បារាំង ៖ អគ្គីភ័យនៅរោងចក្រគីមីកំពុងបំផុសក្តីបារម្ភចំពោះសុខភាពនិងបរិស្ថាន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៥២
ប្រទេសបារាំងរងគ្រោះអគ្គីភ័យដ៏ធំមួយទៀតហើយ ! រោងចក្រគីមីមួយ នៅខេត្តរ៉ូអង់ បានរងអគ្គីភ័យយ៉ាងធ្ងន់ធ្ងរ និងកំពុងបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ។ គេនៅមិនទាន់ដឹងអំពីមូលហេតុ និងផលវិបាកចំពោះសុខភាព-បរិស្ថានទេ ប៉ុន្តែទោះបីជាអាជ្ញាធរបានផ្សព្វផ្សាយលទ្ធផលវិភាគ នៅល្ងាចមិញ ថាគុណភាពខ្យល់បរិយាកាស ល្អប្រសើរឡើងវិញក្តី ក៏ប្រជាពលរដ្ឋពុំស្ងប់ចិត្ត។ ក្តីព្រួយបារម្ភកំពុងក្លាយជាកំហឹង ដាក់បណ្តឹងទៅតុលាការ។ គ្រោះថ្នាក់នៅខេត្ត កំពុងរាលដាលដល់រដ្ឋធានី។ តំណាងរាស្ត្របានទាមទារឱ្យគណៈកម្មការសភាបើកអង្កេត។
អគ្គីភ័យបានឆាបឆេះឡើងនៅវេលាម៉ោង២និង៤០នាទី យប់ថ្ងៃព្រហស្បតិ៍ឆ្លងមកថ្ងៃសុក្រ។ ក្រុមអ្នកពន្លត់អគ្គីភ័យជាង២០០នាក់ ប្រើអស់ជាច្រើនម៉ោងទម្រាំពន្លត់បាន។ ប៉ុន្តែ ជាអគ្គីភ័យដ៏សម្បើម ដូចផ្ទុះភ្នំភ្លើង ផ្សែងខ្មៅខ្មួរខ្មាញ់ អណ្តែតពេញមេឃ ប្រវែងជាង២០គីឡូម៉ែត្រ ដោយនាំមកជាមួយនូវទឹកភ្លៀងជាលម្អងធាតុល្អិតខ្មៅៗ ធ្លាក់តោងស្អិតលើដី ដំបូលឡាន ដំបូលផ្ទះ និងចំការទាំងឡាយ ព្រមទាំងក្លិនស្ងៀមអសោចយ៉ាងខ្លាំង។
គេនៅពុំទាន់ដឹងអំពីមូលហេតុដែលនាំមានអគ្គីភ័យនេះទេ។ ប៉ូលិសកំពុងបើកអង្កេតហើយ។ ថៅកែក្រុមហ៊ុនបានអះអាងនៅថ្ងៃម្សិលមិញ ថាលោកឆ្ងល់ខ្លាំងណាស់ចំពោះហេតុការ៍ឆេះរោងចក្រទាំងយប់យ៉ាងដូច្នេះ។
Lubrizol ជារោងចក្រអ្វី ?
មានកំណើតនៅបារាំង តាំងពីឆ្នាំ១៩៥៤មក ក្រុមហ៊ុន Lubrizol ជារោងចក្រផលិតប្រេងរំអិល ប្រេងម៉ាស៊ីន ម៉ាស៊ីនយានយន្ត ម៉ាស៊ីនរោងចក្រ គ្រប់បែបយ៉ាង និងជាផ្នែកមួយនៃក្រុមហ៊ុនLubrizol Corporation របស់មហាសេដ្ឋីអាមេរិក Warren Buffett។
តាំងពីឆ្នាំ១៩៧៦ ក្រោយគ្រោះមហន្តរាយឧស្សាហកម្មនៅអ៊ីតាលី សហភាពអឺរ៉ុបមានសារាចរសុវត្ថិភាពពិសេស ដើម្បីការពារគ្រោះថ្នាក់ធ្ងន់ធ្ងរ (បំផ្ទុះ អគ្គីភ័យ ធ្លាយជាតិពុលក្នុងទឹក ក្នុងខ្យល់ ...) ឬកាត់បន្ថយផលវិបាកបង្កឡើងដោយសារធាតុគីមី។ បើតាមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បារាំងមានមជ្ឈមណ្ឌលឬរោងចក្រ ស្ថិតក្នុងសារាចរពិសេស ចំនួន ១៣១២។ រោងចក្រនេះ ធ្លាប់មានគោះថ្នាក់ធ្លាយឧស្ម័នស្ពាន់ធ័រម្តងកាលពីខែមករាឆ្នាំ២០១៣ សាយភាយផ្សែងមកដល់របងប៉ារីស និងអង់គ្លេស។
មូលហេតុនៃក្តីព្រួយបារម្ភខ្លាំរបស់ប្រជាពលរដ្ឋ
រោងចក្រនេះគ្មានស្តុកសារធាតុវិទ្យុសកម្មទេ។ ផលិតផលដែលមានជាតិពុលវិទ្យុសកម្ម មិនរងប៉ះពាល់ដោយអគ្គីភ័យឡើយ។ អាជ្ញាធរបានអះអាងថាគ្មានជាតិពុលវិទ្យុសកម្មទេ និងក៏គ្មានជាតិពុលក្នុងខ្យល់បង្កគ្រោះថ្នាក់ដល់មនុស្សភ្លាមដែរ ! លទ្ធផលវិភាគបង្ហាញថា ខ្យល់បរិយាកាសល្អប្រសើរឡើងវិញ ដោយមានផ្សែងផេះជាសំណល់ភ្លើងប៉ុណ្ណោះ។ ប៉ុន្តែការព្រួយបារម្ភនៅតែមានខ្លាំង និងដោយជាក់ស្តែង។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានទទួលស្គាល់ ថាពិតជាមានហានិភ័យសុខភាពនិងបរិស្ថានសម្រាប់រយៈពេលយូរ ព្រោះរោងចក្រនេះជារោងចក្រផលិតប្រេង ខ្យល់ក្នុងក្រុងពិតរកការបំពុលដោយប្រាកដ។ ផ្សែងអណ្តែតពេញមេឃផ្ទុកពេញទៅលម្អផេះ ជាផ្សែងពុលយ៉ាងហោចក៏ត្រឹមកំរិតជាភ្នាក់ងារបង្កជំងឺមហារីកដែរ ទៅថ្ងៃក្រោយ។ ផលប៉ះពាល់ភ្លាមៗអាចចាត់ទុកថាគ្មានបាន តែសម្រាប់ពេលយូរ គេមិនអាចបដិសេធបានឡើយ។ នេះបើតាមអ្នកស្រាវជ្រាវវិទ្យសាស្ត្រ។
មានមូលហេតុផ្សេងទៀត ដែលពលរដ្ឋកាន់តែព្រួយបារម្ភ នោះគឺដំបូលអាគាររោងចក្រដែលឆេះនោះមានជាតិពុលអាមីញ៉ង់ (លោហៈធាតុពុល បង្កឱ្យមានជំងឺមហារីកសួត ទងសួត និងប្រព័ន្ធរំលាយអាហារ)។ ជាចុងក្រោយ គេមិនថាតើទឹកទន្លេសែនដែលហូរកាត់ក្រុង រ៉ូអង់ និងរដ្ឋធានី ពុលកំរិតណាឡើយ។ មានស្នាមប្រេងអណ្តែតត្រាលើផ្ទៃទន្លេ និងមានការដាក់រនាំងច្រោះជាតិពុលលើទន្លេសែននេះផង។
សារណែនាំ
អាជ្ញាធរបានប្រកាសថាគ្មានជាតិពុលប៉ះពាល់ដល់សុខភាពពលរដ្ឋក្នុងពេលភ្លាមៗនេះទេ ប៉ុន្តែអាជ្ញាធរបានចេញអនុសាសន៍ ឱ្យក្រុមកសិករ ជិតតំបន់រងគ្រោះ បញ្ចូលសត្វក្នុងក្រោល កុំបញ្ចេញឱ្យមកស៊ីស្មៅនៅវាលដែលរងផ្សែងនិងផេះ ការពារចំណីអាហារសត្វ កុំប្រមូលផល កុំភ្ជួររាស់ ដែលដូចជាកប់ជាតិពុកក្នុងដី និងហាមមិនឱ្យបរិភោគបន្លែផ្លែឈើ ដែលពលរដ្ឋដាំដុះដោយខ្លួនឯង ក្នុងចំការ ក្នុងថ្នាលគ្រួសារ ដោយមិនចិតសំបកឬលាងសម្អាតយ៉ាងត្រឹមត្រូវ។ សាលារៀនត្រូវបិទនៅចុងសប្តាហ៍នេះ។
អនុសាសន៍ដែលហាក់ដូចជាបញ្ច្រាសនឹងសេចក្តីប្រកាសថាគ្មានអ្វីពុល ហេតុដូច្នេះហើយបានជាប្រជាពលរដ្ឋ ប្រែក្លាយក្តីព្រួយបារម្ភទៅជាកំហឹង នាំគ្នាដាក់ពាក្យបណ្តឹងទៅតុលាការ ព្រមទាំងប្រមូលហត្ថលេខាសរសេរញត្តិ ទាមទារឱ្យមានការអង្កេតស៊ីជម្រៅអំពីផលវិបាកចំពោះសុខភាពនិងបរិស្ថានបង្កឡើងដោយអគ្គីភ័យក្នុងរោងចក្រគីមីនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ