ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
អឺរ៉ុប

តុលាការស្កុតឡែនថា ការព្យួរសភារបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោកបូរីស ចនសុន គឺខុសច្បាប់

media  
នាយករដ្ឋមន្រ្តីអង់គ្លេសលោកបូរីស ចនសុន REUTERS/Phil Noble/File Photo

នៅ​ក្នុង​ប្រទេស​អង់គ្លេស នាយករដ្ឋមន្រ្តី​លោក​បូរីស ចនសុន​បាន​ទទួល​ទទួល​បរាជ័យ​ថ្មី​មួយ​ទៀត​ដោយ​នៅ​ថ្ងៃ​ពុធ ទី១១ កញ្ញា តុលាការ​ស្កុតឡែន​បាន​ចាត់​ទុក​ការ​ព្យួរ​សភា​របស់​លោក​ចនសុន​ថា​ជា​រឿង​ខុស​ច្បាប់ និង​បាន​តម្រូវ​ឲ្យ​លោក​ចនសុន​លើក​ការ​ព្យួរ​នោះ​ចេញ​វិញ។ ចំណែក​អ្នក​ទទួល​ជោគជ័យ គឺ​ក្រុម​អ្នក​ប្រឆាំង​នឹង​ការ​ព្យួរ​សភា​របស់​លោក​ចនសុន។ ទោះ​ជា​យ៉ាង​នេះ​ក្តី រដ្ឋាភិបាល​ទីក្រុង​ឡុងដ៏​មិន​សុខចិត្ត​ដោយ​បាន​បញ្ជាក់​តប​វិញ​ថា ខ្លួន​នឹង​លើក​យក​សំណុំរឿង​នេះ​ទៅ​ប្តឹង​តុលាការកំពូលទីក្រុងឡុងដ៏​នៅ​ថ្ងៃ​អង្គារ ទី១៧ កញ្ញា​សប្តាហ៍​ក្រោយ។

គឺ​ជា​រឿង​អាម៉ាស់មុខ​ថ្មី​មួយ​ទៀត​សម្រាប់​លោក​បូរីស ចនសុន​ដែល​ចៅក្រម​ទាំង ៣រូប​នៅ​តុលាការ​ស្កុតឡែន​បាន​យល់​ឃើញ​ថា ការ​ព្យួរ​សភា​របស់​លោក​ចនសុន​ជា​រឿង​ខុស​ច្បាប់ និង​ថា ហេតុផល​នៃ​ការ​ព្យួរ​សភា​របស់​លោក​ចនសុន​បាន​ធ្វើ​ឡើង​ក្នុង​បំណង​បន្ត​យុទ្ធសាស្រ្ត​ខ្លួន​ដើម្បី​ឲ្យ​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​នៅ​ថ្ងៃទី៣១ តុលា។ ដូច្នេះ អ្វី​ដែល​តុលាការ​ស្កុតឡែន​បាន​សម្រេច​ពេល​នេះ​ជា​ជោគជ័យ​មួយ​សម្រាប់​ក្រុម​ប្រឆាំង​នឹង​ការ​ព្យួរ​សភា​របស់​លោក​ចនសុន ពិសេស​ក្រុម​អ្នកតំណាងរាស្រ្ត​អង់គ្លេស​គាំទ្រ​អឺរ៉ុប​ចំនួន ៨០រូប​ដែល​ជា​អ្នកប្តឹង​ទៅ​តុលាការ​ស្កុតឡែន។ អ្នកតំណាងរាស្រ្ត​ទាំង ៨០រូប​បាន​មើល​ឃើញ​ថា ទង្វើ​របស់​លោក​ចនសុន​គឺ​ដើម្បី​រារាំង​សភា​កុំ​ឲ្យ​បោះឆ្នោត​ប្រឆាំង​នឹង​ការ​ចាក​ចេញ​របស់​អង់គ្លេស​ពី​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង។

លោក Keir Starmer អ្នក​នាំពាក្យ​របស់​គណបក្ស​ឡាបួរ​ដែល​ជា​គណបក្សប្រឆាំង​បាន​អះអាង​ថា គ្មាន​នរណា​ម្នាក់​បាន​ជឿ​លើ​ហេតុផល​របស់​លោក​ចនសុន​ក្នុង​ការ​ព្យួរ​សភា​ទេ និង​បាន​អំពាវនាវ​ឲ្យ​លើក​ការ​ព្យួរ​នេះ​ចេញ​វិញ​ជា​បន្ទាន់។ ចំណែក​រដ្ឋាភិបាល​ទីក្រុង​ឡុងដ៏​បាន​សម្តែង​ការ​ខកចិត្ត​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ស្កុតឡែន និង​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ប្តឹង​ទៅ​តុលាការកំពូល​ក្នុង​ទីក្រុង​ឡុងដ៏​នៅ​ថ្ងៃ​អង្គារ ទី១៧ កញ្ញា។ បើ​តុលាការកំពូល​ទីក្រុង​ឡុងដ៏​សម្រេច​ដូច​តុលាការ​ស្កុតឡែន​ដែរ លោក​ចនសុន​គ្មាន​ជម្រើស​ផ្សេង​ក្រៅ​ពី​ដាក់​ឲ្យ​ក្រុមតំណាងរាស្រ្ត​បោះឆ្នោត​នូវ​ញត្តិ​មួយ​ចង់​ដឹង​ថា តើ​ពួក​គេ​ចង់​បន្ត​ព្យួរ​សភា​ទៀត ឬ​អត់?។

ចម្លើយ​អាច​នឹង​ដឹង​មុន គឺ​ពិត​ជា​អត់​ទេ។ គួរ​រម្លឹក​ថា លោក​ចនសុន​បាន​សម្រេច​ព្យួរ​សភា​តាំង​ពី​យប់​ថ្ងៃ​ចន្ទ​ឆ្លង​ចូល​ថ្ងៃ​អង្គារ ទី១០ កញ្ញា និង​បន្ត​រហូត​ដល់​ថ្ងៃទី១៤ តុលា ពោល ២សប្តាហ៍​មុន​នឹង​អង់គ្លេស​ចាក​ចេញ​ពី​អឺរ៉ុប​នៅ​ថ្ងៃទី៣១ តុលា។ លោក​ចនសុន​បាន​បញ្ជាក់​ច្រើន​ដង​ថា អង់គ្លេស​ត្រូវ​ចេញ​ពី​អឺរ៉ុប​ដូច​បាន​គ្រោង​ទុក ទោះ​មាន ឬ​គ្មាន​កិច្ចព្រមព្រៀង។ តែ​សភា​ទើប​បាន​បោះឆ្នោត​ប្រឆាំង​នឹង​ការ​ចាកចេញ​គ្មាន​កិច្ចព្រមព្រៀង និង​តម្រូវ​ឲ្យ​លោក​ចនសុន​ទៅ​ចរចា​ជាមួយ​អឺរ៉ុប​ដើម្បី​រក​បាន​កិច្ចព្រមព្រៀង​នៅ​មុន​ថ្ងៃទី១៩ តុលា។ បើ​មិន​ដូច្នេះ​ទេ លោក​ចនសុន​ត្រូវ​សុំ​អឺរ៉ុប​ពន្យារ​ពេល​ចាកចេញ ៣ខែ​បន្ថែម​ទៀត ពោល​ដល់​ថ្ងៃទី៣១ មករា ឆ្នាំ ២០២០។ បន្ទាប់​មក សភា​ក៏​បាន​ច្រានចោល​ការ​សុំ​រៀបចំ​បោះឆ្នោត​សភា​មុន​កាល​កំណត់​របស់​លោក​ចនសុន​ដែរ។ តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ទៀត​នៅ​ពេល​ខាង​មុខ?។ គេ​ត្រូវ​រង់​ចាំ​មើល​នៅ​ពេល​ក្រោយ​​ទៀត៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ