ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អឺរ៉ុប

ភ្លើងឆេះព្រៃ​អាម៉ាហ្សូន៖ ប៉េរូ និង​កូឡុំប៊ី អំពាវនាវ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ដើម្បី​ការពារព្រៃអាម៉ាហ្សូន

media រូបភាពពីលើអាកាស​បង្ហាញពី​ការកាប់ឆ្ការ ដុតបំផ្លាញ​ព្រៃ​ដើម្បី​យកដី​ធ្វើ​កសិកម្ម​នៅ​Porto Velho ក្នុង​រដ្ឋ Rondonia ប្រទេស​ប្រេស៊ីល ថ្ងៃទី ២៧ សីហា ២០១៩ © REUTERS/Ueslei Marcelino

មេដឹកនាំ​ប្រទេស​ប៉េរូ និង​កូឡុំប៊ី កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​រួមគ្នា អំពាវនាវ​ឲ្យ​ប្រទេស​ជុំវិញ តំបន់​ព្រៃអាម៉ាហ្សូន ចូលរួម​បង្កើត​កិច្ចព្រមព្រៀង​គ្នាមួយ​ដើម្បី​ការពារ ព្រៃអាម៉ាហ្សូន ដែល​កំពុង​រងភ្លើង​ឆាបឆេះខ្លាំង ជាង ១០​ថ្ងៃមកហើយ នៅក្នុង​ទឹកដី​បូលីវី និង​ប្រេស៊ីល។ នៅក្រោម​សំពាធ​ក្នុង​ស្រុក ប្រធានាធិបតី ប្រេស៊ីល លោក​បុលសូណារ៉ូ នៅទីបំផុត បាន​សុខចិត្ត​យល់ព្រម​ទទួល​យក​ជំនួយបន្ទាន់​ពី​ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម G៧ សម្រាប់​យុទ្ធនាការ​ពន្លត់ភ្លើងឆេះព្រៃ អាម៉ាហ្សូន។

 

នៅក្នុង​សេចក្តីថ្លែងការណ៍​រួម កាលពី​ថ្ងៃ​អង្គារ ប្រធានាធិបតី​កូឡុំប៊ី និង​ប្រធានាធិបតី​ប៉េរូ បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចប្រជុំ​ថ្នាក់​ប្រធានាធិបតី របស់​បណ្តា​ប្រទេស ជុំវិញ ព្រៃ​អាម៉ាហ្សូន នៅថ្ងៃ​សុក្រ​សប្តាហ៍ក្រោយ នៅ​ប្រទេស​កូឡុំប៊ី។ តាម​ប្រធានាធិបតី កូឡុំប៊ី Ivan Ducqueមេដឹកនាំ​របស់​ក្រុមប្រទេស​ជុំវិញ ព្រៃ​អាម៉ាហ្សូន ត្រូវ​ជជែក ដើម្បី បង្កើត​កិច្ចព្រមព្រៀង​រួមគ្នា​សម្រាប់​ការពារ​ព្រៃ​អាម៉ាហ្សូន ព្រៃត្រូពិក​ធំជាងគេ​ក្នុង​ពិភពលោក។

សម្រាប់​ប្រធានាធិបតី​ប៉េរូ Martin Vizcarra កិច្ចព្រមព្រៀង មិនមែន​មាន​ចែង​តែ​គោលនយោបាយ​របស់​រដ្ឋាភិបាល​នីមួយៗ​ដើម្បី​ឆ្លើយតប​នឹង​ភ្លើងឆេះព្រៃ​សព្វថ្ងៃ​នេះទេ ប៉ុន្តែ វាផ្តោត​សំខាន់​ទៅលើ​ទស្សនៈវិស័យ​វែងឆ្ងាយ​របស់​រដ្ឋាភិបាល​ដើម្បី ទប់ស្កាត់ ការកាប់បំផ្លាញ​ព្រៃអាម៉ាហ្សូន ទៅ​ថ្ងៃ​អនាគត។

សំណើ​ឲ្យ​មាន​កិច្ចព្រមព្រៀង​រវាង​ក្រុមប្រទេស​ជុំវិញ ព្រៃអាម៉ាហ្សូន ដើម្បី ការសហការ ការពារ​ព្រៃអាម៉ាហ្សូន ធ្វើឡើង នៅ​មួយថ្ងៃ​ក្រោយ ដែល​ប្រធានាធិបតី​បារាំង និង​ប្រធានាធិបតី ឈីលី បាន​លើកនិយាយ​​ពី​កិច្ចប្រជុំ​នៅអង្គការ​សហប្រជាជាតិ ដើម្បី​ដាក់ចេញ នូវ​វិធានការ​នានា​ក្នុង​ការការពារ​ព្រៃ ជីវចម្រុះ និង​ការដាំដើមឈើ​ឡើង​វិញ នៅ​តំបន់ព្រៃព្រូពិក​អាម៉ាហ្សូន ដែល​មួយភាគ​កំពុងរង​បំផ្លាញ ឆាបឆេះ យ៉ាងសន្ធោសន្ធៅ។

នៅ​ថ្ងៃ​ចន្ទ វិទ្យាស្ថាន ដើម្បី ការស្រាវជ្រាវ​អវកាស​ប្រេស៊ីល​បានរាប់ឃើញ​មាន​ភ្លើង​ឆេះព្រៃ ថ្មី ចំនួន ១៦៥៩​កន្លែង នៅ​ប្រេស៊ីល ដែលនៅក្នុង​នោះ មាន​ពាក់កណ្តាល​ជា​ភ្លើងឆេះព្រៃ អាម៉ាហ្សូន។

ប្រធានាធិបតី​ប្រេស៊ីល លោក​បុលសូណារ៉ូ នៅថ្ងៃ​អង្គារ​ម្សិលមិញ សុខចិត្ត​ទទួល​យក​ជំនួយ បន្ទាន់ ពី​ក្រុមប្រទេស​G៧ បន្ទាប់​ពី​បដិសេធ កាលពី​ថ្ងៃ​ចន្ទ។ ប្រធានាធិបតី​ប្រេស៊ីល​ដែល​កំពុង​ជាប់មាន​សង្រ្គាម​ពាក្យសំដី​ជាមួយ​ប្រធានាធិបតីបារាំង បាន​ដាក់​លក្ខខណ្ឌ​ដំបូងឡើយ ថា លោក​នឹង​ទទួល​យកជំនួយ សម្រាប់​ពន្លត់ឆេះព្រៃ​អាម៉ាហ្សូន ប្រសិន​បើ​ប្រធានាធិបតី​បារាំង និយាយ​សុំទោស​ពី​បទ​មើលងាយ​រូបលោកថា ជាមនុស្ស​កុហក។ ប៉ុន្តែ ទៅតាម​ការទាមទារ​ពី​មន្រ្តីរដ្ឋាភិបាល លោក​បុលសូណារ៉ូ ប្តូរជំហរ​ទៅវិញ ដោយ​សុខចិត្ត​យល់ព្រម​ទទួល​យកជំនួយ​ពីក្រុមប្រទេស G៧ ប៉ុន្តែ ភ្ជាប់​នឹង​លក្ខខ័ណ្ឌ​ថា ប្រេស៊ីល​ជា​អ្នកទទួល​ចាត់ចែង​លុយជំនួយ ដើម្បី ធានា​រក្សា​ដែនអធិបតេយ្យភាព​ប្រេស៊ីល។

ភ្លើងឆេះព្រៃ អាម៉ាហ្សូន ដែល​មួយ​ផ្នែក បណ្តាល​មក​ពីការកាប់បំផ្លាញ និង​ដុត កាប់ឆ្ការ​របស់​កសិករ មិនមែន​កើតមាន​តែ​ក្នុង​ប្រទេស​ប្រេស៊ីល​ប៉ុណ្ណោះទេ។ នៅ​បូលីវី​ដែល​មាន​ព្រំដែន​ជាប់​ប្រេស៊ីល និង​ប៉ារ៉ាហ្កាយ ភ្លើងឆេះព្រៃ បាន​លេបត្របាក់ ដីព្រៃ​យ៉ាងតិច ១លាន​ហិចតា៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ