អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីរ៉ង់ សំណុំរឿងក្តៅគគុក​​​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី ៧៤ ចាប់ផ្តើមបើក​ជា​ផ្លូវការ នៅថ្ងៃ​អង្គារទី ២៤ រហូត​ដល់ថ្ងៃទី ៣០​កញ្ញា​នេះ ជាមួយ​នឹង​សំណុំរឿង​ក្តៅគគុក គឺ​ទំនាក់ទំនង​ជាមួយ អ៊ីរ៉ង់។ អ៊ីរ៉ង់​ដែល​ប្រទេស​លោកខាងលិច នាំមុខ​ដោយ​អាមេរិក បាន​ចោទប្រកាន់​ថា ជាអ្នកទទួលខុសត្រូវ​លើ​ការវាយប្រហារ​ទៅលើ​ស្ថានីយ៍​ផលិត​ប្រេង ពីរកន្លែង​របស់​អារ៉ាប៊ី សាអូឌីត កាលពី​ថ្ងៃទី ១៤​កញ្ញា​កន្លងទៅ។ តើ​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ នឹង​អាច​ជា​ឱកាស សម្រាប់​បិទបញ្ចប់ ភាពតានតឹង​រវាង​អាមេរិក និងអ៊ីរ៉ង់​ដែរឬទេ?

អង្គការ​សហប្រជាជាតិ​បើក​ជំនួបកំពូល​ស្តីពី​អាកាសធាតុ
អង្គការ​សហប្រជាជាតិ​បើក​ជំនួបកំពូល​ស្តីពី​អាកាសធាតុ ©TIMOTHY A. CLARY / AFP
ផ្សាយពាណិជ្ជកម្ម

អង្គ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ លើក​ទី ៧៤ ចាប់ផ្តើម នៅ​ថ្ងៃ​អង្គារ​នៅទីក្រុង​ញូវយ៉ក ជាមួយ​នឹង​សំណុំរឿង​ក្តៅគគុក គឺ​ទំនាក់ទំនង​ជាមួយ អ៊ីរ៉ង់។ ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ ធ្លាប់​ចេញមុខ​រិះគន់ ស្ថាប័ន​អង្គការ​សហប្រជាជាតិ ថា គ្មាន​ប្រយោជន៍ ប៉ុន្តែ នៅទីក្រុង​ញូវយ៉ក អាមេរិក ដែល​កំពុងតានតឹង​ខ្លាំង​ជាមួយ អ៊ីរ៉ង់ បាន​ផ្តើម​យុទ្ធនាការ​ចរចា​ការទូត តាំង​ពី​ថ្ងៃ​ចន្ទ ក្នុងបំណង​ស្វែងរក​សំឡេង​គាំទ្រ ពី​បណ្តាប្រទេស​សម្ព័ន្ធមិត្ត ដើម្បី​ដាក់​សម្ពាធ​លើ​អ៊ីរ៉ង់។

រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​Mike Pompeo បាន​និយាយ​ប្រាប់ទូរទស្សន៍អាមេរិកាំង ABC​ថា ទាំង​លោក ហើយ​និង​លោកដូណាល់ ត្រាំ ចង់​ផ្តល់​ឱកាស​ដល់​ការចរចា​ការទូត ដើម្បី ដោះស្រាយ​ភាពតានតឹង​ជាមួយ​អ៊ីរ៉ង់។

នៅ​ថ្ងៃ​ចន្ទ លោកដូណាល់ ត្រាំ​បាន​ជួប​ក្រៅផ្លូវការ​ជាមួយ​ប្រធានាធិបតី​បារាំង​ដើម្បី និយាយ​ពី​បញ្ហា​អ៊ីរ៉ង់។ គេ​មិនដឹងថា តើ​លោកដូណាល់​ត្រាំ បាននិយាយ​អ្វីខ្លះ ជាមួយ​ប្រធានាធិបតី​បារាំង​នោះទេ។ ប៉ុន្តែ នៅថ្ងៃ​ចន្ទ​ដដែល ប្រធានាធិបតីបារាំង រួម​ជាមួយ​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ បាន​ចូលរួម​ជាមួយ អង់គ្លេស អាមេរិក និង​អារ៉ាប៊ី សាអូឌីត ដែល​ថា អ៊ីរ៉ង់ ជាអ្នកទទួល​ខុសត្រូវ​លើ​ការវាយប្រហារ​ទៅលើ​ស្ថានីយ៍​ចម្រាញ់ប្រេង​២កន្លែង​របស់​អារ៉ាប៊ី សាអូឌីត។

អាមេរិក តាមរយៈ រដ្ឋមន្រ្តីការបរទេស លោក Mike Pompeo បាន​ចេញមុខ​ថ្លែងអំណរគុណ បារាំង អាល្លឺម៉ង់ និង​អង់គ្លេស និង​បានអំពាវនាវ​ឲ្យ​ប្រទេស​ផ្សេងទៀត ចូលរួម ថ្កោលទោស​អ៊ីរ៉ង់ ក្នុង​រឿង​វាយប្រហារ​បំផ្លាញ រោងចក្រ​ប្រេង​របស់អារ៉ាប៊ី សាអូឌីត។

នៅក្នុង​សេចក្តីប្រកាស​រួម​របស់​មេដឹកនាំ​បារាំង អាល្លឺម៉ង់ អង់គ្លេស ប្រទេស​ទាំងបី​បាន​សម្រេច​ចោទប្រកាន់​អ៊ីរ៉ង់ថា ​ជាអ្នកទទួល​ខុសត្រូវ​លើ​ការវាយប្រហារ​លើ​ស្ថានីយ៍​ផលិតប្រេង អារ៉ាប៊ី សាអូឌីត ប៉ុន្តែ ជាមួយគ្នានោះ គេ​បានទាមទារ​ឲ្យ​មាន​ការចរចា​ការទូត ដើម្បី​ស្ថិរភាព សន្តិសុខ​នៅក្នុង​តំបន់។ អាច​និយាយ​បាន​ថា ទោះជា​ប្រទេស​មហាអំណាច​នៅអឺរ៉ុប យល់ស្រប​ជាមួយ អាមេរិក ដើម្បី​ទម្លាក់កំហុស​លើ​អ៊ីរ៉ង់ ប៉ុន្តែ គេ​នឹង​មិនជ្រើសរើស​ផ្លូវដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម​លើ​អ៊ីរ៉ង់​ដើម្បី​ដោះស្រាយ ភាពតានតឹង​លើក​នេះ​ដែរ។

លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង ផ្ទាល់ បាន​ចូលខ្លួន​ជា​មេអណ្តើក ដើម្បីជំរុញ​ឲ្យ​មានការចរចាទ្វេភាគី រវាង​លោកដូណាល់ ត្រាំ និង​ប្រធានាធិបតី​រូហានី ក្នុង​គោលដៅ បន្ធូរបន្ថយ​ភាពតានតឹង រវាង​អាមេរិក និង​អ៊ីរ៉ង់។

កាលពីថ្ងៃ​ចន្ទ បន្ទាប់ពីជួប​លោកដូណាល់ ត្រាំ និង​នៅក្រោយ សម្រេចចូល​ជាមួយ​អាល្លឺម៉ង់ និង​អង់គ្លេស ដើម្បី​ចោទប្រកាន់​អ៊ីរ៉ង់ ក្នុង​រឿងវាយប្រហារ​មីស៊ីល​ទៅលើ​ទីតាំង​ផលិតប្រេង​អារ៉ាប៊ី សាអូឌីត ប្រធានាធិបតី​បារាំង បាន​ជួប​ទ្វេភាគី ជាង ១ម៉ោង ជាមួយ​ប្រធានាធិបតី អ៊ីរ៉ង់។

តាម​សេចក្តីប្រកាស​របស់​វិមានប្រធានាធិបតី បារាំង លោក​ម៉ាក្រុង បាន​អំពាវនាវ​ឲ្យ​អ៊ីរ៉ង់​បន្ទន់​ជំហរ ដើម្បី​ចូលរួម ដោះស្រាយ​វិបត្តិ​នៅក្នុង​តំបន់ ព្រោះថា ភាពតានតឹង សព្វថ្ងៃនេះ មិនមែន​គ្រោះថ្នាក់សម្រាប់​តែ​ប្រទេសក្នុង​តំបន់​តែប៉ុណ្ណោះទេ ប៉ុន្តែ វាប៉ះពាល់​ដល់​គ្រប់ប្រទេស​ក្នុង​ពិភពលោក។

លោកដូណាល់ ត្រាំ គ្មាន​គំរោង​ជួប​ប្រធានាធិបតី អ៊ីរ៉ង់ ប៉ុន្តែ ក៏​មិន​បដិសេធ ថា នឹង​គ្មានដែរ

អ្វី​ដែល​គេកំពុង​ទន្ទឹងរង់ចាំ​មើល​ជាងគេបំផុតនោះ គឺ​ជំនួប រវាង ប្រធានាធិបតី​ដូណាល់ ត្រាំ និង​ប្រធានាធិបតី​ហាសាន់ រូហានី ដែល​កំពុង​មាន​វត្តមាន នៅ​ទីក្រុង​ញូវយ៉ក តាំង​ពី​ថ្ងៃ​ចន្ទម្សិលមិញ។

លោកដូណាល់ ត្រាំ ធ្លាប់​បាន​ពន្លយ​ថា នឹង​អាច​ជួប​ជាមួយ​ប្រធានាធិបតី​ហាសាន់​រូហានី នៅក្រៅក្របខ័ណ្ឌ មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដើម្បី ដោះស្រាយ​បន្ធូរបន្ថយ​ភាពតានតឹង​រវាង​ប្រទេស​ទាំងពីរ នៅក្រោយ ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក ដើម្បី​ឆ្លើយតប​នឹង​អ៊ីរ៉ង់​ដែល​បាន​បាញ់ទម្លាក់​យន្តហោះដ្រូន​របស់អាមេរិក កាលពី​ខែ មិថុនា។ ប៉ុន្តែ ពន្លឺ ដែល​ថា នឹង​អាច​ជំនួប​រវាង​ភាគីជម្លោះ បាន​រលត់​បាត់ ទៅវិញ នៅក្រោយ​ការវាយប្រហារ​ទៅលើ​ស្ថានីយ៍បូមប្រេង​របស់​អារ៉ាប៊ី សាអូឌីត កាលពី​ថ្ងៃទី ១៤​កញ្ញា ដែល​អាមេរិក​បាន​សម្រេចចិត្ត​ចោទប្រកាន់ ទម្លាក់កំហុស​ថា ជា​ស្នាដៃ​របស់​អ៊ីរ៉ង់។

តាមអ្នកជំនាញ ជំនួប រវាង​មេដឹកនាំ​អ៊ីរ៉ង់ ពិបាក​នឹង​អាច​កើតឡើង ព្រោះ​ថា មេដឹកនាំ​អ៊ីរ៉ង់ និង​ប្រធានាធិបតី​អាមេរិក សុទ្ធតែ​រងសម្ពាធ នយោបាយ​ក្នុង​ប្រទេស​រៀងៗខ្លួន។

ប្រធានាធិបតី​ហាសាន់ រូហានី​ផ្ទាល់ មិន​អាច​ជួប​លោកដូណាល់ ត្រាំ ដោយសារ​តែ​មានបម្រាម​រួចហើយ ពី​ប្រមុខដឹកនាំ​សាសនា​អ៊ីរ៉ង់។ ចំណែក​លោកដូណាល់ ត្រាំ វិញ រុំព័ទ្ធ​ដោយ​ទីប្រឹក្សា និងអ្នកនយោបាយ ដែល​ជំរុញ ឲ្យ​លោក​ចាត់​វិធានការ​យោធា​ប្រឆាំង​អ៊ីរ៉ង់ នៅក្រោយ ការបាញ់​ទម្លាក់​យន្តហោះដ្រូន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ