អានតួអត្ថបទ
អាកាសធាតុ

អាកាសធាតុ៖មូលនិធិបៃតងទទួលបានលុយបន្ថែមជិត ១០ ០០០លានដុល្លារ

មូលនិធិបៃតង​បាន​បិទបញ្ចប់​កិច្ចប្រជុំ​នៅ​រសៀល​ថ្ងៃ​សុក្រ ទី២៦ តុលា​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ ជា​លទ្ធផល ក្រុម​ប្រទេស​សមាជិក​បាន​សន្យា​បន្ត​ផ្តល់​វិភាគទាន​ចំនួន ៩ ៨០០លានដុល្លារ​ឲ្យ​មូលនិធិបៃតង​សម្រាប់​ការងារ​ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០២៣។ គួរ​រម្លឹក​ថា មូលនិធិបែតង​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ ២០១៥ ស្តីពី​អាកាសធាតុ។ បេសកកម្ម​របស់​មូលនិធិបៃតង គឺ​ចូលរួម​ជួយ​គាំទ្រ​ដល់​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​នៅ​ក្នុង​បរិយាកាស​នៃ​បណ្តា ១០០ប្រទេស​ក្នុង​លោក។

អាកាសធាតុ៖មូលនិធិបៃតងទទួលបានលុយបន្ថែមជិត ១០ ០០០លានដុល្លារ
អាកាសធាតុ៖មូលនិធិបៃតងទទួលបានលុយបន្ថែមជិត ១០ ០០០លានដុល្លារ REUTERS/Pascal Rossignol
ផ្សាយពាណិជ្ជកម្ម

សម្រាប់​បេសកកម្ម​រយៈពេល ៤ឆ្នាំ​ខាង​មុខ​ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០២៣ មូលនិធិបៃតង​ទទួល​បាន​ការ​សន្យា​ពី​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ទាំង ២៧ប្រទេស​ចំនួន ៩ ៨០០លានដុល្លារ នេះ​ជា​ការ​ប្រកាស​របស់​លោកស្រី Odile Renaud-Basso នាយិកា​ផ្នែក​ហិរញ្ញវត្ថុ​នៃ​មូលនិធិបៃតង។ ចំណែក​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បារាំង​លោក Bruno Le Maire បាន​សម្តែង​ការ​សាទរ​លើ​លទ្ធផល​ទទួល​បាន​នៅ​ក្នុង​បណ្តាញ​សង្គម Twitter របស់​លោក​ដោយ​សរសេរ​យ៉ាង​ខ្លី​ថា « កម្មវត្ថុ​បាន​សម្រេច​ដែល​ជា​ដំណឹង​មួយ​ដ៏​ប្រសើរ​សម្រាប់​ភពផែនដី »។ ប្រតិកម្ម​សាទរ​ក៏​មាន​ពី​ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​ជា​ច្រើន​ដែរ។

អ្នក​ទទួល​បន្ទុក​ផ្នែក​បរិស្ថាន​នៃ​អង្គការ Oxfam លោកស្រី Armelle Le Comte ​បាន​បញ្ជាក់​ថា ការ​សន្យា​ផ្តល់​ថវិកា​ឲ្យ​មូលនិធិបៃតង​របស់​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ពេល​នេះ​ជា​សញ្ញា​ដ៏​ធំ​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា ក្រុម​ប្រទេស​អ្នកមាន​ត្រូវ​ជួយ​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍ​ដើម្បី​ប្រឈម​ទប់​នឹង​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​បម្រែបម្រួល​អាកាសធាតុ។ ទន្ទឹម​គ្នា​នេះ លោកស្រី Armelle មិន​ភ្លេច​វាយប្រហារ​លើ​ប្រទេស​អូស្រា្តលី និង​អាមេរិក​ដែល​បាន​បដិសេធ​មិន​រួម​ចំណែក​ជា​ថវិកា​ឲ្យ​មូលនិធិបៃតង។ ដោយឡែក នាយក​ប្រតិបត្តិ​មូលនិធិបៃតង​លោក Yannick Glemarec បាន​បញ្ជាក់​ថា ក្នុង​ចំណោម​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ទាំង ២៧ប្រទេស មាន ១៣ប្រទេស​បាន​ដំឡើង​វិភាគទាន​របស់​ខ្លួន​ទ្វេដង បើ​ធៀប​នឹង​កាល​ពី ៥ឆ្នាំ​មុន។

ប្រទេស​ទាំង ១៣ នោះ​រួម​មាន បារាំង អាល្លឺម៉ង់ អង់គ្លេស ស៊ុយអែត ន័រវែស ដាណឺម៉ាក នូវែលហ្សេឡង់ ឬ​មួយ​ក៏​ប្រទេស​ប៉ូឡូញ។ សម្រាប់​ជប៉ុន រដ្ឋាភិបាល​ក្រុង​តូក្យូ​បាន​បន្ត​ផ្តល់​ឲ្យ​ចំនួន ១ ៥០០លានដុល្លារ​ដូច​ការ​ផ្តល់​ឲ្យ​លើក

ទី១ កាល​ពី ៥ឆ្នាំ​មុន។ ជាមួយ​នឹង​ទឹកប្រាក់​សន្យា​ផ្តល់​ឲ្យ​ជិត ១ ០០០លានដុល្លារ​ពេល​នេះ មូលនិធិបៃតង​អាច​បន្ត​បេសកកម្ម​ជួយ​គំាំទ្រ​ដល់​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​នៅ​ក្នុង​បរិយាកាស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ