អ៊ីរ៉ង់ សំណុំរឿងក្តៅគគុកនៅមហាសន្និបាតអង្គការសហប្រជាជាតិ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:២៣
មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៤ ចាប់ផ្តើមបើកជាផ្លូវការ នៅថ្ងៃអង្គារទី ២៤ រហូតដល់ថ្ងៃទី ៣០កញ្ញានេះ ជាមួយនឹងសំណុំរឿងក្តៅគគុក គឺទំនាក់ទំនងជាមួយ អ៊ីរ៉ង់។ អ៊ីរ៉ង់ដែលប្រទេសលោកខាងលិច នាំមុខដោយអាមេរិក បានចោទប្រកាន់ថា ជាអ្នកទទួលខុសត្រូវលើការវាយប្រហារទៅលើស្ថានីយ៍ផលិតប្រេង ពីរកន្លែងរបស់អារ៉ាប៊ី សាអូឌីត កាលពីថ្ងៃទី ១៤កញ្ញាកន្លងទៅ។ តើមហាសន្និបាតរបស់អង្គការសហប្រជាជាតិ នឹងអាចជាឱកាស សម្រាប់បិទបញ្ចប់ ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ដែរឬទេ?
អង្គមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧៤ ចាប់ផ្តើម នៅថ្ងៃអង្គារនៅទីក្រុងញូវយ៉ក ជាមួយនឹងសំណុំរឿងក្តៅគគុក គឺទំនាក់ទំនងជាមួយ អ៊ីរ៉ង់។ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ធ្លាប់ចេញមុខរិះគន់ ស្ថាប័នអង្គការសហប្រជាជាតិ ថា គ្មានប្រយោជន៍ ប៉ុន្តែ នៅទីក្រុងញូវយ៉ក អាមេរិក ដែលកំពុងតានតឹងខ្លាំងជាមួយ អ៊ីរ៉ង់ បានផ្តើមយុទ្ធនាការចរចាការទូត តាំងពីថ្ងៃចន្ទ ក្នុងបំណងស្វែងរកសំឡេងគាំទ្រ ពីបណ្តាប្រទេសសម្ព័ន្ធមិត្ត ដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់។
រដ្ឋមន្រ្តីការបរទេសអាមេរិក លោកMike Pompeo បាននិយាយប្រាប់ទូរទស្សន៍អាមេរិកាំង ABCថា ទាំងលោក ហើយនិងលោកដូណាល់ ត្រាំ ចង់ផ្តល់ឱកាសដល់ការចរចាការទូត ដើម្បី ដោះស្រាយភាពតានតឹងជាមួយអ៊ីរ៉ង់។
នៅថ្ងៃចន្ទ លោកដូណាល់ ត្រាំបានជួបក្រៅផ្លូវការជាមួយប្រធានាធិបតីបារាំងដើម្បី និយាយពីបញ្ហាអ៊ីរ៉ង់។ គេមិនដឹងថា តើលោកដូណាល់ត្រាំ បាននិយាយអ្វីខ្លះ ជាមួយប្រធានាធិបតីបារាំងនោះទេ។ ប៉ុន្តែ នៅថ្ងៃចន្ទដដែល ប្រធានាធិបតីបារាំង រួមជាមួយនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ បានចូលរួមជាមួយ អង់គ្លេស អាមេរិក និងអារ៉ាប៊ី សាអូឌីត ដែលថា អ៊ីរ៉ង់ ជាអ្នកទទួលខុសត្រូវលើការវាយប្រហារទៅលើស្ថានីយ៍ចម្រាញ់ប្រេង២កន្លែងរបស់អារ៉ាប៊ី សាអូឌីត។
អាមេរិក តាមរយៈ រដ្ឋមន្រ្តីការបរទេស លោក Mike Pompeo បានចេញមុខថ្លែងអំណរគុណ បារាំង អាល្លឺម៉ង់ និងអង់គ្លេស និងបានអំពាវនាវឲ្យប្រទេសផ្សេងទៀត ចូលរួម ថ្កោលទោសអ៊ីរ៉ង់ ក្នុងរឿងវាយប្រហារបំផ្លាញ រោងចក្រប្រេងរបស់អារ៉ាប៊ី សាអូឌីត។
នៅក្នុងសេចក្តីប្រកាសរួមរបស់មេដឹកនាំបារាំង អាល្លឺម៉ង់ អង់គ្លេស ប្រទេសទាំងបីបានសម្រេចចោទប្រកាន់អ៊ីរ៉ង់ថា ជាអ្នកទទួលខុសត្រូវលើការវាយប្រហារលើស្ថានីយ៍ផលិតប្រេង អារ៉ាប៊ី សាអូឌីត ប៉ុន្តែ ជាមួយគ្នានោះ គេបានទាមទារឲ្យមានការចរចាការទូត ដើម្បីស្ថិរភាព សន្តិសុខនៅក្នុងតំបន់។ អាចនិយាយបានថា ទោះជាប្រទេសមហាអំណាចនៅអឺរ៉ុប យល់ស្របជាមួយ អាមេរិក ដើម្បីទម្លាក់កំហុសលើអ៊ីរ៉ង់ ប៉ុន្តែ គេនឹងមិនជ្រើសរើសផ្លូវដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមលើអ៊ីរ៉ង់ដើម្បីដោះស្រាយ ភាពតានតឹងលើកនេះដែរ។
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ផ្ទាល់ បានចូលខ្លួនជាមេអណ្តើក ដើម្បីជំរុញឲ្យមានការចរចាទ្វេភាគី រវាងលោកដូណាល់ ត្រាំ និងប្រធានាធិបតីរូហានី ក្នុងគោលដៅ បន្ធូរបន្ថយភាពតានតឹង រវាងអាមេរិក និងអ៊ីរ៉ង់។
កាលពីថ្ងៃចន្ទ បន្ទាប់ពីជួបលោកដូណាល់ ត្រាំ និងនៅក្រោយ សម្រេចចូលជាមួយអាល្លឺម៉ង់ និងអង់គ្លេស ដើម្បីចោទប្រកាន់អ៊ីរ៉ង់ ក្នុងរឿងវាយប្រហារមីស៊ីលទៅលើទីតាំងផលិតប្រេងអារ៉ាប៊ី សាអូឌីត ប្រធានាធិបតីបារាំង បានជួបទ្វេភាគី ជាង ១ម៉ោង ជាមួយប្រធានាធិបតី អ៊ីរ៉ង់។
តាមសេចក្តីប្រកាសរបស់វិមានប្រធានាធិបតី បារាំង លោកម៉ាក្រុង បានអំពាវនាវឲ្យអ៊ីរ៉ង់បន្ទន់ជំហរ ដើម្បីចូលរួម ដោះស្រាយវិបត្តិនៅក្នុងតំបន់ ព្រោះថា ភាពតានតឹង សព្វថ្ងៃនេះ មិនមែនគ្រោះថ្នាក់សម្រាប់តែប្រទេសក្នុងតំបន់តែប៉ុណ្ណោះទេ ប៉ុន្តែ វាប៉ះពាល់ដល់គ្រប់ប្រទេសក្នុងពិភពលោក។
លោកដូណាល់ ត្រាំ គ្មានគំរោងជួបប្រធានាធិបតី អ៊ីរ៉ង់ ប៉ុន្តែ ក៏មិនបដិសេធ ថា នឹងគ្មានដែរ
អ្វីដែលគេកំពុងទន្ទឹងរង់ចាំមើលជាងគេបំផុតនោះ គឺជំនួប រវាង ប្រធានាធិបតីដូណាល់ ត្រាំ និងប្រធានាធិបតីហាសាន់ រូហានី ដែលកំពុងមានវត្តមាន នៅទីក្រុងញូវយ៉ក តាំងពីថ្ងៃចន្ទម្សិលមិញ។
លោកដូណាល់ ត្រាំ ធ្លាប់បានពន្លយថា នឹងអាចជួបជាមួយប្រធានាធិបតីហាសាន់រូហានី នៅក្រៅក្របខ័ណ្ឌ មហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បី ដោះស្រាយបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ នៅក្រោយ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក ដើម្បីឆ្លើយតបនឹងអ៊ីរ៉ង់ដែលបានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អាមេរិក កាលពីខែ មិថុនា។ ប៉ុន្តែ ពន្លឺ ដែលថា នឹងអាចជំនួបរវាងភាគីជម្លោះ បានរលត់បាត់ ទៅវិញ នៅក្រោយការវាយប្រហារទៅលើស្ថានីយ៍បូមប្រេងរបស់អារ៉ាប៊ី សាអូឌីត កាលពីថ្ងៃទី ១៤កញ្ញា ដែលអាមេរិកបានសម្រេចចិត្តចោទប្រកាន់ ទម្លាក់កំហុសថា ជាស្នាដៃរបស់អ៊ីរ៉ង់។
តាមអ្នកជំនាញ ជំនួប រវាងមេដឹកនាំអ៊ីរ៉ង់ ពិបាកនឹងអាចកើតឡើង ព្រោះថា មេដឹកនាំអ៊ីរ៉ង់ និងប្រធានាធិបតីអាមេរិក សុទ្ធតែរងសម្ពាធ នយោបាយក្នុងប្រទេសរៀងៗខ្លួន។
ប្រធានាធិបតីហាសាន់ រូហានីផ្ទាល់ មិនអាចជួបលោកដូណាល់ ត្រាំ ដោយសារតែមានបម្រាមរួចហើយ ពីប្រមុខដឹកនាំសាសនាអ៊ីរ៉ង់។ ចំណែកលោកដូណាល់ ត្រាំ វិញ រុំព័ទ្ធដោយទីប្រឹក្សា និងអ្នកនយោបាយ ដែលជំរុញ ឲ្យលោកចាត់វិធានការយោធាប្រឆាំងអ៊ីរ៉ង់ នៅក្រោយ ការបាញ់ទម្លាក់យន្តហោះដ្រូន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ