្រែន​​ហើយ ឱ្យ​បាន​តំបន់​ខាងកើត​មាន​លក្ខន្តិកៈ​ជា​រដ្ឋ​សហព័ន្ធ។

អាទិភាព​ចំបង​មួយ​ទៀត​របស់​លោក​ម៉ាក្រុង​ពេល​ជួប​លោក​ពូទីន គឺ​សំណុំ​រឿង​អ៊ីរ៉ង់។ ប្រធានាធិបតី​បារាំង​ចង់​ឱ្យ​រុស្ស៊ី​សហការ​ជាមួយ​បារាំង ឱ្យ​លោក​ពូទីន ជួយ​គាប​អ៊ីរ៉ង់​កុំ​ឱ្យ​បោះបង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ឬ​ដើរ​តួ​ជា​អន្តរការី​ឱ្យ​អ៊ីរ៉ង់​និង​អាមេរិក ដើម្បី​បន្ធូរ​បន្ថយ​ស្ថានការណ៍​តានតឹង។

ការ​ចាប់​ខ្លួន​បាតករ​នៅ​ម៉ូស្គូ​មក​ ក៏​ទំនង​ជា​​លោក​ម៉ាក្រុងមិន​មើល​រំលង​ដែរ។ គេ​នៅ​ចាំ​បាន​ថា​កាលពី​ឆ្នាំ​២០១៧ លោក​ម៉ាក្រុង​មិន​ញញើត​នឹង​រិះគន់រុស្ស៊ី​ដែល​​ចាប់​ខ្លួន​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​នៅ​ឆេតឆេនី​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ