បារាំង រៀបចំការតស៊ូមតិ ស្តីពីអន្តោប្រវេសន៍ នៅសភា និងព្រឹទ្ធសភា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៥៩
តាមការចង់បានរបស់ប្រធានាធិបតី នៅថ្ងៃទី ៧ តុលានេះ សភាបារាំងបានបើកការតស៊ូមតិ ស្តីអំពី អន្តោប្រវេសន៍ ដែលជាប្រធានបទដ៏ចម្រូងចម្រាសបំផុត។ ជាការផ្តោះប្តូរយោបល់រវាង សភា និងរដ្ឋាភិបាល ដោយគ្មានឆ្លងកាត់ការបោះឆ្នោតអនុម័តទេ។ ខាងរដ្ឋាភិបាលតំណាងដោយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល។ ការតស៊ូមតិបែបនេះមានរៀបចំធ្វើដែរនៅព្រឹទ្ធសភា នៅថ្ងៃពុធ។
តើបារាំងត្រូវមានទិសដៅនយោបាយអន្តោប្រវេសន៍យ៉ាងណា ? នេះជាប្រធានបទ ដែលនាយករដ្ឋមន្ត្រីបារាំងបានលើកយកមកធ្វើការតស៊ូមតិជាមួយសភា។ កម្មវត្ថុនៃការតស៊ូមតិ ដែលមិនមែនដើម្បីតាក់តែងសរសេរជាច្បាប់អន្តោប្រវេសន៍ថ្មីមួយទៀតទេ ! ច្បាប់អន្តោប្រវេសន៍ និងជ្រកកោននយោបាយ ត្រូវបានអនុម័តរួចរាល់ហើយកាលពីឆ្នាំមុន។ ប៉ុន្តែការតស៊ូមតិនេះជាឱកាស ដែលសភា និងព្រឹទ្ធសភាបំភ្លឺទស្សនៈជុំវិញការប្រកាន់យកទិសដៅនយោបាយរបស់រដ្ឋាភិបាល។ នេះជាប្រសាសន៍របស់លោក អេដ័រ ហ្វីលីព Edouard Philippe។
លោកនាយករដ្ឋមន្ត្រី ជាអ្នកផ្តើមកម្មវិធី ដោយបានលាតត្រដាងទិសដៅនយោបាយ ៦យ៉ាងរបស់រដ្ឋាភិបាល។ លោកបានទទួលស្គាល់ថា រដ្ឋាភិបាលសម្រេចមិនបានរាល់គ្រប់កម្មវត្ថុទាក់ទងនឹងសំណុំរឿងអន្តោប្រវេសន៍ទេ ព្រោះនៅរវាងពីឆ្នាំ២០១៧-២០១៨ ចំនួនអ្នកសុំសិទ្ធិជ្រកកោន បានកើនឡើង២២%។ ពេលនេះប្រព័ន្ធទទួលអន្តោប្រវេសន៍បារាំង ពេញណែនហើយ ដូច្នេះបារាំងត្រូវតែហ៊ាននិយាយអ្វីដែលបារាំងមិនដែលប្រើពីមុន។ ដោយឈរលើទស្សនៈ ទទួលអន្តោប្រវេសន៍ត្រឹមត្រូវ ទើបអាចទ្រទ្រង់និងគ្រប់គ្រងលំហូរអន្តោប្រវេសន៍បាន ! ប្រមុខរដ្ឋាភិបាលបារាំងបានប្រកាសត្រៀមបើកកិច្ចពិភាក្សា ដើម្បីឈានទៅរៀបចំឱ្យមាន កូតាទទួលអន្តរប្រវេសន៍ ទៅតាមសញ្ជាតិ ឬ ទៅតាមវិជ្ជាជីវៈ។ ពីមុនមក ពាក្យថាកូតាទទួលអន្តោប្រវេសន៍ គឺជាជំហររបស់អ្នកនយោបាយបក្សអភិរក្សនិយមបារាំងប៉ុណ្ណោះ។
បារាំងនឹងកំណត់ឡើងវិញនូវយុទ្ធសាស្ត្រជំនួយអភិវឌ្ឍន៍ ឱ្យមានកំរិត ០,៥៥%នៃផលិតផលសរុបក្នុងស្រុក ដោយយកបញ្ហាអន្តោប្រវេសន៍មកធ្វើជាស្នូលនៃទំនាក់ទំនងការបរទេស។ ដើម្បីបានសញ្ជាតិបារាំង រដ្ឋាភិបាលកំពុងពិចារណា បង្កើនកំរិតចំណេះដឹងផ្នែកភាសាជាតិ។ បារាំងមានមហិច្ឆតាទទួលនិស្សិតបរទេសឱ្យបានកាន់តែច្រើន តែចង់រឹតបន្តឹងអន្តោប្រវេសន៍គ្រួសារ។
ទិសដៅនយោបាយជាច្រើនចំណុចផ្សេងទៀតរបស់រដ្ឋាភិបាល ត្រូវបានបង្ហាញដោយ រដ្ឋមន្ត្រីក្រសួងការបរទេស មហាផ្ទៃ និងសុខាភិបាល មានជាអាទិ៍ការប្រយុទ្ធប្រឆាំងនឹងការកេងបន្លំ។ បារាំងនៅតែប្រកាន់ភ្ជាប់គោលការណ៍មនុស្សធម៌សង្គ្រោះព្យាបាលអ្នកជំងឺមិនបណ្តោយស្លាប់ព្រោះគ្មានលុយ និងគ្មានក្រដាសស្នាមឡើយ តែពេលនេះ បើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋាភិបាលមានផែនការប្រយុទ្ធប្រឆាំងនឹងការលួចបន្លំ និងចង់ឱ្យសភា ធ្វើកំណែទម្រង់ច្បាប់ស្តីពីការជំនួយសុខភាពដោយឥតគិតថ្លៃដល់ជនអន្តោប្រវេសន៍។
បើតាមរដ្ឋមន្ត្រីក្រសួងការបរទេសនិងមហាផ្ទៃ ការប្រយុទ្ធប្រឆាំងនឹងលំហូរអន្តោប្រវេសន៍ត្រូវមានដំណោះស្រាយជាអន្តរជាតិ និងកំរិតអឺរ៉ុប។ បារាំងគ្រោងនឹងសុំសើរើរបបអន្តោប្រវេសន៍អឺរ៉ុប ដើម្បីធ្វើយ៉ាងណាឱ្យស៊ីគ្នានឹងប្រព័ន្ធច្បាប់ជាតិ។ សម្រួលការបញ្ជូនអន្តោប្រវេសន៍ខុសច្បាប់ត្រលប់ទៅស្រុកកំណើនបានច្រើនជាងមុន។ ដោយគ្រប់ប្រទេសត្រូវមានចំណែកទទួលយកជនអន្តោប្រវេសន៍ ឬជួយជាថវិកា ឬជាសម្ភារៈ។
ចប់បទបង្ហាញរបស់រដ្ឋាភិបាល ដល់វេលាដែលប្រមុខបក្សនយោបាយ បញ្ចេញយោបល់។ ប្រធានគណបក្សរួបរួមជាតិ (អតីតបក្សរណសិរ្ស បក្សជាតិនិយមជ្រុលបារាំង) លោកស្រី ម៉ារីន ឡឺប៉ែន ដែលការពារនយោបាយផ្អាកការទទួលអន្តោប្រវេសន៍មួយរយៈ បានទាមទារឱ្យរដ្ឋាភិបាល ហ៊ានសួរយោបល់រាស្ត្រ ដោយរៀបចំប្រជាមតិថ្នាក់ជាតិ ស្តីអំពីបញ្ហាអន្តោប្រវេសន៍។ ខាងអ្នកស្តាំនិយមវិញ យល់ថា រដ្ឋាភិបាលមានសកម្មភាពស្ពឹកស្រពន់ណាស់ ក្នុងចំណាត់ការប្រឆាំងនឹងអន្តោប្រវេសន៍។ ក្រុមអ្នកសាធារណរដ្ឋ ចង់ឱ្យមានច្បាប់ធម្មនុញ្ញអន្តោប្រវេសន៍ ដែលឆ្លងកាត់ប្រជាមតិដែរ។
ចំណែកក្រុមអ្នកឆ្វេងនិយមវិញ បានចាត់ទុកការរៀបចំការតស៊ូមតិស្តីពីអន្តោប្រវេសន៍ ជាការផែនការប្រជានិយមរបស់រដ្ឋាភិបាល យកបញ្ហាអន្តោប្រវេសន៍មកលាក់បាំងវិបត្តិធ្ងន់ធ្ងររបស់ប្រទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ