ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/11 12h00 GMT
អឺរ៉ុប

គណៈកម្មការអន្តរជាតិ៖ផលវិបាកចេញពីបម្រែបម្រួលអាកាសធាតុជារឿងចៀសមិនរួច តែពិភពលោកត្រូវរកវិធីសម្របខ្លួន

media  
លោកបាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ AFP

នៅ​ថ្ងៃ​អង្គារ ទី១០ កញ្ញា គណៈកម្មការ​អន្តរជាតិ​ស្តីពី​ការ​បន្ស៊ាំ ឬ​សម្រប​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​បញ្ហា​អាកាសធាតុ។ របាយការណ៍​បាន​បញ្ជាក់​ថា ពិភពលោក​ចៀស​មិន​រួច​ពី​ការ​ប្រឈម​នឹង​ផលវិបាក​កើត​ចេញ​ពី​បម្រែបម្រួល​អាកាសធាតុ និង​ត្រូវ​តែ​រក​វិធី​ដើម្បី​សម្របខ្លួន​តាម។ សូម​ជម្រាប​ថា គណៈកម្មការ​មួយ​នេះ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៨ តាម​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​ហូឡង់ និង​ដែល​បច្ចុប្បន្ន​បាន​ចូលរួម​ដោយ ១៩ប្រទេស​ផ្សេង​ទៀត។ គណៈកម្មការ​មួយ​នេះ​ដឹកនាំ​រួម​គ្នា​ដោយ​លោក​បាន គីមូន អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​លោក Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft និង​ជា​សកម្មជន​ដើម្បី​អាកាសធាតុ។

របាយការណ៍​របស់​គណៈកម្មការ​អន្តរជាតិ​ស្តីពី​ការ​បន្ស៊ាំ ឬ​សម្រប​មិនមែន​សំដៅ​រារាំង​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​លើ​ភពផែនដី​ទេ តែ​ជា​ការ​ជួយ​លើក​ទឹកចិត្ត​បន្ថែម និង​ជំរុញ​ពិភពលោក​ឲ្យ​ត្រៀម​ដើម្បី​រក​វិធី​សម្របខ្លួន​ទៅ​នឹង​ស្ថានភាព​ជាក់ស្តែង។ របាយការណ៍​បាន​លើក​ឡើង​ដោយ​មិន​លាក់លៀម​ថា ផលវិបាក​កើត​ចេញ​ពី​បម្រែបម្រួល​អាកាសធាតុ​ជា​រឿង​ចៀស​មិនរួច និង​ដែល​ពិភពលោក​ត្រូវ​ត្រៀម​ខ្លួន​ដើម្បី​សម្រប​តាម។ របាយការណ៍​បាន​ផ្តោត​លើ ៥ចំណុច​ដែល​ជា​វិធី​សម្របខ្លួន​តាម ទី១ បង្កើត​ប្រព័ន្ធ​ប្រកាស​អាសន្ន​ឲ្យ​ទំនើប ទាន់​សម័យ ទី២ កសាង​រចនាសម្ព័ន្ធ​ថ្មី​តម្រូវ​តាម ទី៣ រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​ធ្វើ​កសិកម្ម ទី៤ ការពារ​ប្រព័ន្ធ​អេកូឡូស៊ី និង​ទី៥ ការពារ​ប្រភព​ទឹក។

តាម​របាយការណ៍​ដដែល ប្រសិន​បើ​ពិភពលោក​រៀបចំ​ខ្លួន​ត្រឹមត្រូវ​ដើម្បី​សម្រប​តាម​នឹង​បម្រែបម្រួល​អាកាសធាតុ វា​នឹង​អាច​ហុច​ប្រយោជន៍​ច្រើន​សម្រាប់​ពិភពលោក រួម​មាន ទទួល​បាន​កំណើន​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍន៍ ការ​ជួយ​ជីវិត​មនុស្ស ឬ​មួយ​ចូលរួម​ការពារ​ធម្មជាតិ​ជា​ដើម។ ឧទាហរណ៍​ជាក់ស្តែង​នៅ​ក្នុង​ការ​ធ្វើ​កសិកម្ម​ត្រូវ​បាន​របាយការណ៍​លើក​ឡើង​ថា បើ​គ្មាន​ការ​រៀបចំ​យុទ្ធសាស្រ្ត​ដើម្បី​សម្រប​តាម​នឹង​បម្រែបម្រួល​អាកាសធាតុ​ទេ ផលិតផល​កសិកម្ម​នឹង​អាច​ធ្លាក់​ចុះ​ចំនួន ៣០% ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៥០។ ចំណែក​ចំនួន​មនុស្ស​ខ្វះ​ទឹក​ប្រើប្រាស់​នឹង​កើន​ពី ៣ ៦០០លាននាក់​ទៅ​ជាង ៥ ០០០លាននាក់​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៥០។

របាយការណ៍​បាន​ទទួល​ស្គាល់​ថា យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​លើ​ភពផែនដី​កំពុង​បន្ត​មាន​យ៉ាង​សកម្ម ហើយ​បើ​ទោះ​បី​ជា​ពិភពលោក​អាច​ទប់ស្កាត់​កុំ​ឲ្យ​សីតុណ្ហភាព​កើន​លើស​ពី ២អង្សារ​ក៏​ដោយ ក៏​ពិភពលោក​មិន​អាច​ចៀស​ពី​ផលវិបាក​កើត​ចេញ​ពី​បម្រែបម្រួល​អាកាសធាតុ​បាន​ឡើយ ដូច​ជា​កំណើន​សីតុណ្ហភាព ទឹកសមុទ្រឡើង ព្យុះសង្ឃរា​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង និង​មិន​អាច​ដឹង​មុន​បាន។ ដូច្នេះ ពិភពលោក​គួរ​តែ​នាំ​គ្នា​ប្រឹងប្រែង​ស្វែង​រក​វិធី​ដើម្បី​សម្របខ្លួន​តាម​វិញ​ទើប​ប្រសើរ នេះ​ជា​ការ​អំពាវនាវ​របស់​របាយការណ៍៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ