ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
អឺរ៉ុប

សហភាពអឺរ៉ុបគ្នាជំហររួម រឿងផ្អាកលក់អាវុធទៅឱ្យតួកគី

media ទាហាន​តួកគី និង​យុទ្ធជនស៊ីរី​គាំទ្រ​ដោយ​តួកគី នៅ​សមរភូមិជាយ​ក្រុង​ Manbij របស់ស៊ីរី​ថ្ងៃទី ១៤​តុលា២០១៩ Zein Al RIFAI / AFP

រាល់​គ្រប់ប្រភេទ​​អាវុធ​ដែលគេ​អាច​យក​ទៅ​ប្រើ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​ស៊ីរី​ នឹង​មិន​ត្រូវ​ទទួល​ការ​អនុញ្ញាត​ឱ្យ​នាំ​ចេញ​ទៅ​តួកគី​ទេ ! ការ​​លក់​អាវុធ​យុទ្ធភ័ណ្ឌ​ ​ទៅ​ឱ្យ​តួកគី ត្រូវ​ផ្អាក​មួយ​រយៈ ! នេះ​ជា​សេចក្តី​សម្រេច​របស់​ អង់គ្លេស អេស្ប៉ាញ កាណាដា នៅ​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធនាការ​ជា​​ឯកតោភាភី​របស់​តួកគី​នៅភាគ​ខាង​ជើង​ស៊ីរី។ តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មក​ ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រៀងៗ​ខ្លួន​ ម្តង​ម្នាក់ៗជា​បន្ត​បន្ទាប់​និង​ដាច់​ដោយ​ឡែក​ពីគ្នា ប្រឆាំង​នឹង​ទង្វើ​របស់​តួកគី​នៅ​ស៊ីរី។

គ្មាន​ទេជំហរ​រួម ! គ្មាន​ទេសេចក្តី​ថ្លែងការណ៍​អឺរ៉ុប​សម្រេច​ជា​ធ្លុង​មួយ​ទាក់ទង​នឹង​ការ​នាំ​អាវុធ​ចេញ​ទៅប្រទេស​តួកគី ! រដ្ឋ​ជា​សមាជិកសហភាព​អឺរ៉ុប​ បាន​ត្រឹម​តែ​បង្ហាញ​ជំហរ និង​ការ​ប្តេជ្ញាចិត្ត​ ដាច់​ខាត​​ថ្នាក់​ជាតិ​តែ​ប៉ុណ្ណោះ។ គឺ​ប្រទេសនីមួយៗ ត្រូវ​សម្រេច​ចិត្ត​ដោយខ្លួន​ឯង និង​តែ​ម្នាក់ឯង ថា​តើ​ត្រូវ​ផ្អាក​ការ​លក់​អាវុធ​ទៅ​ឱ្យ​តួកគី​ឬ​អត់។

ប្រទេស​ន័រវេស ដែល​មិន​មែន​ជា​សមាជិក​សហភាព​អឺរ៉ុប​ទេ តែ​ជា​សម្ព័ន្ធ​មិត្ត​របស់​តួកគី​​ក្នុង​នាម​ជា​សមាជិក​សម្ព័ន្ធ​អូតង់​ បាន​សម្រេចចិត្ត​ព្យួរ​ការ​នាំ​អាវុធ​ទៅ​តួកគី​មុន​គេ​បង្អស់។ បន្ទាប់​មក​គឺ​ប្រទេស​ហូឡង់ ដែល​តាំង​ពី ថ្ងៃ​សុក្រ​មក​បាន​អំពាវនាវ​ឱ្យ​សមាជិក​សហភាព​ ​ទាំង​ឡាយ​ប្រកាន់​ជំហរ​​តាម​។ មិន​បង្អង់​ ស្អែក​ឡើងត្រូវ​នឹង​​ថ្ងៃទី ១២ តុលា ២០១៩ បារាំង​និង​អាល្លឺម៉ង់​ បាន​ប្រកាសរួមគ្នា​​ផ្អាក​ការ​លក់​អាវុធ​យុទ្ធភណ្ឌ​ទៅ​ឱ្យ​អង់ការ៉ា។

គេ​ត្រូវ​រង់​ចាំ​ដល់​ថ្ងៃ​អង្គារទី ១៤​តុលា​ ទើប​ឃើញ អង់គ្លេស អេស្ប៉ាញ​និង​អ៊ីតាលី ដែល​ជា​ប្រទេស​​​អ្នក​ផ្គត់​ផ្គង់​សព្វាវុធ​ដ៏​សំខាន់​មួយ​​របស់​តួកគី ព្រម​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ ព្រមាន​​តួកគី។ ប៉ុន្តែ ជា​​​វិធាន​ការ​​ដែល​មាន​កំរិត ព្រោះ​ប្រទេស​ទាំង​បាន​សម្រេច​ត្រឹម​តែ​កំរិត​ការ​នាំចេញ​នូវ​សព្វាវុធ និង​សម្ភារៈយោធា​​មួយ​ចំនួន ដែល​អាច​ប្រើ​បាន​ភ្លាម​ក្នុង​ប្រតិបត្តិការ​យោធា​របស់​តួកគី​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី​ពេល​នោះ​ប៉ុណ្ណោះ ! មិនមែន​ជា​ការ​ដាក់​ទណ្ឌកម្ម​ឈប់​លក់​អាវុធ​ឱ្យ​ទេ។

​ប៊ែលហ្សិក​វិញ នៅ​កំពុង​រារែក មិន​ទាន់​សម្រេច​ជំហរ​របស់​ខ្លួន​បាន​នៅ​ឡើយ​ទេ។ រីឯ​ស៊ុយអែត បាន​សម្រេច​ត្រឹម​ព្យួរ​តែ​ការ​នាំ​ចេញ​គ្រាប់​រំសេវ​ទេ។ កាណាដា ដែលធ្លាប់​លក់​អាវុធ​ឱ្យ​តួកគី​ក្នុង​ទំហំ​៨០​លាន​អឺរ៉ូ​នៅ​ឆ្នាំ​២០១៨ ក៏​បាន​សម្រេច​ផ្អាក​ការនាំ​ចេញ​ជា​បណ្តោះ​អាសន្ន​ដែរតែ​ភាគ​ច្រើន​ជា​​សម្ភារៈ​យោធា​។

ទាក់ទង​នឹង​ការ​ដាក់ទណ្ឌកម្មលើ​តួកគី​​វិញ សហភាព​អឺរ៉ុប​ក៏​មិន​បាន​រក​ឃើញ​កិច្ចព្រមព្រៀង​រួមដែរ។​ តែ​តួកគី បាន​ឆ្លើយផ្គើនជា​មុន​ស្រេច​ថា ​នឹង​បន្ត​ប្រតិបត្តិការ​យោធា​នៅ​ស៊ីរី​រហូតបាន​សម្រេច​កម្មវត្ថុ​យក​ឈ្នះ​លើ​ពួក​ភេរវជន​នៅ​តាម​ព្រំដែន ​ទោះ​បី​ពិភពលោក​គាំទ្រ​ឬ​មិន​គាំទ្រ​ និង​ដាក់​ទណ្ឌកម្ម​យ៉ាង​ណា​ក៏​ដោយ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ