ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/11 12h00 GMT
អឺរ៉ុប

លោកអេម៉ានុយអែល ម៉ាក្រុង៖ការរុញច្រានប្រទេសរុស្ស៊ីឲ្យស្ថិតឆ្ងាយពីអឺរ៉ុបជាកំហុសមួយធ្ងន់ធ្ងរ

media  
ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​នាឱកាស​សន្និសីទលើកទី២៧នៃឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូតបរទេសប្រចាំប្រទេសបារាំង ថ្ងៃទី២៧ សីហា ២០១៩ Yoan Valat/Pool via REUTERS

នៅ​ថ្ងៃ​អង្គារ ទី២៧ សីហា ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​ចូលរួម​នៅ​ក្នុង​សន្និសីទ​លើកទី២៧​នៃ​ឯកអគ្គរដ្ឋទូត និង​ឯកអគ្គរាជទូត​បរទេស​ប្រចាំ​ប្រទេស​បារាំង។ គឺ​ជា​ឱកាស​មួយ​ដែល​ប្រមុខរដ្ឋ​បារាំង​បាន​លើក​ឡើង​ពី​ទិសដៅ​នៃ​គោលនយោបាយ​ការបរទេស​របស់​លោក​សម្រាប់ប៉ុន្មាន​ខែ​ខាង​មុខ។ថ្លែង​នៅ​ចំពោះ​មុខ​មន្រ្តីការទូត​ប្រមាណ​ជា ២០០នាក់​នៅ​ក្នុង​វិមាន​អេលីហ្សេ លោក​ម៉ាក្រុង​បាន​ទាមទារ​សម្រាប់​បារាំង​នូវ​យុទ្ធសាស្រ្ត​ការទូត​ប្រកប​ដោយ​ភាព​មោះមុត និង​មិន​អាច​ខ្វះ​បាន​ដើម្បី​បញ្ជៀស​ការលុប​បំបាត់​អឺរ៉ុប​នៅ​ចំពោះ​មុខ​ភាព​លេចធ្លោ​របស់​ចិន​និង សហរដ្ឋអាមេរិក។ នៅ​ក្នុង​ន័យ​នេះ ប្រមុខរដ្ឋ​បារាំង​បាន​ទទូច​ពី​ភាព​ចាំ​បាច់​ក្នុង​ការ​រំកិល​សហភាពអឺរ៉ុប និង​ប្រទេស​រុស្ស៊ី​ឲ្យ​ខិតចូល​ជិត​គ្នា។ លោក​ម៉ាក្រុង​បាន​យល់​ឃើញ​ថា ការ​រុញ​ច្រាន​រុស្ស៊ី​ឲ្យ​ស្ថិត​ឆ្ងាយ​ពី​សហភាពអឺរ៉ុប​ជា​កំហុស​មួយ​យ៉ាង​ធ្ងន់ធ្ងរ និង​ថា បំណងប្រាថ្នា​របស់​រុស្ស៊ី​មិនមែន​ចង់​ធ្វើ​ជា​សម្ព័ន្ធមិត្ត​ភាគតិច​ម្នាក់​របស់​ចិន​ទេ។

« តាំង​ពី ៥ឆ្នាំ​កន្លង​មក ប្រទេស​រុស្ស៊ី​បាន​យក​កន្លែង​ពិសេស​មួយ​នៅ​ក្នុង​គ្រប់​ជម្លោះ​ធំៗ​ក្នុង​លោក។ រុស្ស៊ី​យក​កន្លែង​ពិសេស​មួយ​នេះ​បាន ក៏​ព្រោះ​តែ​សហរដ្ឋអាមេរិក អង់គ្លេស និង​ប្រទេស​បារាំង​បាន​ចុះ​ខ្សោយ។ នៅ​ក្នុង​បរិបទ​បច្ចុប្បន្ន ប្រទេស​រុស្ស៊ី​បាន​ពង្រីក​ផលប្រយោជន៍​ទាំង​អស់​របស់​ខ្លួន​ជា​អតិបរមា។ រុស្ស៊ី​បាន​ត្រឡប់​ចូល​អន្តរាគមន៍​នៅ​ក្នុង​ប្រទេស​ស៊ីរី នៅ​ក្នុង​ប្រទេស​លីប៊ី និង​នៅ​ទ្វីបអាហ្រ្វិក។ ប្រទេស​រុស្ស៊ី​បាន​ចូល​ខ្លួន​នៅ​ក្នុង​គ្រប់​ប្រធានបទ​នៃ​វិបត្តិ​ទាំង​អស់​តាម​រយៈ​ការ​ចុះខ្សោយ ឬ​តាម​រយៈ​កំហុស​របស់​យើង។

ប៉ុន្តែ​សួរ​ថា តើ​ស្ថានភាព​របៀប​នេះ​អាច​បន្ត​មាន​យូរអង្វែង​ដែរ ឬ​ទេ?។ ខ្ញុំ​មិន​ជឿ​ទេ។ មហាអំណាច​រុស្ស៊ី​មួយ​នេះ​ដែល​វិនិយោគ​យ៉ាង​ច្រើន​ទៅ​លើ​គ្រឿងសព្វាវុធ​របស់​ខ្លួន និង​ដែល​ធ្វើ​ឱ្យ​យើង​ភ័យខ្លាច​យ៉ាង​ខ្លាំង​​នោះ​មានផលិតផល​សរុប​ក្នុង​ស្រុក​ដូច​ប្រទេស​អេស្ប៉ាញ មាន​ប្រជាសាស្រ្ត​មួយ​ចុះ​ខ្សោយ ជា​ប្រទេស​ដែល​មាន​វ័យ​ចំ​ណាស់ និង​មាន​ភាព​តានតឹង​នយោបាយកើន​ឡើង។

តើ​អស់ លោក​គិត​ថា គេ​អាច​បន្ត​ស្ថិត​នៅ​បែប​នេះ​ត​ទៅ​មុខ​បាន​ទៀត​ឬ?។ ខ្ញុំ​គិត​ថា បំណងប្រាថ្នា​របស់​ប្រទេស​រុស្ស៊ី​មិនមែន​ចង់​ធ្វើ​ជា​សម្ព័ន្ធមិត្ត​ភាគតិច​ម្នាក់​របស់​ចិន​ឡើយ។ ដូច្នេះ យើង​ក៏​ត្រូវ​ដឹង​តាម​រយៈ​កិច្ចពិភាក្សា​ដែលទាមទារ​នេះ និង​លក្ខខណ្ឌ​ដែល​យើង​នឹង​ដាក់​ដើម្បី​ផ្តល់​ជូន​នូវ​ជម្រើស​យុទ្ធសាស្ត្រ​មួយ​ដល់​ប្រទេស​នេះ​ដោយ​ខាន​មិន​បាន »៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ