ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/11 12h00 GMT

Brexit៖សហភាពអឺរ៉ុប និងអង់គ្លេសចាត់ទុកកិច្ចព្រមព្រៀងថ្មីមានយុត្តិធម៌ និងមានតុល្យភាព

Brexit៖សហភាពអឺរ៉ុប និងអង់គ្លេសចាត់ទុកកិច្ចព្រមព្រៀងថ្មីមានយុត្តិធម៌ និងមានតុល្យភាព
 
Brexit៖សហភាពអឺរ៉ុប និងអង់គ្លេសចាត់ទុកកិច្ចព្រមព្រៀងថ្មីមានយុត្តិធម៌ និងមានតុល្យភាព AFP

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ តុលា នេះ ពោល​ក្នុង​ថ្ងៃ​ដែល​សហភាព​អឺរ៉ុប​ផ្តើម​បើក​ជំនួបកំពូល​រយៈពេល ២ថ្ងៃ កិច្ចព្រមព្រៀង​មួយ​ស្តីពី Brexit ត្រូវ​បាន​រក​ឃើញ​រវាង​អឺរ៉ុប និង​អង់គ្លេស។ កិច្ចព្រមព្រៀង​ថ្មី​នេះ​ត្រូវ​បាន​អឺរ៉ុប និង​អង់គ្លេស​ចាត់​ទុក​ជា​កិច្ចព្រមព្រៀង​មាន​យុត្តិធម៌ និង​មាន​តុល្យភាព​សម្រាប់​ភាគី​ទាំង​ពីរ។ តែ​ដើម្បី​អាច​ឲ្យ​កិច្ចព្រមព្រៀង​មួយ​នេះ​ចូល​ជា​ធរមាន​បាន គេ​ត្រូវ​ការ​ឲ្យ​មាន​ការ​បោះឆ្នោត​គាំទ្រ​ពី​សមាជិក​អឺរ៉ុប​ទាំង ២៧ប្រទេស និង​ពី​សភា​អង់គ្លេស។

កិច្ចព្រមព្រៀង​នេះ​បាន​ធ្លាក់​មក ២សប្តាហ៍​មុន​អង់គ្លេស​ចេញ​ពី​អឺរ៉ុប​ជា​ផ្លូវការ​នៅ​ថ្ងៃទី៣១ តុលា។

បន្ទាប់​ពី​ក្រុម​អ្នកចរចា​អង់គ្លេស និង​អឺរ៉ុប​បាន​ជួប​ចរចា​គ្នា​អស់​ជា​ច្រើន​ថ្ងៃ​រហូត​ដល់​នាទី​ចុង​ក្រោយ ដោយ​អត់ដេក អត់ពួន​មក កិច្ចព្រមព្រៀង​ថ្មី​មួយ​ស្តីពី Brexit ត្រូវ​បាន​រក​ឃើញ។ គួរ​បញ្ជាក់​ថា Brexit ជា​សំណុំរឿង​ស្មុគស្មាញ និង​ប្រទាញប្រទង់​ខ្លាំង​រវាង​អង់គ្លេស និង​សហភាព​អឺរ៉ុប។ តាម​ពិត អឺរ៉ុប និង​អង់គ្លេស​ក្នុង​ជំនាន់​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោកស្រី​តេរ៉េហ្សា មេ​មាន​កិច្ចព្រមព្រៀង Brexit តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៨។ តែ​កិច្ចព្រមព្រៀង​មួយ​នេះ​ត្រូវ​បាន​សភា​អង់គ្លេស​បោះឆ្នោត​ច្រានចោល​ចំនួន ៣ដង​ដោយសារ​រឿងរ៉ាវ​រវាង​អៀរឡង់ខាងជើង​ដែល​ជា​ទឹកដី​អង់គ្លេស និង​ប្រទេស​អៀរឡង់​ដែល​ជា​សមាជិក​អឺរ៉ុប។

កិច្ចព្រមព្រៀង​ឆ្នាំ ២០១៨ បាន​ចែង​ពី​គោលការណ៍ « Backstop » ដើម្បី​ចៀសវាង​ពី​ការ​បង្កើត​បន្ទាត់​ព្រំដែន​រវាង​ទឹកដី​អៀរឡង់ខាងជើង និង​ប្រទេស​អៀរឡង់។ ចំណុច​មួយ​នេះ​ត្រូវ​បាន​លោក​បូរីស ចនសុន​ទាមទារ​ឲ្យ​អឺរ៉ុប​ចរចា​ឡើង​វិញ​ដោយ​លោក​យល់​ថា បើ​អង់គ្លេស​ចេញ​ពី​អឺរ៉ុប​ជា​ស្ថាពរ ទឹកដី​អៀរឡង់ខាងជើង​ក៏​មិន​ត្រូវ​បន្ត​ជំពាក់ជំពិន​ជាមួយ​ប្រទេស​អៀរឡង់​ទៀត​ឡើយ។ គឺ​បញ្ហា​រវាង​ទឹកដី​អៀរឡង់ខាងជើង និង​ប្រទេស​អៀរឡង់​នេះ​ហើយ​ដែល​ក្រុម​អ្នកចរចា​អឺរ៉ុប និង​អង់គ្លេស​បាន​លើក​យក​ទៅ​ជជែក​អស់​ជា​ច្រើន​សប្តាហ៍​កន្លង​ទៅ ទំរាំ​សម្រេច​បាន​កិច្ចព្រមព្រៀង​ថ្មី​ពេល​នេះ។

គឺ​ជា​កិច្ចព្រមព្រៀង​មួយ​ដែល​អឺរ៉ុប និង​អង់គ្លេស​បាន​យល់ព្រម​ធ្វើ​សម្បទាន​ទៅ​វិញ ទៅ​មក​ដោយ​ឯកភាព​គ្នា​លើ​ចំណុច​សំខាន់ៗ​មួយ​ចំនួន​រួម​មាន ទុក​ឲ្យ​អៀរឡង់ខាងជើង​ស្ថិត​ក្នុង​សហភាព​ពន្ធគយ​របស់​អង់គ្លេស។ តែ​ការ​ត្រួតពិនិត្យ​ពន្ធគយ​នឹង​ត្រូវ​ធ្វើ​ឡើង​រវាង​អង់គ្លេស និង​អៀរឡង់ខាងជើង សិទ្ធិបោះឆ្នោត​របស់​ប្រជាជន​អៀរឡង់ខាងជើង ឬ​មួយ​សេចក្តីថ្លែងការណ៍​នយោបាយ​ស្តីពី​អនាគត​ទំនាក់ទំនង​រវាង​អង់គ្លេស និង​សហភាពអឹរ៉ុប។

លោក​បូរីស ចនសុន​មាន​វាសនា​ដូច​លោកស្រី​តេរ៉េហ្សា មេ?

គេ​នៅ​មិន​ទាន់​អាច​និយាយ​បាន​ទេ​ថា ច្រក​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី៣១ តុលា​ខាង​មុខ​នឹង​លែង​មាន​ឧបសគ្គ ព្រោះ​ផ្លូវ​ដែល​ភាគី​ទាំង​ពីរ​ត្រូវ​ដើរ​នៅ​វែង​ឆ្ងាយ។ កិច្ចព្រមព្រៀង​ថ្មី​គ្រាន់​ជា​ការ​បោះ​មួយ​ជំហាន​តូច​ប៉ុណ្ណោះ ព្រោះ​ដើម្បី​អាច​ឲ្យ​កិច្ចព្រមព្រៀង​ដែល​ទើប​រក​ឃើញ​នេះ​ចូល​ជា​ធរមាន​បាន គេ​ត្រូវ​មាន​ការ​បោះឆ្នោត​យល់ព្រម​ពី​សមាជិក​អឺរ៉ុប​ទាំង ២៧ប្រទេស និង​ការ​បោះឆ្នោត​យល់ព្រម​ពី​សភា​អង់គ្លេស។ ទោះ​បី​ជា​អឺរ៉ុប​បោះឆ្នោត​ទទួល​យក តែ​សភា​អង់គ្លេស​បដិសេធ ឬ​មួយ​ក៏​សភា​អង់គ្លេស​ទទួល​យក តែ​អឺរ៉ុប​បដិសេធ​ក៏​មិន​បាន​ដែរ។ ជាក់ស្តែង​នៅ​ក្នុង​ជំនាន់​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោកស្រី​តេរ៉េហ្សា មេ កិច្ចព្រមព្រៀង​ឆ្នាំ ២០១៨ ដែល​លោកស្រី​មេ​បាន​ចុះ​ហត្ថលេខា​ជាមួយ​អឺរ៉ុប​ត្រូវ​បាន​សភា​អង់គ្លេស​បោះឆ្នោត​ទាត់​ចោល​ដល់​ទៅ ៣ដង។

នៅ​មុន​ពេល​អង់គ្លេស និង​អឺរ៉ុប​ប្រកាស​ពី​ការ​ឃើញ​កិច្ចព្រមព្រៀង គណបក្ស​សហភាព​អៀរឡង់ខាងជើង​ដែល​ជា​គណបក្សដៃគូ​ក្នុង​រដ្ឋាភិបាល​របស់​លោក​បូរីស ចនសុន​បាន​ប្រកាស​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​ដែល​លោក​ចនសុន​បាន​រក​ឃើញ​ជាមួយ​អឺរ៉ុប។ ក្រុម​អ្នកតំណាងរាស្រ្ត​នៃ​គណបក្ស​សហភាព​អៀរឡង់ខាងជើង​មិន​ចង់​ឲ្យ​មាន​ការ​បែងចែក​រវាង​អង់គ្លេស និង​អៀរឡង់ខាងជើង​ដោយ​ពួក​គេ​យល់​ថា អង់គ្លេស និង​អៀរឡង់ខាងជើង​ជា​ទឹកដី​តែ​មួយ។ គួរ​រម្លឹក​ថា​សព្វថ្ងៃ​នេះ គណបក្ស​អភិរក្សនិយម​របស់​លោក​ចនសុន​មិន​មាន​សម្លេង​គ្រប់គ្រាន់​នៅ​ក្នុង​សភា​ដើម្បី​អាច​បោះឆ្នោត​លើ​កិច្ចព្រមព្រៀង​ថ្មី​ទេ ពោល​លោក​ត្រូវ​ការ​សម្លេង​របស់​គណបក្ស​ដៃគូ​ផ្សេង។ ចុះ​បើ​គណបក្ស​ដៃគូ​ខ្លះ​បាន​ប្រកាស​ទាត់ចោល​កិច្ចព្រមព្រៀង​របស់​លោក​ចនសុន​រួច​ស្រេច​ទៅ​ហើយ​នោះ តើ​លោក​ចនសុន​មិនមែន​កំពុង​មាន​វាសនា​ដូច​លោកស្រី​មេ​ទេ ឬ​យ៉ាង​ណា?។

អង់គ្លេស​នឹង​ចេញ​ពី​អឺរ៉ុប​នៅ​ថ្ងៃទី៣១ តុលា?

សេណារីយ៉ូ​ជា​បន្ទាន់​នៅ​ចំពោះ​មុខ គឺ​លោក​ចនសុន​ត្រូវ​ទៅ​និយាយ​ពន្យល់​ក្រុម​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​ថ្មី​ពី​ផលប្រយោជន៍ និង​សារៈសំខាន់​ចំពោះ​អង់គ្លេស។ បន្ទាប់​មក លោក​ចនសុន​ត្រូវ​និយាយ​បញ្ចុះបញ្ចូល​ពួក​គេ​ឲ្យ​បោះឆ្នោត​ទទួល​យក។ នៅ​ខាង​អឺរ៉ុប ឧបសគ្គ​ប្រហែល​មិន​សូវ​មាន ហើយ​សមាជិក​ទាំង ២៧ប្រទេស​អាច​នឹង​បោះឆ្នោត​ទទួល​យក​កិច្ចព្រមព្រៀង​ថ្មី​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ឬ​នៅ​ថ្ងៃ​សុក្រ ទី១៨ តុលា​ដែល​ជា​ថ្ងៃទី២ នៃ​ជំនួបកំពូល។ គួរ​បញ្ជាក់​ថា​តាម​គម្រោង អង់គ្លេស​ត្រូវ​ចេញ​ពី​អឺរ៉ុប​នៅ​ថ្ងៃទី៣១ តុលា​ខាង​មុខ។ ដូច្នេះ​សភា​អង់គ្លេស​ត្រូវ​បោះឆ្នោត​លើ​កិច្ចព្រមព្រៀង​ថ្មី​ឲ្យ​បាន​មុន​ថ្ងៃទី៣១ តុលា។ បើ​សភា​អង់គ្លេស​បោះឆ្នោត​ទទួល​យក អង់គ្លេស​នឹង​ចេញ​ពី​អឺរ៉ុប​នៅ​ថ្ងៃទី៣១ តុលា​ជាមួយ​នឹង​កិច្ចព្រមព្រៀង។

នៅ​ក្នុង​ករណី​នេះ មាន​នីតិវិធី​ជា​ចម្រើន​ដែល​អង់គ្លេស និង​អឺរ៉ុប​ត្រូវ​បន្ត​បំពេញ។ តែ​បើ​សភា​អង់គ្លេស​មិន​បោះឆ្នោត​ទទួល​យក​កិច្ចព្រមព្រៀង​ថ្មី​របស់​លោក​ចនសុន​ទេ អង់គ្លេស​នឹង​ចេញ​ពី​អឺរ៉ុប​នៅ​ថ្ងៃទី៣១ តុលា​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ដូច​ដែល​លោក​ចនសុន​ធ្លាប់​បាន​បញ្ជាក់​កន្លង​មក។ ក៏​ប៉ុន្តែ អង់គ្លេស​អាច​នឹង​សុំ​លើក​ពេល​ចេញ ហើយ​អឺរ៉ុប​អាច​នឹង​ពិចារណា​ជា​ថ្មី​លើ​បញ្ហា​នេះ។ យ៉ាង​ណា​ក៏​ដោយ​ពេល​នេះ អង់គ្លេស និង​អឺរ៉ុប​បាន​ចាត់​ទុក​ជា​កិច្ចព្រមព្រៀង​ថ្មី​ថា​មាន​យុត្តិធម៌ និង​មាន​សមភាព​សម្រាប់​ទាំង​អស់​គ្នា៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • សហភាព​អឺរ៉ុប​រារែក​ខ្លាំង​នឹង​សំណើ​កិច្ចព្រមព្រៀង Brexit ថ្មី​​របស់​អង់គ្លេស

    ស្វែងយល់បន្ថែម

  • អង់គ្លេស-Brexit

    តុលាការកំពូលអង់គ្លេសថា ការព្យួរសភារបស់លោកបូរីស ចនសុនជារឿងខុសច្បាប់

    ស្វែងយល់បន្ថែម

  • អឺរ៉ុប​ប្រាប់​​អង់គ្លេស​ឱ្យ​​មក​​ចរចា ដោយ​ហ្មត់ចត់ ដើម្បី​បញ្ចៀស Brexit ដោយ​គ្មាន​កិច្ចព្រមព្រៀង

    ស្វែងយល់បន្ថែម

  • អង់គ្លេស-អឺរ៉ុប-Brexit

    Brexit៖លោកបូរីស ចនសុនលើកឡើងពីភាពចម្រើនធំធេងរវាងអង់គ្លេស និងសហភាពអឺរ៉ុប

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ