អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកម៉ាក្រុងទៅអ៊ីតាលី​ដើម្បី​ផ្សះផ្សា​​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ឡើងវិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​នេះ ប្រធានាធិបតី​បារាំង លោក អេម៉ាណុយអែល ម៉ាក្រុង ត្រូវ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អ៊ីតាលី រយៈ​ពេល​ពីរ​បី​ម៉ោង ដើម្បី​​មាន​ជំនួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​​អ៊ីតាលី ដែល​ទើបប្តូរ​ផ្លាស់​សមាសភាព​​រដ្ឋាភិបាលចម្រុះ​​ថ្មី ដោយគ្មាន​រូប​អ្នក​ជាតិ​និយម​ជ្រុល​​ ម៉ាតេអូ សាល់វីនី Matteo Salvini។ សម្រាប់​បារាំង​ នេះ​ជា​ឱកាសថ្មី បង្ខិត​​ប៉ារីស និង​រ៉ូម ឱ្យ​ងាក​មក​គ្នា​វិញផង និង​ជា​ឱកាសផ្សះ​ផ្សា​ទំនាក់ទំនង​ដែល​តាន​តឹង​នឹង​គ្នា​ខ្លាំង នារយៈ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះមក​ផង។

លោក Emmanuel Macron និង​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី Giuseppe Conte (ឆ្វេង). រូបថត​កាលពី​ខែ​មិថុនា​២០១៨​។
លោក Emmanuel Macron និង​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី Giuseppe Conte (ឆ្វេង). រូបថត​កាលពី​ខែ​មិថុនា​២០១៨​។ YVES HERMAN / AFP
ផ្សាយពាណិជ្ជកម្ម

សញ្ញា​នៃ​ភាព​ចម្រូងចម្រាស​រវាង​បារាំង​និង​អ៊ីតាលី បាន​ចាប់​លេច​ឡើង​ នៅ​ក្នុង​ឆ្នាំ ២០១៧ ក្នុង​រវាង​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ ជុំ​វិញ សំណុំ​រឿង​បី ៖ លំហូរ​អន្តោប្រវេសន៍ ស្ថានភាព​នៅ​លីប៊ី និង​នយោបាយ​ឧស្សាហកម្ម ដោយ​បារាំង​បាន​គំរាម​ខ្ទប់​មិន​ឱ្យ​ក្រុមហ៊ុន​អ៊ីតាលី​ទិញ​ហ៊ុន​​ក្រុមហ៊ុន​​បារាំង​​។ ជម្លោះប្រេះឆា​ ត្រូវ​បាន​ផ្សះផ្សា ដោយ​មាន​កិច្ចខិតខំប្រឹង​ប្រែង​ផ្នែក​ការទូត​យ៉ាង​ខ្លាំង​។

​នៅ​ចុង​ខែ​មីនា ឆ្នាំ​២០១៨ ​ឧប្បត្តិហេតុ នៅ​តាម​ព្រំដែន​ បាន​រុញ​ច្រាន​បារាំង​និង​អ៊ីតាលី ឱ្យ​ធ្លាក់​ក្នុង​ភា​ព​តាន​តឹង​យ៉ាង​ខ្លាំង ជា​ថ្មី រហូត​មាន​ការ​កោះ​ហៅ​ឯកអគ្គរដ្ឋ​ទូត​ចូល​បំភ្លឺ​ផង។ មិន​បាន​ប៉ុន្មាន​ថ្ងៃ អ៊ីតាលី​មាន​រដ្ឋាភិបាលចម្រុះ​ថ្មី។​ អ្នក​ជាតិ​និយម​ជ្រុល នៃ​ចលនា​ផ្កាយ៥​ បានឈ្នះ​​ឆ្នោត​។ ​លោក ម៉ាតេអូ សាល់វីនី បានក្លាយ​ជា​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃអ៊ីតាលី។ ការ​វាយប្រហារដោយ​ពាក្យ​សំដី​ដាក់​គ្នា​ បាន​កើត​មាន​លើ​គ្រប់​វិស័យ  រហូត​ដល់​បារាំង​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ក្រុង​រ៉ូម​ត្រលប់​ចូល​ស្រុក​វិញ។ បុរស​ខ្លាំង​ទីពីរ​របស់​អ៊ីតាលី បាន​មក​គាំទ្រ​ចលនា​អាវកាក់​លឿង​នៅ​បារាំង​ទៀត។ ជា​ភាព​តានតឹង​ដែល​ពុំ​ធ្លាប់​កើត​មាន​ទេ គិត​ចាប់​ពី​សង្គ្រាម​លោក​លើក​ទីពីរ​មក។

នៅ​ពីក្រោយ​ភាព​តាន​តឹង​ឡើង​ដល់​កំរិត​កំពូល ប្រធានាធិបតី​អ៊ីតាលី​ដែល​មាន​តួនាទី​ជា​កិត្តិយស បានបើអំណាច​ដ៏​មាន​កំរិត​របស់​លោក ប្រឆាំ​ងនឹងជំហរ​នយោបាយ​របស់​រដ្ឋាភិបាល។ នៅ​ទីបំផុត រដ្ឋាភិបាល​អ៊ីតាលី ក្រោម​ការ​ដឹកនាំ របស់​លោក​នាយក​រដ្ឋមន្ត្រី​ កុងតេ Conteដដែល​ បាន​ប្តូរ​ផ្លាស់​សមាសភាព​រដ្ឋមន្ត្រី​ខ្លះ និងលែង​មាន​​រូប​លោក​ សាល់វីនី ក្នុង​ជួរ​រដ្ឋាភិបាល។ រដ្ឋាភិបាល​ថ្មី​នេះ​ បាន​បន្ទន់​កាយ​វិការ​ និង​​​បាន​បង្ហាញ​កាយវិការ​សម្របសម្រួល​ជាមួយ​បារាំង ទទួល​ស្វាគមន៍​ លោក​ ម៉ាក្រុង​ ក្នុង​នាម​ប្រមុខ​ដឹកនាំ​បរទេស​ មុន​​គេ​បង្អស់។

អ៊ីចឹង​ហើយ​បាន​ជា​បារាំង ក៏​ចង់​ផ្តល់​សំណាង​ដល់​រដ្ឋាភិបាល​អ៊ីតាលី​ថ្មី​នេះវិញ។ ម្យ៉ាង​ទៀត ​​ការ​​ស្តារ​ទំនាក់ទំនង​ជាមួយ​អ៊ីតាលី ជាអាទិភាព​​ចំបងមួយ​របស់​បារាំង។ ដើម្បី​ជា​សារ​ផ្សះផ្សា កាលពី​ខែ​ឧសភា​ បារាំង​បាន​អញ្ជើញ​ប្រធានាធិបតី​អ៊ីតាលី​ឱ្យ​មក​ប្រារព្វ​ខួប​៥០០​ឆ្នាំ​នៃ​មរណភាព​របស់​វិចិត្រករ​អ៊ីតាលី​ស្លាប់​នៅ​បារាំង លោក ឡេអូណា ដឺវាំងស៊ី​។ នៅ​ថ្ងៃ​នេះ​ បារាំង​ចង់​បំភ្លេច​​ភាព​តាន​តឹង​កន្លង​មក ហើយ​ចាប់​ផ្តើម​ថ្មី​ជាមួយ​រដ្ឋាភិបាល​ថ្មីរបស់​អ៊ីតាលី។

​​អន្តោប្រវេសន៍​បង្ខិត​បារាំង​និង​អ៊ីតាលី​ ចូល​កៀក​គ្នា

ជាមួយ​លោក​នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក ម៉ាក្រុង​ មាន​រឿង​ច្រើន​ត្រូវ​ជជែកដោះស្រាយគ្នា ៖ បញ្ហា​អឺរ៉ុប គណៈកម្មការ​អឺរ៉ុប​ថ្មី ​លីប៊ី ដោយ​មិនរំលង​ឡើយ​ រឿង​សេដ្ឋកិច្ច​និង​អន្តោប្រវេសន៍។​ លោក ម៉ាក្រុង ចង់​ឆ្លៀត​ទាញ​ប្រយោជន៍​ពី​បរិបទ​នយោបាយ​អ៊ីតាលី​នេះ ជំរុញ​​សំណុំ​រឿង​សេដ្ឋកិច្ច​និង​ថវិកា ឱ្យ​បាន​ទៅ​មុខ​​។ បារាំង​និង​អ៊ីតាលី មាន​ជំហរ​ស្ទើរ​ដូច​គ្នា​លើ​ផ្នែកសេដ្ឋកិច្ច​និង​​នយោបាយ​ថវិកា ត្រូវការគាំទ្រ​​គ្នា​ទៅវិញ​ទៅ​មក ! ប្រទេស​ទាំង​ពីរ​ត្រូវ​ការ​កាន់​ដៃ​គ្នា​​ ក្រែង​អាច​ទាមទារ​ឱ្យក្រុម​ប្រទេស​អ្នក​ប្រកាន់នយោបាយ​ត្បិតត្បៀត​ថវិកា ដូច​យ៉ាង​អាល្លឺម៉ង់ និង​ក្រុមប្រទេស​អឺរ៉ុប​ខាង​ជើង​ព្រម​​បន្ធូរ​បន្ថយ​​​នយោបាយ​ត្បិតត្បៀត​ថវិកា​ ​បាន​​ខ្លះ។

ចំពោះ​បញ្ហា​អន្តោប្រវេសន៍ ដែល​ជា​ដើម​ចម​ដ៏​សំខាន់​មួយ​នៃ​ភាព​តាន​តឹង​បារាំង-​អ៊ីតាលី​ ក្នុង​សម័យ​លោក សាល់វីនី ជា​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ​ក៏​ជា​អ្នក​បង្ខិត​ប្រទេស​ទាំង​ពីរ​ឱ្យ​ចូល​កៀក​គ្នា​វិញ​ដែរ។ អ៊ីតាលី​ ចង់​មាន​ប្រព័ន្ធ​​ចែក​ចាយ​អន្តោប្រវេសន៍​ស្រង់​បាន​ពី​សមុទ្ទ​មេឌីទែរ៉ាណេ ជា​ស្វ័យ​ប្រវត្តិ។ សំណើ​នេះ​បាន​ការ​គាំទ្រ​ពី​បារាំងហើយ។ បាន​ន័យ​ថា ប៉ារីស​និង​រ៉ូម មានការ​ព្រមព្រៀង​គ្នា​​ លើ​ប្រព័ន្ធ​ចែក​ចាយ​អន្តោប្រវេសន៍បណ្តោះអាសន្ន ក្នុង​ពេលរង់ចាំ​មាន​កិច្ចព្រមព្រៀង​ថ្នាក់​អឺរ៉ុប ដែល​នឹង​ត្រូវប្រជុំ​​សម្រេច​​នៅ​ថ្ងៃទី​២៣​កញ្ញា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ