អានតួអត្ថបទ
ព្រៃអាម៉ាហ្សូន

ព្រៃអាម៉ាហ្សូន៖ យូណេស្កូ​អំពាវនាវ​ឲ្យ​ពង្រឹង​យន្តការ​ដើម្បី​ការពារ​សម្បត្តិ​រួម​របស់​មនុស្សជាតិ

ក្រុមប្រទេស​មាន​ព្រៃ​អាម៉ាហ្សូន នៅថ្ងៃ​សុក្រម្សិលមិញ បាន​បើក​ជំនួបកំពូល​នៅ​ប្រទេស​កូឡុំប៊ី ដើម្បី​ស្វែងរក​វិធានការ ការពារ និង​អភិរក្ស​ព្រៃអាម៉ាហ្សូន ព្រៃត្រូពិក​ធំជាងគេ​នៅលើ​ពិភពលោក ដែល​សព្វថ្ងៃ កំពុង​រងបំផ្លាញ ដោយ​ភ្លើងឆេះព្រៃ។ ទន្ទឹម​នឹង​ការបើកជំនួបកំពូល​របស់​ក្រុមប្រទេស មាន​ព្រៃអាម៉ាហ្សូន អគ្គនាយិកា​អង្គការ​យូណេស្កូ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចូលរួម ពង្រឹង​យន្តការ​របស់​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក ដើម្បី អាច​ការពារ​សម្បត្តិ​ធម្មជាតិ​រួម​របស់​មនុស្សជាតិ ឲ្យ​បាន​ល្អប្រសើរ​ជាងនេះ។ 

ភ្នាក់ងារ​ពន្លត់អគ្គិភ័យ​ពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន​ក្នុង​ទឹកដីប្រេស៊ីលថ្ងៃទី ៤​កញ្ញា ២០១៩
ភ្នាក់ងារ​ពន្លត់អគ្គិភ័យ​ពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន​ក្នុង​ទឹកដីប្រេស៊ីលថ្ងៃទី ៤​កញ្ញា ២០១៩ ©REUTERS/Amanda Perobelli
ផ្សាយពាណិជ្ជកម្ម

តើ​មនុស្សជាតិ​អាច​ការពារ​ព្រៃប្រឹក្សា ដែល​ជា​សម្បត្តិ​ធម្មជាតិ​រួម​របស់ខ្លួន​ដែរឬទេ? សំណួរនេះ ត្រូវ​បាន​គេ​ចោទសួរ​ជាថ្មី នៅពេល​ក្រុមប្រទេស​អាមេរិកឡាទីន ចំនួន ៦ កំពុង​ត្រៀម​បើកជំនួបកំពូល ស្តីពី​ព្រៃអាម៉ាហ្សូន។ ព្រៃ ត្រូពិក​អាម៉ាហ្សូន ដែល​ជា​សួត​របស់​ផែនដី ប៉ុន្តែ ដែល​កំពុង​រងបំផ្លាញ ដោយសារ​ភ្លើងឆេះព្រៃ និង​ការកាប់បំផ្លាញ។

ជំនួបកំពូល​ស្តីពី​ព្រៃអាម៉ាហ្សូន នឹង​គ្មាន​វត្តមាន​ចូលរួម​របស់​ប្រធានាធិបតី​ប្រេស៊ីល ដែល​កំពុង​រងការរិះគន់​ថា យឺតយ៉ាវ គ្មាន​ចេតនា​ចង់​ពន្លត់ភ្លើងឆេះព្រៃ អាម៉ាហ្សូន ក្នុង​ទឹកដី​ប្រេស៊ីល។

សម្រាប់​លោកស្រី Audrey Azoulay អគ្គនាយិការ​អង្គការ​យូណេស្កូ យន្តការ​ដើម្បី​ការពារ​ព្រៃធម្មជាតិ ដែល​ជា​សម្បត្តិរួម​របស់​មនុស្សជាតិ មាន​រួចហើយ ដូចជា​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក ឬ បណ្តាញ​តំបន់​ជីវមណ្ឌល Biosphère របស់​អង្គការ​យូណេស្កូ​ជាដើម។ អ្វីដែល​គេ​ត្រូវ​បន្ត គឺ​គ្រាន់តែ​ពង្រឹង និង​អនុវត្ត​យន្តការ​ទាំងនោះ ឲ្យ​បាន​ច្បាស់លាស់ និង​ម៉ត់ចត់​តែប៉ុណ្ណោះ។

លោកស្រី អគ្គនាយិការ​របស់​យូណេស្កូ​អំពាវនាវ​ចង់​ឲ្យ​គ្រប់រដ្ឋាភិបាល​ក្នុង​លោក ផ្តល់​សច្ចាប័ន​លើ​យន្តការ​របស់​យូណេស្កូ បន្ថែម បង្កើន​តំបន់ព្រៃ​អភិរក្ស ហើយ​និង​ពង្រឹង​មធ្យោបាយ​ដើម្បី​តាមដាន ការពារ​បន្ថែមទៀត។

ដោយ​ចាត់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក យូណេស្កូ​បាន​បង្កើន​ទំហំ​ព្រៃបៃតង ហើយ​និង​សម្បត្តិ​វប្បធម៌ជាច្រើន ដែល​គេ​ត្រូវ​ចូលរួមការពារ និង​អភិរក្ស។ ​ជីវមណ្ឌល ១២​កន្លែង របស់​ព្រៃអាម៉ាហ្សូន ហើយ​និង​ព្រៃ​អាម៉ាហ្សូន ប្រមាណ ៦លាន​ហិចតា ពោល​គឺ​ស្មើ​នឹង​១%​នៃ​ទំហំព្រៃ​អាម៉ាហ្សូន​សរុប ត្រូវ​បាន​ចាត់ចូល​ក្នុង​បញ្ជី​ការពារ​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ។

យូណេស្កូ អាច​ជួយ គាំទ្រ តម្រង់ទិស ប៉ុន្តែ មិនអាច​ទទួល​ខុសត្រូវ ធ្វើការ​ជំនួស ម្ចាស់រដ្ឋ​នីមួយៗ​នោះទេ។ នេះជា​ការរំលឹក​របស់​ប្រធាន​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក​របស់​យូណេស្ក។ សម្រាប់​យូណេស្កូ ដើម្បី ដោះស្រាយ​បញ្ហា ក្នុង​រយៈពេល យូរអង្វែង គេ​ត្រូវ​គិតគូរ បង្កើត​គម្រោង ដែល​ជួយ ផ្សព្វផ្សាយ​ចំណេះដឹង​ស្តីពី​សារៈសំខាន់​នៃ​ព្រៃធម្មជាតិ ដល់​ប្រជាជន​ម្ចាស់ស្រុក។ មួយវិញទៀត គេ​ត្រូវគិតគូរ​ផងដែរ ពី​មធ្យោបាយ​ដ៏សំខាន់មួយ ដែល​គេ​ត្រូវ​ផ្តល់ទៅឲ្យ​ប្រជាជន​ដែល​រស់នៅ​ជុំវិញ ព្រៃអាម៉ាហ្សូន ដើម្បី​ឲ្យ​ពួកគេ​បាន​ប្រាក់ចំណូល​ថ្មី ដោយ​មិនចាំបាច់​ត្រូវជីករ៉ែ កាប់ដើមឈើ ឬ​ដុតព្រៃ ដើម្បី​យកដី ធ្វើចំការ ឬ​ចិញ្ចឹមសត្វ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ