អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​បាន​ជា​ប្រេស៊ីល មិនទទួលជំនួយ​បន្ទាន់ពី​ប្រទេស​G ៧ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅពេល​ដែល ព្រៃ​អាម៉ាហ្សូន​កំពុង​ឆេះសន្ធោសន្ធៅ ទៅហើយនោះ សង្រ្គាម​ពាក្យសំដី រវាង​ប្រធានាធិបតីបារាំង និង​ប្រេស៊ីល ក៏កើនឡើង​កំដៅ ផងដែរ។ ក្រោយ​ពីរងការរិះគន់​របស់​ប្រធានាធិបតី បារាំង នៅក្នុង​រឿង ភ្លើងឆេះព្រៃ អាម៉ាហ្សូន រដ្ឋាភិបាល​ប្រេស៊ីល​របស់​លោក​ប្រធានាធិបតី បុលសូណារ៉ូ​នៅ​យប់​ថ្ងៃ​ចន្ទ ចូល​ដល់​ថ្ងៃ​អង្គារនេះ បាន​បដិសេធ​មិន​ទទួល​យក​ជំនួយបន្ទាន់ ២០​លាន ដែល​ក្រុមប្រទេស G ៧ បាន​ព្រមព្រៀង​សម្រាប់​ជួយ​បង្រ្កាប​ភ្លើងឆេះ​ព្រៃ អាម៉ាហ្សូន​នោះ​ទេ។ 

អ្នកចំការប្រេស៊ីល​ដុតឆ្ការព្រៃ​អាម៉ាហ្សូន នៅ​ Porto Velhoប្រេស៊ីល​ថ្ងៃទី ២៤​សីហា ២០១៩
អ្នកចំការប្រេស៊ីល​ដុតឆ្ការព្រៃ​អាម៉ាហ្សូន នៅ​ Porto Velhoប្រេស៊ីល​ថ្ងៃទី ២៤​សីហា ២០១៩ © REUTERS/Ueslei Marcelino
ផ្សាយពាណិជ្ជកម្ម

ព្រៃអាម៉ាហ្សូន ​ជា​ព្រៃត្រូពិក​ធំជាងគេ​បំផុត ក្នុង​ពិភពលោក ដែល​ជា​គេ​ចាត់ទុក​ជា​សួត របស់​ផែនដី មាន​តួនាទី​សំខាន់​ក្នុង​ការស្រូប​យកឧស្ម័ន​កាបូនិក និង​បញ្ចេញមកវិញ ខ្យល់​អុកស៊ីសែន។ ភ្លើងឆេះព្រៃ អាម៉ាហ្សូន​យ៉ាងដូច្នេះ ជា​កង្វល់​ព្រួយបារម្ភ​ខ្លាំងណាស់ របស់​សហគមន៍​អន្តរជាតិ។ ស្ថិតនៅក្នុង​ស្ថានភាពបែបនេះ ក្រុម​ប្រទេស G ៧​បាន​ព្រមព្រៀង ផ្តល់​ជំនាន់​បន្ទាន់ ប្រមាណ ២០លាន​ដុល្លារ ដើម្បី​ជួយសង្រ្គោះ​ព្រៃ អាម៉ាហ្សូន។

នៅក្នុង កិច្ចប្រជុំ ដែល​បិទបញ្ចប់ នៅថ្ងៃ​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម ហៅកាត់ G ៧ បាន ព្រមព្រៀង​គ្នា ផ្តល់​ថវិកា​២០​លាន​ដុល្លារ ជា​ជំនួយ​បន្ទាន់ សម្រាប់​យុទ្ធនាការ​បញ្ជូន​យន្តហោះ ដឹកទឹក​ទៅ ពន្លត់​ភ្លើង​ឆេះព្រៃ អាម៉ាហ្សូន។

ឈីលី ដែល​មាន​ចំណែក​គ្រប់គ្រង ​ព្រៃអាម៉ាហ្សូន​មួយផ្នែក​បាន​ប្រកាស​ស្វាគម​ទទួល​យក ជំនួយ​ពី​ក្រុមប្រទេស​G ៧ ដោយ​ថា ប្រទេស​ដែល​មាន​ព្រៃអាម៉ាហ្សូន ត្រូវការ ជំនួយបន្ទាន់ ដូចជា ក្រុមពន្លត់អគ្គិភ័យ និង​យន្តហោះ​ពិសេស​ដើម្បី​ដឹកទឹក​ទៅ​ពន្លត់ ភ្លើងឆេះព្រៃ​អាម៉ាហ្សូន។ នាយករដ្ឋមន្រ្តី​កាណាដា លោក​Justine Trudeau​បាន​ប្រកាសស្នើ​ផ្តល់ជំនួយ​ជា​យន្តហោះ​ដឹកទឹក សម្រាប់​ពន្លត់ភ្លើងឆេះព្រៃ ហើយ​និង​ថវិកា ១៥លាន​ដុល្លារ។

ក្រៅតែពី​ជំនួយ​បន្ទាន់​សម្រាប់​ពន្លត់ភ្លើងឆេះព្រៃ អាម៉ាហ្សូន ក្រុមប្រទេស​មហាឧស្សាហកម្ម G ៧ បាន​ព្រមព្រៀង​គ្នា​ផងដែរ ថា នឹង​ផ្តល់​កញ្ចប់​ថវិកា ៣០​លាន​ដុល្លារ ផ្សេងទៀត សម្រាប់​គម្រោង​ដាំដើមឈើ​ឡើងវិញ នៅ​ព្រៃ អាម៉ាហ្សូន នៅក្រោយ​ភ្លើងឆេះព្រៃ​លើកនេះ។ តាម​ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង គម្រោង​ទឹកប្រាក់ ជំនួយ​ទី២ នឹង​ត្រូវ​លើក​យក​ទៅ​ជជែក​នៅក្នុង​កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ នៅ​ខែ​កញ្ញា​ខាងមុខ និង​ថា វា​អាច​កើតឡើង​ទៅ​បាន លុះណា​មាន​ការយល់ព្រមព្រៀងផ្ទាល់ ពី​ភាគី​ប្រេស៊ីល និង​ប្រទេស ៨​ផ្សេងទៀត ដែលជា​ម្ចាស់​ព្រៃ អាម៉ាហ្សូន។

ប្រធានាធិបតី​បារាំង បាន​ពន្លយ​ផង​ដែរ ពី​សំណើ​ចង់​ឲ្យ​គេ​បង្កើត​លក្ខន្តិកៈ​អន្តរជាតិ សម្រាប់​ព្រៃ​អាម៉ាហ្សូន ក្នុង​ករណី ដែលថ្នាក់ដឹកនាំ របស់​ប្រទេស នៅក្នុង​តំបន់ អាម៉ាហ្សូន ធ្វើ​នយោបាយ បំផ្លាញ បរិស្ថាន របស់​ផែនដី។ ប្រធានាធិបតី​បារាំង ចង់​និយាយ​សំដៅ ដល់​ប្រធានាធិបតី ប្រេស៊ីល លោក​បុលសូណារ៉ូ ដែល​រហូតមក កំពុង​រងការរិះគន់ ថា ជាអ្នកនៅពីក្រោយ ជំរុញ ឲ្យ​មាន​ការកាប់ឆ្ការ ដុតព្រៃ អាម៉ាហ្សូន យ៉ាងសស្រាក់សស្រាំ ដើម្បីពង្រីកយក​ដី ធ្វើ​កសិកម្ម ពោល គឺ​ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច ដោយ​មិន​ខ្វល់​ពីបញ្ហា​បរិស្ថាន។ សម្រាប់​ប្រធានាធិបតី​បារាំង ការបង្កើត​លក្ខន្តិកៈ អន្តរជាតិ​សម្រាប់ ព្រៃអាម៉ាហ្សូន គឺ​ជា​សំណួរ​ដែល​គេ​ត្រូវ​ចោទសួរ​បន្ទាន់ ប្រសិន​បើ​ថ្នាក់ដឹកនាំ​របស់​ប្រទេស​មួយ ធ្វើ​នយោបាយ ដែល​ប្រឆាំងផ្ទុយ នឹង​ផលប្រយោជន៍​រួម​របស់​មនុស្ស​ទូទៅ នៅ​លើ​ផែនដីនោះ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ដើម្បី​គោរព ដែនអធិបតេយ្យភាព​របស់​ប្រទេស នីមួយ លោ​ម៉ាក្រុង​និយាយ​ថា គំនិតផ្តួចផ្តើម​បង្កើត​លក្ខនិ្តកៈ​អន្តរជាតិ​ឲ្យ​តំបន់​ព្រៃអាម៉ាហ្សូន ឬ​ថា អាម៉ាហ្សូន​ជា​ព្រៃ អន្តរជាតិ នឹង​ត្រូវស្នើ ​យក​ទៅ​ជជែក នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​អង្គការសហប្រជាជាតិ។

ប្រេស៊ីល​បែរខ្នង មិនទទួលជំនួយ​របស់​ប្រទេស​ហ្សេ ៧

ភាគី ប្រេស៊ីល​វិញ​មិន​យល់​ឃើញ​ដូច្នេះទេ។ នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ ប្រធានាធិបតី បារាំង ប្រកាស​ជំនួយ​បន្ទាន់ របស់​ក្រុមប្រទេស​G ៧ ក្នុង​ទឹកប្រាក់ ២០លាន​ដុល្លារ សម្រាប់​បង្រ្កាប​ភ្លើងឆេះព្រៃ រដ្ឋាភិបាល​ប្រេស៊ីល​តាមរយៈ ប្រធាន​ខុទ្ធកាល័យ​ប្រធានាធិបតី បាន​បដិសេធ មិន​ទទួល​យក​ជំនួយ ពី​ក្រុម​ប្រទេស​ហ្សេ​៧។

រដ្ឋមន្រ្តី​បរិស្ថាន​ប្រេស៊ីល​បាន​និយាយ​ស្វាគម​ជំនួយ បន្ទាន់​របស់​ក្រុមប្រទេសG ៧ ប៉ុន្តែ រដ្ឋាភិបាល​ប្រេស៊ីល​បាន​ប្តូរជំហរ​មកវិញ ដោយ​បាន​បដិសេធ​មិន​ទទួល​ជំនួយ​បន្ទាន់​របស់​ក្រុម​ប្រទេស G ៧ទេ  និង​ថា ភ្លើងឆេះព្រៃ​នៅអាម៉ាហ្សូន​ត្រូវ​បាន​គេ​គ្រប់គ្រង​ទាំងស្រុង គ្មាន​បញ្ហា​ធ្ងន់ធ្ងរ​នោះទេ នៅក្រោយ​យុទ្ធនាការ ពង្រាយ​កងទ័ព ឲ្យ​ទៅ​ពន្លត់ភ្លើងឆេះព្រៃនោះ។

មួយ​វិញ​ទៀត បើ​តាម ប្រមុខ​ការបរទេស​ប្រេស៊ីល គេ​មិនចាំបាច់​ត្រូវការ​ជំនួយ​ថ្មីបន្ថែម ដែល​ស្នើឡើង​ដោយ​ប្រធានាធិបតី​បារាំង ដើម្បី​ព្រៃ​អាម៉ាហ្សូននោះទេ ព្រោះថា ទៅតាម​អនុសញ្ញា​អន្តរជាតិ ស្តីពី​អាកាសធាតុ អង្គការ​សហប្រជាជាតិ​មាន​រួចហើយ យន្តការ​ផ្តល់​ថវិកា សម្រាប់​ការដាំព្រៃឈើ ហើយ​និងប្រយុទ្ធប្រឆាំង នឹង​ការកាប់ព្រៃ​ខុសច្បាប់។

សម្រាប់រដ្ឋាភិបាល​ប្រេស៊ីល ជំនួយ​របស់​ក្រុមប្រទេស​G ៧សក្តិសម នឹង​ប្រើ​ដើម្បី ដាំ​ដើមឈើឡើងវិញ នៅ​តំបន់​អឺរ៉ុប។ ប្រេស៊ីល ដែល​បដិសេធ​មិន​ទទួល​យកជំនួយ របស់​ក្រុមប្រទេស​ហ្សេ​៧ នៅបន្ទាប់ពី​មាន​សង្រ្គាម ពាក្យសំដី ប៉ុន្មាន​ថ្ងៃមក​នេះ ជាមួយ​ភាគី បារាំង ដែល​ជា​ម្ចាស់ផ្ទះ រៀបចំ ជំនួបកំពូល​ហ្សេ ៧។

នៅមុន​ជំនួប G ៧ ប្រធានាធិបតី​បារាំង បាន​រិះគន់​ប្រធានាធិបតី​ប្រេស៊ីលថា បាន​កុហក លាក់បាំង នយោបាយ​ការពារ​បរិស្ថាន។ ដោយសារ​តែរឿងនេះ លោក​បាន​ប្រកាស​មិន​ផ្តល់​សច្ចាប័ន លើ​កិច្ចព្រមព្រៀង​ដោះដូរ​ពាណិជ្ជកម្ម​អឺរ៉ុបជាមួយ​ប្រទេស​អាមេរិកខាងត្បូង ដែល​មាន​ប្រេស៊ីល​ផងដែរ។

នៅ​ក្នុង​Blog ប្រធាន​ខុទ្ធកាល័យ​ប្រធានាធិបតី ដែល​ជាអ្នកចេញមុខ​ប្រកាស​ផ្លូវការ បដិសេធ​មិនទទួល​យកជំនួយ​របស់​ក្រុមប្រទេសG ៧បាន​ចោទប្រកាន់ ប្រធានាធិបតី​បារាំង​ថា កំពុង​ប្រកាន់ ចរិក​ជា​ម្ចាស់​អាណានិគមនិយម។ លោក​នៅ​បាន​រិះគន់​ដែរថា ប្រធានាធិបតី បារាំង លោក​ម៉ាក្រុង មិនអាច​ទប់ស្កាត់ មិន​ឲ្យ​ភ្លើងឆេះ វិហារ​ប្រវត្តិសាស្រ្ត Notre dame de Paris ប៉ុន្តែ បែរជា​ផ្តល់​ដំបូន្មាន ដល់​ប្រេស៊ីល​ទៅវិញ។ សម្រាប់​មនុស្ស​ជំនិត​របស់​ប្រធានាធិបតី​ប្រេស៊ីល ប្រេស៊ីល​ជា​ប្រទេស​ប្រជាធិបតេយ្យ សេរី មិនមែន​ដើរធ្វើ​ជា​ម្ចាស់អាណានិគម ឬ​ចក្រពត្តិនិយម​ដូច​បារាំង​នោះទេ។ ប្រធានាធិបតី​បារាំង គួរ​តែខ្វល់ខ្វាយ​ពី​ទឹកដី​អាណានិគម​របស់ខ្លួន។ ទឹកដី​បារាំង ដែល  អ្នកតំណាង​របស់​ប្រធានាធិបតី​ប្រេស៊ីល​ចង់​សំដៅគឺ Guyane ទឹក ដី នាយសមុទ្រ​របស់​បារាំង ដែល​មាន​ព្រំដែន​ជាប់ជាមួយ ព្រៃអាម៉ាហ្សូន​របស់​ប្រេស៊ីល។

ព្រៃត្រូពិក​អាម៉ាហ្សូនត្រូវ​ភ្លើងឆេះ លេបត្របាក់ ជារៀងរាល់​ថ្ងៃ ជាង​១០​ថ្ងៃ​មកហើយ

តាម​វិទ្យាស្ថាន ជាតិ ប្រេស៊ីល ដើម្បី​ការស្រាវជ្រាវ អវកាស គ្រាន់​តែ​នៅ​ថ្ងៃ​អាទិត្យ​ម្សិលម្ង៉ៃ គេ​រកឃើញ​មានចំនួន ភ្លើងឆេះព្រៃ ថ្មី ដល់​ទៅ ១១១៣​កន្លែង នៅតំបន់​ព្រៃអាម៉ាហ្សូន។ បើតាម​ការបូកសរុប​របស់វិទ្យាស្ថាន ចំនួននេះ​ធ្វើ​ឲ្យ​ចំនួន​ភ្លើងឆេះព្រៃ នៅ ប្រេស៊ីល កើនឡើង ដល់ ៨ម៉ឺន​កន្លែង ដែលនៅក្នុង​៦០ភាគរយ ជា​ព្រៃត្រូពិក អាម៉ាហ្សូន គិត​ចាប់តាំង​ពី​ដើម​ឆ្នាំ ដែល​ជា​ចំនួន កើនឡើង​ខ្ពស់​មិនធ្លាប់មាន តាំង​ពី​ឆ្នាំ ២០១៣​មក។

នៅ​ក្នុង​រដ្ឋ Rondônia ដែល​ស្ថិតនៅ​ភាគ​ពាយ័ព្យ ប្រទេស​ប្រេស៊ីល ជាប់ជាមួយ​ព្រំដែន​ប្រទេស​ឈីលី គេ​នៅ​តែ​ឃើញ​ភ្លើង ផ្សែង​ហុយទ្រលោម កាលពី​ថ្ងៃ ចន្ទ នោះបើទោះបី​ជាមាន​អន្តរាគមន៍​ពី​កងទ័ព​ប្រេស៊ីល ជាង​២ពាន់នាក់ ដែល​ប្រធានាធិបតី ប្រេស៊ីល​បាន​បញ្ជូន​ទៅ​បង្រ្កាបភ្លើងឆេះព្រៃ តាំង​ពី​ថ្ងៃ​អាទិត្យ​ក្តី។ ក្រោម​សម្ពាធ និង​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ ប្រធានាធិបតី ប្រេស៊ីល លោក​បុលសូណារ៉ូ​បាន​ប្រកាស​បញ្ជូន​កងទ័ព និង​យន្តហោះយោធា ២គ្រឿងដឹកទឹក ទៅ​ពន្លត់ភ្លើង នៅ​រដ្ឋ Rondônia ជាទី​ដែល​ព្រៃអាម៉ាហ្សូន រងឆេះ​សន្ធោសន្ធៅ​ខ្លាំងជាងគេ នៅក្នុង​ទឹកដី​ប្រេស៊ីល។

គិត​មក​ត្រឹម​ថ្ងៃអង្គារ  មាន​រដ្ឋ​ចំនួន ៧ របស់​ប្រេស៊ីល ដែល​កំពុងប្រឈម​នឹង​ភ្លើងឆេះ​រាលដាល​នៅព្រៃអាម៉ាហ្សូន បានសុំ​ស្វែងរក​ជំនួយ​ពីកងទ័ព ដែល​នៅក្នុង​នោះ មាន​ប្រមាណ ៤ម៉ឺន ៣ពាន់​នាក់ ប្រចាំ​នៅ​ព្រៃ​អាម៉ាហ្សូន។ ប៉ុន្តែ ចំនួន​កងទ័ព​ពិតប្រាកដ ហើយ​និង​វិធានការ​ជាក់ស្តែង​ដើម្បី​ប្រយុទ្ធប្រឆាំង ពន្លត់ភ្លើងឆេះព្រៃ យ៉ាងណា​នោះ គឺ គ្មាន​អ្នកណា​ដឹងទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ