ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អឺរ៉ុប

លោកក័រប៊ីន៖ការលើកសម័យប្រជុំសភារបស់លោកចនស៊ុនជាការគំរាមកំហែងលើលទ្ធិប្រជាធិបតេយ្យអង់គ្លេស

media  
លោកហ្សេរ៉េមី ក័រប៊ីន ប្រធានគណបក្សពលករអង់គ្លេស REUTERS/Darren Staples

នៅ​ថ្ងៃ​ពុធ ទី២៨ សីហា នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​បូរីស ចនស៊ុន​បាន​ប្រកាស​លើក​សម័យប្រជុំសភា​ទៅ​ថ្ងៃទី១៤ តុលា​ខាង​មុខ​វិញ។ តាម​គម្រោង សភា​ត្រូវ​បើក​សម័យប្រជុំ​ពី​ថ្ងៃទី៣ ដល់​ថ្ងៃទី៩ កញ្ញា។ ការ​សម្រេច​របស់​លោក​ចនស៊ុន​ដូច​នេះត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​ការ​បិទផ្លូវ​ក្រុមប្រឆាំង​ដែល​កំពុង​ព្យាយាម​រៀបចំ​ផែនការ​ដើម្បី​ពន្យារ​ពេល ឬ​ចរចា​ឡើង​វិញ​លើ​ពេល​វេលា​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាពអឺរ៉ុប​ដែល​បាន​កំណត់​នៅ​ថ្ងៃទី៣១ តុលា។ លោក​ហ្សេរ៉េមី ក័រប៊ីន ប្រធាន​គណបក្ស​ពលករ​ដែល​ជា​បក្សប្រឆាំង​បាន​បរិហារ​ខ្លាំងៗ​ដោយ​ចាត់​ទុក​ការ​សម្រេចចិត្ត​របស់​លោក​បូរីស ចនស៊ុន​ជា​ការ​គំរាមកំហែង​លើ​លទ្ធិប្រជាធិបតេយ្យ​អង់គ្លេស។ បន្ទាប់​មក លោក​ក័រប៊ីន​បាន​ស្នើ​ឲ្យ​លោក​ចនស៊ុន​ចូល​ខ្លួន​ពន្យល់​នៅ​មុខ​សភា​លើ​ការ​សម្រេចចិត្ត​របស់​ខ្លួន។

« ការ​លើក​ពេល​ប្រជុំ​សភា​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​ទេ។ នាយករដ្ឋមន្រ្តី​បាន និង​កំពុង​រៀបចំ​ផែនការ​មួយ​ដែល​គំរាមកំហែង​លើ​លទ្ធិប្រជាធិបតេយ្យ​របស់​យើង​ក្នុង​គោលដៅ​ទទួល​បាន​ការ​ចាកចេញ​មួយ​ពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង។ នៅ​ពេល​ដែល​សភា​នឹង​ជួបប្រជុំ​រយៈពេល​ខ្លី​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​និយាយ​ពី​កម្មវិធី​របស់​គាត់ អ្វី​ដែល​យើង​នឹង​ធ្វើ​មុន​គេ គឺ​ព្យាយាម​តាក់តែង​ច្បាប់​ដើម្បី​រារាំង​លើ​អ្វី​ដែល​គាត់​កំពុង​ធ្វើ។

បន្ទាប់​មក យើង​ប្រឆាំង​នឹង​កម្មវិធី​របស់​គាត់​នៅ​ក្នុង​ពេល​វេលា​ជាក់លាក់​មួយ​តាម​រយៈ​ញត្តិចាប់ថ្នាក់។ គោលបំណង​របស់​នាយករដ្ឋមន្រ្តី​ដែល​សម្រេច​លើក​ពេល​ប្រជុំ​សភា​ពេល​នេះ គឺ​រារាំង​ច្បាប់​ទាំង​ឡាយ និង​គ្រប់​ការ​តស៊ូមិត្ត​ដែល​អាច​បញ្ឈប់​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង។ អ្វី​ដែល​នាយករដ្ឋមន្រ្តី​ចង់​បាន គឺ Brexit គ្មាន​កិច្ចព្រមព្រៀង។

បូរីស ចនស៊ុន​ត្រូវ​តែ​ចូលខ្លួន​ពន្យល់​នៅ​ក្នុង​សភា ពោល​មិនមែន​ចាក់​សោ​ទ្វារ​សភា​ទេ តែ​ចូល​សភា​ដើម្បី​ឆ្លើយ​សំណួរ​របស់​អ្នកតំណាងរាស្រ្ត។ រដ្ឋាភិបាល​ក្នុង​អតីត​នាយករដ្ឋមន្រ្តី​លោកស្រី​តេរ៉េហ្សា មេ​បាន​ចាញ់​ដល់​ទៅ ២ដង​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រឆាំង Brexit គ្មាន​កិច្ចព្រមព្រៀង។ លើក​នេះ បូរីស ចនស៊ុន​ក៏​នឹង​ចាញ់​ដូច​លោកស្រី​មេ និង​កាន់​តែ​ច្បាស់​ថែម​ទៀត។ នាយករដ្ឋមន្រ្តី​បូរីស ចនស៊ុន​របស់​យើង​ត្រូវ​តែ​ចូល​ខ្លួន​បំភ្លឺ​នៅ​ក្នុង​សភា។ តែ​អ្វី​ដែល​គាត់​បាន​ធ្វើ​ពេល​នេះ គឺ​គេច​ពី​សភា​ទៅ​វិញ »៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ