អានតួអត្ថបទ

ពលរដ្ឋ​បារាំង​នាំគ្នា​​គោរព​វិញ្ញាណក្ខន្ធ​អតីត​ប្រធានាធិបតី លោក ហ្សាក់ ស្ហៀរ៉ាក់

ពិធី​គោរព​វិញ្ញាណក្ខន្ធ​ អតីត​ប្រធានាធិបតី​បារាំង លោក ហ្សាក់​ ស្ហៀរ៉ាក់ ដែល​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​ជន្មាយុ​៨៦​ឆ្នាំ ប្រព្រឹត្ត​ទៅ​ជា​បន្ត​បន្ទាប់​។ មុន​នឹង​ឈាន​ដល់​ពិធី​គោរពវិញ្ញាណក្ខន្ធ​ថ្នាក់​ជាតិ នៅ​ថ្ងៃចន្ទ​ទី ៣០​កញ្ញា ដោយ​មាន​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​ជា​ច្រើន​មក​ពី​ប្រទេស​ជិត​ខាង​ឆ្ងាយ​ជិត ប្រជាពលរដ្ឋ​បារាំង​អាច​ចាប់​ផ្តើម​ចូល​គោរព​វិញ្ញាណក្ខន្ធ​អតីត​ប្រធានាធិបតី​ ស្ហៀរ៉ាក់ នៅ​​ថ្ងៃ​អាទិត្យ​នេះ​​ នៅ​ទីក្រុង​ប៉ារីស។

ពលរដ្ឋ​បារាំង​ឈរ​តម្រង់ជួរ​ចាំ​សរសេរ​សារ​ឧទ្ទិស​ដល់​​អតីត​ប្រធានាធិបតី​ ហ្សាក់ស្ហៀរ៉ាក់ នៅ​វិមាន​ Elysée
ពលរដ្ឋ​បារាំង​ឈរ​តម្រង់ជួរ​ចាំ​សរសេរ​សារ​ឧទ្ទិស​ដល់​​អតីត​ប្រធានាធិបតី​ ហ្សាក់ស្ហៀរ៉ាក់ នៅ​វិមាន​ Elysée DOMINIQUE FAGET / AFP
ផ្សាយពាណិជ្ជកម្ម

"ពលរដ្ឋ​ដែល​ធ្លាប់​គោរព​ស្រលាញ់អតីត​ប្រធានាធិបតី អាច​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក ហ្សាក់ ស្ហៀរ៉ាក់ ជា​ចុងក្រោយ​ នៅ​ចំពោះ​មុខ​មឈូស​ នៅក្នុង​វិមាន​ Invalide នា​ទីក្រុង​ប៉ារីស" ចាប់​ពី​វេលា​ម៉ោង​២រសៀល​ថ្ងៃអាទិត្យ​នេះ​ទៅ​។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​លោក Frédéric Salat-Baroux​ជា​កូន​ប្រសារ។​

តាំង​ពី​ល្ងាច​ថ្ងៃព្រហស្បតិ៍​ រហូត​ដល់​​ល្ងាច​ថ្ងៃអាទិត្យ វិមាន​ប្រធានាធិបតី​បាន​បើក​ទ្វារ​ទទួល​ស្វាគមន៍​ពលរដ្ឋ​ ដែល​មាន​ចេតនា​ចង់​សរសេរ​សារ​ឧទ្ទិស​ដល់​លោក​អតីត​ប្រធានាធិបតី​ ទុកក្នុង​សៀវភៅមាស។ នៅ​រវាង​ពី​ម៉ោង​៩​យប់ ដល់​ម៉ោង​ពីរ​ភ្លឺ​ថ្ងៃ​សុក្រ​សោះ​ គេ​រាប់​ឃើញ​មាន​ពលរដ្ឋ​បារាំង​ដល់​ទៅ​ជិត​៧០០​នាក់បាន​មកសម្តែង​ទឹក​ចិត្ត។

​ពិធី​បញ្ចុះ​សព​លោក ហ្សាក់ ស្ហៀរ៉ាក់ ទំនង​ជា​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ចន្ទ ជា​លក្ខណៈ​គ្រួសារ​សុទ្ធ​សាធ តាម​សំណើ​របស់​លោកស្រី​ជា​ភរិយា ប៉ុន្តែក្នុង​ថ្ងៃ​តែ​ចន្ទ​ដដែល​នេះ បារាំង​នឹង​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ថ្នាក់​ជាតិ ជូន​សព​លោក​អតីត​ប្រធានាធិបតី​ នៅ​វិហារ​ Saint Sulpice នា​ក្រុង​ប៉ារីស ក្រោម​អធិបតីភាព​របស់​លោក​ អេម៉ាណុអែល​ ម៉ាក្រុង ប្រធានាធិបតី​កំពុង​កាន់​តំណែង អម​ដោយ​អតីត​ប្រធានាធិបតី​បារាំងដែល​នៅ​មាន​ជីវិត​ លោក ហ្វ្រង់ស័រ​ ហូឡង់ លោក​នីកូឡា សាកូហ្ស៊ី និង​លោក​វាឡេរី ហ្ស៊ីហ្កាដេស្តាំ​។ ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល ​ប្រមាណ​ជាង​៣០​ប្រទេស ​អឺរ៉ុប អាហ្វ្រិក ​ប្រធានាធិបតី​រុស្ស៊ី បាន​ប្រកាស​វត្តមាន​​អញ្ជើញ​មក​ចូល​រួម​គោរព​វិញ្ញណក្ខន្ធ​សព​លោក​ស្ហៀរ៉ាក់​ដែរ។

ថ្ងៃ​ចន្ទ​ ជា​ថ្ងៃ​កាន់​ទុក្ខជាតិ ស្ថាប័ន​រដ្ឋ និង​សាលា​រៀន ទូទាំង​ប្រទេស​ នឹង​លំអោន​កាយ​គោរព​វិញ្ញាណក្ខន្ធ​ សព​អតីតប្រធានាធិបតី​​ដែល​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ជីវិត​នយោបាយ​បារាំង​រយៈ​ពេល​បួន​ទសវត្សរ៍ ចំនួន​មួយ​នាទី​នៅ​វេលា​ម៉ោង​៣​រសៀល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ