អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំង រៀប​ចំ​ការតស៊ូមតិ ស្តីពីអន្តោប្រវេសន៍ នៅ​សភា និង​ព្រឹទ្ធសភា

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាមការ​ចង់​បាន​​របស់​ប្រធានាធិបតី នៅ​ថ្ងៃ​ទី ៧ តុលា​នេះ សភា​បារាំង​បាន​បើក​ការ​តស៊ូ​មតិ ស្តី​អំពី អន្តោប្រវេសន៍ ដែល​ជា​​ប្រធានបទដ៏​ចម្រូង​ចម្រាស​បំផុត។ ​​ជា​ការ​ផ្តោះប្តូរ​យោបល់​រវាង ​សភា និង​រដ្ឋាភិបាល ដោយ​គ្មាន​ឆ្លង​កាត់​ការ​បោះឆ្នោតអនុម័ត​ទេ។ ​ខាង​រដ្ឋាភិបាល​​តំណាង​ដោយ​នាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ការបរទេស ក្រសួងមហាផ្ទៃ និង​ក្រសួង​សុខាភិបាល។ ការតស៊ូ​មតិ​បែប​នេះ​មាន​រៀប​ចំ​ធ្វើ​ដែរ​នៅ​ព្រឹទ្ធសភា ​នៅ​ថ្ងៃពុធ។

ការ​តស៊ូមតិ ស្តី​អំពី​បញ្ហា​អន្តោប្រវេសន៍ រវាង​រដ្ឋាភិបាល​បារាំង​និង​សភា
ការ​តស៊ូមតិ ស្តី​អំពី​បញ្ហា​អន្តោប្រវេសន៍ រវាង​រដ្ឋាភិបាល​បារាំង​និង​សភា ERIC FEFERBERG / AFP
ផ្សាយពាណិជ្ជកម្ម

តើ​បារាំង​ត្រូវ​មាន​ទិសដៅ​នយោបាយ​អន្តោប្រវេសន៍​យ៉ាងណា ? នេះ​ជា​ប្រធានបទ​ ដែល​​នាយករដ្ឋមន្ត្រី​បារាំង​​បានលើកយក​​មក​​ធ្វើ​ការ​​តស៊ូ​មតិជាមួយ​សភា។ កម្មវត្ថុ​នៃ​ការ​តស៊ូ​មតិ ដែល​មិន​មែន​ដើម្បី​តាក់តែង​សរសេរ​ជា​ច្បាប់​អន្តោប្រវេសន៍​​ថ្មី​មួយ​ទៀត​ទេ ! ច្បាប់​អន្តោប្រវេសន៍ និង​ជ្រកកោន​នយោបាយ ត្រូវ​បាន​អនុម័ត​​រួច​រាល់​ហើយ​កាលពី​ឆ្នាំមុន​។ ប៉ុន្តែ​ការ​តស៊ូ​មតិ​នេះ​ជា​ឱកាស ​​ដែល​សភា និង​ព្រឹទ្ធសភាបំភ្លឺ​ទស្សនៈ​ជុំ​វិញ​ការ​ប្រកាន់​យក​ទិសដៅ​​នយោបាយ​របស់​រដ្ឋាភិបាល​​។​ នេះ​ជាប្រសាសន៍​​របស់​លោក​ អេដ័រ ហ្វីលីព Edouard Philippe។

លោក​នាយករដ្ឋមន្ត្រី​ ជា​អ្នក​ផ្តើម​កម្មវិធី ដោយ​បានលាត​ត្រដាង​ទិសដៅនយោបាយ​ ​​​​៦​យ៉ាង​របស់​រដ្ឋាភិបាល។ លោក​បាន​​​ទទួល​ស្គាល់​ថា រដ្ឋាភិបាល​សម្រេចមិន​បាន​រាល់​គ្រប់​​កម្មវត្ថុ​ទាក់ទង​នឹង​សំណុំ​រឿង​អន្តោប្រវេសន៍ទេ ព្រោះ​​នៅ​រវាង​ពី​ឆ្នាំ​២០១៧-២០១៨ ចំនួន​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ បានកើន​ឡើង​២២%។ ពេល​នេះ​ប្រព័ន្ធ​ទទួល​អន្តោប្រវេសន៍​បារាំង​ ពេញ​ណែន​ហើយ ដូច្នេះ​បារាំង​ត្រូវ​តែហ៊ាន​និយាយ​អ្វី​ដែល​បារាំង​មិន​ដែល​ប្រើ​ពី​មុន។ ​ ដោយ​ឈរ​លើ​ទស្សនៈ ទទួល​អន្តោប្រវេសន៍​ត្រឹមត្រូវ ទើប​​​អាច​ទ្រទ្រង់​និងគ្រប់គ្រង​លំហូរ​អន្តោប្រវេសន៍​បាន ! ​ប្រមុខ​រដ្ឋាភិបាល​បារាំង​បាន​ប្រកាស​ត្រៀម​​បើកកិច្ចពិភាក្សា ដើម្បី​ឈាន​ទៅ​រៀប​ចំ​​ឱ្យ​មាន​ កូតា​ទទួល​អន្តរប្រវេសន៍ ទៅ​តាម​សញ្ជាតិ ឬ ទៅ​តាម​វិជ្ជាជីវៈ។ ពីមុន​មក​ ពាក្យ​ថា​​កូតា​​ទទួល​អន្តោប្រវេសន៍​ ​គឺជា​ជំហរ​​របស់​​អ្នក​នយោបាយ​បក្សអភិរក្ស​និយម​បារាំង​ប៉ុណ្ណោះ។

បារាំងនឹង​កំណត់​ឡើង​វិញ​នូវ​យុទ្ធសាស្ត្រ​ជំនួយ​អភិវឌ្ឍន៍​ ឱ្យ​មាន​កំរិត ០,៥៥%​នៃ​ផលិតផល​សរុប​ក្នុងស្រុក​ ដោយ​យក​បញ្ហា​អន្តោប្រវេសន៍​មក​ធ្វើ​ជា​ស្នូល​នៃ​ទំនាក់ទំនង​ការប​រទេស។ ដើម្បី​បាន​សញ្ជាតិ​បារាំង រដ្ឋាភិបាល​កំពុង​ពិចារណា​ បង្កើន​កំរិត​ចំណេះ​ដឹង​ផ្នែក​ភាសាជាតិ។ បារាំង​មាន​មហិច្ឆតា​ទទួល​និស្សិតបរទេស​​ឱ្យ​បាន​កាន់​តែ​ច្រើន តែ​ចង់​រឹត​បន្តឹង​​អន្តោប្រវេសន៍​គ្រួសារ។

ទិសដៅនយោបាយ​ជា​ច្រើន​ចំណុច​ផ្សេង​ទៀត​របស់​រដ្ឋាភិបាល ត្រូវ​បាន​បង្ហាញ​ដោយ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស មហាផ្ទៃ និង​សុខាភិបាល មាន​ជា​អាទិ៍​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កេង​បន្លំ។ បារាំង​នៅ​តែ​ប្រកាន់​ភ្ជាប់​គោលការណ៍​មនុស្សធម៌​សង្គ្រោះ​ព្យាបាល​អ្នក​ជំងឺ​មិន​បណ្តោយ​ស្លាប់​ព្រោះ​គ្មាន​លុយ​ និង​គ្មាន​ក្រដាសស្នាម​ឡើយ​ តែ​ពេល​នេះ បើតាម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល រដ្ឋាភិបាល​មាន​ផែនការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លួច​បន្លំ និងចង់​ឱ្យ​សភា​ ធ្វើ​កំណែទម្រង់​ច្បាប់ស្តី​ពី​ការ​​ជំនួយ​សុខភាពដោយ​ឥត​គិត​ថ្លៃ​ដល់ជន​អន្តោប្រវេសន៍​។

បើតាម​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​មហាផ្ទៃ​ កា​រប្រយុទ្ធ​ប្រឆាំង​នឹង​លំហូរ​អន្តោប្រវេសន៍​ត្រូវ​មាន​ដំណោះស្រាយ​ជា​អន្តរជាតិ និង​កំរិត​អឺរ៉ុប។ បារាំង​​គ្រោង​នឹងសុំ​សើរើ​របប​អន្តោប្រវេសន៍​អឺរ៉ុប ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ស៊ី​គ្នា​នឹង​ប្រព័ន្ធ​ច្បាប់​ជាតិ។ សម្រួល​ការ​បញ្ជូន​អន្តោប្រវេសន៍​ខុស​ច្បាប់​ត្រលប់​ទៅ​ស្រុក​កំណើន​​បាន​ច្រើន​ជាង​មុន។ ដោយ​គ្រប់​ប្រទេស​ត្រូវ​មាន​ចំណែក​ទទួលយក​ជន​អន្តោប្រវេសន៍ ឬ​ជួយ​ជា​ថវិកា ឬ​ជា​សម្ភារៈ​។

ចប់​បទ​បង្ហាញរបស់​រដ្ឋាភិបាល ដល់​វេលា​ដែល​ប្រមុខ​បក្ស​នយោបាយ បញ្ចេញ​យោបល់។ ប្រធាន​គណបក្ស​រួបរួម​ជាតិ (អតីត​បក្ស​រណសិរ្ស​ បក្ស​ជាតិ​និយម​ជ្រុល​បារាំង​) លោកស្រី​ ម៉ារីន ឡឺប៉ែន ដែល​ការពារ​នយោបាយ​ផ្អាក​ការ​ទទួល​អន្តោប្រវេសន៍មួយរយៈ បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ ហ៊ាន​សួរ​យោបល់​រាស្ត្រ ដោយ​រៀប​ចំ​​ប្រជាមតិថ្នាក់​ជាតិ​ ស្តី​អំពី​បញ្ហា​អន្តោប្រវេសន៍។ ខាង​អ្នក​ស្តាំ​និយម​វិញ យល់​ថា​ រដ្ឋាភិបាល​មាន​សកម្មភាពស្ពឹក​ស្រពន់​ណាស់ ក្នុង​ចំណាត់ការ​ប្រឆាំងនឹង​អន្តោប្រវេសន៍។ ក្រុម​អ្នក​សាធារណរដ្ឋ ចង់​ឱ្យ​មាន​ច្បាប់​ធម្មនុញ្ញ​​អន្តោប្រវេសន៍​​ ដែល​ឆ្លង​កាត់​ប្រជាមតិដែរ។

ចំណែក​ក្រុម​អ្នក​ឆ្វេង​និយម​វិញ បាន​ចាត់​ទុក​ការ​រៀប​ចំ​ការតស៊ូ​មតិ​ស្តី​ពី​អន្តោប្រវេសន៍​ ជា​ការ​ផែនការ​ប្រជានិយម​របស់​រដ្ឋាភិបាល យក​បញ្ហា​អន្តោប្រវេសន៍​មក​​លាក់​បាំង​វិបត្តិ​ធ្ងន់ធ្ងរ​របស់​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ