ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
អឺរ៉ុប

បារាំង-ប្រេស៊ីល៖លោកម៉ាក្រុងបានវាយបកចាស់ដៃលើលោកបុលសូណារ៉ូក្នុងរឿងឆេះព្រៃអាម៉ាហ្សូន

media ប្រធានាធិបតី​បារាំង​លោកម៉ាក្រុង (រូបឆ្វេង) និង​សមភាគី​ប្រេស៊ីល​លោក​បុលសូណារ៉ូ​​ក្នុង​ជំនួបកំពូល G២០ ក្នុង​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន ថ្ងៃទី២៨ មិថុនា ឆ្នាំ ២០១៩ AFP Photos/POOL/Jacques Witt

សង្រ្គាមពាក្យសម្តី​រវាង​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង និង​សមភាគី​ប្រេស៊ីល​លោក​បុលសូណារ៉ូ​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល។ នៅ​រសៀល​ថ្ងៃ​សុក្រ ទី២៣ សីហា លោក​ម៉ាក្រុង​បាន​ចោទ​លោក​បុលសូណារ៉ូ​ដោយ​យល់​ឃើញ​ថា ប្រធានាធិបតី​ប្រេស៊ីល​រូប​នេះ​បាន​ភូតភរ​លើ​កិច្ចសន្យា​របស់​ខ្លួន​ក្នុង​ប្រយោជន៍​បរិស្ថាន និង​ថា​នៅ​ក្នុង​ករណី​នេះ បារាំង​នឹង​ប្រឆាំង​លើ​កិច្ចព្រមព្រៀង​ដោះដូរ​សេរី​ដ៏​ចម្រូងចម្រាស​រវាង​សហភាពអឺរ៉ុប និង ទីផ្សាររួមខាងត្បូង​ហៅ​កាត់ Mercosur ដែល​មាន​ប្រេស៊ីល អាហ្សង់ទីន អ៊ុយរូហ្កាយ និង​ប៉ារ៉ាហ្កាយជា​ប្រទេស​សមាជិក។ ប្រតិកម្ម​ខ្លាំងៗ​របស់​លោក​ម៉ាក្រុង​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​បុលសូណារ៉ូ​បាន​ចោទ​លោក​ម៉ាក្រុង​ពី​បទ​បាន​លូកដៃ​ក្នុង​រឿង​ភ្លើងឆេះព្រៃ​អាម៉ាហ្សូន​នៅ​ប្រេស៊ីល។

ចម្លើយ​របស់​លោក​ម៉ាក្រុង​ចំពោះ​លោក​បុលសូណារ៉ូ​បាន​ធ្វើ​ឡើង​តាម​រយៈសេចក្តីថ្លែងការណ៍​របស់​វិមាន​អេលីហ្សេ​ដែល​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា « ផ្អែក​លើ​ឥរិយាបថ​របស់​ប្រេស៊ីល​នា​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បាន​សម្គាល់​ឃើញ​ថា ប្រធានាធិបតី​បុលសូណារ៉ូ​បាន​ភូតភរ​គាត់​នា​ឱកាស​ជំនួបកំពូល G២០ ក្នុង​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន »។ សេចក្តីថ្លែងការណ៍​របស់​វិមាន​អេលីហ្សេ​ដដែល​បាន​យល់​ឃើញ​ថា ប្រធានាធិបតី​ប្រេស៊ីល​លោក​បុលសូណារ៉ូ​បាន​សម្រេច​មិន​គោរព​តាម​កិច្ចសន្យា​របស់​ខ្លួន​ក្នុង​បញ្ហា​អាកាសធាតុ​ក៏​ដូច​ជា​បញ្ហា​ជីវចម្រុះ។ នៅ​ក្នុង​លក្ខខណ្ឌ​នេះ បារាំង​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​ដោះដូរ​សេរី​ដ៏​ចម្រូងចម្រាស​រវាង​សហភាពអឺរ៉ុប និង ទីផ្សាររួមខាងត្បូង​ដែល​ហៅ​កាត់ Mercosur នេះ​បើ​យោង​តាម​វិមាន​ប្រធានាធិបតី​បារាំង។

ក្រៅ​ពី​បារាំង ប្រទេស​អៀរឡង់​តាម​រយៈ​នាយករដ្ឋមន្រ្តី​លោក Leo Varadkar ក៏​បាន​គំរាម​ក្នុង​ថ្ងៃ​សុក្រ ទី២៣ សីហា​ពី​ការ​បោះឆ្នោត​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​ដោះដូរ​សេរី​រវាង​សហភាពអឺរ៉ុប និង Mercosur នេះ​ដែរ ប្រសិន​បើ​ប្រេស៊ីល​មិន​ការពារ​ព្រៃអាម៉ាហ្សូន​ដែល​កំពុង​ប្រឈម​នឹង​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​ពេល​នេះ​ទេ។ ទន្ទឹម​គ្នា​នេះ ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​លោកស្រី​មែរកិល និង​សមភាគី​កាណាដា​លោក Justin Trudeau ដែល​ជា​សមាជិក​ក្នុង​ក្រុម​ប្រទេស G៧ ដែរ​បាន​យល់​ឃើញ​ថា វា​ជា​រឿង​ចាំ​បាច់​ដែល​គេ​ត្រូវ​លើ​យក​រឿង​ភ្លើងឆេះព្រៃអាម៉ាហ្សូន​ទៅ​និយាយ​នៅ​ក្នុង​ជំនួបកំពូល G៧។

គួរ​បញ្ចាក់​ថា ការ​វាយបក​របស់​លោក​ម៉ាក្រុង រួម​ទាំង​លោក Leo Varadkar លើ​លោក​បុលសូណារ៉ូ​ពេល​នេះ​បាន​ធ្វើ​ឡើង ខណៈ​ពេល​ដែល​ភ្លើង​កំពុង​បន្ត​ឆាបឆេះ​លើ​ព្រៃអាម៉ាហ្សូន និង​ដែល​លោក​បុលសូណារ៉ូ​កំពុង​រង​សម្ពោធ​ជាតិ អន្តរជាតិ​ពី​គ្រប់​ទិសទី ពិសេស​ក្រោយ​ពី​លោក​បាន​ទម្លាក់​ការ​ទទួល​ខុសត្រូវ​លើ​ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​ថា​ជា​អ្នក​ដុតព្រៃអាម៉ាហ្សូន។ គួរ​រម្លឹក​ថា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២២ សីហា លោក​ម៉ាក្រុង​បាន​សរសេរ​នៅ​ក្នុង​បណ្តាញសង្គម Twitter ដោយ​ប្រដូច​ភ្លើង​ឆេះព្រៃអាម៉ាហ្សូន​ទៅ​នឹង​ភ្លើង​ឆេះផ្ទះ​មនុស្ស​លោក និង​បាន​ចាត់​ទុក​ជា​វិបត្តិ​អន្តរជាតិ​មួយ។ តែ​លោក​បុលសូណារ៉ូ​ឆេះកន្ទុយ​ដោយ​ចោទ​លោក​ម៉ាក្រុង​ពី​បទ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រេស៊ីល និង​ថា គំនិត​របស់​លោក​ម៉ាក្រុង​ជា​គំនិតអាណានិគមនិយម៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ