អានតួអត្ថបទ
វិទ្យាសាស្រ្ត

តារាវិទូ​រកឃើញ​ទឹក​នៅ​ភពមួយ ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ

ការស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្រ្ត​ដើម្បី ស្វែងរក​ភព​ដែល​គេ​អាច​រស់នៅ​បាន កំពុង​ផ្តល់​ពន្លឺព្រាលៗ។ តាម​ការសិក្សា​មួយ ដែល​ចុះផ្សាយ នៅក្នុង​ទស្សនាវដ្តី Nature Astronomy កាលពី​ថ្ងៃ​ពុធម្សិលមិញ តារាវិទូ បាន​អះអាង​ថា គេ​រកឃើញ ជាលើកទី១ ចំហាយ​ទឹក នៅពីលើ​ភព​មួយ ដែល​ស្ថិតនៅ​ក្រៅប្រព័ន្ធ​ព្រះអាទិត្យ។ រកឃើញ​មាន​ចំហាយទឹក នៅពីលើ​ភព ក្នុង​តំបន់​ដែល​អាច​រស់នៅបាន ជា​ដំណាក់កាល​ថ្មី​មួយ​ទៀត​របស់​អ្នកវិទ្យាសាស្រ្ត ដែល​កំពុង​ស្រាវជ្រាវ​រកជីវិត នៅក្រៅ​ភពផែនដី។ 

ភពក្រៅប្រព័ន្ធព្រះអាទិត្យ ឈ្មោះ K2-18b ដែល​មាន​ព្រះអាទិត្យ​ផ្ទាល់​របស់វា មានម៉ាសធំជាង​ផែនដី​ដល់ទៅ ៨ដង ត្រូវ​បាន​គេរកឃើញថា មាន​ទាំងទឹក និង​សីតុណ្ហភាព​សមស្រប​ដែល​អាច​ទ្រទ្រង់ជីវិត
ភពក្រៅប្រព័ន្ធព្រះអាទិត្យ ឈ្មោះ K2-18b ដែល​មាន​ព្រះអាទិត្យ​ផ្ទាល់​របស់វា មានម៉ាសធំជាង​ផែនដី​ដល់ទៅ ៨ដង ត្រូវ​បាន​គេរកឃើញថា មាន​ទាំងទឹក និង​សីតុណ្ហភាព​សមស្រប​ដែល​អាច​ទ្រទ្រង់ជីវិត ©Credits: ESA/Hubble, M. Kornmesser
ផ្សាយពាណិជ្ជកម្ម

ភព​ដែល​តារាវិទូ​រកឃើញ​មាន​ចំហាយទឹក មាន​ឈ្មោះ​ថា K2-18b​ដែល​ស្ថិតនៅ​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ និង​ដែល​ស្ថិតនៅ​ចម្ងាយ ១១០ឆ្នាំ​ពន្លឺ​ពី​ភពផែនដី។ ភព K2-18b ត្រូវ​បាន​តេឡេស្កុប អវកាស​អាមេរិក Kepler រកឃើញ​នៅ​ឆ្នាំ ២០១៥។ នេះ​ជា​លើក​ទី​១ ដែល​គេ​រកឃើញ​មានចំហាយ​ទឹក នៅ​ក្នុងបរិយាកាស​របស់​ភព​មួយ ដែល​ស្ថិតនៅ​ក្នុង​តំបន់​អាច​មាន​អំណោយផល​ដល់ជីវិត ដែល​ភាសា​បារាំង​ហៅថា la zone habitable។

ភពមួយ ដែល​ស្ថិតនៅ​ក្នុង​តំបន់​ដែល​អំណោយផល​ដល់​ជីវិត មានន័យថា ភពនោះ ស្ថិតនៅ​មិន​ជិត ផ្កាយពេក ឬ​ព្រះអាទិត្យ​របស់វា ដែល​ធ្វើ​ឲ្យ​មាន​សីតុណ្ហភាព​ក្តៅពេក ហើយ​ក៏​មិន​នៅ​ឆ្ងាយ​ពី​ផ្កាយ​ពេក ដែល​ធ្វើ​ឲ្យ​មាន​សីតុណ្ហភាព​ត្រជាក់ពេក។ ពោល​គឺ​វា​ស្ថិតនៅ​ក្នុង​តំបន់​ដែល​មាន​សីតុណ្ហភាព​សមល្មម អាច​ឲ្យ​ទឹក​មាន​សភាព​រាវ ដែលអាច​អំណោយផល នៃការកកើត​ជីវិត ដូចភពផែនដី​របស់យើង។

តាម​ក្រុម​តារាវិទូ របស់​សកលវិទ្យាល័យ​ទីក្រុង​ឡុងដ៍ ដែល​ជា​អ្នកស្រាវជ្រាវ​រកឃើញ​ខាងលើ គេ​នៅ​មិន​ទាន់​ហ៊ានកំណត់​ទេ​ថា មាន​ទឹក​រាវ នៅ​លើ​ផ្ទៃភព K2-18b ប៉ុន្តែ ការរកឃើញ ចំហាយទឹក នៅក្នុង​បរិយាកាស​របស់​ភព ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ មួយនេះ អាច​ឲ្យ​ជឿ​ថា វាអាច​ទៅរួចដែល ភព​នេះ​មាន​ទឹករាវ ដូច​ផែនដី។

តារាវិទូ​បាន​សំគាល់​ឃើញ​មាន​ចំហាយ​ទឹក​នៅលើ​ភពក្រៅផែនដី K2-18b តាមរយៈ​ការសិក្សា​លើ​ទិន្នន័យ​ដែល​បាន​មកពី​តេឡេស្កុបអវកាស ហឺបល ពីឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០១៧។

គឺ​ការសិក្សា​ទៅលើ ពន្លឺ​របស់​ផ្កាយ ដែល​ឆ្លងកាត់​បរិយាកាស​នៃ​ភព ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ អាច​ឲ្យ​គេ​សន្និដ្ឋាន​បាន​ពី​សញ្ញា​នៃ​ម៉ូលេគុល​របស់​ចំហាយទឹក។

អ្វីដែល​គេរកឃើញ​នៅលើ​ភព​ក្រៅប្រព័ន្ធព្រះអាទិត្យ គ្រាន់តែ​ជា​ចំហាយទឹក​នៅក្នុង​បរិយាកាស​របស់ភព។ គេ​នៅមិនទាន់ដឹងច្បាស់ តើ​មានទឹក រាវ​នៅលើ​ផ្ទៃដី​របស់ភព​ដែរឬទេ។ និង​ថា តើ​អាច​មាន​ជីវិត​លូតលាស់ នៅលើ​ភពនោះ​ដែរឬយ៉ាងណានោះទេ។

គេ​នៅទន្ទឹង​រង់ចាំ​ដាក់​ឲ្យ​ដំណើរការ​តេឡេស្កុប​អវកាស​ទំនើបថ្មី មួយទៀត នាពេល​ខាងមុខ គឺ​តេឡេស្កុប ចេមស៍វេប ដើម្បី​ធ្វើការ​សិក្សា​លម្អិត ទៅលើ​ភពនេះ និង​ភព​ដទៃទៀត ដែល​គេ​បាន​រកឃើញ​នៅក្រៅប្រព័ន្ធព្រះអាទិត្យ​កន្លងមក។

ទីភ្នាក់ងារ​អវកាស​ណាសា ធ្លាប់​បាន​រកឃើញ មាន​ភព នៅក្រៅប្រព័ន្ធព្រះអាទិត្យ ចំនួន ១០៣០ ប៉ុន្តែ មាន​តែ​ភព​មួយចំនួន​តូច ដែល​ត្រូវ​បាន​ជ្រើសរើស មក​សិក្សា វិភាគ​ដើម្បី ដឹងថា តើ​ភពទាំងនោះ មាន​លក្ខខណ្ឌ អំណោយផល​ដូចភពផែនដី​ដែរឬទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ