អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស្វែង​រក​លុយ​ចំនួន ១៤ ០០០លានដុល្លារ​ដើម្បី​បន្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំងនឹងជំងឺស៊ីដា ជំងឺរបេង និងជំងឺគ្រុនចាញ់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ពុធ ទី៩ តុលា សន្និសីទ​អន្តរជាតិ​លើកទី៦ ស្តីពី​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​អេដស៍ ជំងឺ​របេង និង​ជំងឺ​គ្រុនចាញ់​បាន​បើក​ធ្វើ​ក្នុង​ទីក្រុង​លីយ៉ុង ប្រទេស​បារាំង។ សន្និសីទ​នេះ​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជា ៧០០នាក់ ក្នុង​នោះ​មាន​វត្តមាន​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ចំនួន ១០នាក់ ពិសេស​មក​ពី​ប្រទេស​អាហ្រ្វិក។ កម្មវត្ថុ​នៃ​សន្និសីទ​អន្តរជាតិ​ដែល​បារាំង​បាន​រៀបចំ​លើកទី១ ពេល​នេះ គឺ​ដើម្បី​ស្វែង​រក​លុយ​ឲ្យ​បាន​ចំនួន ១៤ ០០០លានដុល្លារ​សម្រាប់​រយៈពេល ៣ឆ្នាំ​ខាងមុខ ពោល​ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០២២។ គួរ​រម្លឹក​ថា​ក្នុង​មួយ​ឆ្នាំៗ ជំងឺ​អេដស៍ ជំងឺ​របេង និង​ជំងឺ​គ្រុនចាញ់​បាន​សម្លាប់​ជីវិត​ចំនួន ៣លាននាក់​នៅ​ទូទាំង​ពិភពលោក។

ស្វែង​រក​លុយ​ចំនួន ១៤ ០០០លានដុល្លារ​ដើម្បី​បន្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំងនឹងជំងឺស៊ីដា ជំងឺរបេង និងជំងឺគ្រុនចាញ់
ស្វែង​រក​លុយ​ចំនួន ១៤ ០០០លានដុល្លារ​ដើម្បី​បន្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំងនឹងជំងឺស៊ីដា ជំងឺរបេង និងជំងឺគ្រុនចាញ់ Getty Images
ផ្សាយពាណិជ្ជកម្ម

សន្និសីទ​អន្តរជាតិ​មួយ​នេះ​មាន​ឈ្មោះ​ផ្លូវការ​ជា​សន្និសីទ​បំពេញ​បន្ថែម​លើ​មូលនិធិសកល​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺអេដស៍ ជំងឺ​របេង និង​ជំងឺ​គ្រុនចាញ់។ មូលនិធិសកល​នេះ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០២ ដោយ​មាន​ដៃគូ​ចូលរួម​វិភាគទាន​ពី​រដ្ឋ​មួយ​ចំនួន​ក្នុង​លោក សង្គមស៊ីវិល និង​វិស័យ​ឯកជន។ សន្និសីទ​អន្តរជាតិ​មួយ​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​រៀងរាល់ ៣ឆ្នាំ​ម្តង ហើយ​ការ​រៀបចំ​ធ្វើ​ក្នុង​ទឹកដី​បារាំង​លើក​នេះ​ជា​លើកទី៦ និង​ជា​លើកទី១ សម្រាប់​ប្រទេស​បារាំង។ នៅ​រៀងរាល់ ៣ឆ្នាំ​ម្តង គេ​ត្រូវ​ពិនិត្យមើល និង​កំណត់​កម្មវត្ថុ​ថ្មី​សម្រាប់ ៣ឆ្នាំ​បន្ត​ទៀត ពោល​គឺ​ស្វែង​រក​ថវិកា​ឲ្យ​បាន​កាន់​តែ​ច្រើន​សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លង​ទាំង ៣ ដែល​កំពុង​គំរាមកំហែង​សុខភាព​ពិភពលោក។ ក្នុង​មួយ​ឆ្នាំៗ ជំងឺ​អេដស៍ ជំងឺ​របេង និង​ជំងឺ​គ្រុនចាញ់​បាន​សម្លាប់​មនុស្ស​ចំនួន ៣លាននាក់​នៅ​ទូទាំង​ពិភពលោក។ នៅ​ក្នុង​សន្និសីទ​លើក​ទី៥ កាល​ពី ៣ឆ្នាំ​មុន គេ​ប្រមូល​បាន​ថវិកា​ចំនួន ១២ ២០០លានដុល្លារ​សម្រាប់​រយៈពេល​ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០១៩។

តែ​សន្និសីទ​លើកទី៦ ក្នុង​ប្រទេស​បារាំង​ពេល​នេះ​ត្រូវ​គេ​រំពឹង​ប្រមូល​បាន​ថវិកា​ចំនួន ១៤ ០០០លានដុលា្លរ​សម្រាប់​រយៈពេល ៣ឆ្នាំ​ខាង​មុខ ពោល​ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០២២។ គួរ​បញ្ជាក់​ថា ទឹកប្រាក់​ចំនួន ១៤ ០០០លានដុល្លារ​ជា​ទឹកប្រាក់​អប្បបរមា​ដែល​មូលនិធិសកល​បាន​កំណត់​កាល​ពី​ខែ​មករា​កន្លង​ទៅ។ មូលនិធិសកល​បាន​មើល​ឃើញ​ថា ដើម្បី​អាច​សម្រេច​ឲ្យ​បាន​នូវ​កម្មវត្ថុ​របស់​អង្គការសហប្រជាជាតិ​ក្នុង​ការ​កំចាត់​ជំងឺ​ឆ្លង​អេដស៍ របេង និង​គ្រុនចាញ់​ឲ្យ​អស់​ពី​ពេល​នេះ​ទៅ ១០ឆ្នាំ​ខាង​មុខ គេ​ត្រូវ​ការ​លុយ​យ៉ាង​តិច​បំផុត​ចំនួន ១៤ ០០០លានដុល្លារ។ តែ​តាម​ការ​គុនគូរ​របស់​ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល និង​ក្រុម​អ្នកជំនាញឯករាជ្យ គេ​ត្រូវ​ការ​លុយ​ពី ១៦ ៨០០លានដុល្លារ​ទៅ ១៨ ០០០លានដុល្លារ​ទើប​អាច​សម្រេច​កម្មវត្ថុ​របស់​អង្គការ​សហប្រជាជាតិ​បាន។

ក្រុម​ប្រទេស​អាហ្វ្រិក​ទទួល​បាន​ប្រយោជន៍​ច្រើន​ជាង​គេ​ពី​មូលនិធិសកល

មាន​ប្រមាណ​ជា ១៥ប្រទេស​បាន​ប្រកាស​ពី​ការ​ចូលរួម​វិភាគទាន ហើយ​ទឹកប្រាក់​បាន​មក​ពី​ប្រទេស​ទាំង ១៥ ធានា​បាន ៣ភាគ៤ នៃ​ទឹកប្រាក់​សរុប​ដែល​មូលនិធិសកល​ចង់​បាន។ អាមេរិក​នៅ​បន្ត​រក្សា​ចំណាត់ថ្នាក់ទី១ ជា​ប្រទេស​ដែល​បាន​ផ្តល់​វិភាគទាន​ឲ្យ​មូលនិធិសកល​ច្រើន​ជាង​គេ គឺ​មាន​ទឹកប្រាក់ ៤ ៦៨០លានដុល្លារ ពោល​កើន​ចំនួន ៩% បើ​ធៀប​នឹង ៣ឆ្នាំ​មុន។ អង់គ្លេស​ដែល​ជា​ប្រទេស​ស្ថិត​នៅ​ចំណាត់ថ្នាក់ទី២ កាល​ពី ៣ឆ្នាំ​មុន​ក៏​អាច​បន្ត​រក្សា​កន្លែង​ដដែល​របស់​ខ្លួន​ជាមួយ​នឹង​វិភាគទាន​ប្រមាណ​ជា ១ ៧០០ដុល្លារ ពោល​កើន​ជិត ២០% បើ​ធៀប​នឹង ៣ឆ្នាំ​មុន។

អាល្លឺម៉ង់​ដែល​ស្ថិត​ជា​ប្រទេស​ចំណាត់ថ្នាក់​ទី៤ នឹង​ចូលរួម​វិភាគទាន​ប្រមាណ​ជា ១ ១០០លានដុល្លារ ពោល​កើន​ចំនួន ១៨% បើ​ធៀប​នឹង ៣ឆ្នាំ​មុន។ សម្រាប់​បារាំង​ក្នុង​នាម​ជា​ប្រទេស​ស្ថានិក​មួយ​នៃ​មូលិនិធិសកល បារាំង​ស្ថិត​ជា​ប្រទេស​ម្ចាស់ជំនួយ​ទី២ ជា​ប្រវត្តិសាស្រ្ត​ជាមួយ​នឹង​វិភាគទាន​ជាង ១ ០០០លានដុល្លារ។ តែ​កាល​ពី​សប្តាហ៍​កន្លង​ទៅ អង្គការ​ក្រៅរដ្ឋាភិបាល​ចំនួន ២០០ អង្គការ​បាន​ទាមទារ​ឲ្យ​បារាំង​ដំឡើង​វិភាគទាន​បន្ថែម​យ៉ាង​តិច ២៥%។ ចំណែក​ក្រុម​ប្រទេស​ដែល​ទទួល​បាន​ប្រយោជន៍​ពី​មូលនិធិសកល​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​អេដស៍ របេង និង​គ្រុនចាញ់​ច្រើន​ជា​ក្រុម​ប្រទេស​ក្រីក្រ​ដែល​កំពុង​រុករាន​ដោយ​ជំងឺឆ្លង​ទាំង ៣ ច្រើន​ជាង​គេ ពិសេស​គឺ​ក្រុម​ប្រទេស​អាហ្រ្វិក។

នីហ្សេរីយ៉ា តង់សានី សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ ម៉ូសំប៊ិក និង​ស៊ីមបាវ៉េ គឺ​ជា​ប្រទេស​ដែល​បាន​ទទួល​ការ​ជួយ​ច្រើន​ជាង​គេ​ពី​មូលនិធិសកល។ តែ​មាន​ប្រទេស​អាហ្វ្រិក​ខ្លះ ដូច​ជា​នីហ្សេរីយ៉ា ឬ​មួយ​ក៏​អាហ្រ្វិកខាងត្បូង​ក៏​បាន​ចូល​វិភាគទាន​ឲ្យ​មូលនិធិសកល​ដែរ។ តែ​វិភាគទាន​បាន​មក​ពី​ក្រុម​ប្រទេស​អាហ្រ្វិក​មាន​មិន​ដល់ ១% ផង​នៃ​ថវិកាសរុប​របស់​មូលនិធិសកល។

របេង​ជា​ជំងឺ​ដែល​កំពុង​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​នា​ពេល​បច្ចុប្បន្ន

បើ​គិត​តាំង​ពី​កំណើត​មូលនិធិសកល​ក្នុង​ឆ្នាំ ២០០២ មាន​មនុស្ស​ចំនួន ៣២លាននាក់​ត្រូវ​បាន​ជួយ​ជីវិត​រួច​ពី​ជំងឺ​ឆ្លង​អេដស៍ របេង និង​គ្រុនចាញ់ នេះ​បើ​ផ្អែក​តាម​របាយការណ៍​របស់​មូលនិធិសកល​ចេញ​ផ្សាយ​ក្នុង​ឆ្នាំ ២០១៨។ របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា​ក្នុង​ចំណោម​ជំងឺ​ឆ្លង​ទាំង ៣ ចំនួន​អ្នក​ឆ្លង​ជំងឺ​អេដស៍​បាន​ធ្លាក់​ចុះ និង​បន្ត​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់។ ចំណែក​ករណី​ជំងឺ​គ្រុនចាញ់​បាន​ស្ទុះ​ឡើង​វិញ ហើយ​ជំងឺ​របេង​ជា​ជំងឺ​ដែល​កំពុង​បន្ត​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​នា​ពេល​បច្ចុប្បន្ន។ ករណី​ជំងឺ​របេង​បាន​បន្ត​កើន​ឡើង​គួរ​ឲ្យ​បារម្ភ ពោល​កើន​ជិត​កន្លះលាននាក់​ក្នុង​ឆ្នាំ ២០១៦ នៅ​ទូទាំង​ពិភពលោក។ ជា​រៀងរាល់​ឆ្នាំ ជំងឺ​របេង​បាន​សម្លាប់​មនុស្ស​ចំនួន ១លាន៣សែន​នាក់​ក្នុង​លោក។

ចូរ​កុំ​ភ្លេច​ថា អ្នក​មាន​ជំងឺ​របេង​ចំនួន ១០នាក់​ក្នុង​ចំណោម ១០០នាក់​ក៏​មាន​ជំងឺ​អេដស៍​ក្នុង​ខ្លួន​ដែរ។ មាន​អ្នក​កើត​អេដស៍​ចំនួន ១៧ ៥០០ ០០០នាក់​បាន​ទទួល​ថ្នាំ​ព្យាបាល និង​មាន​ម្តាយ​ជិត ៧០០ ០០០នាក់​បាន​គេច​ផុត​ពី​ការ​ចម្លង​មេរោគ​អេដស៍​ទៅ​កូន​ក្នុង​ផ្ទៃ។ ទាក់ទង​នឹង​ជំងឺ​គ្រុនចាញ់ ជំងឺ​មួយ​នេះ​កំពុង​បន្ត​សម្លាប់​មនុស្ស នោះ​បើ​ទោះ​បី​ជា​អត្រា​ស្លាប់​បាន​ធ្លាក់​ចុះ​ចំនួន ៦០% ពិសេស​លើ​ក្រុម​កូនក្មេង។ ក្តី​បារម្ភ​មួយ​ទៀត​របស់​មូលនិធិសកល គឺ​ភាព​ស៊ាំ​របស់​ថ្នាំ​ចំពោះ​មេរោគ​ដែល​គេ​ត្រូវ​ការ​ការ​ស្រាវជ្រាវ​បន្ថែម​គ្រប់ពេល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ