ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
អឺរ៉ុប

Brexit៖ ក្រុមប្រឆាំង ដាក់ពាក្យ​បណ្តឹង​ប្រឆាំង​នាយករដ្ឋមន្រ្តី ដែល​ប្រកាស​ផ្អាក​ការប្រជុំសភា

media  
ក្រុមប្រឆាំង​នឹង​ការចាកចេញ​របស់អង់គ្លេស​ពីអឺរ៉ុប ធ្វើ​បាតុកម្ម​នៅមុខ​រដ្ឋសភា ថ្ងៃទី ២៨​សីហា ២០១៩ © REUTERS/Henry Nicholls

ក្រុមប្រឆាំង​នឹង​Brexit​ដែល​គ្មាន​កិច្ចព្រមព្រៀង បាន​ផ្តើម នៅថ្ងៃ​ព្រហស្បតិ៍នេះ ដំណើរការ​ប្តឹងផ្តល់ ទៅតុលាការ ដើម្បី ប្រឆាំង នាយករដ្ឋមន្រ្តី​អង់គ្លេស ដែល​កាល​ពី​ថ្ងៃ​ពុធ បាន​ប្រកាស លើក​សម័យប្រជុំ​សភា ទៅ​ថ្ងៃទី ១៤​តុលា ពោល​គឺ​នៅ​២​សប្តាហ៍មុន ដែល​អង់គ្លេស ត្រូវ​ចាកចេញ​ពី​សហភាព​អឺរ៉ុប។ ប្រធាន​រដ្ឋ​សភា និង​គណបក្ស​ប្រឆាំង បរិហារ រិះគន់​ចំណាត់ការ​របស់​លោក​នាយករដ្ឋមន្រ្តី បូរីស ចនសុន ថា ជាការធ្វើ​រដ្ឋប្រហារ​សភា និង​រំលោភរដ្ឋធម្មនុញ្ញ​អង់គ្លេស។

 

ការសម្រេច​របស់​នាយករដ្ឋមន្រ្តី អង់គ្លេស ក្នុង​ការបិទទ្វារ​សភា មិន​ឲ្យ​មាន​ការប្រជុំ រហូត​ដល់​ថ្ងៃ ទី ១៤​តុលា បាន​បង្ក​ឲ្យ​មាន​រលករិះគន់​ខ្លាំងក្លា មិនថា ពីក្រុមអ្នកនយោបាយ និង​ប្រជាជន​អង់គ្លេស។ កាលពី​ថ្ងៃ​ពុធ នៅប៉ុន្មាន​ម៉ោងក្រោយ​លោកបូរីស ចនសុន ប្រកាស លើក​សម័យ​ប្រជុំ​សភា អង់គ្លេស ពលរដ្ឋអង់គ្លេស​រាប់ពាន់​នាក់​បានចុះថ្នល់ ធ្វើ​បាតុកម្ម នៅតាម​ទីក្រុង ធំៗ​របស់​អង់គ្លេស និង​នៅមុខ​រដ្ឋសភា ដើម្បី បរិហារ​ពីការធ្វើ​រដ្ឋប្រហារ​សភា។ នៅ​លើ​វិបសៃតិ៍ ញត្តិ​ប្រឆាំង​នឹង​ការសម្រេច​ចិត្ត​របស់​នាយករដ្ឋមន្រ្តី បាន​ទាក់ទាញ​អ្នកគាំទ្រ ជាង​១លាន​នាក់ នៅក្នុង​រយៈពេល មិន​ដល់​២៤​ម៉ោង។

ការសម្រេច​ផ្អាកសម័យ​ប្រជុំ​សភា បាន​ជំរុញ​ផងដែរ​ឲ្យ​ក្រុម​អ្នកប្រឆាំង​នឹង​ការដើរ​ចេញ​របស់​អង់គ្លេស ពី​អឺរ៉ុប ដោយ គ្មាន​កិច្ចព្រមព្រៀង ផ្តើម​និតិវិធី​ប្រឆាំង រដ្ឋាភិបាល តាម​ផ្លូវ​តុលាការ។ នៅ​ថ្ងៃ​ព្រហស្បតិ៍ សមាជិក​សភា ចំនួន​៧៥​នាក់ ដែល​គាំទ្រ សហភាព​អឺរ៉ុប​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ជាន់ខ្ពស់ នៅអេកូស ចំណែក សកម្មជន​ប្រឆាំង​នឹង​ការដើរចេញ​របស់អង់គ្លេស​ពីសហភាពអឺរ៉ុប​ម្នាក់ លោកស្រី Gina Miller បាន​ដាក់​ពាក្យ​បណ្តឹង​ទៅតុលាការ​អង់គ្លេស ក្នុង​ក្តីសង្ឃឹម រារាំង​កុំ​ឲ្យ​នាយករដ្ឋមន្រ្តី​អង់គ្លេស អាច ផ្អាកព្យួរ​សភា។

លោកស្រី Gina Miller​ធ្លាប់​បាន​ជោគជ័យ​ម្តងហើយ នៅក្នុង​ការតស៊ូមតិ​ប្រឆាំង​រដ្ឋាភិបាល នៅតាមផ្លូវ​តុលាការ ដែល​បាន​យល់ស្រប​ជាមួយ​លោកស្រី ដែល​បានទាមទារ​ឲ្យរដ្ឋាភិបាល​អង់គ្លេស របស់​លោកស្រី តេរ៉េហ្សា មេ​ចូល​ខ្លួនពន្យល់​សភា ពី​ដំណើរការ​ដកខ្លួន​អង់គ្លេស ពីសហភាពអឺរ៉ុប។

រដ្ឋមន្រ្តី​ទំនាក់ទំនង​សភា នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​បាន​ចេញមុខ​ការពារ​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល ក្នុង​ហេតុផលថា ការផ្អាកព្យួរ​សម័យ​ប្រជុំសភា ធ្វើឡើង ដើម្បី​ទុកពេល​ឲ្យ​រដ្ឋាភិបាល​អាច​ត្រៀម រៀបចំ​កម្មវិធី​នយោបាយ​ថ្មី ទាក់ទង​នឹង​ការចរចា​ដកអង់គ្លេស​ពី​សហភាព​អឺរ៉ុប។ រដ្ឋាភិបាល​អង់គ្លេស​នៅតែ​អះអាងថា បើទោះជា​មានការលើក​សម័យប្រជុំ សមាជិក​សភា នៅតែ​មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី ពិភាក្សា និង​បោះឆ្នោត គាំទ្រ ច្បាប់ Brexit ឲ្យ​បាន​មុន​ថ្ងៃ​កំណត់ ថ្ងៃទី ៣១​តុលា​ខាងមុខ។

សម្រាប់​គណបក្ស​ប្រឆាំង ការសម្រេច របស់​លោក​បូរីស ចនសុន ដើម្បី ផ្អាក សម័យ​ប្រជុំ សភា គឺជា​ការបិទផ្លូវ​មិន​ឲ្យ​ក្រុមប្រឆាំង​អាច​មាន​ពេល​ចរចា​ឡើង​វិញ ពី​ពេល​វេលា​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាពអឺរ៉ុប​ដែល​បាន​កំណត់​នៅ​ថ្ងៃទី៣១ តុលា។ លោក​ហ្សេរ៉េមី ក័រប៊ីន ប្រធាន​គណបក្ស​ពលករ​ដែល​ជា​បក្សប្រឆាំង បាន​បរិហារ​ខ្លាំងៗ ដោយ​ចាត់​ទុក​ការ​សម្រេចចិត្ត​របស់​លោក​បូរីស ចនស៊ុន ថា ជា​ការគំរាមកំហែង​លទ្ធិប្រជាធិបតេយ្យ​អង់គ្លេស។ តាម​ប្រភព​ពី​មន្រ្តី​បក្ស​ពលករ លោក​ក័រប៊ីន​បាន​សរសេរ​សំបុត្រ ស្នើ​ឲ្យ​មាន​សវនការ​ជាមួយ ព្រះមហាក្សត្រាយានី Elisabeth ដើម្បី ពិភាក្សា​ពីរឿងនេះ។ ប្រមុខ​បក្ស​ប្រឆាំង​អង់គ្លេស​សង្ឃឹម​ផងដែរ​នឹង​ទទួល​បាន​ការគាំទ្រ​ពីអ្នកតំណាងរាស្រ្ត​ដើម្បី បោះឆ្នោត ដកទំនុកចិត្ត​ពី​រដ្ឋាភិបាល។ លោក​ក័រប៊ីន​ត្រូវ​ធ្វើការ​នេះ​ឲ្យ​បាន នៅមុន ការលើក​សម័យ​ប្រជុំ​សភា ដែល​ត្រូវ​ចាប់ផ្តើម ពី​ថ្ងៃទី ៩​កញ្ញា រហូត​ដល់ថ្ងៃទី ១៤​តុលាខាងមុខ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ