ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/10 12h00 GMT
អឺរ៉ុប

ម៉ូដែល​គណនា​ថ្មី​បង្ហាញ​ថា ការកើនឡើង​កំដៅផែនដី​មាន​សភាពធ្ងន់ធ្ងរ​ជាង​ការគិតទុក

media  
ផ្ទាំងទឹកកក​ Oscar IIនៅ ប្រទេស​ន័រវែស ថ្ងៃទី ៥​សីហា ២០១៩ ©REUTERS/Hannah McKay/File Photo

អ្នកវិទ្យាសាស្រ្ត​បារាំង បាន​រកឃើញ​ម៉ូដែល​គណនា ថ្មី ដែល​ធ្វើ​ឲ្យ​គេ​ដឹងថា ការកើនឡើង​កំដៅ​នៅ​លើ​ផែនដី មាន​សភាពធ្ងន់ធ្ងរ ជាង​ការគិតទុក​ពី​មុន ទៅទៀត។ ម៉ូដែល​ថ្មី​ពីរ​ដែល​អ្នកវិទ្យាសាស្រ្ត​បារាំង​បង្ហាញ នៅថ្ងៃ​អង្គារ​នេះ ត្រូវ​បាន​គេ​ប្រើ​រួច​ហើយ សម្រាប់​របាយការណ៍​ទី​៦ របស់​អង្គការ​សហប្រជាជាតិ ស្តីពី​អាកាសធាតុ ដែល​នឹង​ត្រូវ​ចេញផ្សាយ​ជាផ្លូវការ នៅ​ឆ្នាំ ២០២១​ខាងមុខ។

 

ជាមួយ ម៉ូដែល​គណនា​ថ្មី ដែល​សុក្រិត​ជាង​ម៉ូដែល​ចាស់ អ្នកវិទ្យាសាស្រ្ត​បារាំង​បាន​ព្រមាន​ពីការឡើង​កំដៅ​ផែនដី ក្នុង​កំរិត​មួយ​ខ្ពស់​ជាងការប៉ាន់ស្មាន​ទុកមុន ពោល គឺ​នៅ​ឆ្នាំ ២១០០ កំដៅ​លើផែនដី នឹង​អាច​កើនឡើង ពី​៦.៥ ទៅ ៧អង្សា ​បន្ថែមទៀត បើសិន ជា​គ្មាន​វិធានការ​កាត់បន្ថយ ការបញ្ចេញ​ឧស្ម័ន​កាបូនិក។

ការគណនា​របស់​ម៉ូដែល​ចាស់ ដែល​គេ​ធ្លាប់​ប្រើ​កន្លងមក​សម្រាប់ របាយការណ៍​អាកាសធាតុ ឆ្នាំ ២០១៤ បាន​បង្ហាញថា បើ​ប្រៀបធៀប​នឹង​សម័យ​បុរេឧស្សាហកម្ម កំដៅ លើ​ភពផែនដី នឹង​កើន​ឡើង​ប្រមាណ ៤,៥​អង្សា បន្ថែមទៀត នៅ​ឆ្នាំ ២១០០។ អាច​និយាយ​បាន​ថា ជាមួយ​នឹង​ម៉ូដែល​ថ្មី អ្នកវិទ្យាសាស្រ្ត​រកឃើញ​ថា កំដៅ​លើ​ផែនដី នឹង​អាច​កើនឡើង បន្ថែមទៀត ក្នុង​កម្រិត​មួយ​ខ្ពស់ ជាងការប៉ាន់ស្មាន​កន្លងមក ដែល​មាន​ត្រឹមតែ ៤.៥អង្សា ប៉ុណ្ណោះ។

ការគណនា ដោយ​ប្រើ​ម៉ូដែល​ថ្មី បាន​ជួយ​ឲ្យ​គេ​ដឹងដែរ​ថា នៅពេល បរិមាណ​ឧស្ម័ន​កាបូនិក​កើនឡើង កាន់តែ​ច្រើន នៅ​ក្នុង​បរិយាកាស នោះ ផែនដី ក៏​ងាយ​នឹង​ឆាប់ក្តៅ ទៅដែរ។ ផែនដី​ឡើង​កំដៅ ក្នុង​ល្បឿន​ដ៏លឿន​បែប​នេះ នឹង​ធ្វើ​ឲ្យ​គេ​មាន​ពេលវេលា​តិច ដើម្បី​សម្របខ្លួន និង​គំរាមកំហែង​ដល់​អាយុជីវិត អណ្តូង​ស្តុក​ឧស្ម័ន​ផ្ទះកញ្ចក់។ អ្នកវិទ្យាសាស្រ្ត​ធ្លាប់​វាយតម្លៃថា ដោយសារ​ការកើនឡើង​កំដៅ​លើ​ផែនដី ផ្ទាំង​ទឹកកក នៅតំបន់​ប៉ូល នឹង​អាច​រលាយ ពី ៣០ ទៅ ៩០ភាគរយ នៅ​ឆ្នាំ ២១០០។ ជាលទ្ធផល ឧស្ម័នផ្ទះកញ្ចក់ រាប់ពាន់​លាន​តោន ដែល​ធ្លាប់ ជាប់គាំង​ក្រោម​ផ្ទាំងទឹកកក នឹង​អាច​ហើរ​ទៅក្នុង​បរិយាកាស ដែល​រឹតតែ​ធ្វើឲ្យ​កំដៅ​លើ​ផែនដី មាន​សភាព​កាន់តែធ្ងន់ធ្ងរ។

ការរកឃើញ​ថ្មី របស់​អ្នកវិទ្យាសាស្រ្ត​បារាំង មិនមែន​ជា​ដំណឹង​ល្អ និង​គួរ​ឲ្យ​លើកទឹកចិត្ត​នោះទេ។ ការគណនា​ តាម​ម៉ូដែល​ថ្មី បាន​ធ្វើ​ឲ្យ​គេ​គិត​ថា ការប្រឹងប្រែង ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ផែនដី ឡើង​កំដៅ​បន្ថែម ទៀត ២អង្សា ដែល​មាន​ចែង​នៅក្នុង កិច្ចព្រមព្រៀង អន្តរជាតិ​ស្តីពីអាកាសធាតុ នោះ គឺ​ជារឿង​ដែលគេ​ពិបាកនឹង ​ធ្វើ​ទៅ​បាន។ ជាមួយ​នឹង​នយោបាយ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក​ដែល​ប្រទេស​ហត្ថលេខី​បាន​សន្យា នាពេល​សព្វថ្ងៃនេះ គេ​អាច​ត្រឹមជួយទប់​កំដៅ លើ​ផែនដី កើនឡើង ប្រមាណ ៣អង្សា បន្ថែមទៀត ប៉ុន្តែ មិនមែន ២អង្សា តាមការចែង​របស់​កិច្ចព្រមព្រៀង​នោះទេ។

តើ​ជីវិត​នៅលើ​ផែនដី នឹង​ទៅជា​យ៉ាងណា? រហូតមកដល់​ថ្ងៃនេះ កំដៅ លើ​ផែនដី បាន​កើនឡើង​ប្រមាណ ១អង្សាប៉ុណ្ណោះ បើប្រៀបធៀប​នឹង​សម័យ​បុរេឧស្សាហកម្ម។ កើនឡើង​កំដៅ ត្រឹម​១អង្សា ប៉ុន្តែ ផែនដី​បាន​ជួបប្រទះ​នឹង​គ្រោះមហន្តរាយធម្មជាតិ ដែល​កាន់តែ​ច្រើន និង​សាហាវ។ គ្រោះរាំងស្ងួត ទឹកជំនន់ ព្យុះសង្ឃរា រលកកំដៅ ដែលមាន​កាន់តែ​ច្រើន និង​រយៈពេលវែង បូកផ្សំ​នឹង​ការឡើងកំពស់​ទឹកសមុទ្រ គឺជាអ្វី​ដែល​អ្នកជំនាញ​ខាងអាកាសធាតុ​បាន​ព្រមានថា នឹង​អាចកើតឡើង កាន់តែច្រើន និង​ធ្ងន់ធ្ងរ នៅ​ទសវត្សរ៍​ខាងមុខ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ