ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
អឺរ៉ុប

សភា​អាមេរិក​ទទួល​ស្គាល់​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​អាមេនី

media  
​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​ជនជាតិ​អាមេនី​ នៅ​Marseilleភា​ខាង​ត្បូង​ប្រទេស​បារាំង AFP PHOTO / BORIS HORVAT

បី​សប្តាហ៍​ក្រោយ​កា​របើក​ប្រតិបត្តិការ​យោធា​ប្រឆាំង​នឹង​យុទ្ធជនគួឌីសា្ថន​នៅ​ស៊ីរី សភា​អាមេរិក​បាន​អនុម័ត​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ទី ២៩​តុលា ២០១៩ ទទួល​ស្គាល់ថា​មាន​អំពើ​ប្រល័យ​ពូជសាសន៍​នៅ អាមេនី​។ ជា​សេចក្តី​សម្រេច​ដ៏​ថ្មី​ស្រឡាង ដែល​បាន​ធ្វើ​ឱ្យ​តួកគី​ក្តៅក្រហាយ និង​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​ដោយ​គ្មាន​បង្អង់។

សេចក្តី​សម្រេច​ចិត្ត​ទទួល​ស្គាល់​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​អាមេនី​ត្រូវ​បាន​អនុម័ត​ដោយ​សំឡេង​ភាគច្រើន ពី​សំណាក់​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ​អាមេរិក និង​ក្រោម​ស្នូរ​ដៃទះ​អបអរ​យ៉ាង​ខ្លាំង។

ការ​បោះឆ្នោត​នេះ ប្រព្រឹត្ត​ទៅតែ​ប៉ុន្មាន​សប្តាហ៍​ក្រោយ​ពី​កងទ័ព​អាមេរិក​ពី​ស៊ីរី និង​ក្រោយ​ពី​តួកគី​បាន​បើក​ប្រតិបត្តិការ​យោធា​វាយប្រហារប្រឆាំង​នឹង​កងយុទ្ធជនគួឌីស្ថាន​ស៊ីរី។ ​បើ​តាម​តំណាង​រាស្ត្រ​អ្នក​ប្រជាធិបតេយ្យ ដែល​ជា​អ្នក​ការពារ​យ៉ាង​មុតមាំ​គម្រោង​ច្បាប់​ចង់​ឱ្យ​អាមេរិក​ទទួល​ស្គាល់​អំពើ​ប្រល័យ​ពូជសាសន៍​របស់​អាណាចក្រ​អូតូម៉ង់ (បច្ចុប្បន្ន​ជា​តួកគី) អាមេរិកចាំបាច់​​ត្រូវ​ផ្តល់​សារ​ដ៏​ច្បាស់លាស់​មួយ​ទៅ​តួកគី បើ​យោល​ទៅលើ​បរិបទ​បច្ចុប្បន្ន​។ តំណាង​រាស្ត្រ​រូប​នេះ​បាន​ពន្យល់​ថា « ​នៅ​ពេល​ឃើញ​រូប​ភាពដ៏​រន្ធត់​នៃ​​គ្រួសារ​ស៊ីរី​នៅភាគ​ខាង​ជើង​ យើង​មិន​អាច​និយាយ​បាន​ទៀត​ថា​ឧក្រិដ្ឋកម្ម​កាលពី​មួយ​សតវត្សរ៍​មុន​ជា​រឿង​អតីតកាល​បាន​ឡើយ។ គេ​មិន​អាច​បំភ្លេច​បាន​ទេ និង​មិន​អាចបិទមាត់​នៅ​ស្ងៀម​បាន​ឡើយ”!។

ជា​ង​នេះ​ទៅ​ទៀត សភា​អាមេរិក​ក៏​បាន​បោះឆ្នោត​ក្នុង​សំឡេង​គាំទ្រ​ភាគ​ច្រើន​​ដែរ ដាក់ទណ្ឌកម្ម​ប្រឆាំ​ងនឹង​អ្នក​ទទួល​ខុស​ត្រូវ​តួកគី ដែល​មាន​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​នៅ​ស៊ីរី។

ទោះ​ជា​សេចក្តី​សម្រេច​ចិត្ត ដែល​អនុម័ត​នៅ​ថ្ងៃនេះ មាន​តម្លៃ​ជា​និម្មត្ត​រូបនៅឡើយ ដោយ​ច្បាប់​​ត្រូវ​ឆ្លង​កាត់​ការ​អនុម័ត​នៅ​ព្រឹទ្ធសភា​ដែល​មាន​សមាជិកភាគ​ច្រើន​ជា​អ្នក​សាធារណរដ្ឋ​ទៀត​ក៏​ដោយ ក៏គ្រប់​គ្រាន់​នឹង​ធ្វើ​ឱ្យ​តួកគី​មិន​សប្បាយ​ចិត្ត​ដែរ។ ក្រសួង​ការបរទេស​តួកគី​បាន​បញ្ចេញ​ប្រតិកម្ម​បរិហារ​សេចក្តី​សម្រេច​របស់​សភា​អាមេរិក​​ថា​ជា​ទង្វើ​នយោបាយ​ដែល​គ្មាន​ន័យ​ និង​បាន​កោះ​ហៅ​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​ទីក្រុង​អង់ការ៉ា មក​សម្តែង​ការ​ប្រឆាំង។ សូម​បញ្ជាក់​ថា តួកគី​បាន​បដិសេធ​មិន​ទទួល​ស្គាល់ ការ​​ប្រើ​ពាក្យ​ “​ប្រល័យពូជសាសន៍”​លើ​ជនជាតិ​អាមេនីទេ និង​បន្ត​អះអាង​ជា​និច្ច​ថា សង្គ្រាមស៊ីវិល​សម័យ​នោះ​បាន​បង្ក​ឱ្យ​មាន​ជន​រងគ្រោះ​បាត់​បង់​ជីវិត​ទាំង​សង​ខាង។

គិត​មក​ទល់​ពេល​នេះ មាន​ប្រទេស​ជាង​៣០ រាប់​ទាំង​បារាំង​មួយផង និង​សហគមន៍​អ្នក​ប្រវត្តិសាស្ត្រ បានទទួល​ស្គាល់​​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​អាមេនី​។ បើ​តាម​ការ​ប៉ាន់​ស្មាន នៅ​ឆ្នាំ​១៩១៥ ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​មួយ​ ទាហាន​របស់​អាណាចក្រ​អូតូម៉ង់ ឬ​តួកគី​ដែល​ជា​សម្ព័ន្ធមិត្ត​ របស់​អាល្លឺម៉ង់​និង​អូទ្រីស-ហុងគ្រី​ បាន​សម្លាប់​​ជនជាតិ​អាមេនី​អស់​ប្រមាណ​ពី​១,២លាន​ទៅ ១,៥​លាន​នាក់​។ លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​វិញ មិន​ដែល​ប្រើ​ពាក្យ​ប្រល័យ​ពូជសាសន៍​នៅ​អាមេនី​នេះ​សោះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ