ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 07/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT

តើគួឌីស្ថានជានរណា ?

តើគួឌីស្ថានជានរណា ?
 
តំបន់​ដែល​មាន​ប្រជាជន​គួឌីស្ថាន តំណាង​ដោយ​ពណ៌​លឿង​ ©France24

ក្រោយ​ពីសហរដ្ឋ​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ បាន​ប្រកាស​ដក​កងទ័ព​ចេញ​ពីស៊ីរី តាំង​ពី​ថ្ងៃទី ៩ តុលា​មក​នេះ តួកគី​បាន​បើក​ប្រតិបត្តិការ​​យោធា​នៅ​ភាគ​ខាង​ស៊ីរី ប្រឆាំង​នឹង​កង​ប្រដាប់​អាវុធ​គួឌីស្ថាន ក្រោម​ហេតុផល​កម្ចាត់​ពួក​ភេរវនិយម​ “គួឌីស្ថាន” ពី​តំបន់​ព្រំ​ដែន​ស៊ីរី-តួកគី ដើម្បី​បង្កើត​តំបន់​សុវត្ថិភាព។ គួឌីស្ថាន ដែល​​ជា​តួ​អង្គ​ដ៏​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អង្គការរដ្ឋ​អ៊ីស្លាម ​ជា​សម្ព័ន្ធមិត្ត​របស់បស្ចិមលោក តែ​ជាក្រុម​ភេរវនិយម​សម្រាប់​ក្រសែ​ភ្នែក​តួកគី។ ហេតុ​អ្វី​បាន​ជា​ដូច្នេះ ?

បើ​សួរថា​គួឌីស្ថាន​នៅទីណា គេ​ពិត​ជា​ពិបាក​ចង្អុល​បង្ហាញ​ណាស់ ! ព្រោះគ្មាន​ឈ្មោះគួឌីស្ថាន​​នៅ​លើ​ផែនទីទេ !​ គួឌីស្ថាន មិន​ជា​ប្រទេស​ ឬ​ជា​រដ្ឋ​មួយ​ឡើយ ! តែ​ជាក្រុម​ជន​​ជាតិ​ពន្ធុ​មួយ ក្រុម ដែល​​រស់​នៅរាយប៉ាយ​ក្នុងតំបន់ភាគ​ខាង​កើត​ប្រទេស​តួកគី ភាគ​ពាយ័ព្យ​ប្រទេស​អ៊ីរ៉ង់ ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់ និង​ភាគ​ខាងកើត​ស៊ីរី ពោល​គឺ​​តំបន់​ជា​ទី​​ប្រសព្វ​នៃ​​ព្រំ​ប្រទល់បួនប្រទេស​ គឺ​តួកគី អ៊ីរ៉ង់ អ៊ីរ៉ាក់ និង​ស៊ីរី។ គួឌីស្ថាន​ជា​ពលរដ្ឋ​គ្មាន​ប្រទេស​ដ៏​ធំ​ជាង​គេ​បំផុត​នៅពិភពលោក ដោយ​​​មាន​ចំនួន​​សរុប​ប្រមាណ ពី​៣០​ទៅ​៤០​លាន​នាក់ (គ្មាន​តួលេខ​ពិត​)។

ប៉ុន្តែដើម្បី​បាន​យល់​ថាតើ​ជនជាតិ​គួឌីស្ថាន​មាន​ប្រភព​មក​ពី​ណា គេត្រូវ​ក្រលេកថយក្រោយ​​ទៅ​មើល​​ប្រវត្តិសាស្ត្រ។ គួឌីស្ថាន ​ជា​ពលរដ្ឋ​​ដ៏​ចំណាស់ក្នុង​តំបន់ តាំង​ពីមុនគ្រិស្ថសករាជ​ដែល​ មាន​វប្បធម៌ខុស​ពី​​ពលរដ្ឋ​អារ៉ាប តែ​ស្រដៀង​នឹង​ពូជ​ពែក្សច្រើន​ជាង​។ នៅ​សតវត្សរ៍​ទី ៧ ​ដោយការ​ឈ្លានពាន​របស់អ៊ីស្លាម​និង​អារ៉ាប គួឌីស្ថាន​បាន​​បែក​ខ្ញែក​គ្នា​ និង​ងាក​មកកាន់​សាសនាអ៊ីស្លាម។ បច្ចុប្បន្ន​ភាគ​ច្រើននៃ​ពលរដ្ឋ​គួឌីស្ថាន(៨០%​​​​​) កាន់សាសនា​អ៊ីស្លាម​​​និកាយ​សុននីត និង​កាន់​សាសនា​ផ្សេងៗ​ទៀត ដូច​ជា​គ្រិស្តសាសនា និងក៏​មាន​ផង​ដែរ​គួឌីស្ថាន​ជ្វីហ្វ។ អត្តសញ្ញាណ​សាសនា​របស់​គួឌីស្ថាន​មានច្រើន អ្វី​ដែល​ច្បាស់​លាស់​បំផុត​ គួឌីស្ថាន​អ៊ីរ៉ាក់ អ៊ីរ៉ង់ តួកគី និង​ស៊ីរី ជាជនជាតិ​ពិន្ធុ​តែ​មួយ និង​មាន​ភាសា​ដើម​តែ​មួយ​រួម​គ្នា។ និយាយ​ជារួម គួឌីស្ថាន មាន​ចំណែក​​យ៉ាង​សំខាន់​ក្នុងប្រវត្តិ​បង្កើត​រដ្ឋ​ ដែល​បច្ចុប្បន្ន​បានក្លាយ​ជា​ប្រទេស​អ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ីរី និង​តួកគី។

រហូត​ដល់​សតវត្សរ៍​ទី ១៦ ទើប​គេ​ឃើញ​ពលរដ្ឋ​គួឌីស្ថាន​​ចាប់មាន​​គំនិត​ចង់​បង្កើត​រដ្ឋ​ឯករាជ្យ​មួយ​។ ប៉ុន្តែទោះ​បី​ជា​មាន​ឥទ្ធិពល​ខ្លាំង​​ក្នុង​តំបន់ក៏​ដោយ​ក្តី ក៏​គួឌីស្ថាន​បាន​ចាប់​បាត់​បង់​ដី​បន្តិចម្តងៗ នៅ​ចំពោះ​មុខ​ការ​រីកលូត​លាស់របស់​​ចក្រភព​អូតូម៉ង់ (តួកគី)។ ​សង្គ្រាម​លោក​លើក​ទី​មួយបាន​បញ្ចប់ ចក្រភព​អូតូម៉ង់​រលំរលាយ​ទៅ សម្ព័ន្ធមិត្ត​ចាប់​ផ្តើម​គូស​បន្ទាត់​ព្រំ​ដែន​ដី​ថ្មី​នៅ​តំបន់​មជ្ឈិម​បូព៌ា​នេះ សន្ធិសញ្ញា​ក្រុង​សែវ (ជាយក្រុង​ប៉ារីសប្រទេស​បារាំង)​ សន្យា​ផ្តល់​ដែន​ដី​ជា​រ​ដ្ឋ​ស្វយ័តឱ្យ​​គួឌីស្ថាន​មួយដុំ​ តែ​ប្រទេស​ជិត​ខាង​បដិសេធ សន្ធិសញ្ញាក៏​ស្លាប់​ទៅ​វិញ។ គួឌីស្ថាន​បាន​សាកល្បង​សុំ​ស្វ័យភាព​ជា​ច្រើន​លើក​ច្រើន​សាទៀត តែ​មិន​សម្រេច។

នៅទី​បំផុត ពលរដ្ឋ​គួឌីស្ថាន ត្រូវ​រស់​បែកខ្ញែក​គ្នាក្នុង​ប្រទេស​បួន ប្រមាណ​១៥​លាន​នាក់​នៅ​ប្រទេស​តួកគី (ត្រូវ​ជា​២០%​នៃ​ប្រជាជន​តួកគី​សុរប) ៦ទៅ​៧​លាន​នាក់​នៅ​អ៊ីរ៉ង់ ២លាន​នាក់​នៅ​ស៊ីរី(ត្រូវ​ជា​៩%នៃ​ប្រជាជនស៊ីរីសរុប) និង​៥លាននាក់​នៅ​អ៊ីរ៉ាក់ (២២%​នៃ​ប្រជាជនអ៊ីរ៉ាក់​សរុប) ព្រមទាំង​សហគមន៍​តូចៗ​នៅ​អឺរ៉ុប អាមេរិក និង​នៅ​​អ៊ីស្រាអែល។ ប្រជាជន​គួឌីស្ថាន បានក្លាយ​ជា​ជនជាតិ​ភាគតិច​របស់​អ៊ីរ៉ាក់ អ៊ីរ៉ង់ ស៊ីរី ឬ​តួកគី ដោយ​​រស់ដាច់​ដោយ​ឡែក​ពីគ្នា ​មិន​ចុះ​សម្រុង​ និង​ទទួល​រង​ការ​គាបសង្កត់ ធ្វើ​ទុក​បុកម្នេញ​ ពី​សំណាក់​រដ្ឋាភិបាល​នីមួយៗ​យ៉ាង​ខ្លាំង។

ទាហាន​គួឌីស្ថាន​កំពុង​ហ្វឹកហាត់​ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម REUTERS/Azad Lashkari

ទីណា​មានការ​​​គាប​សង្កត់ ទីនោះ​មាន​ការ​រើបំរះ ! ​នៅទសវត្សរ៍​​ ១៩៨០ ចលនា​ទាមទារ​ផ្តាច់​ទឹក​ដី​​​គួឌីស្ថាន​​បានក​កើត​ឡើង​ នៅ​ក្នុង​ទាំង​បួន​ប្រទេស​ ដោយទម្រង់​និង​យុទ្ធសាស្ត្រផ្សេងៗ​គ្នា។ ​ នៅ​អ៊ីរ៉ាក់ រដ្ឋាភិបាល​កាន់​អំណាច​បាន​ប្រើ​ថ្នាំ​គីមី​សម្លាប់​ជនស៊ីវិល និង​អ្នក​បះបោរប្រដាប់​អាវុធ​គួឌីស្ថាន​ដោយ​ស្រស់ៗ​អស់​រាប់​សិបពាន់​នាក់ រហូត​ផ្អើល​ដល់​អង្គការ​សហប្រជាជាតិ ទើប​ក្រោយមក​ពលរដ្ឋ​គួឌីស្ថាន​អ៊ីរ៉ាក់​​មួយ​​ក្រុម​នេះ​ ​ដែល​បាន​ទទួល​ស្វ័យភាពពេញ​លេញ​​​ក្រោយ​របប​សាដាមអូសេន​រលាយ​រលំទៅ។

នៅអ៊ីរ៉ង់ ក្រោយ​ចលនា​ប៉ះបោរ​ រដ្ឋាភិបាលបាន​​គាប​បង្ក្រាប​ជនជាតិគួឌីស្ថានកាន់តែខ្លាំង ស្ទើរ​លែង​មាន​សិទ្ធិអ្វី​ទាំង​អស់។ នៅ​តួកគី ការ​ងើប​បះបោររបស់​ចលនា​គួឌីស្ថាន​នៅ​តួកគី ហៅកាត់​ថា ​PKK ​ បានក្លាយ​ជា​​តតាំង​ប្រដាប់​អាវុធ​ជាមួយ​កងទ័ពរដ្ឋាភិបាល មាន​ស្លាប់​ជា​ច្រើន​ពាន់​នាក់​ជាពិសេស​ជនស៊ីវិល​គួឌីស្ថាន។ ក្រុមគួឌីស្ថាន​តួកគី បាន​ត្រឹម​មាន​សិទ្ធិ​ចូល​ប្រលូក​នយោបាយ តែ​មេដឹកនាំ​ត្រូវ​ជាប់​ឃុំឃាំង​ស្ទើរ​ទាំងអស់​ពី​បទ​ភេរវនិយម។

គ្រប់ការ​ប៉ុនប៉ង​ទាមទារ​ឯករាជ្យ​គួឌីស្ថានតែង​បរាជ័យ​ តែសម្រែក​ទាមទារ​ស្វ័យភាព​នៅ​​តែ​លាន់រងំជាប់​ជា​និច្ច។ សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី​ឆ្នាំ​២០១១ បាន​ដាស់​ពលរដ្ឋ​គួឌីស្ថាន​នៅ​ស៊ីរី ដែល​រង​ការ​បង្ក្រាប​យ៉ាង​ខ្លាំង​ពី​សំណាក់​​​រដ្ឋាភិបាល​ក្រុង​ដាម៉ាស ឱ្យ​ងើប​ឡើងប្រឆាំង​លោក​បាស្ហារអាល់អាសាដ។ ក្នុងនាមជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ និង​ ​ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អង្គការ​ដ្ឋ​អ៊ីស្លាម ក្រុម​គួឌីស្ថាន​នៅ​ស៊ីរី ​បាន​ឱកាស​ទាមទារ​​​ស្វ័យភាព​​។

គឺ​ទំនង​ដោយ​សារ​តែ​ស្នាដៃ​ដ៏​ខ្លាំងក្លា​ និង​ឆន្ទៈដ៏មុះមុត​​របស់​គួឌីស្ថាន​ស៊ីរី​នេះ​ហើយ​ដែល​ធ្វើ​ឱ្យរដ្ឋាភិបាល​តួកគី​ព្រួយ​បារម្ភ​ ខ្លាច​ចលនា​ទាមទារ​ឯករាជ្យ​គួឌីស្ថាន ឆ្លង​រាលដាល​ដល់​តួកគី។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គ្រាន់​តែ​អាមេរិក​បង្ហើប​គម្រោង​ចង់​ដក​កងទ័ព​ចេញ​ពី​ស៊ីរី លែង​ធ្វើ​ជា​បង្អែក​ឱ្យ​​​គួឌីស្ថាន​ស៊ីរី​ភ្លាម ​ តួកគី​​​សម្រេច​បើក​យុទ្ធនាការ​វាយប្រហារ​នៅ​ស៊ីរី យ៉ាង​ទាន់ហន់ ប្រឆាំងនឹង​ក្រុម​ប្រដាប់​អាវុធ​គួឌីស្ថាន​នៅស៊ីរី ក្រោម​ហេតុផល​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ភេរវនិយម៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ក្រុម​យុទ្ធជន​​គួឌីស្ថាន​ស៊ីរី​​ចុះកិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ដាម៉ាស ដើម្បី​ទប់ទល់​នឹង​តួកគី

    ស្វែងយល់បន្ថែម

  • សហភាពអឺរ៉ុបគ្នាជំហររួម រឿងផ្អាកលក់អាវុធទៅឱ្យតួកគី

    ស្វែងយល់បន្ថែម

  • បារាំង

    ប្រមុខ​ការទូត​បារាំង នឹង​ទៅ​អ៊ីរ៉ាក់​ឆាប់ៗនេះ ដើម្បី​រក​មធ្យោបាយ​ចាត់ការ​ពួក​ឧទ្ទាមភេរវកម្ម​ជីហាត​

    ស្វែងយល់បន្ថែម

  • ONU-តួកគី-ស៊ីរី

    តួកគី-ស៊ីរី៖ក្រុមប្រឹក្សាសន្តិសុខកោះប្រជុំជាថ្មីតាមសំណើរបស់ក្រុមប្រទេសសមាជិកមកពីអឺរ៉ុប

    ស្វែងយល់បន្ថែម

  • តួកគី-សហរដ្ឋអាមេរិក

    លោកដូណាល់ ត្រាំ​ប្តូរចិត្ត ដោយទាមទារ​ឲ្យតួកគី​ឈប់​វាយប្រហារ​ទៅលើ​ក្រុមគួដឌីស្ថាន

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ