អានតួអត្ថបទ

ដាណឺម៉ាក ដាំដើមឈើ១​លាន​ដើម​បាន​មកពី​​កម្មវិធី​ទូរទស្សន៍​ដើម្បី​អាកាសធាតុ

កម្មវិធីប្រមូល​មូលនិធិ​តាម​​ទូរទស្សន៍​ ដែលផ្តួច​ផ្តើម​​ធ្វើដើម្បី​អាកាសធាតុ ​ជា​លើក​ទី​មួយបង្អស់ នៅ​លើ​ពិភពលោក បាន​អនុញ្ញាត​ឱ្យ​​ដាណឺម៉ាក ​ប្រមូលថវិកា​បាន​ ពីរលាន​បួន​សែន​អឺរ៉ូ។ តាម​រយៈ​ថវិកា​នេះ ដាណឺម៉ាក នឹង​អាច​ដាំ​ដើមឈើ បាន​១​លាន​ដើម នៅ​​ចុង​ខែ​តុលា​ខាង​មុខ។

សិស្ស​សាលា​ដាណឺម៉ាក កំពុង​ដាំ​កូន​ឈើ​​នៅ​ Drastrup រូបថត​ឆ្នាំ២០០៩
សិស្ស​សាលា​ដាណឺម៉ាក កំពុង​ដាំ​កូន​ឈើ​​នៅ​ Drastrup រូបថត​ឆ្នាំ២០០៩ AFP PHOTO / HENNING
ផ្សាយពាណិជ្ជកម្ម

អ្នក​ផ្តួច​ផ្តើម​គំនិត​រំពឹង​ថាកម្មវិធីប្រមូល​មូលនិធិ​ដើម្បី​អាកាសធាតុតាមទូរទស្សន៍​ Téléthon ​នឹង​អាច​ប្រមូល​ថវិកា​បាន​ចំនួន​២៧០០០០០០​អឺរ៉ូ។ កម្មវត្ថុ​វិះ​តែ​សម្រេច ព្រោះ​នៅទីបំផុត ដាណឺម៉ាក បាន​ទទួល​ជំ​នួយ ២លាន​បួន​សែន​អឺរូ​ សម្រាប់​យក​ទៅ​ទិញ​កូន​ឈើ​ដាំ​បាន​១​លាន​ដើម​ នៅ​ទូទាំង​ប្រទេស។ ជាង​នេះ​ទៅ​ទៀត ២០%​នៃ​មូលនិធិប្រមូល​បាន​ នឹង​ត្រូវ​រក្សា​ទុក​សម្រាប់​បុព្វហេតុ​ថែរក្សា​និង​អភិរក្ស​ព្រៃឈើដែល​មាន​ស្រាប់​នៅ​ដាណឺម៉ាក និង​នៅ​បរទេស។

នេះ​ជា​ចូល​រួម​ចំណែក​ដ៏​​តិច​តួច​ណាស់ បើគិត​លំដាប់​ពិភពលោក​ តែ​ជាចំនួន​​ដ៏​ច្រើន​បំផុត ​បើ​យោល​ទៅ​លើ​ចំនួន​​ប្រជាជនដាណឺម៉ាក ដែល​មាន​​ប្រមាណ​៥​លាន​នាក់ប៉ុណ្ណោះ ! ពលរដ្ឋ​ដាណឺម៉ាក ៨៣% ចាត់​ទុក​ការ​ប្រែប្រួល​​អាកាសធាតុ​ជាបញ្ហា​ដ៏​ធ្ងន់ធ្ងរ។ ហើយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​​បញ្ហា​អាកាសធាតុ គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ដាំដើម​ឈើ​ឡើយ នេះ​បើ​តាមការ​បញ្ជាក់​របស់​អ្នក​ស្រាវជ្រាវ​ ព្រោះ​ដើមឈើ​ និងរុក្ខជាតិ​ ជា​អ្នក​ស្រូប​ឧស្ម័ន​កាបូនិក​ដែល​បង្ក​ឱ្យ​មាន​ឧស្ម័ន​ផ្ទះ​កញ្ចក់​ និង​បញ្ចេញ​អុកស៊ីហ្សែន ដែល​មនុស្ស​លោក​ត្រូវ​ការ​ដើម្បី​ដក​ដង្ហើម។ ​​បណ្តុះ​​ព្រៃ​ឈើ គ្រប​ដណ្តប់​ផែនដីប្រៀប​ដូច​ជា​ជួយ​​បង្កើន​ធនធានឱ្យ​ពិភពលោក។

នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ទូរទស្សន៍​មាន​រៀប​ចំ​កម្មវិធី​ថវិកា ស្តី​ពី​បញ្ហា​​អាកាសធាតុ។ កម្មវិធី​តេឡេតុង ធ្លាប់មាន​ធ្វើ​ក្នុង​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​អឺរ៉ុប និង​ស្ទើរ​ជា​រៀងរាល់​ឆ្នាំ​ដែរ​កន្លង​មក តែ​ដើម្បី​បាន​មូលនិធិ​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​វិស័យ​ស្រាវជ្រាវ​​វេជ្ជសាស្ត្រ និង​ជំងឺ​កម្រ​ប៉ុណ្ណោះ។ នាយក​មូលនិធិ​Growing Trees Network ដែល​ចូល​រួម​ក្នុង​កម្មវិធី​តេឡេតុង​នេះ​ដែរ បាន​ពន្យល់​ថា កម្មវិធី​ប្រមូល​មូលនិធិ​ដើម្បី​អាកាសធាតុ​នេះ ជា​វិធី​បញ្ច្រាប​ព័ត៌មាន​ដល់​ពលរដ្ឋ​អំពី​កាយវិការ​ដ៏​សាមញ្ញៗ​ នៃ​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​អាកាសធាតុ។

ការ​ដាំ​ដើម​ឈើ​ ដែល​បាន​មក​ពី​ការ​ប្រមូល​វិភាគ​ទាន​ នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ចុង​ខែ​តុលា​ដល់​ចុង​ខែ​វិច្ឆិកា នៅ​តំបន់​ណា​ដែលភូមិ​ឃុំ ឬ​រដ្ឋ ឬ​វិហារ កាតូលិក​ ​ស្ម័​គ្រ​ចិត្ត​ឱ្យ​ដី​ដាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ