ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/11 12h00 GMT

ម៉ូស្គូ អំពី គំនិតលោក ត្រាំ ស្តារឡើងវិញ ហ្សេ-៨ តាមរយៈ ការចូលរួមរបស់ រុស្ស៊ី

ម៉ូស្គូ អំពី គំនិតលោក ត្រាំ ស្តារឡើងវិញ ហ្សេ-៨ តាមរយៈ ការចូលរួមរបស់ រុស្ស៊ី ជំនួប​លោក ត្រាំ និង​លោក ម៉ាក្រុង នៅ​ជំនួប G7 REUTERS/Philippe Wojazer

    រដ្ឋបាល សរអា នឹងធ្វើការងារ ដើម្បីត្រឡប់ទៅកាន់ រូបមន្ត ហ្សេ-៨ វិញ ដោយមាន ការចូលរួម របស់​ប្រទេស​រុស្ស៊ី - សេចក្តីនេះ ថ្លែងថ្ងៃ ២៨ សីហា ក្នុងសម្ភាសន៍ ទៅកាណាល់ទូរទស្សន៍ Fox News ដោយ ប្រមុខការទូតអាមេរិក លោក Mike Pompeo ។ ប៉ុន្តែ ព្រឹទ្ធសមាជិកមួយក្រុម ខាងគណបក្ស ប្រជាធិបតេយ្យ បានផ្ញើជូនលោកប្រធានាធិបតី ដូណាល់ ត្រាំ គឺ លិខិតមួយច្បាប់ ជាទីដែល​គេ​សំដែង​​នូវ ការមិនយល់ព្រម នឹង គំនិតស្តារឡើងវិញ ក្រុម ៨ ប្រទេសនោះ តាមការអញ្ជើញរុស្ស៊ី ឲ្យចូលរួមក្នុងការងារ ហ្សេ-៧ នៅឆ្នាំក្រោយ។ សំណើ ឲ្យទទួល រុស្ស៊ីវិញ ក្រោយពីប្រទេសនេះ ត្រូវ​បាន​ឆូតឈ្មោះចេញពី ហ្សេ-៨ ក្នុងឆ្នាំ ២០១៤ មកពីការភ្ជាប់យកទឹកដី គ្រីមេ របស់អ៊ុយក្រែន បានញ៉ាំងឲ្យមានការជល់សំដីគ្នាយ៉ាង តឹង សរសៃ ក រវាងមេដឹកនាំអាមេរិក និង សមភាគីឯទៀត ក្នុង ហ្សេ-៧ នាកិច្ចប្រជុំកំពូល នៅក្រុងបារាំង ប្យារីត្ស ប៉ុន្មានថ្ងៃមុន។ ។ តើ​រុស្ស៊ីផ្ទាល់ ប្រកាន់ ទស្សនៈ​យល់ឃើញយ៉ាងណាដែរ ចំពោះ សាច់រឿង នេះ។

    តាំងពី ១០ ថ្ងៃមុនម៉្លេះ ក្នុងជំនួបការងារជាមួយ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅឯ និវេសនដ្ឋានរដូវក្តៅរបស់គាត់ ក្នុងកូនបន្ទាយ Bregançon ប៉ែកខាងត្បូងស្រុកបារាំង ប្រធានាធិបតី រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដោយឆ្លើយតបនឹងសំនួរអ្នកកាសែត ទាក់ទងនឹងរឿងនេះ បានថ្លែងថា ឥឡូវ ហ្សេ-៨ លែងមានរូបរាងទៀតឡើយ ដូច្នេះ រុស្ស៊ី មិនអាចវិលត្រឡប់ទៅកាន់អ្វី ដែល បាត់រូបទៅហើយ។

    តាមសំដីលោក ពូទីន រុស្ស៊ី មិនប្រកែកឡើយនឹង ធ្វើសហប្រតិបត្តិការ ជាមួយប្រទេសទាំងឡាយ ក្នុង ទ្រង់ទ្រាយផ្សេង បែបយ៉ាង ក្រុម ២០ ប្រទេស ដែលមាន​សេដ្ឋកិច្ច​ហំហួន​ជាងគេ ដែលក្នុងនោះ  ក្រៅពី គ្រប់តែ ៧ ប្រទេស មហាអំណាចឧស្សាហកម្មពិភពលោក ហៅថា ហ្សេ-៧ ក៏មានទាំង ប្រទេសធំៗឯទៀត ដែលជាមួយគេ រុស្ស៊ី តែងសហការណ៍​ប្រកប​ដោយ​ផ្លែផ្កា។ មិនតែប៉ុណ្ណោះ ហ្សេ-២០ តំណាង​ឲ្យ ៨៥% ឯណោះ នៃ ផលិតផលក្នុងស្រុកសរុប ផ.ស.ស.ពិភព​លោក និង ៧៥% នៃ ពាណិជ្ជកម្មពិភពលោក បូក ទាំង ពាណិជ្ជកម្មផ្ទៃក្នុង ២៨ ប្រទេស សហភាពអឺរ៉ុបផងនិង តំណាងឲ្យ ២ភាគ៣ នៃចំនួនបណ្តាជនលើ ផែនដី។ គឺបន្ទាប់មក ក្នុងជំនួប​កំពូល​ ហ្សេ-៧ នៅក្រុងបារាំង ប្យ៉ារីត្សពីថ្ងៃ ២៤ ដល់ ២៦ សីហាកន្លងទៅ ដែល លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបន្លឺឡើងនូវគំនិតគាត់ ចង់អញ្ជើញ សមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ទៅចូលរួមក្នុងជំនួប កំពូលហ្សេ-៧ នេះ ដែលនឹងប្រព្រឹត្តទៅឆ្នាំក្រោយ នៅសរអា។ ប៉ុន្តែ បញ្ហារុស្ស៊ី នេះ បានបង្កឲ្យមានការទាស់សំដីគ្នា រវាងលោក ត្រាំ និង មេដឹកនាំឯទៀត ក្នុង ហ្សេ-៧។

    តាមកាសែតអង់គ្លេស The Guardian ចុះផ្សាយឲ្យដឹង យោង​ទៅលើ​ប្រភព​ច្បាស់​ការណ៍​របស់​ខ្លួន ៖ ក្នុងពិធី ទទួលទានអាហារជាផ្លូវការជាលើកដំបូង លោកប្រធានាធិបតី សរអា  ដូណាល់ ត្រាំ បានថ្លែងថា ល្មមដល់ពេល  បង្វែរប្រទេសរុស្ស៊ី មកក្នុង ក្លឹបនៃវរប្រទេស  វិញហើយ។ ពីព្រោះមិនអាច ពិភាក្សាបញ្ហា អន្តរជាតិដែលប្រកបដោយបច្ចុប្បន្នភាព បែបយ៉ាង អ៊ីរ៉ង់ ស៊ីរី កូរ៉េខាង​ជើង​ ដោយគ្មាន ម៉ូស្គូ ចូលរួម ។ គំនិតលោក ត្រាំ  ត្រូវបានគាំទ្រ ដោយនាយករដ្ឋមន្ត្រីអ៊ីតាលី លោក  Giuseppe Conte  ចំណែក លោក នាយករដ្ឋមន្ត្រី ជប៉ុន Shinzo Abe ប្រកាន់ជំហរអព្យាក្រឹត។ ជប៉ុន ត្រូវដោះស្រាយបញ្ហាអំបូរកោះគួរីល ជាមួយរុស្ស៊ី តាមរយៈការចុះសន្ធិសញ្ញាសន្តិភាព។  មេដឹកនាំ ៥ ប្រទេសទៀត ក្នុង ហ្សេ-៧  នាំគ្នាថ្លែង ជំទាស់យ៉ាងខ្លាំង ទល់នឹងការវិលត្រឡប់វិញនៃ ប្រទេសរុស្ស៊ី។ ពិធីទទួលទានអាហារនេះ បានប្រព្រឹត្តទៅ ក្នុង លក្ខណៈបិទទ្វារ។ ទំនាស់នោះ មិន​បាន​ត្រូវគេដឹងយ៉ាងក្បោះក្បាយ ឡើយ។ ប៉ុន្តែប្រភពរបស់ The Guardian ជូនជាដំណឹងថា ការជជែកគ្នា បានឡើងដល់កម្រិត តឹង សរសៃ ក។ ជាការកត់សម្គាល់ ប្រទេសដែលជំទាស់ នាំគ្នាចងជាលក្ខខ័ណ្ឌ ឲ្យរុស្ស៊ី បំពេញសិន តាមកិច្ចព្រមព្រៀង ក្រុងមីនស្គ៏ ស្តីអំពី​ដំណោះស្រាយ​ស្ថានការណ៍នៅតំបន់បះបោរខាងកើតអ៊ុយក្រែន។ ចំពោះការទាមទារនេះ  រុស្ស៊ី ធ្លាប់​បាន​គូស​បញ្ជាក់​ម្តងហើយ ម្តងទៀតថា ខ្លួនមិនមែនជាភាគីជាប់ក្នុង ជម្លោះ នៅតំបន់នោះឡើយ។ វា​ជា​រឿង​ផ្ទៃ​ក្នុង​អ៊ុយក្រែន។ គឺ ក្រុងគៀវដែល ត្រូវបំពេញតាមលក្ខខ័ណ្ឌចែងក្នុងកិច្ចព្រមព្រៀងនោះ ប៉ុន្តែ បស្ចិម​លោក មិនដាក់គំនាប់លើអ៊ុយក្រែនឲ្យបំពេញតាមឯកសារនោះឡើយ ដោយបន្តទម្លាក់ទោស មកលើ រុស្ស៊ី ដើម្បី តាមយោបល់ម៉ូស្គូ គាំពារប្រទេសនេះ ទុកសម្រាប់ប្រើជាឧបករណ៍ ប្រឆាំងរុស្ស៊ី។

    ប្រឆាំងខ្លាំង បំផុត គឺ កាណាដា ដែលក្នុងប្រទេសនេះ មាន សហគមន៍ជនជាតិអ៊ុយក្រែន រស់នៅ​ច្រើន​សំបើម ដល់ទៅ ជាង ១ លាន ២ សែន នាក់។ តាមមតិពួកអ្នកវិភាគនៅរុស្ស៊ី ៖ លោកត្រាំ ប្រាថ្នា ឲ្យរុស្ស៊ី វិលត្រឡប់ទៅ ហ្សេ-៨ វិញ គឺ ដើម្បី ប្រឡេះ រុស្ស៊ី ចេញពីការឱបរឹទ្ធ ជាមួយ​ចិន​ប៉េកាំង​ ដែល សម្រាប់អាមេរិកលោកត្រាំ ប្រែក្លាយទៅហើយ ជាគូប្រជែង ធំបំផុត ទាំងខាង​ផ្នែក​ពាណិជ្ជកម្ម ទាំងខាងផ្នែកសព្វាវុធ ទាល់តែ គាត់អុកឡុក ទាមទារឲ្យមានចិនជា ហត្ថលេខីដែរ ទើប សរអា សុខចិត្តវិលត្រឡប់ ទៅចុះជា កិច្ចព្រមព្រៀងអន្តរជាតិថ្មីខាងត្រួតពិនិត្យលើ ការ រំសាយ​សព្វាវុធ។ ក្នុងផ្ទៃនៃ ទំនាស់ក្នុង ហ្សេ-៧ មកពី បញ្ហារុស្ស៊ី វិមានក្រេមឡាំងថ្លែងថា ខ្លួនត្រៀមពិនិត្យ​មើល សេចក្តី អញ្ជើញ ឲ្យរុស្ស៊ីទៅចូលរួមក្នុងជំនួប កំពូលហ្សេ-៧នោះ ដែលនឹងប្រព្រឹត្តទៅនៅ សរអា ឆ្នាំក្រោយ - ការ នេះ ថ្លែងថ្ងៃ ២៥ សីហា ដោយ អ្នកនាំពាក្យផ្លូវការរបស់ ប្រធានាធិបតីរុស្ស៊ី លោក Dmitri Peskov ។ អ្នកនាំពាក្យនេះ របស់វិមានក្រេមឡាំង សង្កត់ធ្ងន់ថា ៖ -ប្រាកដណាស់ វិលត្រឡប់ទៅកាន់ ហ្សេ-៧ វិញ តែតាមសេចក្តីអញ្ជើញ របស់ភាគីតែមួយ គឺ មិនអាច ប្រព្រឹត្ត ទៅ​កើត​ឡើយ ពីព្រោះនៅទីនោះ រាល់តែសេចក្តីសម្រេច គឺ អនុម័ត ដោយវិធី Consensus ។

    ព្រម ជាមួយ នេះ រុស្ស៊ី មិនប្រកែកទេ ពីទំនាក់ទំនង តាម រូបមន្តណាក៏ដោយ ហើយរុស្ស៊ី ក៏គ្មាន​បំណង​ បង្ខំ ភាគីណាមួយ ឲ្យ គេអញ្ជើញខ្លួន ទៅចូលរួមឡើយ។ គោលជំហរបែបនេះ ក៏ រំលេច​ឲ្យ​ឃើញ​ទាំង ដោយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ ៖ -ស្ថានការណ៍ដែលមាន នាំ​ឲ្យ​កើត​ឡើង ជា ចំណាប់អារម្មណ៍ថា បណ្តាសមាជិក នៃក្រុមប្រទេស ហ្សេ-៧ ខ្លួនឯងផ្ទាល់ ដូចជា ខំ​បញ្ចុះបញ្ចូល​គ្នាទៅវិញទៅមក ។ រុស្ស៊ីផ្ទាល់ គ្មាននិស្ស័យអ្វី នឹងការពិភាក្សា នេះ ឡើយ ។ រុស្ស៊ី មិន​បាន​ពឹងពាក់អ្វី លើនរណាឡើយ។ រុស្ស៊ី មិនបានធ្វើសំណូមពរអ្វីណា ទៅកាន់ សមាជិក ណាមួយ ឡើយ របស់ ហ្សេ-៧ ហើយ ក៏ គ្មានបំណងធ្វើសំណូមពរបែបនេះឡើយ។

    ដំណើរជីវិតផ្ទាល់ ជាទូទៅ បានយាត្រាទៅមុខ ឆ្ងាយ ទៅហើយ - លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ គូស​បញ្ជាក់។ ប្រធានាធិបតីអាមេរិកាំង ក្នុងសន្និសីទកាសែតបូកសរុប តុល្យាការនៃ ជំនួបកំពូល G-7 នៅក្រុង ប្យ៉ារីត្ស បានថ្លែងយ៉ាងប្តូរផ្តាច់ ៖

    តើខ្ញុំនឹងអញ្ជើញ លោក ពូទីន ឫទេ? ប្រាកដណាស់ ខ្ញុំនឹងអញ្ជើញគាត់។ តើលោក ពូទីន ដែលជា មនុស្ស មានមោទនភាព ខាងផ្លូវចិត្ត អាចទៅ សរអា ចូលរួមក្នុងជំនួបកំពូលនោះឬទេ? តាមយោបល់ខ្ញុំ នេះ ជាកិច្ចការដ៏ស្មុគស្មាញ សម្រាប់រូបគាត់។ លោក ត្រាំ គូសបញ្ជាក់ថា គាត់មិនខ្វល់ទេ តើផលវិបាកយ៉ាងណាដែលនឹងកើតឡើង សម្រាប់ រូបគាត់ផ្ទាល់ ដោយមកពីការអញ្ជើញមេដឹកនាំរុស្ស៊ី ទៅចូលរួមក្នុងជំនួបកំពូលនោះ ៕

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ