ហេតុអ្វី អាមេរិកចង់ទិញដែនដីហ្ក្រូអេឡិន ពីដាណឺម៉ាក ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៤៣
លោក ដូណាល់ ត្រាំ បានបញ្ជាក់ម្តងហើយម្តងទៀត ចេតនាចង់ទិញដីកោះហ្ក្រូអេឡិន មកធ្វើជារដ្ឋទី ៥១របស់សហរដ្ឋអាមេរិក។ ហ្ក្រូអេឡិន ជារដ្ឋមួយរបស់រាជាណាចក្រដាណឺម៉ាក មានផ្ទៃក្រលា ២លានគីឡូម៉ែត្រការ៉េ និងប្រជាជនរស់នៅ៥៧០០០នាក់។ លោកដូណាល់ ត្រាំ បានស្នើសុំឱ្យក្រុមការងាររបស់សេតវិមានសិក្សារកលទ្ធភាពទិញដែនដី ដែលដាណឺម៉ាក មិនបានប្រកាសដាក់លក់ផង។ តើមានមូលហេតុអ្វីខ្លះដែលជំរុញឱ្យលោកដូណាល់ត្រាំ ចង់ទិញដីហ្ក្រូអេឡិនពីដាណឺម៉ាក ?!
អាមេរិកធ្លាប់មានប្រវត្តិទិញដី ដើម្បីពង្រីកប្រទេស បង្កើនរដ្ឋ ! ដូចជា ទិញរដ្ឋLouisiane ពីបារាំង នៅឆ្នាំ១៨០៣ ក្នុងតម្លៃ ១៥លានដុល្លារ (ស្មើនឹង៣៣៣ ៤៩៥ ០០០ ដុល្លារនៅឆ្នាំ២០១៩) ឬទិញដីអាឡាស្កា ពីរុស្ស៊ីនៅឆ្នាំ១៨៦៧ ក្នុងតម្លៃ៧,២លានដុល្លារជាដើម។ល។ ប៉ុន្តែបញ្ហានៅត្រង់ថា សម័យដើមសតវត្សរ៍ទី១៩ និងសម័យបច្ចុប្បន្នខុសគ្នាឆ្ងាយណាស់។ ឯទំនាក់ទំនងអន្តរជាតិក៏បានប្រែប្រួលច្រើន ហើយម្យ៉ាងទៀតហ្ក្រូអេឡិន មិនមែនជាកូនកោះតូចតាចដែលអ្នកមានលុយណាអាចទិញបានដោយងាយៗឡើយ និងជាពិសេសហ្ក្រូអេឡិនមិនមែនជាដីដាក់លក់។ រដ្ឋាភិបាលហ្ក្រូអេឡិនមិនបានប្រកាសដាក់លក់ប្រទេសរបស់ខ្លួនទេ។
អាមេរិកធ្លាប់ស្នើសុំទិញហ្ក្រូអេឡិនម្តងហើយកាលពីឆ្នាំ១៩៤៦។ ប្រធានាធិបតីអាមេរិកសម័យនោះ គឺលោក Harry Truman បានហ៊ានឱ្យថ្លៃដល់ទៅ១០០លានដុល្លារ តែមិនសម្រេច។ ដាណឺម៉ាក បានត្រឹមព្រមព្រៀងឱ្យអាមេរិក អាចដាក់មូលដ្ឋានទ័ពនៅហ្ក្រូអេឡិន នៅឆ្នាំ១៩៥០។ ក្នុងអំឡុងពេលសង្គ្រាមត្រជាក់ អាមេរិកថែមទាំងបានមកតាំងមជ្ឈមណ្ឌលនុយក្លេអ៊ែរ ដ៏សម្ងាត់នៅលើកោះទឹកកនេះមួយ មុននឹងរំសាយចោលទៅវិញទៅឆ្នាំ១៩៦៧ ដែលសំណល់គំរាមកំហែងបរិស្ថានរហូតមកទល់សព្វថ្ងៃ។
គំនិតចង់ទិញហ្ក្រូអេឡិនមិនមែនថ្មីថ្មោងឡើយ គ្រាន់តែថាការប្រកាសចេតនាលើកនេះជារបស់លោកត្រាំ ដែលមហាសេដ្ឋីអចលនទ្រព្យ និងដែលល្បីខាងចេញសេចក្តីប្រកាសចម្រូងចម្រាស។ គ្រាន់តែបានដឹងពីផលប្រយោជន៍នៃតំបន់ប៉ូលភ្លាម រដ្ឋបាលលោកត្រាំបានលុយមកដាក់មុខ ប្រកាសទិញតំបន់ហ្ក្រូអេឡិនភ្លាមតែម្តង។ ហើយនៅពេលមានប្រតិកម្មបដិសេធភ្លាមពីដាណឺម៉ាកភ្លាម លោកត្រាំលុបចោលគម្រោងទស្សនកិច្ច នៅដាណឺម៉ាក នៅសប្តាហ៍ក្រោយវិញភ្លាម។
មានទីតាំងនៅតំបន់ប៉ូលខាងជើង ចន្លោះមហាសមុទ្ទអាត្លង់ទិក និងមហាសមុទ្ទអាកទិក ហ្ក្រូអេឡិន ស្ថិតនៅក្រោមរដ្ឋបាលរបស់រាជាណាចក្រដាណឺម៉ាក និងមានស្វ័យភាព តាំងពីឆ្នាំ១៩៧៩មក។ ក្នុងមួយឆ្នាំៗដាណឺម៉ាកត្រូវចំណាយប្រាក់ចិញ្ចឹមកោះ អស់៧០០លាន។ ជាបន្ទុកដ៏ធ្ងន់ ដែលអាមេរិកយល់ថាដាណឺម៉ាកមិនចង់ទ្រាំទ្រទៀតទេ ច្បាស់ជាព្រមលក់ចេញហើយ។ បើដាណឺម៉ាក ខ្លាចចំណាយចង់លក់ចេញ អ៊ីចឹងហេតុអ្វីបានជាអាមេរិកបែរជាចង់ទិញទៅវិញ ?!
មូលហេតុទីមួយ គឺសេដ្ឋកិច្ច ! ហ្ក្រូអេឡិនដែលជាកោះដ៏ធំជាងគេបំផុតរបស់ផែនដី មានផ្ទុកធនធានរ៉ែធម្មជាតិក្រោមដី យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា អ៊ុយរ៉ានីញ៉ូម ដែក ទទឹម រ៉ែកម្រ ហើយក្រោមសមុទ្ទជាជង្រុកប្រេង និងមានផ្ទៃក្រឡាជាងពីរលានគីឡូម៉ែត្រការ៉េ សម្រាប់ធ្វើជាតំបន់សេដ្ឋកិច្ចផ្តាច់មុខ។ នេះដោយមិនគិតពីផ្ទាំងទឹកកកដែលគ្របដណ្តប់ផ្ទៃកោះ ដែលតំណាងឱ្យ១០%នៃទឹកសាបលើភពផែនដីផង។
មូលហេតុទីពីរ គឺផលប្រយោជន៍ភូមិសាស្ត្រនយោបាយនៃកោះដែលស្ថិតនៅជិតបង្កើយនឹងតំបន់ប៉ូលអាកទិក។ បន្ទាប់ពីបានបោះបង់តំបន់ប៉ូលមួយរយៈ តាំងពីសង្គ្រាមត្រជាក់បិទបញ្ចប់ទៅ រដ្ឋបាលលោកត្រាំ ទើបមើលឃើញអំពីតួនាទីជាយុទ្ធសាស្ត្រនៃតំបន់នេះ ក្រោយគេ ៖ រុស្ស៊ីបានចាប់ផ្តើមអភិវឌ្ឍសកម្មភាពយោធារបស់ខ្លួន រួចហើយ នៅ តំបន់អាកទិកដែលពាក់កណ្តាលជាដែនដីរបស់រុស្ស៊ី។ ប៉ុន្តែ គ្មានអ្វីធានាបានថារុស្ស៊ីអភិវឌ្ឍតែក្នុងរង្វង់ផ្ទៃដីរបស់ខ្លួនទេ។ ចំណែកចិនវិញ ក៏បានបង្កើនវត្តមានខ្លាំងណាស់ដែរ ក្នុងវិស័យសេដ្ឋកិច្ចនិងវិទ្យាសាស្ត្រ។ ប៉េកាំងមានកិច្ចសន្យាទាញរ៉ែកម្ររួចទៅហើយជាមួយហ្ក្រូអេឡិន។ ចិនកំពុងតែចាក់ស្រេសរាយបណ្តាញទីផ្សារ ហើយសង្ឃឹមថានឹងអាចមានផ្លូវនៅភាគខាងជើង ជាផ្លូវកាត់ទៅចិន ដោយមិនបាច់ឆ្លងកាត់មហាសមុទ្ទប៉ាស៊ីហ្វិកនិងអាត្លង់ទិកនៅពេលខាងមុខផង។ ប្រឈមមុខនឹងសកម្មភាពរបស់រុស្ស៊ី និងចិន ហ្ក្រូអេឡិនក្លាយជាតំបន់យុទ្ធសាស្ត្រសេដ្ឋកិច្ចការទូតដ៏សំខាន់បំផុត និងជាអាយុជីវិតសម្រាប់អាមេរិកលើផ្នែកការពារជាតិនិងសន្តិសុខអាមេរិកខាងជើង ព្រមទាំងដើម្បីរៀបចំសណ្តាប់ធ្នាប់ពិភពលោកថ្មី ក្នុងសម័យពិភពលោកភាវូបនីកម្ម។
ជាចុងក្រោយ មូលហេតុដែលអាមេរិកចង់ទិញហ្ក្រូអេឡិន ព្រោះលោកត្រាំទំនងជាចង់មានឈ្មោះជាប្រធានាធិបតីដែលបានបញ្ចូលរដ្ឋទី៥១ឱ្យសហរដ្ឋ ជាអ្នកបញ្ចូលផ្កាយទី៥១លើទង់ជាតិអាមេរិក ដូចអ្វីដែលប្រធានាធិបតី Dwight Eisenhower បានបញ្ចូលអាឡាស្កាទិញពីរុស្ស៊ីនិងកោះហាវៃ នៅឆ្នាំ១៩៥៩ ជារដ្ឋថ្មីចុងក្រោយរបស់សហរដ្ឋអាមេរិក។
ប៉ុន្តែបំណងនេះទំនងជាពិបាកសម្រេចហើយ ព្រោះនាយករដ្ឋមន្ត្រីដាណឺម៉ាក បានប្រកាសជាសាធារណៈភ្លាមថាមិនលក់ហ្ក្រូអេឡិនទេ។ ឯប្រមុខរដ្ឋាភិបាលហ្ក្រូអេឡិនវិញ បានឆ្លើយតបទៅនឹងដំណឹងចង់ទិញរបស់អាមេរិកថា ហ្ក្រូអេឡិនបើកទ្វារទទួលធ្វើពាណិជ្ជកម្ម មិនមែនបើកទ្វារដាក់លក់ប្រទេសទេ។ ការបដិសេធដោយត្រង់ដែលបានធ្វើឱ្យលោក ត្រាំ ខឹង លែងធ្វើដំណើរទៅកូផែនហាក តាមការអញ្ជើញរបស់ព្រះមហាក្សត្រដាណឺម៉ាក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ