អានតួអត្ថបទ
Brexit-អង់គ្លេស

សំណុំរឿង Brexit ជាប្រធានបទនៃជំនួបរវាងនាយករដ្ឋមន្រ្តីអង់គ្លេស និងនាយករដ្ឋមន្រ្តីអៀរឡង់

នៅ​ថ្ងៃ​ចន្ទ ទី៩ កញ្ញា នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​បូរីស ចនសុន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អៀរឡង់។ នៅ​ក្នុង​ទីក្រុង​ឌុយប្លាំង លោក​ចនសុន​ជួប​ជាមួយ​សមភាគី​អៀរឡង់​លោក​ឡេអូ វ៉ារ៉ាដការ​ដើម្បី​និយាយ​ពី​សំណុំរឿង Brexit។ គួរ​រម្លឹក​ថា គឺ​ព្រំដែន​រវាង​អៀរឡង់ខាងជើង និង​ប្រទេស​អៀរឡង់​ដែល​កំពុង​បន្ត​ក្លាយ​ជា​រឿង​ចម្រូងចម្រាស​ខ្លាំង​រវាង​សហភាពអឺរ៉ុប និង​ប្រទេស​អង់គ្លេស។ ដោយឡែក វត្តមាន​របស់​លោក​ចនសុន​ក្នុង​ទឹកដី​អៀរឡង់​ពេល​នេះ​ធ្វើ​ឡើង ក្នុង​ពេល​ដែល​សភា​អង់គ្លេស​ត្រៀម​សម្រេច និង​មិន​សម្រេច​លើក​ពេល​បោះឆ្នោត​សភា​អង់គ្លេស​មុន​កាលកំណត់។

នាយករដ្ឋមន្រ្តី​អៀរឡង់​លោក Leo Varadkar (រូបឆ្វេង) និងសមភាគី​អង់គ្លេស​លោក Boris Johnson ថ្ងៃទី៩ កញ្ញា ២០១៩ ក្នុង​ទីក្រុង​ឌុយប្លាំង ប្រទេស​អៀរឡង់
នាយករដ្ឋមន្រ្តី​អៀរឡង់​លោក Leo Varadkar (រូបឆ្វេង) និងសមភាគី​អង់គ្លេស​លោក Boris Johnson ថ្ងៃទី៩ កញ្ញា ២០១៩ ក្នុង​ទីក្រុង​ឌុយប្លាំង ប្រទេស​អៀរឡង់ REUTERS/Phil Noble
ផ្សាយពាណិជ្ជកម្ម

ជំនួប​រវាង​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​បូរីស ចនសុន និង​សមភាគី​អៀរឡង់​លោក​ឡេអូ វ៉ារ៉ាដការ​គ្រាន់​ជា​ជំនួប​ដើម្បី​សម្តែង​ការ​គួរសម​ដែល​លោក​វ៉ារ៉ាដការ​ចង់​ស្គាល់​លោក​ចនសុន​ដែល​ជា​នាយករដ្ឋមន្រ្តី​ថ្មី​អង់គ្លេស និង​ចង់​ដឹង​ពី​ជំហរ​របស់​គាត់​នៅ​ក្នុង​សំណុំរឿង​អៀរឡង់ខាងជើង។ តែ​សំណុំរឿង Brexit បាន​គ្របដណ្តប់​ខ្លាំង​នៅ​ក្នុង​កិច្ចសន្ទនា​រវាង​លោក​ចនសុន និង​លោក​វ៉ារ៉ាដការ។ គួរ​រម្លឹក​ថា បញ្ហា​ព្រំដែន​រវាង​អៀរឡង់ខាងជើង និង​ប្រទេស​អៀរឡង់​កំពុង​បន្ត​ក្លាយ​ជា​រឿង​ចម្រូងចម្រាស​ខ្លាំង​រវាង​អង់គ្លេស និង​សហភាព​អឺរ៉ុប។ តែ​លោក​វ៉ារ៉ាដការ​បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទកាសែត​ជា​មួយ​លោក​ចនសុន​ថា​ពេល​នេះ សហភាព​អឺរ៉ុប​នៅ​មិន​ទាន់​បាន​ទទួល​សំណើ​ថ្មី​ពី​អង់គ្លេស​ដើម្បី​អាច​បន្ត​ការ​ចរចា​រឿង Brexit នៅ​ឡើយ​ទេ។

វត្តមាន​របស់​លោក​ចនសុន​ក្នុង​ទឹកដី​អៀរឡង់​ពេល​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​សភា​អង់គ្លេស​ត្រូវ​សម្រេច ឬ​​មិន​សម្រេច​ឲ្យ​មាន​ការ​បោះឆ្នោតសភា​មុន​កាលកំណត់។ កាល​ពី​សប្តាហ៍​មុន សភា​អង់គ្លេស​បាន​ច្រាលចោល​ម្តង​ហើយ​លើ​ញត្តិ​របស់​លោក​ចនសុន​ដែល​សុំ​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​សភា​មុន​កាលកំណត់។ បើ​តាម​មើល​ទៅ បំណង​ប្រាថា្ន​លើកទី២ របស់​លោក​ចនសុន​ក៏​នឹង​ទទួល​បរាជ័យ​ដែរ ព្រោះ​ដើម្បី​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​បាន លោក​ចនសុន​ត្រូវ​រក​សម្លេង​គាំទ្រ​ចំនួន ២ភាគ៣ ពី​សមាជិកសភា។ តែ​បញ្ហា​នៅ​ត្រង់​ថា រដ្ឋាភិបាល​របស់​លោក​លែង​មាន​សម្លេង​ភាគច្រើន​នៅ​ក្នុង​សភា ហើយ​គណបក្សប្រឆាំង​ក៏​មិន​ចង់​រៀបចំ​បោះឆ្នោត​សភា​មុន​អាណត្តិ​នៅ​ពេល​នេះ​ដែរ។

គួរ​បញ្ជាក់​ថា​តាម​គម្រោង អង់គ្លេស​ត្រូវ​ចេញ​ពី​អឺរ៉ុប​នៅ​ថ្ងៃទី៣១ តុលា ទោះ​មាន ឬ​គ្មាន​កិច្ចព្រមព្រៀង ហើយ​លោក​ចនសុន​ក៏​បាន​រក្សា​ជំហរ​នេះ​ដែរ។ តែ​ក្រុមប្រឆាំង​នៅ​អង់គ្លេស​បាន​ប្រឆាំង​យ៉ាង​អហង្ការ​នឹង​ការ​ចាកចេញ​ដែល​គ្មាន​កិច្ចព្រមព្រៀង​ដោយ​ពួក​គេ​យល់​ថា នឹង​ផ្តល់​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​ប្រទេស​អង់គ្លេស ពិសេស​ក្នុង​វិស័យ​សេដ្ឋកិច្ច។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​សប្តាហ៍​មុន ក្រុមប្រឆាំង​បាន​អនុម័ត​លើ​ច្បាប់​មួយ​ដែល​តម្រូវ​ឲ្យ​ពន្យារ​ពេល​ចាកចេញ​រយៈពេល ៣ខែ​បន្ថែម​ទៀត ពោល​រហូត​ដល់​ថ្ងៃទី៣១ មករា ឆ្នាំ ២០២០ ប្រសិន​បើ​លោក​ចនសុន​មិន​ទទួល​បាន​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​អឺរ៉ុប​ពី​ពេល​នេះ​ដល់​ថ្ងៃទី១៩ តុលា​ទេ​នោះ។ តែ​នៅ​ថ្ងៃ​អាទិត្យ ទី៨ កញ្ញា លោក​ចនសុន​បាន​បញ្ជាក់​ឡើង​វិញ​ដោយ​បដិសេធ​ការ​ពន្យារពេល​ថ្មី​ដែល​លោក​យល់​ថា​គ្មាន​ប្រយោជន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ