អានតួអត្ថបទ
ONU-តួកគី-ស៊ីរី

តួកគី-ស៊ីរី៖ក្រុមប្រឹក្សាសន្តិសុខកោះប្រជុំជាថ្មីតាមសំណើរបស់ក្រុមប្រទេសសមាជិកមកពីអឺរ៉ុប

នៅ​ថ្ងៃ​ពុធ ទី១៦ តុលា​នេះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កោះ​ប្រជុំ​ជា​ថ្មី​តាម​សំណើ​របស់​ក្រុម​ប្រទេស​សមាជិក​មក​ពី​អឺរ៉ុប គឺ​បែលហ្ស៊ិក អាល្លឺម៉ង់ បារាំង ប៉ូឡូញ និង​ប្រទេស​អង់គ្លេស។ កម្មវត្ថុ​នៃ​កិច្ចប្រជុំ​ជា​ថ្មី​ពេល​នេះ​ក៏​ដូច​ជា​កិច្ចប្រជុំ​លើកទី១ មិន​បាន​សម្រេច​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១០ តុលា​ដែរ គឺ​ស្វែង​រក​សេចក្តីសម្រេច​មួយ​ដើម្បី​ទាមទារ​ឲ្យ​តួកគី​បញ្ឈប់​ការ​វាយប្រហារ​លើ​កម្លាំង​គួឌីស្ថាន​ស៊ីរី​នៅ​ប៉ែកខាងជើង​ស៊ីរី​ដែល​បាន​ផ្តើម​តាំង​ពី​ថ្ងៃ​ពុធ ទី៩ តុលា។ ទន្ទឹម​នឹង​ការ​ព្យាយាម​ដាក់​សម្ពាធ​លើ​តួកគី​ដោយ​ប្រើ​វេទិកា​ក្រុមប្រឹក្សាសន្តិសុខ ប្រទេស​បស្ចិមលោក​ខ្លះ​ក៏​បាន​ចាត់​វិធានការ​ដាច់​ដោយឡែក​របស់​ខ្លួន​ដែរ។ ជាក់ស្តែង អាមេរិក​ប្រកាស​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដោយ​បង្កក​ទ្រព្យសម្បត្តិ​លើ​រដ្ឋមន្រ្តី​តួកកី ៣នាក់ រួម​ទាំង​ដំឡើង​ពន្ធ​ផលិផល​ដែកថែប​តួកគី​នាំ​ចូល​អាមេរិក។ ចំណែក​សហភាព​អឺរ៉ុប​ក៏​អាច​អនុម័ត​ទណ្ឌកម្ម​សេដ្ឋកិច្ច​ស្រដៀង​គ្នា​ដាក់​តួកគី​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាអឺរ៉ុប​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ និង​ថ្ងៃ​សុក្រ ទី១៨ តុលា​ខាង​មុខ​ដែរ។ តើ​ទណ្ឌកម្ម​ទាំង​អស់​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​តួកគី​កម្រិត​ណា​ដែរ និង​ថា តើ​វិធានការ​ទាំង​អស់​នេះ​អាច​ធ្វើ​ឲ្យ​តួកគី​បារម្ភ​ដែរ ឬ​ទេ?។

ក្រុម​ប្រឹក្សា​សន្តុិសុខ​អង្គការ​សហប្រជាជាតិ​កោះ​ប្រជុំ​ជា​ថ្មី​តាម​សំណើ​អឺរ៉ុប
ក្រុម​ប្រឹក្សា​សន្តុិសុខ​អង្គការ​សហប្រជាជាតិ​កោះ​ប្រជុំ​ជា​ថ្មី​តាម​សំណើ​អឺរ៉ុប REUTERS/Carlo Allegri
ផ្សាយពាណិជ្ជកម្ម

« ខណៈ​នេះ គេ​ពិបាក​នឹង​វាយតម្លៃ​ឲ្យ​បាន​ប្រាកដប្រជា​ពី​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​តួកគី​នៅ​ក្នុង​ករណី​ណា​ដែល​តួកគី​អាច​បង្វែរ​ការ​នាំ​ចេញ​មួយ​ផ្នែក​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ផ្សេង​ដែល​មិន​មាន​ការ​អនុវត្តន៍​រណាំង​ពន្ធគយ​នាំ​ចូល។ អ្វី​ដែល​នឹង​អាច​កើត​មាន​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​នោះ គឺ​ការ​ដែល​រដ្ឋាភិបាល​តួកគី​ផ្តើម​ពិនិត្យមើល​ពី​ទំហំ​នៃ​ការ​នាំ​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​អាមេរិក​ដែល​នឹង​ត្រូវ​រដ្ឋបាល​អាមេរិក​ដំឡើង​ពន្ធ។

ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​តួកគី​ក៏​នឹង​ត្រូវ​ពិនិត្យ​មើល​ផង​ដែរ​ពី​លក្ខខណ្ឌ​ដែល​ខ្លួន​អាច​បង្វែរ​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស ឬ​ទៅ​កាន់​តំបន់​ភូមិសាស្រ្ត​ផ្សេង​ទៀត ដូច​ជា​ប្រទេស​ចិន​ដែល​មិន​អនុវត្តន៍​រណាំង​ពន្ធគយ​នាំ​ចូល​ទេ។ លើស​ពី​នេះ​ទៅ​ទៀត​នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាន់​របស់​ក្រុមប្រឹក្សាសន្តិសុខ​ថ្មីៗ​នេះ រដ្ឋាភិបាល​ចិន​ថែម​ទាំង​បាន​សម្រេច​មិន​ធ្វើ​តាម​ការ​ផ្តន្ទាទោស​របស់​ប្រទេស​សមាជិក​ផ្សេង​ឡើយ។

ដូច្នេះ ប្រទេស​ចិន​អាច​ជា​គោលដៅ​នាំ​ចេញ​ដ៏​ប្រសើរ​សម្រាប់​ប្រទេស​តួកគី ពិសេស​នៅ​ពេល​ដែល​សហភាពអឺរ៉ុប​អាច​នឹង​អនុម័ត​ទណ្ឌកម្ម​សេដ្ឋកិច្ច ឬ​រណាំង​ពន្ធគយ​ដាក់​លើ​តួកគី​ដែរ​នោះ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ