អានតួអត្ថបទ
អ៊ីរ៉ង់

អ៊ីរ៉ង់​ប្រកាស​ប្រើម៉ាស៊ីនទំនើប​ដើម្បី​បង្កើន​បរិមាណ​ស្តុក​សារធាតុ​អ៊ុយរ៉ាញ៉ូម

ទៅតាម​ការសន្យា​របស់ខ្លួន អ៊ីរ៉ង់ នៅថ្ងៃ​សៅរ៍​ទី ៧​កញ្ញា​នេះ បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ម៉ាស៊ីន​ទំនើប ៤០គ្រឿង ដើម្បី ចម្រើន​សារធាតុ​អ៊ុយរ៉ាញ៉ូម។ នេះជា​ចំណាត់ការ​ថ្មី​មួយ​ទៀត​របស់​អ៊ីរ៉ង់ ដើម្បី កាត់បន្ថយ ការគោរព​សន្យា របស់​អ៊ីរ៉ង់ ដែល​មាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ឆ្នាំ ២០១៥។ ចាប់តាំង​ពី​ខែ ឧសភា​មក អ៊ីរ៉ង់​បាន​កាត់បន្ថយ​ការគោរព កិច្ចសន្យា របស់ខ្លួន ដែល​មាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀង នៅ​បន្ទាប់​ពី​អាមេរិក​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង និងបណ្តា​ប្រទេស​ហត្ថលេខី នៅ​អឺរ៉ុប មិនអាច​ជួយ​ការពារ​អ៊ីរ៉ង់ ពីការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក។ 

អនុរដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់Abbas Araqchi (ស្តាំ), អ្នកនាំពាក្យ​របស់ទីភ្នាក់ងារថាមពល​នុយក្លេអ៊ែរអ៊ីរ៉ង់Behrouz Kamalvandi, (ឆ្វេង) និង​អ្នកនាំពាក្យរដ្ឋាភិបាល Ali Rabiei នៅក្នុង​សន្និសីទ​កាសែតថ្ងៃទី ៧​កញ្ញា ២០១៩
អនុរដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់Abbas Araqchi (ស្តាំ), អ្នកនាំពាក្យ​របស់ទីភ្នាក់ងារថាមពល​នុយក្លេអ៊ែរអ៊ីរ៉ង់Behrouz Kamalvandi, (ឆ្វេង) និង​អ្នកនាំពាក្យរដ្ឋាភិបាល Ali Rabiei នៅក្នុង​សន្និសីទ​កាសែតថ្ងៃទី ៧​កញ្ញា ២០១៩ ©Tasnim News Agency/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

តាមអ្នកនាំពាក្យ​របស់ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ម៉ាស៊ីន​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម ទំនើប​ថ្មី ចំនួន ៤០​គ្រឿង​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ តាំង​ពីថ្ងៃ​សុក្រ​ម្សិលមិញ។ ជាមួយ ម៉ាស៊ីន​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ម៉ាស៊ីន​មុនៗ អ៊ីរ៉ង់​មាន​គោលដៅ បង្កើន​បរិមាណ​ស្តុក សារធាតុ​អ៊ុយរ៉ាញ៉ូម ដែល​ចម្រើន​រួចហើយ នៅ​ក្នុង​ឃ្លាំង​របស់ខ្លួន។

ការដាក់​ឲ្យ​ដំណើរការ​ម៉ាស៊ីន​ទំនើប ដើម្បី​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម គឺ​ជា​ការរំលោភ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ដែល​បាន​តម្រូវ​ឲ្យ​អ៊ីរ៉ង់ ប្រើប្រាស់​តែ​ម៉ាស៊ីន​ជំនាន់​ទី១​ប៉ុណ្ណោះ ដើម្បី ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម។

រងគំនាប​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់អាមេរិក ដែល​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង នុយក្លេអ៊ែរ និងអសកម្ម​របស់​ប្រទេស​ហត្ថលេខី​អឺរ៉ុប​ផ្សេងទៀត ដែល​មិនអាច​ជួយ​ការពារ​អ៊ីរ៉ង់​ពី ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់អាមេរិក អ៊ីរ៉ង់​បាន​ប្រកាស​ដោះដៃ​បន្តិចម្តងៗ ពីការគោរព​តាម​កិច្ចសន្យា ដែល​មាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀង។ នៅ​ថ្ងៃទី ១​កក្កដា​កន្លងទៅ អ៊ីរ៉ង់​បាន​ប្រកាស​ពី​បរិមាណ​ស្តុក​សារធាតុ​អ៊ុយរ៉ាញ៉ូម លើស​ពី​ចំនួន​ដែល​កំណត់​ដោយ​កិច្ចព្រមព្រៀង។ នៅ​ខែ​ដដែល អ៊ីរ៉ង់ បាន​ប្រកាស​ចម្រើន​សារធាតុ​អ៊ុយរ៉ាញ៉ូម​របស់ខ្លួន ដល់​កម្រិត ៣,៦ភាគរយ។

តាម​អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​ថាមពល​អ៊ីរ៉ង់ បច្ចុប្បន្ននេះ អ៊ីរ៉ង់ គ្មានផែនការ​ដើម្បី​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម ឲ្យ​ដល់​២០ភាគរយ​នោះទេ។ ប្រសិន​បើ​អ៊ីរ៉ង់ សម្រេច​ចិត្តធ្វើ​នៅថ្ងៃ​ណាមួយ អ៊ីរ៉ង់ ត្រូវ​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម ឲ្យ​ដល់​កម្រិត ៤,៥%ជាមុន​សិន។

សកម្មភាព​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម អាច​បង្កើន​អ៊ីសូតូប​ទៅ​ត្រឹម ៣% ឬ​៤% ដើម្បី​យក​ទៅ​ប្រើប្រាស់ សម្រាប់​រោងចក្រ​អគ្គិសនី​នុយក្លេអ៊ែរ។ ក៏ប៉ុន្តែ បើ​គេ​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម រហូតទៅដល់​កម្រិត ៩០% នោះ​គេ​អាច​យក​វា​ទៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន។

អ៊ីរ៉ង់​លែង​គោរព​កិច្ចសន្យា​មួយចំនួន​របស់​កិច្ចព្រមព្រៀង ប៉ុន្តែ ភាគី​អ៊ីរ៉ង់​នៅតែ​ រក្សា​តម្លាភាព ពោល​គឺ​នៅតែ​អនុញ្ញាត​ឲ្យ​ទីភ្នាក់ងារ​ថាមពល​បរមាណូ អន្តរជាតិ AIEA ចូល​ទៅ​តាមដាន​សកម្មភាព​រោងចក្រ​នុយក្លេអ៊ែរ​ក្នុង​ទឹកដី​អ៊ីរ៉ង់ ដូចមុនដដែល។ តាម​គម្រោង ប្រធានទីភ្នាក់ងារ AIEA​នឹងជួប​ពិភាក្សា​ជាមួយ​ភាគី​អ៊ីរ៉ង់ នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ។ នៅ​ចំពោះមុខអ៊ីរ៉ង់ ដែល​ដកខ្លួន លែង គោរព​កិច្ចសន្យា​ទៅតាម​កិច្ចព្រមព្រៀង បារាំង អង់គ្លេស និង​អាល្លឺម៉ង់ ដែល​ជា​ហត្ថលខី​នៃ​កិច្ចព្រមព្រៀង បានទុក​ក្តីសង្ឃឹម​ខ្លាំង​លើ​ការងារ​ត្រួតពិនិត្យ របស់AIEA ដើម្បី បង្ការ​កុំ​ឲ្យ​អ៊ីរ៉ង់ អាច​លួច​ធ្វើ​សកម្មភាព​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម សម្រាប់​គោលដៅ​យោធា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ