ម៉ូស្គូ អំពី គំនិតលោក ត្រាំ ស្តារឡើងវិញ ហ្សេ-៨ តាមរយៈ ការចូលរួមរបស់ រុស្ស៊ី
ចុះផ្សាយនៅថ្ងៃ៖
រដ្ឋបាល សរអា នឹងធ្វើការងារ ដើម្បីត្រឡប់ទៅកាន់ រូបមន្ត ហ្សេ-៨ វិញ ដោយមាន ការចូលរួម របស់ប្រទេសរុស្ស៊ី - សេចក្តីនេះ ថ្លែងថ្ងៃ ២៨ សីហា ក្នុងសម្ភាសន៍ ទៅកាណាល់ទូរទស្សន៍ Fox News ដោយ ប្រមុខការទូតអាមេរិក លោក Mike Pompeo ។ ប៉ុន្តែ ព្រឹទ្ធសមាជិកមួយក្រុម ខាងគណបក្ស ប្រជាធិបតេយ្យ បានផ្ញើជូនលោកប្រធានាធិបតី ដូណាល់ ត្រាំ គឺ លិខិតមួយច្បាប់ ជាទីដែលគេសំដែងនូវ ការមិនយល់ព្រម នឹង គំនិតស្តារឡើងវិញ ក្រុម ៨ ប្រទេសនោះ តាមការអញ្ជើញរុស្ស៊ី ឲ្យចូលរួមក្នុងការងារ ហ្សេ-៧ នៅឆ្នាំក្រោយ។ សំណើ ឲ្យទទួល រុស្ស៊ីវិញ ក្រោយពីប្រទេសនេះ ត្រូវបានឆូតឈ្មោះចេញពី ហ្សេ-៨ ក្នុងឆ្នាំ ២០១៤ មកពីការភ្ជាប់យកទឹកដី គ្រីមេ របស់អ៊ុយក្រែន បានញ៉ាំងឲ្យមានការជល់សំដីគ្នាយ៉ាង តឹង សរសៃ ក រវាងមេដឹកនាំអាមេរិក និង សមភាគីឯទៀត ក្នុង ហ្សេ-៧ នាកិច្ចប្រជុំកំពូល នៅក្រុងបារាំង ប្យារីត្ស ប៉ុន្មានថ្ងៃមុន។ ។ តើរុស្ស៊ីផ្ទាល់ ប្រកាន់ ទស្សនៈយល់ឃើញយ៉ាងណាដែរ ចំពោះ សាច់រឿង នេះ។
តាំងពី ១០ ថ្ងៃមុនម៉្លេះ ក្នុងជំនួបការងារជាមួយ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅឯ និវេសនដ្ឋានរដូវក្តៅរបស់គាត់ ក្នុងកូនបន្ទាយ Bregançon ប៉ែកខាងត្បូងស្រុកបារាំង ប្រធានាធិបតី រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដោយឆ្លើយតបនឹងសំនួរអ្នកកាសែត ទាក់ទងនឹងរឿងនេះ បានថ្លែងថា ឥឡូវ ហ្សេ-៨ លែងមានរូបរាងទៀតឡើយ ដូច្នេះ រុស្ស៊ី មិនអាចវិលត្រឡប់ទៅកាន់អ្វី ដែល បាត់រូបទៅហើយ។
តាមសំដីលោក ពូទីន រុស្ស៊ី មិនប្រកែកឡើយនឹង ធ្វើសហប្រតិបត្តិការ ជាមួយប្រទេសទាំងឡាយ ក្នុង ទ្រង់ទ្រាយផ្សេង បែបយ៉ាង ក្រុម ២០ ប្រទេស ដែលមានសេដ្ឋកិច្ចហំហួនជាងគេ ដែលក្នុងនោះ ក្រៅពី គ្រប់តែ ៧ ប្រទេស មហាអំណាចឧស្សាហកម្មពិភពលោក ហៅថា ហ្សេ-៧ ក៏មានទាំង ប្រទេសធំៗឯទៀត ដែលជាមួយគេ រុស្ស៊ី តែងសហការណ៍ប្រកបដោយផ្លែផ្កា។ មិនតែប៉ុណ្ណោះ ហ្សេ-២០ តំណាងឲ្យ ៨៥% ឯណោះ នៃ ផលិតផលក្នុងស្រុកសរុប ផ.ស.ស.ពិភពលោក និង ៧៥% នៃ ពាណិជ្ជកម្មពិភពលោក បូក ទាំង ពាណិជ្ជកម្មផ្ទៃក្នុង ២៨ ប្រទេស សហភាពអឺរ៉ុបផងនិង តំណាងឲ្យ ២ភាគ៣ នៃចំនួនបណ្តាជនលើ ផែនដី។ គឺបន្ទាប់មក ក្នុងជំនួបកំពូល ហ្សេ-៧ នៅក្រុងបារាំង ប្យ៉ារីត្សពីថ្ងៃ ២៤ ដល់ ២៦ សីហាកន្លងទៅ ដែល លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបន្លឺឡើងនូវគំនិតគាត់ ចង់អញ្ជើញ សមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ទៅចូលរួមក្នុងជំនួប កំពូលហ្សេ-៧ នេះ ដែលនឹងប្រព្រឹត្តទៅឆ្នាំក្រោយ នៅសរអា។ ប៉ុន្តែ បញ្ហារុស្ស៊ី នេះ បានបង្កឲ្យមានការទាស់សំដីគ្នា រវាងលោក ត្រាំ និង មេដឹកនាំឯទៀត ក្នុង ហ្សេ-៧។
តាមកាសែតអង់គ្លេស The Guardian ចុះផ្សាយឲ្យដឹង យោងទៅលើប្រភពច្បាស់ការណ៍របស់ខ្លួន ៖ ក្នុងពិធី ទទួលទានអាហារជាផ្លូវការជាលើកដំបូង លោកប្រធានាធិបតី សរអា ដូណាល់ ត្រាំ បានថ្លែងថា ល្មមដល់ពេល បង្វែរប្រទេសរុស្ស៊ី មកក្នុង ក្លឹបនៃវរប្រទេស វិញហើយ។ ពីព្រោះមិនអាច ពិភាក្សាបញ្ហា អន្តរជាតិដែលប្រកបដោយបច្ចុប្បន្នភាព បែបយ៉ាង អ៊ីរ៉ង់ ស៊ីរី កូរ៉េខាងជើង ដោយគ្មាន ម៉ូស្គូ ចូលរួម ។ គំនិតលោក ត្រាំ ត្រូវបានគាំទ្រ ដោយនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte ចំណែក លោក នាយករដ្ឋមន្ត្រី ជប៉ុន Shinzo Abe ប្រកាន់ជំហរអព្យាក្រឹត។ ជប៉ុន ត្រូវដោះស្រាយបញ្ហាអំបូរកោះគួរីល ជាមួយរុស្ស៊ី តាមរយៈការចុះសន្ធិសញ្ញាសន្តិភាព។ មេដឹកនាំ ៥ ប្រទេសទៀត ក្នុង ហ្សេ-៧ នាំគ្នាថ្លែង ជំទាស់យ៉ាងខ្លាំង ទល់នឹងការវិលត្រឡប់វិញនៃ ប្រទេសរុស្ស៊ី។ ពិធីទទួលទានអាហារនេះ បានប្រព្រឹត្តទៅ ក្នុង លក្ខណៈបិទទ្វារ។ ទំនាស់នោះ មិនបានត្រូវគេដឹងយ៉ាងក្បោះក្បាយ ឡើយ។ ប៉ុន្តែប្រភពរបស់ The Guardian ជូនជាដំណឹងថា ការជជែកគ្នា បានឡើងដល់កម្រិត តឹង សរសៃ ក។ ជាការកត់សម្គាល់ ប្រទេសដែលជំទាស់ នាំគ្នាចងជាលក្ខខ័ណ្ឌ ឲ្យរុស្ស៊ី បំពេញសិន តាមកិច្ចព្រមព្រៀង ក្រុងមីនស្គ៏ ស្តីអំពីដំណោះស្រាយស្ថានការណ៍នៅតំបន់បះបោរខាងកើតអ៊ុយក្រែន។ ចំពោះការទាមទារនេះ រុស្ស៊ី ធ្លាប់បានគូសបញ្ជាក់ម្តងហើយ ម្តងទៀតថា ខ្លួនមិនមែនជាភាគីជាប់ក្នុង ជម្លោះ នៅតំបន់នោះឡើយ។ វាជារឿងផ្ទៃក្នុងអ៊ុយក្រែន។ គឺ ក្រុងគៀវដែល ត្រូវបំពេញតាមលក្ខខ័ណ្ឌចែងក្នុងកិច្ចព្រមព្រៀងនោះ ប៉ុន្តែ បស្ចិមលោក មិនដាក់គំនាប់លើអ៊ុយក្រែនឲ្យបំពេញតាមឯកសារនោះឡើយ ដោយបន្តទម្លាក់ទោស មកលើ រុស្ស៊ី ដើម្បី តាមយោបល់ម៉ូស្គូ គាំពារប្រទេសនេះ ទុកសម្រាប់ប្រើជាឧបករណ៍ ប្រឆាំងរុស្ស៊ី។
ប្រឆាំងខ្លាំង បំផុត គឺ កាណាដា ដែលក្នុងប្រទេសនេះ មាន សហគមន៍ជនជាតិអ៊ុយក្រែន រស់នៅច្រើនសំបើម ដល់ទៅ ជាង ១ លាន ២ សែន នាក់។ តាមមតិពួកអ្នកវិភាគនៅរុស្ស៊ី ៖ លោកត្រាំ ប្រាថ្នា ឲ្យរុស្ស៊ី វិលត្រឡប់ទៅ ហ្សេ-៨ វិញ គឺ ដើម្បី ប្រឡេះ រុស្ស៊ី ចេញពីការឱបរឹទ្ធ ជាមួយចិនប៉េកាំង ដែល សម្រាប់អាមេរិកលោកត្រាំ ប្រែក្លាយទៅហើយ ជាគូប្រជែង ធំបំផុត ទាំងខាងផ្នែកពាណិជ្ជកម្ម ទាំងខាងផ្នែកសព្វាវុធ ទាល់តែ គាត់អុកឡុក ទាមទារឲ្យមានចិនជា ហត្ថលេខីដែរ ទើប សរអា សុខចិត្តវិលត្រឡប់ ទៅចុះជា កិច្ចព្រមព្រៀងអន្តរជាតិថ្មីខាងត្រួតពិនិត្យលើ ការ រំសាយសព្វាវុធ។ ក្នុងផ្ទៃនៃ ទំនាស់ក្នុង ហ្សេ-៧ មកពី បញ្ហារុស្ស៊ី វិមានក្រេមឡាំងថ្លែងថា ខ្លួនត្រៀមពិនិត្យមើល សេចក្តី អញ្ជើញ ឲ្យរុស្ស៊ីទៅចូលរួមក្នុងជំនួប កំពូលហ្សេ-៧នោះ ដែលនឹងប្រព្រឹត្តទៅនៅ សរអា ឆ្នាំក្រោយ - ការ នេះ ថ្លែងថ្ងៃ ២៥ សីហា ដោយ អ្នកនាំពាក្យផ្លូវការរបស់ ប្រធានាធិបតីរុស្ស៊ី លោក Dmitri Peskov ។ អ្នកនាំពាក្យនេះ របស់វិមានក្រេមឡាំង សង្កត់ធ្ងន់ថា ៖ -ប្រាកដណាស់ វិលត្រឡប់ទៅកាន់ ហ្សេ-៧ វិញ តែតាមសេចក្តីអញ្ជើញ របស់ភាគីតែមួយ គឺ មិនអាច ប្រព្រឹត្ត ទៅកើតឡើយ ពីព្រោះនៅទីនោះ រាល់តែសេចក្តីសម្រេច គឺ អនុម័ត ដោយវិធី Consensus ។
ព្រម ជាមួយ នេះ រុស្ស៊ី មិនប្រកែកទេ ពីទំនាក់ទំនង តាម រូបមន្តណាក៏ដោយ ហើយរុស្ស៊ី ក៏គ្មានបំណង បង្ខំ ភាគីណាមួយ ឲ្យ គេអញ្ជើញខ្លួន ទៅចូលរួមឡើយ។ គោលជំហរបែបនេះ ក៏ រំលេចឲ្យឃើញទាំង ដោយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ ៖ -ស្ថានការណ៍ដែលមាន នាំឲ្យកើតឡើង ជា ចំណាប់អារម្មណ៍ថា បណ្តាសមាជិក នៃក្រុមប្រទេស ហ្សេ-៧ ខ្លួនឯងផ្ទាល់ ដូចជា ខំបញ្ចុះបញ្ចូលគ្នាទៅវិញទៅមក ។ រុស្ស៊ីផ្ទាល់ គ្មាននិស្ស័យអ្វី នឹងការពិភាក្សា នេះ ឡើយ ។ រុស្ស៊ី មិនបានពឹងពាក់អ្វី លើនរណាឡើយ។ រុស្ស៊ី មិនបានធ្វើសំណូមពរអ្វីណា ទៅកាន់ សមាជិក ណាមួយ ឡើយ របស់ ហ្សេ-៧ ហើយ ក៏ គ្មានបំណងធ្វើសំណូមពរបែបនេះឡើយ។
ដំណើរជីវិតផ្ទាល់ ជាទូទៅ បានយាត្រាទៅមុខ ឆ្ងាយ ទៅហើយ - លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ គូសបញ្ជាក់។ ប្រធានាធិបតីអាមេរិកាំង ក្នុងសន្និសីទកាសែតបូកសរុប តុល្យាការនៃ ជំនួបកំពូល G-7 នៅក្រុង ប្យ៉ារីត្ស បានថ្លែងយ៉ាងប្តូរផ្តាច់ ៖
តើខ្ញុំនឹងអញ្ជើញ លោក ពូទីន ឫទេ? ប្រាកដណាស់ ខ្ញុំនឹងអញ្ជើញគាត់។ តើលោក ពូទីន ដែលជា មនុស្ស មានមោទនភាព ខាងផ្លូវចិត្ត អាចទៅ សរអា ចូលរួមក្នុងជំនួបកំពូលនោះឬទេ? តាមយោបល់ខ្ញុំ នេះ ជាកិច្ចការដ៏ស្មុគស្មាញ សម្រាប់រូបគាត់។ លោក ត្រាំ គូសបញ្ជាក់ថា គាត់មិនខ្វល់ទេ តើផលវិបាកយ៉ាងណាដែលនឹងកើតឡើង សម្រាប់ រូបគាត់ផ្ទាល់ ដោយមកពីការអញ្ជើញមេដឹកនាំរុស្ស៊ី ទៅចូលរួមក្នុងជំនួបកំពូលនោះ ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ