អានតួអត្ថបទ
អឺរ៉ុប-អង់គ្លេស-Brexit

Brexit៖លោកបូរីស ចនសុនអំពាវនាវឲ្យសភាអង់គ្លេសបោះឆ្នោតទទួលយកកិច្ចព្រមព្រៀងថ្មីជាមួយ​អឺរ៉ុប

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ តុលា កិច្ចព្រមព្រៀង​ថ្មី​ស្តីពី Brexit ត្រូវ​បាន​រក​ឃើញ​រវាង​សហភាព​អឺរ៉ុប និង​ប្រទេស​អង់គ្លេស។ ភាគី​នីមួយៗ​បាន​សម្តែង​ការ​ពេញ​ចិត្ត​ចំពោះ​កិច្ចព្រមព្រៀង​ថ្មី​ដែល​បាន​ឆ្លើយ​តប​នឹង​ឆន្ទៈ និង​កម្មវត្ថុ​ដែល​ភាគី​នីមួយៗ​ចង់​បាន។ ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​ចាត់​ទុក​ជា​ដំណឹង​មួយ​ណាស់​ល្អ តែ​ហាក់​នៅ​មាន​ការ​ប្រយ័ត្នប្រយែង​ដោយ​រង់ចាំ​ឲ្យ​មាន​ការ​អនុម័ត​ជា​ផ្លូវការ​ពី​សភា​អង់គ្លេសសិន។ ការ​លើក​ឡើង​យ៉ាង​ដូច​នេះ​ដោយ​លោក​ម៉ាក្រុង​បាន​រម្លឹក​ពី​មេរៀន​ជូរចត់​របស់​អតីត​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោកស្រី​តេរ៉េហ្សា មេ​ដែល​ត្រូវ​បាន​សភាអង់គ្លេស​បាន​​បោះឆ្នោត​ច្រានចោល​កិច្ចព្រមព្រៀង​របស់​លោកស្រី​ដល់​ទៅ ៣ដង។ នៅ​ទីបំផុត​កាល​ណោះ លោកស្រី​ក៏​បាន​សម្រេច​ចុះចេញ​ពី​តំណែង​ដោយ​ខ្លួន​ឯង។ ក្រៅ​ពី​ភាព​សប្បាយ​រីករាយ និង​ធូរស្រាល​របស់​អឺរ៉ុប នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​បូរីស ចនសុន​ក៏​បាន​សម្តែង​ការ​ពេញ​ចិត្ត​ចំពោះ​កិច្ចព្រមព្រៀង​ថ្មី​ពេល​នេះ​ដែរ។ តាម​លោក​ចនសុន កិច្ចព្រមព្រៀង​ថ្មី​នេះ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ថា អង់គ្លេស​អាច​រក​បាន Brexit ពិតប្រាកដ​មួយ​ដែល​ឆ្លើយ​តប​នឹង​កម្មវត្ថុ​របស់​អង់គ្លេស។ ទន្ទឹម​គ្នា​នេះ លោក​ចនសុន​ក៏​បាន​អំពាវនាវ​ដល់​សមាជិកសភា​អង់គ្លេស​ទាំង​អស់​ឲ្យ​អនុម័ត​លើ​កិច្ចព្រមព្រៀង​ថ្មី​នេះ​ឲ្យ​បាន​មុន​ថ្ងៃទី៣១ តុលា។

Brexit៖លោកបូរីស ចនសុនអំពាវនាវឲ្យសភាអង់គ្លេសបោះឆ្នោតទទួលយកកិច្ចព្រមព្រៀងថ្មីជាមួយ​អឺរ៉ុប
Brexit៖លោកបូរីស ចនសុនអំពាវនាវឲ្យសភាអង់គ្លេសបោះឆ្នោតទទួលយកកិច្ចព្រមព្រៀងថ្មីជាមួយ​អឺរ៉ុប Reuters
ផ្សាយពាណិជ្ជកម្ម

« ពិត​ណាស់​សម្រាប់​យើង​នៅ​អង់គ្លេស កិច្ចព្រមព្រៀម​ថ្មី​មួយ​នេះ​មាន​ន័យ​យ៉ាង​ច្បាស់​ថា យើង​អាច​ឈាន​ទៅ​សម្រេច​បាន Brexit ពិតប្រាកដ​ដែល​ឆ្លើយ​តប​នឹង​កម្មវត្ថុ​របស់​យើង។ កិច្ចព្រមព្រៀង​ថ្មី​មួយ​នេះ​ក៏​បញ្ជាក់​ដែរ​ថា អង់គ្លេស​ចាកចេញ និង​ចាកចេញ​ដូច​ដែល​បាន​គ្រោង​ទុក​នៅ​ថ្ងៃទី៣១ តុលា។ ហើយ​កិច្ចព្រមព្រៀង​ថ្មី​ដដែល​មួយ​នេះ​ក៏​ជា​សក្ខីកម្ម​ដែល​បញ្ជាក់​ផង​ដែរ​ថា យើង​ទាំង​អស់​គ្នា​ក្នុង​នាម​ជា​អង់គ្លេស​អាច​សម្រេច​រួម​គ្នា​នូវ​ជោគវាសនា​អនាគត​របស់​យើង។

សេចក្តីសម្រេច​ទាំង​អស់​នេះ​នឹង​ត្រូវ​សម្រេច​នៅ​ក្នុង​ប្រទេស​អង់គ្លេស និង​ដោយ​ក្រុម​អ្នកតំណាងរាស្រ្ត​អង់គ្លេស។ ទាក់ទង​នឹង​អ្នកតំណាងរាស្រ្ត​អង់គ្លេស ខ្ញុំ​សង្ឃឹម និង​មាន​ជំនឿ​ថា ក្រុម​អ្នកតំណាងរាស្រ្ត​ក្នុង​គណបក្ស​របស់​ខ្ញុំ​នៅ Westminster នឹង​រួម​កម្លាំង​គ្នា​ដើម្បី​ជួយ​ឲ្យ​កិច្ចព្រមព្រៀង​ថ្មី​ស្តីពី Brexit ទទួល​បាន​ជោគជ័យ និង​ដើម្បី​ធានា​ថា កិច្ចព្រមព្រៀង​ដ៏​ប្រសើរ​មួយ​នេះ​មាន​ដំណើរ​ទៅ​មុខ​ដោយ​រលូន​ដោយ​គ្មាន​យឺត​ពេល និង​គ្មាន​ការ​លើក​ពេល Brexit ទៀត​ឡើយ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ