ក្រោយពីសហរដ្ឋអាមេរិករបស់លោកដូណាល់ ត្រាំ បានប្រកាសដកកងទ័ពចេញពីស៊ីរី តាំងពីថ្ងៃទី ៩ តុលាមកនេះ តួកគីបានបើកប្រតិបត្តិការយោធានៅភាគខាងស៊ីរី ប្រឆាំងនឹងកងប្រដាប់អាវុធគួឌីស្ថាន ក្រោមហេតុផលកម្ចាត់ពួកភេរវនិយម “គួឌីស្ថាន” ពីតំបន់ព្រំដែនស៊ីរី-តួកគី ដើម្បីបង្កើតតំបន់សុវត្ថិភាព។ គួឌីស្ថាន ដែលជាតួអង្គដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកអង្គការរដ្ឋអ៊ីស្លាម ជាសម្ព័ន្ធមិត្តរបស់បស្ចិមលោក តែជាក្រុមភេរវនិយមសម្រាប់ក្រសែភ្នែកតួកគី។ ហេតុអ្វីបានជាដូច្នេះ ?
បើសួរថាគួឌីស្ថាននៅទីណា គេពិតជាពិបាកចង្អុលបង្ហាញណាស់ ! ព្រោះគ្មានឈ្មោះគួឌីស្ថាននៅលើផែនទីទេ ! គួឌីស្ថាន មិនជាប្រទេស ឬជារដ្ឋមួយឡើយ ! តែជាក្រុមជនជាតិពន្ធុមួយ ក្រុម ដែលរស់នៅរាយប៉ាយក្នុងតំបន់ភាគខាងកើតប្រទេសតួកគី ភាគពាយ័ព្យប្រទេសអ៊ីរ៉ង់ ភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងភាគខាងកើតស៊ីរី ពោលគឺតំបន់ជាទីប្រសព្វនៃព្រំប្រទល់បួនប្រទេស គឺតួកគី អ៊ីរ៉ង់ អ៊ីរ៉ាក់ និងស៊ីរី។ គួឌីស្ថានជាពលរដ្ឋគ្មានប្រទេសដ៏ធំជាងគេបំផុតនៅពិភពលោក ដោយមានចំនួនសរុបប្រមាណ ពី៣០ទៅ៤០លាននាក់ (គ្មានតួលេខពិត)។
ប៉ុន្តែដើម្បីបានយល់ថាតើជនជាតិគួឌីស្ថានមានប្រភពមកពីណា គេត្រូវក្រលេកថយក្រោយទៅមើលប្រវត្តិសាស្ត្រ។ គួឌីស្ថាន ជាពលរដ្ឋដ៏ចំណាស់ក្នុងតំបន់ តាំងពីមុនគ្រិស្ថសករាជដែល មានវប្បធម៌ខុសពីពលរដ្ឋអារ៉ាប តែស្រដៀងនឹងពូជពែក្សច្រើនជាង។ នៅសតវត្សរ៍ទី ៧ ដោយការឈ្លានពានរបស់អ៊ីស្លាមនិងអារ៉ាប គួឌីស្ថានបានបែកខ្ញែកគ្នា និងងាកមកកាន់សាសនាអ៊ីស្លាម។ បច្ចុប្បន្នភាគច្រើននៃពលរដ្ឋគួឌីស្ថាន(៨០%) កាន់សាសនាអ៊ីស្លាមនិកាយសុននីត និងកាន់សាសនាផ្សេងៗទៀត ដូចជាគ្រិស្តសាសនា និងក៏មានផងដែរគួឌីស្ថានជ្វីហ្វ។ អត្តសញ្ញាណសាសនារបស់គួឌីស្ថានមានច្រើន អ្វីដែលច្បាស់លាស់បំផុត គួឌីស្ថានអ៊ីរ៉ាក់ អ៊ីរ៉ង់ តួកគី និងស៊ីរី ជាជនជាតិពិន្ធុតែមួយ និងមានភាសាដើមតែមួយរួមគ្នា។ និយាយជារួម គួឌីស្ថាន មានចំណែកយ៉ាងសំខាន់ក្នុងប្រវត្តិបង្កើតរដ្ឋ ដែលបច្ចុប្បន្នបានក្លាយជាប្រទេសអ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ីរី និងតួកគី។
រហូតដល់សតវត្សរ៍ទី ១៦ ទើបគេឃើញពលរដ្ឋគួឌីស្ថានចាប់មានគំនិតចង់បង្កើតរដ្ឋឯករាជ្យមួយ។ ប៉ុន្តែទោះបីជាមានឥទ្ធិពលខ្លាំងក្នុងតំបន់ក៏ដោយក្តី ក៏គួឌីស្ថានបានចាប់បាត់បង់ដីបន្តិចម្តងៗ នៅចំពោះមុខការរីកលូតលាស់របស់ចក្រភពអូតូម៉ង់ (តួកគី)។ សង្គ្រាមលោកលើកទីមួយបានបញ្ចប់ ចក្រភពអូតូម៉ង់រលំរលាយទៅ សម្ព័ន្ធមិត្តចាប់ផ្តើមគូសបន្ទាត់ព្រំដែនដីថ្មីនៅតំបន់មជ្ឈិមបូព៌ានេះ សន្ធិសញ្ញាក្រុងសែវ (ជាយក្រុងប៉ារីសប្រទេសបារាំង) សន្យាផ្តល់ដែនដីជារដ្ឋស្វយ័តឱ្យគួឌីស្ថានមួយដុំ តែប្រទេសជិតខាងបដិសេធ សន្ធិសញ្ញាក៏ស្លាប់ទៅវិញ។ គួឌីស្ថានបានសាកល្បងសុំស្វ័យភាពជាច្រើនលើកច្រើនសាទៀត តែមិនសម្រេច។
នៅទីបំផុត ពលរដ្ឋគួឌីស្ថាន ត្រូវរស់បែកខ្ញែកគ្នាក្នុងប្រទេសបួន ប្រមាណ១៥លាននាក់នៅប្រទេសតួកគី (ត្រូវជា២០%នៃប្រជាជនតួកគីសុរប) ៦ទៅ៧លាននាក់នៅអ៊ីរ៉ង់ ២លាននាក់នៅស៊ីរី(ត្រូវជា៩%នៃប្រជាជនស៊ីរីសរុប) និង៥លាននាក់នៅអ៊ីរ៉ាក់ (២២%នៃប្រជាជនអ៊ីរ៉ាក់សរុប) ព្រមទាំងសហគមន៍តូចៗនៅអឺរ៉ុប អាមេរិក និងនៅអ៊ីស្រាអែល។ ប្រជាជនគួឌីស្ថាន បានក្លាយជាជនជាតិភាគតិចរបស់អ៊ីរ៉ាក់ អ៊ីរ៉ង់ ស៊ីរី ឬតួកគី ដោយរស់ដាច់ដោយឡែកពីគ្នា មិនចុះសម្រុង និងទទួលរងការគាបសង្កត់ ធ្វើទុកបុកម្នេញ ពីសំណាក់រដ្ឋាភិបាលនីមួយៗយ៉ាងខ្លាំង។
ទីណាមានការគាបសង្កត់ ទីនោះមានការរើបំរះ ! នៅទសវត្សរ៍ ១៩៨០ ចលនាទាមទារផ្តាច់ទឹកដីគួឌីស្ថានបានកកើតឡើង នៅក្នុងទាំងបួនប្រទេស ដោយទម្រង់និងយុទ្ធសាស្ត្រផ្សេងៗគ្នា។ នៅអ៊ីរ៉ាក់ រដ្ឋាភិបាលកាន់អំណាចបានប្រើថ្នាំគីមីសម្លាប់ជនស៊ីវិល និងអ្នកបះបោរប្រដាប់អាវុធគួឌីស្ថានដោយស្រស់ៗអស់រាប់សិបពាន់នាក់ រហូតផ្អើលដល់អង្គការសហប្រជាជាតិ ទើបក្រោយមកពលរដ្ឋគួឌីស្ថានអ៊ីរ៉ាក់មួយក្រុមនេះ ដែលបានទទួលស្វ័យភាពពេញលេញក្រោយរបបសាដាមអូសេនរលាយរលំទៅ។
នៅអ៊ីរ៉ង់ ក្រោយចលនាប៉ះបោរ រដ្ឋាភិបាលបានគាបបង្ក្រាបជនជាតិគួឌីស្ថានកាន់តែខ្លាំង ស្ទើរលែងមានសិទ្ធិអ្វីទាំងអស់។ នៅតួកគី ការងើបបះបោររបស់ចលនាគួឌីស្ថាននៅតួកគី ហៅកាត់ថា PKK បានក្លាយជាតតាំងប្រដាប់អាវុធជាមួយកងទ័ពរដ្ឋាភិបាល មានស្លាប់ជាច្រើនពាន់នាក់ជាពិសេសជនស៊ីវិលគួឌីស្ថាន។ ក្រុមគួឌីស្ថានតួកគី បានត្រឹមមានសិទ្ធិចូលប្រលូកនយោបាយ តែមេដឹកនាំត្រូវជាប់ឃុំឃាំងស្ទើរទាំងអស់ពីបទភេរវនិយម។
គ្រប់ការប៉ុនប៉ងទាមទារឯករាជ្យគួឌីស្ថានតែងបរាជ័យ តែសម្រែកទាមទារស្វ័យភាពនៅតែលាន់រងំជាប់ជានិច្ច។ សង្គ្រាមស៊ីវិលនៅស៊ីរីឆ្នាំ២០១១ បានដាស់ពលរដ្ឋគួឌីស្ថាននៅស៊ីរី ដែលរងការបង្ក្រាបយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលក្រុងដាម៉ាស ឱ្យងើបឡើងប្រឆាំងលោកបាស្ហារអាល់អាសាដ។ ក្នុងនាមជាសម្ព័ន្ធមិត្តរបស់អាមេរិក និង ជាតួអង្គដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកអង្គការដ្ឋអ៊ីស្លាម ក្រុមគួឌីស្ថាននៅស៊ីរី បានឱកាសទាមទារស្វ័យភាព។
គឺទំនងដោយសារតែស្នាដៃដ៏ខ្លាំងក្លា និងឆន្ទៈដ៏មុះមុតរបស់គួឌីស្ថានស៊ីរីនេះហើយដែលធ្វើឱ្យរដ្ឋាភិបាលតួកគីព្រួយបារម្ភ ខ្លាចចលនាទាមទារឯករាជ្យគួឌីស្ថាន ឆ្លងរាលដាលដល់តួកគី។ ហេតុដូច្នេះហើយបានជាគ្រាន់តែអាមេរិកបង្ហើបគម្រោងចង់ដកកងទ័ពចេញពីស៊ីរី លែងធ្វើជាបង្អែកឱ្យគួឌីស្ថានស៊ីរីភ្លាម តួកគីសម្រេចបើកយុទ្ធនាការវាយប្រហារនៅស៊ីរី យ៉ាងទាន់ហន់ ប្រឆាំងនឹងក្រុមប្រដាប់អាវុធគួឌីស្ថាននៅស៊ីរី ក្រោមហេតុផលប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ