No deal Brexit៖ឯកសាររបស់រដ្ឋាភិបាលអង់គ្លេស ព្រមានពីភាពចលាចល និងការខ្វះខាតស្បៀងនៅអង់គ្លេស
ចុះផ្សាយនៅថ្ងៃ៖
នាយករដ្ឋមន្រ្តីអង់គ្លេស លោកបូរីស ចនសុន កាន់តែធ្វើឲ្យភាគីចរចាអឺរ៉ុបរង្គាសចិត្ត ចំណែក នៅក្នុងប្រទេសវិញ លោកបូរីស ចនសុនកំពុងបង្កឲ្យមានមតិរិះគន់ខ្លាំងៗ នៅក្រោយ ការចុះផ្សាយជាផ្លូវការ ឯកសាររបស់រដ្ឋាភិបាលមួយស្តីពីសេណារីយ៉ូដ៏អាក្រក់ ដែលអាចកើតមាន នៅ អង់គ្លេស នៅក្នុងករណីអង់គ្លេស ដើរចេញ ពីសហភាពអឺរ៉ុប ដោយគ្មានកិច្ចព្រមព្រៀង ឬ No deal Brexit។
ទៅតាមការទាមទាររបស់សមាជិកសភា អង់គ្លេស រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី បូរីស ចនសុនបានចេញផ្សាយឯកសារ ៥ទំព័រមួយ ដែលលើកឡើងពីសេណារីយ៉ូ អាក្រក់ៗ ដែលអង់គ្លេស អាចជួបប្រទះ ក្នុងករណីដែលអង់គ្លេសដើរចេញពីសហភាពអឺរ៉ុប ដោយគ្មានកិច្ចព្រមព្រៀង។
រដ្ឋាភិបាលរបស់លោកចនសុន បានយល់ព្រមចុះផ្សាយ ឯកសារសម្ងាត់មួយនេះ នៅយប់ថ្ងៃពុធ ពោល គឺនៅ២ថ្ងៃក្រោយសភា ផ្អាកការប្រជុំ។ ឯកសារដែលរដ្ឋាភិបាលអង់គ្លេសចេញផ្សាយ ជាផ្លូវការ កាលពីយប់ថ្ងៃពុធ មានឈ្មោះថា ប្រតិបត្តិការYellowhammer។
នៅមុនការផ្អាកការងារប្រជុំសភា សមាជិកសភា៩នាក់ មកពីគណបក្សប្រឆាំងបានទាមទារឲ្យរដ្ឋាភិបាលចុះផ្សាយជាសាធារណៈ ឯកសារដែលរដ្ឋាភិបាល បានចងក្រងឡើង កាលពីថ្ងៃទី ២សីហា ទាក់ទងនឹងប្រតិបត្តិការ Yellowhammer ដែលបែក លេចធ្លាយ ចុះផ្សាយដោយកាសែត អង់គ្លេស ម្តងហើយ កាលពីសីហាកន្លងទៅ។
ឯកសារដែលសរសេរចងក្រងដោយខុទ្ធការល័យរបស់លោកនាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន បានលើកឡើង ពីផលប៉ះពាល់ទៅលើវិស័យសេដ្ឋកិច្ច និងសង្គមអង់គ្លេស នៅក្នុងករណីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ដោយគ្មានកិច្ចព្រមព្រៀង។
គណបក្សប្រឆាំងមានការសោកស្តាយ ព្រោះថា ការចុះផ្សាយនៅថ្ងៃពុធ ហាក់យឺតពេល ព្រោះ សមាជិកសភា បានឈប់ សម្រាកតាំងពីថ្ងៃអង្គារ ពោល គឺមិនអាច ប្រជុំដើម្បី ទាមទារឲ្យរដ្ឋាភិបាលពន្យល់ពីប្រតិបត្តិការYellowhammer។
នៅក្នុងឯកសារកម្រាស ៥ទំព័រ រដ្ឋាភិបាលរបស់លោកបូរីស ចនសុនវាយតម្លៃថា ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ដោយគ្មានកិច្ចព្រមព្រៀង នឹងអាចបង្កឲ្យមានតាំងពី បញ្ហាសេដ្ឋកិច្ច រហូតដល់សន្តិសុខ។ ជារួម អាជ្ញាធរអង់គ្លេសបានព្រមានពីភាពរអាក់រអួល ក្នុងរយៈពេលខ្លី នៅក្នុងវិស័យគន្លឹះចំនួន ១២ ដូចជា ការផ្គត់ផ្គង់ទឹកស្អាត ចំណីអាហារ សុខភាព ការដឹកជញ្ជូន ខ្សែបន្ទាត់ព្រំដែន ហើយនិងសណ្តាប់ធ្នាប់សាធារណៈ នៅក្រោយ អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ដោយគ្មានកិច្ចព្រមព្រៀង។
នៅពេលអង់គ្លេស ចាកចេញពីជាផ្លូវការ នៅថ្ងៃទី ៣១តុលា អង់គ្លេស នឹងមានខ្សែព្រំដែន ឡើងវិញ ជាមួយ បារាំង ដែលជាសមាជិកមួយរបស់សហភាពអឺរ៉ុប។ អាជ្ញាធរអង់គ្លេសវាយតម្លៃថា ការត្រួតពិនិត្យ នៅកំពង់ផែ ច្រកព្រំដែនជាមួយបារាំង នឹងបង្កឲ្យមានការកកស្ទះ និងធ្វើឲ្យចរាចរណ៍ ឡានដឹកទំនិញអង់គ្លេស ថយចុះ ជាងពាក់កណ្តាល។ ភាពរអាក់រអួល ក្នុងការដឹកជញ្ជូន នឹងធ្វើឲ្យអង់គ្លេសអាចប្រឈមនឹងបញ្ហាខ្វះខាតស្បៀងអាហារ ការផ្គត់ផ្គង់ ថ្នាំពេទ្យ និងគ្រឿងបរិក្ខាពេទ្យ។
វិបត្តិខ្វះខាតស្បៀង នឹងអាចមានរយៈពេលយ៉ាងតិច ៣ខែ ហើយ អ្នកដែលអាចរងប៉ះពាល់ជាងគេ គឺប្រជាជនថ្នាក់មធ្យម នៅពេលទំនិញមានកាន់តែតិច និងកាន់តែឡើងថ្លៃ។ ជាយថាហេតុ វិបត្តិខ្វះស្បៀង នឹងអាចបង្កឲ្យភាពចលាចល បាតុកម្ម និងភាពតានតឹង ការប្រឈមដាក់គ្នារវាងប្រជាជនក្នុងសហគមន៍។ នៅពេលទំនិញកាន់តែខ្សត់ក្រ យ៉ាងដូច្នេះ អាជ្ញាធរអង់គ្លេសបានព្រមានផងដែរ ពីការរីកដុះដាល ទីផ្សារងងឹត ការជួញដូរខុសច្បាប់ នៅព្រំដែនរវាងខេត្តអៀរឡង់ខាងជើងរបស់អង់គ្លេស ជាមួយ ប្រទេសអៀរឡង់ ដែលជាសមាជិករបស់សហភាពអឺរ៉ុប។
លោកចនសុន៖ អង់គ្លេសត្រៀមខ្លួនរួចហើយ និងការដើរចេញ ដោយគ្មានកិច្ចព្រមព្រៀង
នៅក្នុងឯកសាររបស់របស់ខ្លួន រដ្ឋាភិបាល អង់គ្លេសបានលើកឡើងពីផលប៉ះពាល់ តាំងពីសេដ្ឋកិច្ចដល់បញ្ហាសន្តិសុខសង្គម បើសិនអង់គ្លេស ចាកចេញ ពីសហភាពអឺរ៉ុប ដោយគ្មាន កិច្ចព្រមព្រៀង។ ប៉ុន្តែ សម្រាប់នាយករដ្ឋមន្រ្តីអង់គ្លេស លោកបូរីស ចនសុន នោះគឺគ្រាន់តែជាសេណារីយ៉ូដ៏អាក្រក់ ដែលមន្រ្តីរាជការអង់គ្លេសអាចជួបប្រទះតែប៉ុណ្ណោះ។ ប៉ុន្តែ តាំងពីលោកចូលដឹកនាំរដ្ឋាភិបាល លោកបានចាត់វិធានការជាច្រើន ដើម្បី ឲ្យអង់គ្លេសអាចត្រៀមខ្លួន នៅថ្ងៃកំណត់មកដល់។
លោកចនសុន ចង់ឲ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប នៅថ្ងៃទី ៣១តុលា នោះបើទោះបីជាសភាបោះឆ្នោត ទាមទារឲ្យលោកចរចា ពន្យារលើកថ្ងៃ ជាមួយភាគីអឺរ៉ុបក្តី។
នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកបូរីស ចនសុនបានអះអាងថា រដ្ឋាភិបាលរបស់លោកនឹងព្យាយាមចរចា រកកិច្ចព្រមព្រៀងជាមួយ ភាគីអឺរ៉ុប។ ប៉ុន្តែ បើសិន អង់គ្លេស ត្រូវចេញជាផ្លូវការពីសហភាពអឺរ៉ុប នៅថ្ងៃទី ៣១តុលាខាងមុខ ដោយ គ្មានកិច្ចព្រមព្រៀង អង់គ្លេសគឺនៅតែត្រៀមខ្លួនរួចហើយ ទាំងផ្នែកកំពង់ផែ កសិដ្ឋាន ហើយនិងគ្រប់ឧស្សាហកម្មទាំងអស់របស់អង់គ្លេស។
សម្រាប់ អ្នកតំណាងរបស់សហភាពអឺរ៉ុប ក្នុងការចរចាBrexit ជំហរនយោបាយរបស់លោកនាយករដ្ឋមន្រ្តីអង់គ្លេស បូរីសចនសុន ធ្វើឲ្យគេគ្មានសង្ឃឹម គ្មានសុទិដ្ឋិនិយមទេថា ការចរចា នៅថ្ងៃ ទី ១៧កញ្ញាខាងមុខនឹងផ្តល់លទ្ធផលជាវិជ្ជមាននោះ។
ភាគីអឺរ៉ុបអះអាងថា គេនៅតែរង់ចាំសំណើណាមួយរបស់អង់គ្លេស។ ប៉ុន្តែ រហូតមកដល់ថ្ងៃនេះ រដ្ឋាភិបាលអង់គ្លេសនៅតែមិនទាន់លើកសំណើអ្វីច្បាស់លាស់។ ដូច្នេះ សេណារីយ៉ូ អង់គ្លេស ដើរចេញពីអឺរ៉ុប គ្មានកិច្ចព្រមព្រៀង គឺកាន់តែលេចច្បាស់ឡើង។
សម្រាប់ប្រធានសភា អឺរ៉ុប អង់គ្លេសដើរចេញពីអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀង គឺជាការទទួលខុសត្រូវទាំងស្រុងរបស់អង់គ្លេស។ ជាលទ្ធផល អង់គ្លេសត្រូវគោរពធ្វើតាមការសន្យារបស់ខ្លួន ដូចជាការគោរព សិទ្ធិពលរដ្ឋអឺរ៉ុប បង់ប្រាក់ទៅតាមកាតព្វកិច្ច ដែលមានចែងក្នុងកិច្ចព្រមព្រៀង ជាមួយប្រទេសអៀរឡង់ជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ