អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាល្លឺម៉ង់​ប្រារព្វ​ខួប​៣០ឆ្នាំ​នៃ​ការរលំ​ជញ្ជាំង​ប៊ែរឡាំង ក្នុង​បរិបទ​អាប់អួរ​នយោបាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ទី​៩ វិច្ឆិកា ២០១៩ អាល្លឺម៉ង់​ត្រូវ​ប្រារព្វខួប​ទី​៣០​ឆ្នាំ​នៃ​ការ​រលំជញ្ជាំង​ប៊ែរឡាំង​ ដែល​អនុញ្ញាត​ឱ្យ​អាល្លឺម៉ង់បង្រួបបង្រួម​ជា​ប្រទេស​តែ​មួយ​​បន្ទាប់​ពី​ប្រេះឆា​អស់រយៈ​ពេល​ជាង​៤០​ឆ្នាំ និង​ជា​តំណាង​នៃ​ការ​បិទ​បញ្ចប់​សង្គ្រាម​ត្រជាក់។ ប៉ុន្តែ​ការ​​ប្រារព្វ​ខួប​នេះ ហាក់​ដូច​ជា​អាប់​អួរ​ខ្លាំង មិន​រំលេច​ឱ្យ​ឃើញ​អំពី​ក្តី​សង្ឃឹម​កាលពី​៣០​មុន​សោះ។

គំនូរលម្អ​ក្នុង​ឱកាស​​​រំលឹក​ខួប៣០ឆ្នាំនៃការរលំជញ្ជាំងប៊ែរឡាំង
គំនូរលម្អ​ក្នុង​ឱកាស​​​រំលឹក​ខួប៣០ឆ្នាំនៃការរលំជញ្ជាំងប៊ែរឡាំង REUTERS/Fabrizio Bensch
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ចាញ់​សង្គ្រាមលោកលើក​ទីពីរ​ អាល្លឺម៉ង់​ក៏​ត្រូវ​បំបែក​ជា​ពីរ ម្ខាង​​មាន​និន្នាការជា​​អ្នក​​សេរីនិយម​ និងម្ខាង​ទៀត​ជា​អាល្លឺម៉ង់​​ខាង​កើត ស្ថិត​ក្នុង​​ប្លុក​កុម្មុនិស្ត​ តាម​គំរូ​និន្នាការ​សហភាព​សូវៀត។ ការ​បំបែក​រដ្ឋ ដែល​បាន​បង្ក​ឱ្យ​មាន​ចលនា​ភៀស​ខ្លួន​យ៉ាង​គំហុក ជាពិសេស​នៅ​រដ្ឋ​ធានី​ប៊ែរឡាំង តែ​ម្តង។ ដើម្បី​ទប់​ស្កាត់​ចរន្ត​នេះ អាល្លឺម៉ង់​ខាង​កើត​មាន​គំនិត​សង់​ជញ្ជាំង​ឡើង ​ នៅ​រវាង​ថ្ងៃ​ទី​ ១៣ សីហា ឆ្នាំ​១៩៦១ ដែល​គេ​ហៅ​ថា ជញ្ជាំង​ការពារ​ប្រឆាំង​នឹង​ពួក​ហ្វាស៊ីស។ ប៉ុន្តែជា​ជញ្ជាំង​អៀន​ខ្មាស​សម្រាប់​អាល្លឺម៉ង់​សេរី នៅ​ប៉ែក​ខាង​លិច។

ជញ្ជាំង​មាន​អាយុ​២៨​ឆ្នាំ មុន​នឹង​ត្រូវ​ដួល​រលំ​ទៅ​វិញ​នៅ​ថ្ងៃទី ៩វិច្ឆិកា ឆ្នាំ​១៩៨៩ ដោយ​សារ​តែ​ការ​ចុះ​ខ្សោយ​នៃ​របប​សហភាព​សូវៀត និង​ទំនង​ដោយ​សារ​ចម្លើយ​របស់​​អ្នក​នាំ​ពាក្យបក្សកុម្មុយនិស្ត​​នៅ​ថ្ងៃ​នោះ ជូន​ដំណឹង​អំពី​​សេរីភាពនៃ​ការ​​ធ្វើ​ដំណើរ​របស់​ពល​រដ្ឋ​អាល្លឺម៉ង់ខាង​កើត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ចរន្ត​បះបោរ​​របស់​ប្រជាពលរដ្ឋ​ ​តាំង​ពី​រាប់សប្តាហ៍​មក។

ប្រវត្តិ​នៃ​ការ​ដួលរលំ​ជញ្ជាំង​ប៊ែរឡាំង

ការ​រលំ​ជញ្ជាំង​ប៊ែរឡាំង បាន​ក្លាយ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៃ​ប្រវត្តិសាស្ត្រ សម្រាប់​ប្រទេស​​​អាល្លឺម៉ង់ និងសម្រាប់​​ពិភពលោកទាំង​មូល ! តាំង​ពី​ថ្ងៃ​ចន្ទ​មក និង​សម្រាប់​ពេញ​មួយ​សប្តាហ៍​នេះ អាល្លឺម៉ង់​បាន​រៀប​ចំ​​​ប្រារព្វ​ពិធី​រំលឹក​ខួប​៣០​នៃ​ការ​រលំជញ្ជាំង ដោយ​មាន​​តាំងពិព័រណ៍​ ប្រគុំ​តន្ត្រី​ នៅទីក្រុង​ប៊ែរឡាំង ត្រង់​កន្លែង​ដែល​ចលនា​បដិវត្តប្រជាជន​​បាន​យក​ឈ្នះរបប​ដឹកនាំ​​ ផ្តួល​ជញ្ជាំង​ បង្រួបបង្រួម​អាល្លឺម៉ង់​វិញ។ ពិធី​ការ​​នយោបាយ​នឹង​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃ​សៅរ៍ ទី​៩​វិច្ឆិកា ចំ​គម្រប់​ថ្ងៃ​ខួប​៣០​ឆ្នាំ​គត់ ជាមួយ​កម្មវិធី​​ដ៏​តូច​​ជា​និម្មិតរូបបំផុត។

គេ​នៅ​ចាំ​បាន​ថា កាលពី​១០ឆ្នាំ​មុន​ ក្នុង​​​ខួប​ទី​២០​ឆ្នាំនៃ​ការ​រលំជញ្ជាំង​ប៊ែរឡាំង​ មេដឹកនាំ​ទូទាំង​ពិភពលោក បាន​ធ្វើ​ដំណើរ​មក​ចូល​រួម​ប្រារព្វ​ពិធី​រំលឹក​ខួប ក្បែរ​សម្ព័ន្ធមិត្ត​គ្រាក់ៗ​ទាំង​បួន​ប្រទេសបារាំង​ អង់គ្លេស​ អាមេរិក និង​រុស្ស៊ី​​ ដែល​បាន​យក​ឈ្នះសង្គ្រាម​លោកលើក​ទីពីរ ដើម្បី​បង្ហាញ​ភព​ផែនដីទាំង​មូល​ អំពី​គំរូ​​នៃ​ការ​ផ្តួល​រលំជញ្ជាំង​។ ពិភពលោក​បាន​បង្ហាញ​កម្មវត្ថុ​យ៉ាង​ច្បាស់​លាស់​ថា ការ​ខណ្ឌ​​ជញ្ជាំង បិទ​ខ្ទប់​ប្រជាជន ជារឿង​អតីតកាល មាន​តែ​ក្នុង​អតីតកាល។

ប៉ុន្តែ​សម្រាប់​ថ្ងៃ​សៅរ៍​នេះ ​គេ​ពុំ​សំលឹង​ឃើញ​មាន​កាយវិការ​អ្វី​ប្រកប​ដោយ​អត្ថន័យ​ អត្ថរសអ្វី​ទាំង​អស់។ គឺ​មាន​តែ​ភាព​តានតឹង​ច្រើន​ជាង​ ព្រោះ​ទិដ្ឋភាព​នយោបាយ​អាល្លឺម៉ង់​ខ្លួន​ឯង​កំពុង​លេច​ស្នាម​ពុំ​ចែក​ជា​ពេល​ណាៗ​ទាំងអស់​ នៅ​ក្នុង​ការ​បោះឆ្នោត​សភា ក្រុម​អ្នក​ស្តាំនិយម​ជ្រុល​ប្រឆាំង​នឹង​អន្តោប្រវេសន៍​ដែល​ភាគ​ច្រើន​អតីត​អាល្លឺម៉ង់​កុម្មុយនិស្ត​ បាន​ឡើង​សំឡេង​យ៉ាង​ខ្លាំង។ នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា​ ៣០​ឆ្នាំ ក្រោយ​ការ​រលំ​ជញ្ជាំង​ និង​ក្រោយ​ការ​ពុះ​ប្រទេស​ជា​ពីរ អាល្លឺម៉ង់​នៅ​តែ​មាន​កំហូង​នយោបាយចែក​ជា​​ពីរ​ខាង​ដដែល។

ចៅហ្វាយ​រងក្រុង​ប៊ែរឡាំង បាន​ទទួលស្គាល់​ថា បរិយាកាសឃើញ​​អ្វី​ថ្មី​ដែល​ធ្លាប់​មាន​កាលពី​ឆ្នាំ​៣០​ឆ្នាំ​មុន ឬ​កាលពី​ ៥ និង​១០​ឆ្នាំ​មុន​ លែងមាន​ទៀត​នៅ​ពេល​នេះ​។ ជញ្ជាំង​បែរឡាំង​ និង​រនាំងដែក​ដែល​ធ្លាប់ជា​គំនូស​បែង​ចែង​អឺរ៉ុប ក្រោយ​សង្គ្រាម​លោក​ រលំ​រលាយ បាន​បើក​សករាជ​ថ្មី​ពេញ​ទៅ​ដោយ​ក្តី​សង្ឃឹម​ ថាស្ថានភាព​នឹង​បាន​ល្ហែល្ហើយ ​មានការ​រួបរួមគ្នា ​ មានការ​រំសាយ​អាវុធ គំរូ​សេរី​ប្រជាធិបតេយ្យ​នឹង​លាត​សន្ធឹង​ទៅ​គ្រប់​ទិសទី ... ប៉ុន្តែ​ទំនោរ​ខ្យល់​ពេល​នេះ​កំពុង​បក់​បញ្ច្រាស​ទៅ​វិញ។

ជញ្ជាំង​ប៊ែរឡាំង​ជា​និម្មិត្តរូប​នៃ​ការ​ចែក​ប្លុក​អឺរ៉ុប រលំ ជញ្ជាំង​ថ្មី​កំពុង​ដុះ​ឡើង ៖ ជញ្ជាំង​លោក​ត្រាំ ប្រឆាំង​នឹង​អន្តោប្រវេសន៍​ម៉ិចស៊ិក ជញ្ជាំង​របស់​Bolsonaro និង​ជញ្ជាំង​Brexit ជា​ដើម។ល។ ក្នុង​ផ្ទៃ​សហភាព​អឺរ៉ុប ជញ្ជាំង​ក៏​ចេះ​ដុះ​ពន្លក​ដែរ។ សហភាព​អឺរ៉ុប​បាន​ចោទ​ប្រកាន់​បណ្តា​ប្រទេស​ដែល​បាន​រំដោះ​ចេញ​ក្រញាំ​កុម្មុយនិស្ត​កាលពី​៣០​ឆ្នាំ ដូច​យ៉ាង​ហុងគ្រី ឬ​ប៉ូឡូញ ថា​កំពុង​សើរើ​នីតិរដ្ឋ មតិ​សាធារណៈ​បែប​ជាតិ​និយម​ ត្រូវ​បាន​មើល​ឃើញ និង​ផុស​ឡើង​ស្ទើរ​គ្រប់​ទិសទី។​

បើ​និយាយ​អំពី​ភូមិសាស្ត្រ​នយោបាយ​វិញ សង្គ្រាម​ត្រជាក់​បាន​មក​ត្រលប់​មក​សណ្ឋិតលើ​ភព​ផែនដី​​វិញ​ហើយ គ្រាន់​តែ​ក្នុង​ទម្រង់​ខុស​ពី​មុខ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Guterres កាលពី​ឆ្នាំ​ទៅ ព្រោះ​យន្តការ​ ​ដែល​ធ្លាប់​ជា​អ្នក​ចាត់ចែង​ទប់ហានិភ័យ​នៃភាព​ប្រឈម​លែង​មាន​ទៅ​ហើយ។

ជាក់ស្តែង សហរដ្ឋ​អាមេរិក​បាន​ដើរ​ចេញ​​ពី​សន្ធិសញ្ញា​រំសាយ​អាវុធ INF ដែល​ ចុះ​ហត្ថលេខា​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​។ សេចក្តី​សម្រេច​នេះ​ជា​ការ​បើក​ផ្លូវ​ឱ្យ​មានការ​ប្រកួត​ប្រជែង​អាវុធ​ជា​ថ្មី​ឡើង​វិញ ប្រឆាំង​នឹង​រុស្ស៊ី ដែល​ឱ្យ​តែ​មាន​ឱកាស​ បញ្ជូន​កូន​អុក​របស់​ខ្លួន​ទៅ​ជំនួស​កន្លែង​ណា​ដែល​វ៉ាស៊ីនតោន​ដក​ខ្លួន​ចេញ មិន​ថា​នៅ​តំបន់​ដើមបូព៌ា​ឬ​នៅ​ប្រទេស​ចិន​ទេ។ ហើយ​ស្ទើរ​គ្រប់​មាត់ គ្រប់​ពេល អាមេរិក​តែង​អះអាង​អំពីភាព​ចាំបាច់​នៃ​ការ​ពង្រឹង​កម្លាំង​ដើម្បី​ប្រឈម​នឹង​ការគំរាម​កំហែង​កាន់​តែ​ខ្លាំងឡើងៗ ពី​សំណាក់​រុស្ស៊ីនិង​ចិន។

ប្រធានាធិបតី​សហភាព​សូវៀត ចុងក្រោយ​គេ​បង្អស់ លោក Mikhaïl Gorbatchev ដែល​មាន​ប្រជាប្រិយភាព​ខ្ពស់​នៅ​អាល្លឺម៉ង់ ព្រោះ​ជា​អ្នក​ដែល​បាន​រៀប​ជើង​ព្រួល​ជួយ​ឱ្យ​ជញ្ជាំង​ប៊ែរឡាំង​រលំ​ ​ក៏​លែង​សូវ​មាន​សុទិដ្ឋនិយម​ទៀត​ដែរ​ នៅ​៣០ក្រោយព្រឹត្តិការណ៍នោះ។ នៅ​ក្នុង​សៀវភៅ​ចុងក្រោយ​របស់​លោក ដែល​មាន​ទម្រង់​ជា​បណ្តាំ​មរតក​នយោបាយ លោក​បាន​ព្រមាន​ថា នយោបាយ​ពិភពលោក​កំពុង​ធ្វើ​ដំណើរ​ទៅ​ក្នុង​ទិស​មួយ​ដ៏​គ្រោះ​ថ្នាក់​បំផុត !

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ